Monday, May 28, 2012

ប្រលោមលោករឿង

ម្ចាស់កែវភ្នែក



បណ្តាលចិត្ត

   ម៉ោង ៥ ទៀបភ្លឺទៅហើយ...... សម្លេងមាន់រងាវឭសូរឲ្យទ្រហ៊ឹង ហើយអាកាសធាតុនាពេលជិតព្រឹក  ព្រលឹមក៏ត្រជាក់ល្មម រីឯតាមវិថីនានា ក៏ចាប់ផ្តើមមានភាពមមាញឹកជាបណ្តើរៗ ដោយយានយន្ត    ផ្សេងៗ កំពុងរត់ទៅមក ក្រោមការបញ្ជាដោយម្ចាស់វា ឆ្ពោះទៅកាន់គោលដៅរៀងៗខ្លួន។ 

   នរៈប្រាស់ខ្លួនគេងបន្ទាប់ពីមុជទឹកជម្រះកាយហើយ តែកម្លោះយើងគេងមិនទាន់លក់នៅឡើយ ទេ។ គេកំពុងតែបង្ហើរអារម្មណ៍នឹកដល់រចនា នឹងគិតថា ប្រាប់ម្ចាស់បេះដូងគេអំពីការងាររបស់គេដែល ទើបតែប្រែប្រួលម្សិលម៉ិញនេះ។ គេយើងថែមទាំងយកដៃគងថ្ងាស គេងញញឹម សប្បាយរីករាយ តែម្នាក់ឯង នឹកដល់អនុស្សាវរីយ៍ក្នុងអតីតកាល នាថ្ងៃដំបូងដែលរូបគេបានឆ្លើយឆ្លងកិច្ចសន្ទនាជាមួយ រចនា ក្នុងឆ្នាំទីមួយនៅឯសាកលវិទ្យាល័យ......................

   -"បែបអង់គ្លេសខ្លាំងហើយមើលទៅ.....ឃើញអានសុទ្ធតែ Cambodia Daily និង Phnom Penh Post...?" នរៈចាប់ផ្តើមពោលវាចាទៅកាន់និសិត្សរចនា ដែលក្នុងពេលនោះជាម៉ោងសម្រាក ហើយមាន  សិស្សតែ ៥ - ៦ នាក់ប៉ុណ្ណោះកំពុងអង្គុយអានសៀវភៅក្នុងថ្នាក់រៀន រួមទាំងរចនាផងដែរ។
   -"ចា៎ះ? អូហ៎.....អត់ទេ! គ្មានខ្លាំងអីទេ.....ខ្ញុំចេះតែអានទៅទេ..... ព្រោះចង់បានពាក្យថ្មីៗ។" នាងឆ្លើយតបទាំងភ្ញាក់ ដោយចោលកែវភ្នែកទាំងគូរមករកម្ចាស់សម្លេង នឹងមានទឹកមុខអៀនប្រៀន តាមនិស្ស័យធម្មជាតិជាស្រីក្រមុំ។
នរៈ -"ដូចគំនិតរបស់ខ្ញុំដែរ.....ចង់ចេះពាក្យថ្មីៗ.....មិនពិបាកទេ ឲ្យតែយើងឧស្សាហ៍អាន ទោះជាសៀវភៅក៏ដោយ កាសែតក៏ដោយ។ កាលពីឡើង Present (Present មានន័យថា ធ្វើបទបង្ហាញ ឬណែនាំ អ្វីមួយឲ្យអ្នកដ៏ទៃស្តាប់ ដឹងឭ ឬយល់) ខ្ញុំឃើញនិយាយអង់គ្លេសបានល្អ ណាស់..... ឲ្យឡើងរអិលតែម្តង។"
រចនា   -"ច៎ាះ! មានណា៎..... ខ្ញុំនិយាយធម្មតាសោះហ្នឹង.....កាលណោះភ័យសឹងអី!"
នរៈ   -"ដូចតែគ្នាហ្នឹង.....លើកទីមួយហើយដែលខ្ញុំឡើងអ៊ីចឹង.....ប៉ុន្តែឥឡូវដូចជាមិនសូវអី ប៉ុន្មានទេ។"
រចនា   -"ថាមិនត្រូវដែរហ្នឹងណា៎ះ! មុនឡើងខំតាំងចិត្តកុំឲ្យភ័យ តែដល់ពេលឡើងនិយាយ ..... រកនឹកអត់ចង់ចេញ។"
នរៈ   -"ហិ ហិ ហិ ..... តែបានពីរបីដងឡើងទៅស៊ាំហើយ.....ខ្ញុំក៏អ៊ីចឹងដែរ! Cause and Effect អ្ហា៎ អានសៀវភៅនេះដែរ? សៀវភៅហ្នឹងល្អតើ!" 
រចនា   -"ចា៎ះ.....អូហ៎ ធ្លាប់អានហ្អ៎? ខ្ញុំទើបតែទិញម្សិលម៉ិញហ្នឹង ..... គ្មានទាន់បានអានអីទេ!" 
នរៈ   -"ខ្ញុំអានជិតចប់ហើយ​..... ហើយ..... !" ​សម្លេងទូរស័ព្ទបន្លឺឡើងតិចៗល្មមអាចស្តាប់ឭតែម្នាក់
ឯង ចេញពីកាបូបដាក់សៀវភៅរបស់និសិត្សរចនា ធ្វើឲ្យបង្អាក់ការសន្ទនារបស់ពួកគេទាំងពីរ។
   -"អត់អីទេ..... ខ្ញុំមិនរំខានទេ!" នរៈពោលវាចាដោយលើកដៃជាសញ្ញាបង្ហាញពីសុជីវធម៌ ផ្តល់សិទ្ធ ដល់គូសន្ទនាលើកទូរស័ព្ទ ហើយរូបគេក៏ដើរចេញមកកាន់តុរបស់ខ្លួន។ តុនរៈស្ថិតនៅជួរទី៦ នៅខាងក្រោយតុរចនារំលងតែ៣ជួរប៉ុណ្ណោះដែលល្មមអាចឲ្យនិសិត្សនរៈយើងស្តាប់ឭរចនា 
និយាយឆ្លើយឆ្លងជាមួយអ្នកដែលនៅខាងខ្សែម្ខាងតាមទូរស័ព្ទបាន។
   -"អាឡូ ម៉ាក់? ..... ចា៎ះ.....? ចុះឥឡូវយ៉ាងម៉េចហើយម៉ាក់? .....​ចា៎ះ.....ចា៎ះម៉ាក់!" និយាយមិនទាន់ចប់ស្រួលបួលផង មាណវីស្ទុះក្រោកឈរ ប្រមូលសម្ភារៈសិក្សាដាក់ក្នុងកាបូប យ៉ាងប្រញ៉ាប់ប្រញ៉ាល ហើយងាកនិយាយទៅកាន់នរៈទាំងទឹកមុខភ័យព្រួយឥតឧបមា។
   -"ខ្ញុំសូមពឹងមួយណា៎! .....ជួយប្រាប់ Teacher ផង.....ខ្ញុំសុំចេញទៅមុនម៉ោងហើយ ព្រោះប្អូនស្រីខ្ញុំ ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយពេលនេះកំពុងនៅឯមន្ទីពេទ្យកាល់ម៉ែតឯណោះ .....សន្លប់អត់ទាន់ ដឹងខ្លួនទេ.....Ok?" ចប់ប្រយោគមិនទាន់ ស្រស់ស្រីបោះជំហានដើរទៅវឹង ធ្វើឲ្យនរៈឈរសម្លឹង នាងពីក្រោយដោយអត់ដឹងថាត្រូវឆ្លើយតបយ៉ាងម៉េច បើនាងដើរទៅយ៉ាងលឿនស្លេវ រកតែគេឆ្លើយ យល់ព្រមមិនទាន់។

   នរៈឈរទ្រឹង សម្លឹងមើលរចនាដើររហូតចេញផុតពីថ្នាក់រៀន រីឯមិត្តរួមថ្នាក់ផ្សេងទៀតដែល កំពុងអានសៀវភៅនៅក្បែរនោះនាំគ្នាមើលមកនរៈធ្វើភ្នែកឡិងឡង់ៗដូចមនុស្សទើបតែងើបពីសន្លប់។ តាមពិតនរៈចង់ប្រាប់រចនាថានាងភ្លេចសៀវភៅមួយក្បាលហើយ គឺសៀវភៅ Cause and Effect ដែលនាងទើបតែទិញ។ នាយយើងបានច្រឡំកាន់សៀវភៅនេះមកក្នុងពេលដែលគេបានដើរចេញ ពីតុរចនា ខណៈទូរស័ព្ទនាងរោទិ៍។

   បុរសយើងអង្គុយចុះ បើកសៀវភៅចំទំព័រទី១ ឃើញមានពាក្យពេចន៍ដែលសរសេរដោយប៊ិច ពណ៌ខៀវនៅចុងទំព័រខាងស្តាំផ្នែកខាងលើបង្អស់ "Bought on 18th March 2006" (បានទិញនៅថ្ងៃ១៨ ខែមិនា ឆ្នាំ២០០៦) នឹងមានហត្ថាលេខានៅពីខាងក្រោមប្រយោគមួយនេះ រួមទាំងមានពាក្យថា "រចនា" នៅខាងក្រោមហត្ថាលេខានោះទៀតផង។ នរៈអានពាក្យ "រចនា" ខ្សឹបៗសឹងតែមិនហើប បបូរមាត់ ថែមទាំងញញឹមតែម្នាក់ឯង ដោយបង្ហើរអារម្មណ៍ទៅរកម្ចាស់ឈ្មោះ .....ចិត្តមួយនឹកដល់ វង់ភក្រ្តដ៏សរលោងម៉ដ្តខៃ រីឯចិត្តមួយផ្សេងទៀតនឹកព្រួយបារម្ហដល់ញ្ញាតិសន្តានរបស់នាងដែល បានជួបគ្រោះអកុសលមុននេះបន្តិច។

   ថ្វីត្បិតតែពួកគេទាំងពីរនាក់រៀនថ្នាក់ជាមួយគ្នាមែន តែនេះជាលើកដំបូងហើយដែលនរៈមាន ឱកាសបានប្រាស្រ័យទាក់ទងឆ្លើយឆ្លងពាក្យសម្តី ស្តីវាចាជាមួយរចនា​ ហើយបុរសយើង ក៏មិននឹកស្មានថា នាងមានភាពរួសរាយរាក់ទាក់ ចូលចិត្តរាប់អានអ្នកផងទាំងពួងដូច្នេះឡើយ។ កន្លងមកនរៈតែងគិតថា នារីមានសម្រស់ស្រស់ស្អាត ជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ច្រើនមានចរិតវាយឬក ឆ្មើងឆ្មៃ រាប់អានរាក់ទាក់តែជាមួយអ្នកមានដូចគ្នាតែប៉ុណ្ណោះ ហើយអ្វីដែល បណ្តាលឲ្យកម្លោះយើងហ៊ានដាច់ចិត្តនិយាយប្រទាក់ពាក្យសម្តីជាមួយនាងក្នុងថ្ងៃនេះ ក៏ព្រោះតែ ប៉ុន្មានថ្ងៃមុននេះនាពេលព្រឹក ខណៈនរៈកំពុងអង្គុយញ៉ាំអាហាររួមតុជាមួយមិត្តភ័ក្តដ៏ទៃទៀតក្នុង អាហារដ្ឋាននៃសាកលវិទ្យាល័យ ក៏ស្រាប់តែមិត្តម្នាក់ឈ្មោះដារិទ្ធដែលកំពុងតែរួមតុជាមួយនរៈ សុខៗ បែរជាមានអាការៈវិលមុខ ទន់ដៃទន់ជើង អង្គុយទប់ខ្លួនមិននឹង ហើយដួលផ្ងាក្រោយមួយ រំពេច។ ភាពឆោឡោក៏បានកើតឡើង! ទាំងនរៈ និងមិត្តភ័ក្តដ៏ទៃទៀតស្ទុះព្រមគ្នាទៅលើកត្រកង ដារិទ្ធ ខ្លះជួយច្របាច់ដៃជើង ខ្លះជួយយកប្រេងកូឡាមកញីថ្ងាសនិងសៀតថ្កា រីឯនរៈជួយរឹតទ្រូង ដោយរាងកាយទាំងមូលរបស់ដារិទ្ធត្រូវបានទ្រដោយដៃឆ្វេងរបស់នរៈ។

   ដោយមិនបង្អង់យូរ នរៈចាប់លើកបីដារិទ្ធហើយពោលវាចាទៅកាន់មិត្តភ័ក្តទាំងអាការៈភ័យព្រួយ និងស្លន់ស្លោរកថាមិនត្រូវ។
   -"ឆាប់ដឹកគាត់យកទៅមន្ទីរពេទ្យតែម្តងទៅ.....ព្រោះមើលទៅមិនស្រួលទេ!" គេបីអ្នកជំងឺដារិទ្ធដើរ យ៉ាងញាប់ជើងហាក់គ្មានធ្ងន់ឬហត់អ្វីបន្តិចសោះ រីឯមិត្តភ័ក្តដ៏ទៃទៀតក៏រួមដំណើរមកជាមួយដែរ។
   -"ទៅ.....ដារ៉េត.....យកម៉ូតូរបស់ឯងសិនម៏! ឌុបយកទៅពេទ្យលោកសង្ឃ.....នៅជិតនេះទេ!" នរៈនិយាយទៅកាន់ដារ៉េតដែលជាមិត្តរួមថ្នាក់ជាមួយគ្នា ហើយក៏ជាមិត្តដ៏ជិតស្និទរបស់ដារិទ្ធដែរ។ ក៏លឿនដូចចិត្ត ដារ៉េតស្ទុះរត់ទៅមុន សំដៅទៅកន្លែងទទួលផ្ញើកង់ម៉ូតូ។

   ម៉ោង២រសៀលថ្ងៃដដែល នៅឯមន្ទីរពេទ្យលោកសង្ឃ..........

   -"ដារ៉េត.....ដារិទ្ធយ៉ាងម៉េចហើយ?" នរៈនិយាយខ្សឹបៗទៅកាន់ដារ៉េតដែលកំពុងអង្គុយលើកៅអី ជ័រដ៏កញ្ចាស់មួយក្បែរគ្រែអ្នកជំងឺដារិទ្ធ។
    -"គាត់បានធូរច្រើនហើយ.....លោកគ្រូពេទ្យប្រាប់ថាគាត់គ្មានជំងឺអ្វីធ្ងន់ធ្ងរទេ.....គឺដោយសារតែ គាត់ខ្សោយ អស់កម្លាំង សម្រាកមិនបានគ្រប់គ្រាន់ហើយថែមទាំងខ្វះជាតិស្ករទៀតផង។" ដារ៉េតឆ្លើយតបនរៈទាំងសម្លឹងមើលទឹកសេរ៉ូមនៅក្នុងប្លោកដែលព្យួរជាប់នឹងបង្គោលឈើមួយប៉ុនក ដៃមនុស្សចាស់ចងឱបភ្ជាប់ទៅនឹងជើងគ្រែក្បាលដំណេកខាងស្តាំ។

   ដារិទ្ធមានរូបរាងស្គម ស្តើង ខ្ពស់ នឹងមានអត្តចរិតដូចស្រីអ៊ីចឹង ប៉ុន្តែគេជាមនុស្សរួសរាយ ចិត្តល្អ ហើយថែមទាំងរៀនពូកែទៀតផង។ គ្រួសាររបស់គេក៏មិនជាធូរធារប៉ុន្មានឡើយ។ ដារ៉េតនិងដារិទ្ធ នៅផ្ទះជិតគ្នា និងជាមិត្តជិតស្និទនឹងគ្នាតាំងពីតូចៗម្លេះ។ សឹងតែគ្រប់ពេលទាំងអស់ ពួកគេទាំងពីរ តែងតែទៅណាជាមួយគ្នាដួចលលកញីឈ្មោលអ៊ីចឹង។

   ដោយឃើញមានចំណីអាហារជាច្រើនដូចជា ក្រូចពោធិសាត់ ផ្លែប៉ោម ដូងខ្ចីពីរបីផ្លែ រួមទាំងទឹកដោះគោឆៅពីរឡូ និងទឹកបរិសិទ្ធចំណុះមួយលីត្រកន្លះមួយយួរ នៅលើគ្រែក្បែរចុងជើង អ្នកជំងឺដារិទ្ធ នរៈក៏សួរដារ៉េត.....
   -"របស់របច្រើនម្លេះ.....ឪពុកម្តាយដារិទ្ធបានដឹងហើយឬ?"
   -"ពួកគាត់បានដឹងហើយ.....គឺខ្ញុំបានទូរស័ទ្ទប្រាប់គាត់តាំងពីនៅក្នុងឡានតាមផ្លូវមកម្លេះ! ពួកគាត់ ភ័យព្រួយខ្លាំងណាស់ តែមុនឯងមកដល់អម្បាញ់ម៉ិញ ខ្ញុំក៏បានចុចទៅជម្រាបម្តងទៀត ប្រាប់ពីស្ថានភាពរបស់ដារិទ្ធ ហើយគាត់ថានៅតាមផ្លូវ មកដល់កំពង់ចម្លងអ្នកលឿងហើយ!"
   -"បើអ៊ីចឹងគាត់ទាំងពីរអត់នៅភ្នំពេញទេឬឥឡូវហ្នឹង?" នរៈសួរភ្លាម។
   -"ម៉ាក់ប៉ាដារិទ្ធបានទៅចូលរួមពិធីមង្គលការបងប្អូននៅឯខេត្រព្រៃវែងតាំងពីម្សិលម្ង៉ៃម្លេះ.....ហើយ ចំណីអាហារ រួមទាំងថ្នាំពេទ្យមួយថង់នេះទៀត គឺរចនាជាអ្នកទិញមកជូនទេ!"
   -"Wow! That's great! That's very kind of her! When did she leave here?" នរៈឆ្លើយឆ្លងទៅកាន់ដារ៉េតជា ភាសាអង់គ្លេស ដែលមានន័យថា៖ អស្ចារ្យណាស់! ពិតជាប្រពៃណាស់! នាងចំជាចិត្តល្អមែន! ហើយចុះនាងចាកចេញពីទីនេះតាំងពីអង្កាល?
   -"Almost an hour ago! She'll be back soon!" ដារ៉េតក៏ប្រទាក់ក្រឡាជាភាសាអង់គ្លេសវិញដែល មានន័យថា៖ រចនាបានចេញទៅជិតមួយម៉ោងហើយ ហើយថានាងនឹងត្រឡប់មកវិញឆាប់ៗទេ។
   -"Oh, well! Why didn't you get in the car at that time?" ដារ៉េតបន្តការជជែគ្នាខ្សឹបៗដោយសួរនរៈ ទាំងអាការៈងឿងឆ្ងល់ជាភាសាអង់គ្លេសដដែល មានន័យថា៖ អូហ៏.....ហើយចុះពេលនោះម៉េចក៏ ឯងមិនឡើងជិះឡានមកជាមួយគ្នា?

   នរៈនៅស្ងៀម តែញញឹមលាក់កំណួច ហើយបោះជំហានទៅរកចំណីអាហារដែលរចនាទិញជូន អ្នកជំងឺដារិទ្ធ រួចដាក់ក្រូចពោធិសាត់មួយឡួ ទឹកដោះគោឆៅមួយឡួដែលកម្លោះយើងបានទិញមក ដែរ ទុកនៅក្បែរនោះជាមួយគ្នា។ នរៈយកដៃស្តាំអង្អែលដបទឹកសុទ្ធមួយដែលមាននៅសល់ទឹក ប្រហែលពាក់កណ្តាល នឹកទៅដល់ព្រឹត្តការណ៍កាលពីព្រឹកម៉ិញ គឺខណៈពេលដែលដារ៉េតបើកម៉ូតូ ឌុបដារិទ្ធដោយមាននរៈជិះពីក្រោយទប់ខ្លួនអ្នកជំងឺ និងរួមដំណើរដោយមិត្តភ័ក្តជិះម៉ូតូបី បួនគ្រឿង ផ្សេងទៀត។

   .....គ្រាន់តែមកដល់ខ្លោងទ្វាសាលាចេញមកកាន់ផ្លូវធំ ម៉ូតូដារ៉េតក៏ឈប់ង៉ក់ ស្ទើរតែជ្រុលទៅបុក រថយន្ត Toyota Corolla ពណ៌សមួយគ្រឿង ដែលពេលនោះក៏កំពុងបត់ចូលមកក្នុងសាលាដោយ បញ្រ្ចាសគ្នានឹងក្រុមម៉ូតូរួមដំណើរដឹកដារិទ្ធទៅកាន់មន្ទីរពេទ្យ។ ដោយសារដារ៉េតបើកម៉ូតូហើយ បញ្ឈប់ទាំងប្រថុចញ៉ុច មិនឲ្យសញ្ញាអ្វីដល់នរៈបានដឹងជាមុន បណ្តាលឲ្យនរៈទប់ខ្លួនស្ទើរតែមិន ជាប់ ប៊ិះរបូតអ្នកជំងឺធ្លាក់ពីលើម៉ូតូ។ នៅពេលដែលម៉ូតូឈប់ភ្លាមៗ ម៉ូតូក៏ផ្អៀងរកកលចង់ដួលទៅ ខាងស្តាំ នរៈក៏រហ័សទម្លាក់ជើងខាងស្តាំជាន់លើដីជួយទប់...ដៃឆ្វេងរបស់គេទ្រក្បាលដារិទ្ធ រីឯ ដៃស្តាំឱបចង្កេះជាប់។រវល់តែខំទប់ម៉ូតូកុំឲ្យដួល​ជាពិសេសអ្នកជំងឺដារិទ្ធកុំឲ្យធ្លាក់នរៈមិន បានចាប់អារម្មណ៍ថានៅខាងមុខជារថយន្តនរណាឡើយ។ ស្រាប់តែកម្លោះយើងមានអាម្មណ៍ថា ក្លិនដ៏ក្រអូប ប្រហើរស្រទន់ រសាត់មកប៉ះនឹងច្រមុះរបស់គេ និងឭសម្លេងសួរក្នុងលក្ខណៈភ័យ និងភ្ញាក់ផ្អើល.....
   -"ដារ៉េត.....រួចចុះដារិទ្ធយ៉ាងម៉េចហ្នឹង?" អ្នកបើកឡានសួរពីចម្ងាយបន្ទាប់ពីចុះចេញពីរថយន្ត ដើរមកកាន់ដារ៉េតដែលកំពុងតែឈរជ្រែងជើងទាំងសងខាង គូទហើបចេញពីកែប ដៃទាំងពីរប្រឹង ទប់ចង្កូតម៉ូតូកំឲ្យដួល។
   -"គាត់ប្រហែលជាខ្យល់គ .....តែក៏មិនទាន់ដឹងច្បាស់ដែរ!" ដារ៉េតឆ្លើយតប។
   -"អ៊ីចឹង? .....ម៏យកគាត់ដាក់ចូលឡានមក៏.....ខ្ញុំជួយជូនគាត់ទៅ!"
ដោយមិនចាំបាច់មាននរណាប្រាប់ទាន់ នរៈលើកបីដារិទ្ធវឹង រីឯដារ៉េតស្ទុះចុះពីលើម៉ូតូ ដាក់ចន្ទុល សឹងតែមិនជាប់ មកជួយទ្រអ្នកជំងឺចូលរថយន្ត ដោយដារ៉េតចូលទៅក្នុងឡានមុន អង្គុយនៅផ្នែក ខាងក្រោយ ចំណែកឯនរៈនិងមិត្តភ័ក្តពីរ បីនាកទៀតជួយទ្រក្បាល និងខ្លួនដារិទ្ធចូលក្នុងរថយន្ត ថ្នមៗ ដោយមានដារ៉េតចាំទទួលបីត្រកងបន្តនៅខាងក្នុងជាស្រេច។

   នរៈសឹងតែមិនចង់ដើរចេញពីមាត់ទ្វាររថយន្តទេ គេចង់នៅឈរស្រូបក្លិនដ៏ក្រអូបត្រជាក់ដែល ភាយចេញពីក្នុងឡាន។ ក្លិនដ៏ក្រអូបនេះធ្វើឲ្យអារម្មណ៍កម្លោះនរៈស្ទើរតែវង្វេងវង្វាន់ទៅហើយ។ ដោយគិតថាខ្លួនជាប្រុស ថែមទាំងមិនមែនជាមិត្តជិតស្និទ សូម្បីតែនិយាយឆ្លើយឆ្លងគ្នាជាមួយម្ចាស់ រថយន្តក៏មិនដែលផងនោះ នរៈក៏ថយចេញពីទ្វារឡានបន្ទាប់ពីដាក់ដារិទ្ធឲ្យដេក ទម្រេតស្រួលបួល នៅលើភ្លៅដារ៉េត រួចងាកនិយាយប្រាប់មិត្តភ័ក្តពីរនាក់ដែលបានជួយលើកដារិទ្ធដាក់ចូលរថយន្ត មានស្រីម្នាក់ និងប្រុសម្នាក់រួមដំណើរជាមួយដារ៉េត និងម្ចាស់រថយន្តដ៏ស្រស់សោភារចនា ដឹកអ្នក ជំងឺទៅកាន់មន្ទីរពេទ្យ។

   -"Excuse me! Does anybody have Rachna's phone number?" នរៈបិទសៀវភៅ Cause and Effect រួចងាកសួរមិត្តរួមថ្នាក់ដែលនៅជួរតុម្ខាងនៃខាងស្តាំដៃជាភាសាអង់គ្លេសថាតើមាននរណាស្គាល់ លេខទូរស័ព្ទរបស់រចនាដែរឬទេ។
   -"Yes, I do. Let me search it on my mobile phone!" វាសនាដែលជាប្រធានថ្នាក់ឆ្លើយតបវិញថាគាត់ មាន.....គាត់សុំឆែកមើលក្នុងទូរស័ព្ទរបស់គាត់សិន។


សូមរង់ចាំអានវគ្គបន្ត
ឈាមខ្មែរ

No comments:

Post a Comment