Saturday, May 25, 2013

ប្រវត្តិនិងចំណងអាពាហ៍ពិពាហ៍ខ្មែរ និងច្បាប់ឯកពន្ធភាព



១. សេចក្តីផ្តើម 
នៅក្នុងសង្គមខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍ (ពិធីរៀបមង្គលការ) ជាប្រពៃណីមួយដែលបញ្ញាត្តិប្រហែលគ្នានឹងកាតព្វកិច្ចដែរ ពីព្រោះបុគ្គលណា ដែលព្រមព្រៀងយកគ្នាជាប្តីប្រពន្ធ ត្រូវតែរៀបការ។ ប៉ុន្តែបើបុគ្គលណាគេច វេសពីពិធីនេះ ដោយស្ម័គ្រចិត្តរៀងខ្លួនយកគ្នាជាប្តីប្រពន្ធ នោះនឹងត្រូវចាត់ទុក ជាគ្មានសិរីសួស្តី គ្មានកិត្តិយស ទោះបីក្នុងសង្គមខ្មែរបច្ចុប្បន្នបានអនុម័ត ច្បាប់អនុញ្ញាតឲ្យបុគ្គលទាំងនោះយកគ្នាជាប្តីប្រពន្ធ ដោយផ្តល់អេតាស៊ីវិល ទទួលស្គាល់ពួកគេក៏ដោយ។
        ខ្មែរយើងតែងតែប្រើពាក្យ អាពាហ៍ពិពាហ៍រៀបការ ទាំងក្នុងភាសា និយាយ និងសរសេរ។ ដើម្បីឆ្លើយតបឲ្យត្រូវនិងចំណងជើងខាងលើស្តីអំពី ចំណងរៀបអាពាហ៍ពិពាហ៍ខ្មែរ និងច្បាប់ឯកពន្ធភាព យើងខ្ញុំសូមលើក យកពាក្យ អាពាហ៍ពិពាហ៍ មកពន្យល់សិន មុននឹងឈានទៅដល់ការរៀបរាប់ ពីពិធីផ្សេងៗទៀតក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរ។


២. អត្ថន័យនៃពាក្យ អាពាហ៍ពិពាហ៍
        ពាក្យ អាពាហ៍ពិពាហ៍ ត្រូវបានអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរយើងធ្វើខ្មែរ នីយកម្មចេញពីពាក្យ អាវាហ វិវាហ ដែលជាភាសាបាលី សំស្រ្កឹត។ អាពាហ៍ ពិពាហ៍អាវាហ វិវាហ មានន័យថា មង្គលការ គូរបុរសស្រ្តីដែលបាននាំមក ហើយនាំត្រឡប់ទៅវិញ (ពីរលើក)។ អាវាហ (អាពាហ៍) មានន័យថា នាំមក, វិវាហ (ពិពាហ៍) មានន័យថា នាំត្រឡប់ទៅវិញ។  អាវាហៈ (អាពាហ៍) គឺការនាំ កូនស្រីមកខាងលំនៅកូនប្រុស, រីឯការនាំកូនប្រុសត្រឡប់ទៅខាង
លំនៅកូន ស្រីវិញ ហៅថា វិវាហៈ  (ពិពាហ៍)។ ប៉ុន្តែតាមទំនៀមខ្មែរ គឺត្រូវនាំកូនប្រុសមក ខាងលំនៅកូនស្រីមុន ហៅថា អាពាហ៍ (ត្រូវធ្វើពីល្ងាច), លុះដល់វេលាព្រឹក ត្រូវនាំកូនស្រីទៅឯរោងខាងកូនប្រុសវិញ ហៅថា ពិពាហ៍។ មង្គលការដែលបានធ្វើទាំងពីរបែបនេះទើបហៅថាមង្គលការអាពាហ៍ពិពាហ៍
        ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរ ត្រូវមានការរៀបចំឲ្យមានរបៀបរាបរយ តាមលំដាប់លំដោយ និងតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ទោះបីក្នុងពិធីរៀប អាពាហ៍ពិពាហ៍ខ្មែរនាសម័យបច្ចុប្បន្ន ដែលពិធីខ្លះពុំត្រូវបានគេប្រារព្ធក៏ដោយ តែពិធីសំខាន់ៗផ្សេងទៀតក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរនៅតែត្រូវបានគេធ្វើ ឡើងដោយខានពុំបានឡើយ។ 


៣. ប្រវត្តិនៃអាពាហ៍ពិពាហ៍ខ្មែរ
យោងតាមឯកសារស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ខ្មែរពាក់ព័ន្ធនឹងនរ វិទ្យា និងជាតិពិន្ធុវិទ្យា ដែលចងក្រងដោយលោកមៀច ប៉ុណ្ណ បោះពុម្ភក្នុងឆ្នាំ ២០០៣ ត្រង់ទំព័រទី៣ បានឲ្យដឹងថា ក្បួនឬទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ដែលមនុស្សខ្មែរបាននឹងកំពុងអនុវត្តរហូតមកដល់សព្វថ្ងៃ គឺច្រើនធ្វើទៅតាម លំអានរឿងរ៉ាវគុម្ពីរជាតក និងទាក់ទងទៅនឹងរៀងព្រេងផ្សេងៗទៀតដូចខាង ក្រោមនេះ៖
-      កាលព្រះវេស្សន្ត និងព្រះនាងមទ្រី រៀបអភិសេកបុត្រាបុត្រី គឺ ជាលី និងក្រឹស្នា ឲ្យបានទៅជាគូស្វាមីភរិយា (ព្រះវេស្សន្តជាតក)។
-      កាលព្រះបាទមហាចក្រ នៅនគរនិគ្រោធគ្រាមាធ្វើពិធីរៀបអាពាហ៍ ពិពាហ៍ព្រះរាជបុត្រី ដែលមានរយៈពេល៧ថ្ងៃ ៧យប់ (តាមសាស្ត្រា ស្លឹករឹត៖ គម្ពីរក្បួនទម្រង់ការ ចារដោយភិក្ខុ ចន្ទ ថេរអួង)។
-      កាលព្រះបាទទសរថ និង ឥសីមិថិលា រៀបអភិសេកព្រះរាម និង នាងសីតា (ក្នុងរឿងរាមកេរ្តិ៍)។
-      កាលសេដ្ឋីបុណ្ណវឌ្ឍន រៀបការជាមួយនាងវិសាខា ដែលពិធីរៀប អាពាហ៍ពិពាហ៍នោះត្រូវបានប្រារព្ធអស់រយៈពេលបីខែ(តាមគម្ពីរធមបទ)
-      កាលព្រះថោង រៀបអភិសេកជាមួយនាងនាគ

(ដកស្រង់ចេញពីសៀវភៅ ”អរិយធម៌ខ្មែរ” ដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកវិទ្យាស្ថានភាសាបរទេស សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំ២០១៣)


៤. ប្រវត្តិពិធីផ្សេងៗនៃពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរ
        ពិធីផ្សេងៗជាច្រើនត្រូវបានបញ្ចូលក្នុងអាពាហ៍ពិពាហ៍ខ្មែរ ហើយដែល ត្រូវបានមនុស្សខ្មែរប្រារព្ធជាប់ជាទំនៀមរហូតមក។ ពិធីទាំងនោះសុទ្ធតែទាក់ ទងទៅនឹងរឿងព្រេងបុរាណខ្មែរ ដោយយើងខ្ញុំសូមលើកយកមកបង្ហាញ ដូចខាងក្រោមនេះ៖
   ៤.១ រឿងព្រេងទាក់ទងនឹងពិធីស៊ីស្លាដក់ ស្លាកន្សែង “បុរសឃ្វាលគោ
        និងបុរសឃ្វាលក្របី”
        តាមដំណាលរឿងបានពោលថា មានបុរសពីរនាក់បានជូបគ្នាពេលទៅ ឃ្វាលគោ ឃ្វាលក្របី ហើយក៏បានសុំគ្នាធ្វើជាក្លើ (មិត្ត)។ ពួកគេទាំងពីរបាន និយាយប្រាស្រ័យទាក់ទងគ្នាដឹងថា បុរសទាំងពីរនាក់នោះ ម្នាក់មានកូនស្រី រីឯម្នាក់ទៀតមានកូនប្រុស។ ពួកគេបាននិយាយផ្សំផ្គុំកូនប្រុសស្រីរបស់ខ្លួន ជាគូសម្ព័ន្ធនឹងគ្នា។ ដើម្បីជាគ្រឿងបញ្ចាំចិត្តនឹងភ្ជាប់កិច្ចសន្យាជាមួយគ្នា បុរស ដែលមានកូនប្រុសបានស្រាយយកស្លាដែលចងវេចថ្នក់ ដក់នឹងកន្សែង ឲ្យ បុរសមានកូនស្រីឆី ទុកជាកិច្ចសញ្ញាដល់គ្នានឹងគ្នាតទៅ។ បុរសដែលមានកូន ស្រីក៏ព្រមទទួលតាម។
        ដោយសារតែហេតុដូច្នេះហើយ ទើបក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែររហូត មកដល់សព្វថ្ងៃ មានធ្វើកិច្ចពិធីពិសាស្លាកន្សែងដើម្បីជាសក្ខីភាពបញ្ជាក់ថា មាតាបិតាកូនប្រុសកូនស្រីទាំងសងខាងយល់ព្រមធ្វើជាដន្លងនឹងគ្នា។

        (ដកស្រង់ចេញពីសៀវភៅ ”អរិយធម៌ខ្មែរ” ដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកវិទ្យាស្ថានភាសាបរទេស សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំ២០១៣)


៤.២ រឿងព្រេងទាក់ទងនឹងពិធីក្រុងពាលី
        តាមដំណាលរឿងព្រេងនេះមាននិទានក្នុងគម្ពីរសូត្រសព្ទថា ក្នុងគ្រា លង្វែកសាសនា ព្រះសមណៈគោតមបរមពោធិសត្វជាម្ចាស់នៃយើង អន្ទោល យកកំណើតជាស្តេចស្វា ខ្មៅ រីឯស្តេចក្រុងពាលីបានកើតជាស្តេចស្វា ស ដែលស្តេចស្វាទាំងពីរនេះមានពលសេនាឬបរិស័ទរៀងៗខ្លួន ដោយរស់នៅ បាំងសមុទ្រម្ខាងម្នាក់។ ពួកស្វាទាំងពីរកងនេះតែងតែប្រឈមមុខឈ្លោះទាស់ ទែងគ្នា ប្រខាំយកឈ្នះចាញ់ គ្រប់ពេលដែលរកស៊ីជួបមុខគ្នា។ ដោយសារ មានជម្លោះទាស់ទែងគ្នាញឹកញាប់ពេកទៅ កងស្វាខ្មៅក៏ប្រជុំលើកគ្នាទៅប្តឹង ព្រះពោធិសត្វដែលជាចៅហ្វាយនាយរបស់ខ្លួនថា មានហ្វូងស្វា-ស ព្រហើន កោងកាចសាហាវ ចេះតែរុករានទន្រ្ទានទី ហើយឈ្លោះទាស់ទែង ខាំសម្លាប់ គ្នាយើងខ្ញុំមិនលោះពេលសោះឡើយ។ ព្រះពោធិសត្វបានស្តាប់យល់ហេតុ ការហើយ ក៏សួរកូនចៅរបស់ខ្លួនថា តើពពួកស្វា-សទាំងនោះមានមេកើយ ត្រួតត្រាដែរឬទេ។ កូនចៅរបស់ព្រះពោធិសត្វពោលតបថា មាន តែពួកគេមិន ដែលបានឃើញទេ គឺឮតែតាមគេប៉ុណ្ណោះ។ ព្រះពោធិសត្វបានព្រមទទួល បណ្តឹងរបស់បរិស័ទដោយប្រាប់ថា “ចាំយើងទៅជម្រះរឿងនេះឲ្យ”។
        ព្រះពោធិសត្វបានអធិដ្ឋានបារមីឲ្យខ្លួនឯងអាចហោះបាននាពេលនោះ ហើយក៏ហោះឆ្ពោះទៅកាន់ពពួកស្វា-ស។ ចំណែកពួកស្វា-សពេលឃើញព្រះ ពោធិសត្វក៏មានភាពភ័យស្លន់ស្លោ រត់ទៅប្រាប់ស្តេចស្វារបស់ខ្លួនថា មានស្វា ខ្មៅមួយធំណាស់ មិនដឹងមកពីទីណាទេមានឬទ្ធានុភាពពូកែ ចេះហោះហើរ ដើរលើអាកាសវេហា ហើយបានចុះមកចំកណ្តាលហ្វូងស្វា-សយើង ហើយ ស្វា-សយើងទាំងប៉ុន្មានប្រហែលចុះចូលគេអស់ហើយក៏មិនដឹង។ ឮដូចេ្នះ ស្តេចស្វា-សខឹងច្រឡោតយ៉ាងខ្លាំងដោយស្រែកថា នៅទីនេះមានតែអញម្នាក់ គត់ដែលធំ រួចចុះអាណាក្លាហានអាងចេះហោះហើរមកប្រមូលពលរបស់ អញតាមអំពើចិត្តបែបនេះ។ ស្តេចស្វា-សកំពុងតែក្រេវក្រោធដូច្នេះ ក៏ស្រាប់តែ មានស្វា-ខ្មៅមួយដែលជាកូនចៅរបស់ព្រះពោធិសត្វបានមកទួលស្តេចស្វា-ស ថា ស្តេចស្វាខ្មៅនៅទីព្រៃបាំងសមុទ្ទម្ខាងនោះ សុំចូលមកជួបស្តេចស្វា-ស ដោយការស្លូតត្រង់ទេ សូមស្តេចស្វា-ស មេត្តាកុំចាប់ទោសអូសដំណើរអី។ ស្តេចស្វា-សឮដូច្នោះក៏យល់ព្រមឲ្យស្តេចស្វាខ្មៅចូលមក។ ពេលមកដល់ជួប មុខគ្នា ស្តេចស្វាទាំងពីបានគោរពគ្នទៅវិញទៅមក ហើយស្តេចស្វា-ខ្មៅបាន និយាយថា “អ្នកអើយ! ខ្ញុំឮគេហៅឈ្មោះអ្នកពីរោះក្រអូបទៅដល់ខ្ញុំញឹកញយ ណាស់ ថាអ្នកជាស្តេចស្វាមានចិត្តល្អ សប្បុរសធម៌ មិនដែលព្យាបាទ អាឃាត ចងពៀរជាមួយសត្វដូចគ្នាឡើយ ដោយហេតុនេះហើយទើបខ្ញុំមកសុំអ្នកធ្វើជា មិត្តសំឡាញ់នឹងគ្នា គ្រាន់មានទុក្ខធុរៈអ្វី ជួយការពារគ្នា រក្សាគ្នា។ លុះឮពាក្យ ពោលសរសើរដូច្នេះ ស្តេចស្វា-ស ក៏ទន់ចិត្តយល់ព្រម។ ព្រះពោធិសត្វក៏បាន សម្តែងពីកល្យាណមិត្តឲ្យស្តាប់ រហូតធ្វើឲ្យស្តេចស្វា-សជក់ស្លុងលង់អារម្មណ៍ ទន់ចិត្ត ពោលពាក្យពិតតបទៅព្រះពោធិសត្វថា “បើសម្លាញ់ជាគ្រូបានត្រាស់ ដឹងនូវសម្ពោធិញ្ញាណទៅអនាគត ក៏សូមកុំឲ្យផុតពីសេចក្តីទំនុកបម្រុងគ្នាទៅ វិញទៅមកឡើយ!”
        លុះកន្លងជាតិមក បរមពោធិសត្វមកកើតជាព្រះសិទ្ធត្ថ គឺជាតិដែលបាន ត្រាស់ជាព្រះពុទ្ធ។ រីឯស្តេចស្វា-សបានទៅកើតជាតិជាស្តេចក្រុងពាលី ដែល សោយរាជ្យកណ្តាលចក្រវាឡ មានរូបសណ្ឋានជាមនុស្សពាក់កណ្តាល ជា សត្វតិរច្ឆានពាក់កណ្តាល គឺមុខមាត់និងសម្លៀកបំពាក់ពេញជាមនុស្ស, ម្រាមដៃ ម្រាមជើង និងកន្ទុយពេញជាស្វា-ស ហើយតាំងខ្លួនជាស្តេចបរមចក្រ អួតអាងអំណាចឬទ្ធានុភាព វាតទីយកទឹកដីទាំង៤ទ្វីបមកកាន់កាប់។ ស្តេច ក្រុងពាលី ឬស្តេចស្វា-សនោះមានកូន៧នាក់ គឺប្រុស៦នាក់ និងកូនស្រីពៅ ម្នាក់ ដោយម្នាក់ៗទទួលបានចំណែកទឹកដីដែលឪពុកផ្តល់ឲ្យគ្រប់គ្រងរៀង ខ្លួន រួមទាំងនាងនាថវតីជាកូនស្រីពៅគ្រប់គ្រងទឹកដីខាងជម្ពូរទ្វីប ឲ្យមាននគរ ១៦ នឹងបានផ្សំផ្គុំកូនស្រីនោះឲ្យទៅជម្ពូរបាបកាស ដែលជាស្តេចនាគរាជ។         សម័យនោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់ដឹងឡើងនូវរឿងរ៉ាវក្នុង លោកិយទាំងមូល ទ្រង់ក៏យាងទៅគ្រប់នគរទាំង១៦ ដោយមានព្រះទ័យ សន្តោសប្រោសសត្វដោយមេត្តា បានដោយការពេញចិត្តពីឧបាសក និង ឧបាសិកាគ្រប់ៗគ្នាក៏លះបង់ចោលលទ្ធិបុរាណ បែរមកកាន់គោរពតាមឱវាទ ទូន្មាននៃព្រះសម្ពុទ្ធវិញ។ ជម្ពូរបាបកាសដឹងដូច្នេះក៏ទៅទូលស្តេចពាលីដែល ជាឪពុកក្មេក។ បានស្តាប់ដឹងឮគ្រប់ការហើយ ស្តេចពាលីខឹងយ៉ាងខ្លាំងក៏ចាត់ ឲ្យគេតាមរកព្រះសម្ពុទ្ធ។​​ ព្រះសម្ពុទ្ធទ្រង់ញ្ញាណដឹងថាស្តេចពាលីកំពុងចង់ជួប ក៏បំប្រួញផែនដីដើម្បីឲ្យស្តេចពាលីឆាប់ជួបព្រះសម្ពុទ្ធ ត្បិតព្រះអង្គនៅចាំ សន្យាថាជួយសង្រ្គោះក្រុងពាលីតាំងពីយកកំណើតជស្តេចស្វា-ស ខ្មៅម្លេះ។ ព្រះអង្គទ្រង់គង់នៅមាត់សមុទ្រ រំពេចនោះក៏លេចស្តេចក្រុងពាលីហោះមករក ព្រះអង្គ។ កាលបើឃើញព្រះសម្ពុទ្ធហើយ ស្តេចពាលីក៏រលត់រលាយកំហឹង ទោសៈអស់ពីខ្លួនមួយរំពេចត្បិតឃើញព្រះភក្រ្តព្រះអង្គជាក់ ធ្លាក់ទឹកចិត្តក្តុក លាន់មាត់សរសេរថា “យី! អ្នកនេះរូបអីក៏ល្អជាងទេវតាទៅទៀតម្លេះ ហើយ ប្រកបដោយឥរិយាបទសមរម្យទាំងព្រម!” ថែមទាំងសួរព្រះសម្ពុទ្ធថា “អ្នកឯង ហ្នឹងឬដែលឈ្មោះសមណៈគោតម?”។ ព្រះពុទ្ធតបថា “ថ្វាយពរ! តថាគតហ្នឹង ហើយ!”។ ស្តេចពាលីក៏តបថា “តើអ្នកឯង ហេតុអ្វីក៏ដើរបញ្ចុះបញ្ចូលមនុស្ស យកទឹកដីកូនយើងអស់ដូច្នេះ?”។ ព្រះសមណៈគោតមក៏ឆ្លើយតបថា “ទូល មហាបពិត្រ! តថាគតមិនមែនចង់បានទឹកដីនោះធ្វើអីទេ, តថាគតជាកូនស្តេច មហាចក្រពគ្រាធិរាជ បើសិនតថាគតចង់បានទឹកដី មិនមែនលះរាជសម្បត្តិ ចេញមកបព្វជ្ជាទេ ប៉ុន្តែការតាថាគតដែលបានត្រាស់ដឹងជាព្រះពុទ្ធហើយ ត្រូវតែខំដើរប្រោសសត្វឲ្យរួចផុតពីចំណងទុកតែប៉ុណ្ណោះ, តថាគតមិនមែន ប្រាថ្នាចង់បានទឹកដីនោះទេ”។ ​ព្រះពុទ្ធទ្រង់ក៏បានលើកនិទានតាំងពីអតីតជាតិ ដែលបានយកកំណើតជាស្តេចស្វា-ស ស្វាខ្មៅ ជាសំឡាញ់នឹងគ្នា ដែលកាល ណោះស្តេចស្វា-ស បានសន្យានឹងតថាគតថា “ក្នុងអនាគតជាតិ សូមកុំឲ្យផុត សេចក្តីទំនុកបម្រុងគ្នាឡើយ, ឥឡូវនេះតថាគត  បានត្រាស់ជាព្រះពុទ្ធហើយ តថាគតមិនភ្លេចសច្ចានោះទេ។”
        បានស្តាប់យល់ការហើយ ស្តេចក្រុងពាលីឱនសិរសា យំខ្សឹកខ្សួល អាណិតជាតិខ្លួនណាស់ ក៏ពោលពាក្យសុំព្រះពុទ្ធអត់នូវទោសចំពោះខ្លួន នឹងសុំរស់នៅជាមួយព្រះអង្គផង។ ដោយសារតែស្តេចក្រុងពាលីមានរូបកាយ ជាតិជាមនុស្សពាក់កណ្តាល និងសត្វតិរច្ឆានពាក់កណ្តាល ព្រះពុទ្ធមិនអាចឲ្យ បួសជាបព្វជិតក្នុងសាសនាបានឡើយ តែព្រះជួយសង្គ្រោះដោយផ្តល់សីល៥ កម្មបថ១០ ទុកធ្វើជាពូជទៅអនាគតចុះ។ តថាគតបានប្រកាសប្រាស់អស់ពុទ្ធ បរិស័ទទាំងអស់ក្នុងសាសនាឲ្យដឹងគ្រប់គ្នាថា “ចាប់តាំងបីថ្ងៃនេះតទៅ បើអ្នក ឯណាមានសទ្ធាជ្រះថ្លានឹងថ្វាយមហាទានចំពោះតថាគត ឬអគ្គសាវ័កក្តី ភិក្ខុសាមណេរបុថុជ្ជនក្តី ត្រូវឲ្យឧទិ្ទសចំណែកកុសលទៅជួយរំដោះទុក្ខស្តេច ក្រុងពាលីផង។” ស្តេចពាលីក៏មានចិត្តត្រេកអរទទួលសាធុ។
        ក្រោយនោះមក ពួកឧបាសក ឧបាសិកា កាលណាត្រូវធ្វើបុណ្យទាន ប្រគេនភិក្ខុសង្ឃ-សាមណេរ គេតែងតែឧទិ្ទសចំណែកផលទៅដល់ស្តេចក្រុង ពាលីគ្រប់គ្នារៀងដរាបមក តាមបង្គាប់ព្រះសម្មាសម្ពុទ្ធដែលទ្រង់បញ្ញាត្តទុកឲ្យ នោះឯង។ ប៉ុន្តែក្រោយពេលព្រះពុទ្ធអង្គចូលបរិនិព្វានទៅ មិនយូរប៉ុន្មាន មានជនអគតិដែលកាន់គោរពសាសនាផ្សេងនាំគ្នាពោលបន្តុះបង្អាប់សាសនា ព្រះពុទ្ធ ធ្វើពិធីប្រឡូកច្រឡំជាមួយគ្នាក្នុងសាសនាផ្សេង យូរៗតមកទៀតមិន ត្រឹមតែឧទិ្ទសផល តែបែរជាជ្រុលដល់ទៅរៀបសែនព្រេងឲ្យស្តេចក្រុងពាលី ទៀត ហើយនាំគ្នាស្រែកពោលថា “ព្រះបង្គាប់ឲ្យធ្វើដូចេ្នះព្រោះគេជាធំត្រួតត្រា ទឹកដី។” មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងការរៀបពិធីអាពាហ៍ពិពាហ៍ ក៏តាំងរៀប ពលីការបួងសួងសែនព្រេងឲ្យស្តេចក្រុងពាលីមុនព្រះសង្ឃទៅវិញ។

(ដកស្រង់ចេញពីសៀវភៅ ”ប្រជុំរឿងព្រេងខ្មែរ ភាគ ៩” នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)


៤.៣ រឿងព្រេងទាក់ទងនឹងពិធីបង្វិលពពិលក្នុងអាពាហ៍ពិពាហ៍ខ្មែរ
        ខ្លឹមសាររឿងបាននិទានមកថា ព្រះឥសូរ ដែលគង់ជាស្តេចនៅឋាន កៃលាស ជាប់ចង្កេះភ្នំហិមាល័យ មានឬទ្ធានុភាពខ្លាំងពូកែ និងមានមហេសី ឈ្មោះនាង ”ឧមាភោគវតី” ដែលមាន័យថា ស្ត្រីគ្រប់លក្ខិណា ប្រសើរលើសទេវតា និងស្រី្តទាំងពួងក្នុងទ្វីបទាំងបួនលើលោកា។ ព្រះឥសូរ មានឬទ្ធានុភាពខ្លាំងណាស់ សូម្បីតែអង្គជាតិ (លិង្គ) របស់លោក និងយោនី របស់នាងឧមាភោគវតី ក៏ខ្លាំងពូកែរសក្តិសិទ្ធដែរ។ ថ្ងៃមួយព្រះឥសូរទទួល បង្រៀនសិស្សម្នាក់ឈ្មោះព្រះជ័យសុរិយារាជកុមារ​ នៅឯនគរកែកេតជម្ពូ នាជម្ពូទ្វីប។ បន្ទាប់ពីរៀនចេះសព្វគ្រប់វិជ្ជាហើយ ព្រះជ័យសុរិយារាជកុមារ ក៏ក្រាបបង្គំសុំពរជ័យមង្គលមួយទុកជាព្រះកេរ្តិ៍សម្រាប់ជម្ពូទ្វីប  ដើម្បីយកទៅ ប្រសិទ្ធពរក្នុងវេលារៀបអាពាហ៍ពិពាហ៍ ពួកជាតិមនុស្សទាំងពួងឲ្យបានរុង រឿងដូចពិធីមង្គលការឯឋានកៃលាសផង ព្រោះកំណើតមនុស្សលោកកើត ឡើងថយថោកណាស់ គ្មានរិទ្ធីអំណាចអ្វីទេ។ យល់សេចក្តីរៀបរាប់ពីព្រះជ័យ រាជកុមារហើយ ព្រះឥសូរក៏បានហោះទៅយកខ្សាច់ពេជ្រពីចក្រវាឡ មក ប្រសិទ្ធិជាស្លឹកពោធិមាស ជាតំណាងយោនីព្រះនាងឧមាគោគវតី នឹងយកថ្ម ពេជ្រពីភ្នំហិមាល័យ មកប្រសិទ្ធិជាទៀនមាស ជាតំណាងលិង្គរបស់ព្រះអង្គ។ លុះលោកប្រសិទ្ធិរួចហើយ ក៏សន្មតឲ្យឈ្មោះថា “ពរពីរតន៍” មានន័យថា “ពរពីរនេះ ភ្លឺដូចប្រាថ្នា”។ ប៉ុន្តែការហៅតគ្នាយូៗមក ក៏នៅត្រឹមថា “ពពិលៗ” រហូតមកដល់សព្វថ្ងៃតែម្តងទៅ។ ព្រះឥសូរបានបង្គាប់ព្រះជ័យសុរិយារាជ កុមារទៀតថា ចូរអ្នកយកទៅទុកនៅឯឋានជម្ពូទ្វីបទុកជាកេរ្តិ៍តរៀងទៅ ដោយ ត្រូវយកទៀនមាស បិទនឹងស្លឹកពោធិមាស ហើយយកភ្លើងអុជឲ្យឆេះមុននឹង បង្វិលបីជុំសាមីខ្លួនដែលកំពុងរៀបមង្គលការ រួចសឹមពន្លត់ទៅវិញ បន្ទាប់មក ត្រូវយកផ្លិតបក់ផ្សែងឲ្យចូលមាត់ច្រមុះសាម៉ីខ្លួនទាំងប្រុសស្រី ដើម្បីឲ្យមាន កម្លាំងកាមារោលរាល ខ្លាំងដូចដំរីសារ មានបុត្រាបុត្រីប្រកបដោយបញ្ញាវាងវៃ និងរស់នៅជាមួយគ្នាមានសុភមង្គលតរៀងទៅ។ 
        កាលវេលាដ៏យូរក្រោយកទៀត ទើបអស់ទៀនទៅ ស្តេច មន្ត្រី សេដ្ឋីនិង បណ្តាជនទាំងអស់ក៏នាំគ្នារចនាធ្វើទៀនដោយខ្លួនឯងជំនួស សម្រាប់ប្រើក្នុង ពិធីរៀបអាពាហ៍ពិពាហ៍កូនប្រុសស្រីរហូតមក។ អាស្រ័យរឿងនេះហើយ ទើបបានជាជាប់មានទំនៀមទំលាប់បង្វិលពពិលរហូតដល់សព្វថ្ងៃនេះ។

(ដកស្រង់ចេញពីសៀវភៅ ”ប្រជុំរឿងព្រេងខ្មែរ ភាគ ៩” នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)

៥. ទម្រង់ផ្សេងៗនៃអាពាហ៍ពិពាហ៍ខ្មែរ
        ទម្រង់អាពាហ៍ពិពាហ៍ខ្មែរ មានការវិវត្តប្រែប្រួលទៅតាមសម័យកាល ចាប់តាំងពីសម័យលង្វែករហូតមកដល់បច្ចុប្បន្ន ដោយសារទំនោរសង្គម វប្បធម៍ សង្គមសេដ្ឋកិច្ច និងសង្គមប្រវត្តិសាស្រ្តផងដែរ។ ទម្រង់ទាំងនោះមាន ចំនួន៦ គឺ៖
        ១. អាពាហ៍ពិពាហ៍បែបបុរាណ
        ២. អាពាហ៍ពិពាហ៍បែបលើកត្រៃ
        ៣. អាពាហ៍ពិពាហ៍បែបសែន
        ៤. អាពាហ៍ពិពាហ៍បែបកំព្រាគូ
        ៥. អាពាហ៍ពិពាហ៍បែបផ្តាច់ការ សមូហភាព
        ៦. អាពាហ៍ពិពាហ៍បែបសម័យទំនើប

        ៥.១ អាពាហ៍ពិពាហ៍បែបបុរាណ
        អាពាហ៍ពិពាហ៍បែបបុរាណ មានច្រើនដំណាក់កាលដូចតទៅ៖
        ក. ពិធីចែចូវ
        ក្នុងពិធីនេះគេតម្រូវឲ្យឪពុកម្តាយ ឬអាណាព្យាបាលខាងប្រុស ចាត់ស្រី្ត ណាម្នាក់ដែលស្គាល់ទុកចិត្តនិងជាមនុស្សមិនអភ័ព្វគូរធ្វើជា “មេអណ្តើក” ទៅស៊ើបសួរការខាងកូនស្រីថា តើនៅទំនេរឬទេ? បន្ទាប់ពីមើលខែឆ្នាំត្រូវគ្នា ហើយទើបគេចាត់ចែងចូលចែចូវដល់ឪពុកម្តាយ ឬអាណាព្យាបាលកូនស្រី នោះតែម្តង ដែលពិធីចែចូវនេះប្រព្រឹត្តទៅចំនួនបីលើក។ ប៉ុន្តែលើកដំបូងគេ និយាយបញ្ឆិតបញ្ឆៀងសិន រហូតដល់លើកទីបី កាលបើខាងកូនស្រីយល់ព្រម បើកផ្លូវហើយនោះទើបខាងកូនប្រុសចូលទៅ ដែលលើកទីបីនេះគេហៅថា “ពិធីស៊ីស្លាដក់”។

        ខ. ពិធីស្តីដណ្តឹង
        ពិធីស្តីដណ្តឹងប្រព្រឹត្តទៅចំនួនបីលើកដែរ គឺក្រោយពេលដែលខាងកូន ស្រីបើកផ្លូវឲ្យហើយ ខាងប្រុសត្រូវជូនព័ត៌មានទៅខាងកូនស្រី នៅថ្ងៃដែល ខាងខ្លួនឲ្យ “អ្នកផ្លូវ ចៅមហា” ជួបនឹង “មេបា” ខាងស្រីដើម្បីស្តីដណ្តឹង។

        លើកទី១៖ នៅថ្ងៃកំណត់ទុក គេតម្រូវឲ្យមានមនុស្សស្រីបីនាក់ដែល មានគូរស្រកររួមសុខសុភមង្គលជាមួយគ្នា ត្រូវបាខាងប្រុសពឹងឲ្យធ្វើជាអ្នកផ្លូវ ទៅចូលស្តីដណ្តឹង ដោយនាំយកទៅ ថង់រងមួយគូរ ស្លាថ្នាំ ឬស្លាជ្វា ចេកទុំ នំគម នំអន្សម នំបត់ រៀបជាគូរៗ ទៅជូនខាងស្រី តែពេលនោះមេបាខាងស្រី មិនទាន់សម្រេចភ្លាមឡើយ។

        លើកទី២៖ គេត្រូវរៀបគ្រឿងរណ្តាប់ និងមនុស្សដដែល និងនាំយកកូន ប្រុសមកជាមួយផង ដែលពិធីនេះហៅថា “ស៊ីស្លាកន្សែង”។

        លើកទីបី៖ លើកចុងក្រោយនេះ គេតម្រូវឲ្យមាន “អ្នកផ្លូវ” ជាមនុស្សស្រី បីនាក់ និង “អ្នកមហា” ជាមនុស្សប្រុសបីនាក់ដែរ នាំយករណ្តាប់ដូចមុន​ តែត្រូវ បន្ថែមឲ្យបានច្រើនជាងមុន រួមទាំងសម្លៀកបំពាក់​គ្រឿងអលង្កាមាសពេជ្រ ទៅជូនខាងស្រី និងត្រូវនាំកូនប្រុសទៅជាមួយផង។
        បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នារវាងអ្នកផ្លូវចៅមហា និងមេបារួចសព្វគ្រប់ ហើយ មេបាខាងស្រីក៏សុំពិនិត្យនឹងសួរបញ្ជាក់ពីចិត្តគំនិតចរិយាមាយាទកូន ប្រុស រីឯអ្នកមហាខាងប្រុសក៏សុំមើលកូនស្រីវិញដែរ ដែលពេលនោះហើយ ពិធីរៀបចំបំពាក់ចិញ្ចៀនគ្នាទៅវិញទៅមកត្រូវរៀបចំឡើង។ នៅតំបន់ខ្លះក្នុង ប្រទេសខ្មែរយើងពិធីនេះហៅថា “ពិធីហៅព្រលឹង។ ចុងក្រោយអ្នកមហាក៍ រៀបចំលើកស្លាបញ្ជាប់ពាក្យជូនទៅមេបាខាងកូនស្រីពិសារ ដែលពិធីនេះហៅ ថា “ស៊ីស្លាបញ្ជាប់ពាក្យ”។

        គ. ពិធីជូនកំណត់
        គេធ្វើពិធីនេះគឺត្រូវជ្រើសរើសថ្ងៃ ខែ ឲ្យបានត្រឹមត្រូវម៉តចត់ចៀសវាង ខែឈ្មោល (ខែមាន២៩ថ្ងៃ) ឬខែព្រះសង្ឃចូលវស្សាដែលអាចរៀបការបាន។ គេត្រូវយកថ្ងៃខែនោះចុះក្នុងផែនក្រដាសមួយសន្លឹក ដោយត្រូវរៀបស្លាម្លូ ចេកទុំ រងស្លាដែលដាក់គ្រឿងសព្វគ្រប់ជារណ្តាប់ជាកំដរដៃទៅជូនមេបា ខាងស្រី។ បន្ទាប់ពីមេបាអានកំនត់ពេលវេលានោះហើយ អ្នកផ្លូវក៏ជូនស្លា កំនត់ដល់មេបាពិសារ ទុកជាការកំនត់ថាបានរៀបការពាក់កណ្តាលដែរ ហើយ បើមានអសន្តិសុខ ឬសង្រ្គាមក្នុងស្រុកកើតឡើង គេគ្រាន់តែផ្សំផ្គុំកូនស្រី ដោយសែនប្រាប់ដូនតាជាការស្រេច។ នៅទីបញ្ចប់អ្នកផ្លូវសុំឲ្យមេបាបង្គាប់នូវ គ្រឿងបណ្ណាការសម្រាប់ពិធីមង្គលការ។

        ឃ. ថ្ងៃរៀបមង្គលការ (អាពាហ៍ពិពាហ៍)
        ពិធីរៀបអាពាហ៍ពិពាហបែបបុរាណត្រូវប្រព្រឹត្តទៅចំនួនបីថ្ងៃ៖
        -ថ្ងៃទីមួយហៅថា “ថ្ងៃចូលរោង” ជាថ្ងៃនាំកូនប្រុសចូលរោងផ្កាស្លា ដោយមាតាបិតាកូនប្រុសត្រូវរៀបចំបណ្ណាការមានប្រាំពីរមុខ គឺថង់រង ស្លាដក់ ស្លាកន្សែង ស្លាព្រះពរ នំអន្សម នំគម និងប្រាក់ស្នាប់ទឹកដោះ។​ នំអន្សម នំគម តាមលទ្ធិព្រាហ្មគេយល់ថា ជានិមិត្តរូបនៃព្រះឥសូរ និងនាងឧមា។

        -ថ្ងៃទីពីរហៅថា “ថ្ងៃស៊ីកំណត់”។ ព្រឹកថ្ងៃទីពីរនេះគេត្រូវហែរកូនកំឡោះ ដោយមានភ្លេងលេងកំដរ រៀបពិធីសែនព្រេនដូនតា និងពិធីស៊ីស្លាកដ ស្លាកន្សែង ស្លាថង់រង កំនត់រួមគ្នាតែម្តង។ លុះដល់ពេលរសៀលគេរៀបចំពិធី កាត់សក់កូនស្រីនៅឯផ្ទះការ រីឯកាត់សក់កូនប្រុសនៅឯរោងផ្កាស្លា។ ក៏ប៉ុន្តែ សព្វថ្ងៃគេរៀបពិធីបែបនេះរួមគ្នាតែម្តង។ ដល់វេលាយប់ គេរៀបពិធីបុកល័ក្ខ ធ្វើធ្មេញឲ្យកូនស្រី។ បន្ទាប់មកមានជាវ ឬកាត់ខាន់ស្លាជាប្រាក់សុទ្ធ។ លុះវេលាទៀបភ្លឺ គេឲ្យស្រី្តបីនាក់ដែលមានគូរស្រករកបនឹងគ្នារៀបដោត ផ្កាស្លាដោយយលខ្ពរស្លាដែលដាក់សូត្រមន្តពីថ្ងៃរសៀលមកដោតជាបីដុំ គឺ៖ ផ្កាស្លាទីមួយត្រូវដោយស្លា២១ផ្លែ ម្លូរ២១សន្លឹក គេហៅថា “ផ្កាស្លាច្បង”។ ផ្កាស្លាទី២ត្រូវដោតស្លា១២ផ្លែ ម្លូរ១២សន្លឹក ហៅថា “ផ្កាស្លាកណ្តាល”។ រីឯផ្កាស្លាទីបី ដោតស្លា៦ផ្លែ ម្លូរ៦សន្លឹក ហៅថា “ផ្កាស្លាពៅ”។

        -ថ្ងៃទីបីហៅថា “ថ្ងៃសំពះផ្ទឹម” ដែលត្រូវប្រារព្ធនៅវេលាភ្លឺស្រាងៗដោយ អាចារ្យនាំកូនកម្លោះថ្វាយបង្គំរានទេវតា នឹងអង្គុយបែរមុខទៅទិសខាងកើត រង់ចាំពេលាល្អ។ លុះព្រះអាទិត្យរះ អាចារ្យវាយឃ្មោះបីដង រីឯកូនកម្លោះក៏ត្រូវ ក្រាបកង្គំព្រះអាទិត្យចំនួនបីដងដែរ។​ បន្ទាប់មកអាចារ្យកាន់ដាវ បើកផ្លូវដង្ហែរ កូនកម្លោះទៅសំពះផ្កាស្លាលើផ្ទះការដោយមានអ្នកមហាបីនាក់ កាន់គ្រឿង រណ្តាប់ នឹងមានភ្លេងលេងភ្លេងកំដរហែរកូនកម្លោះដល់មាត់ជណ្តើរ ហើយ មានគេវាយឃ្មោះបីដងជាសញ្ញាអនុញ្ញាត្តិឲ្យឡើងបាន ដោយមានជំនិតខាង កូនស្រីកាន់ទឹកមួយផ្តិលមកលាងជើងឲ្យកូនកម្លោះ ព្រមទាំងជូនស្លាមួយម៉ាត់ ទៀតផង។ ក្នុងពេលផ្ទឹមកូនប្រុសត្រូវអង្គុយបែរមុខទៅខាងកើត ដែលនៅចំ ពីមុខមានពានផ្កាស្លា ពានទៀនពេលវេលា តៀបពីរដាក់បាយខុន ក្បាលជ្រូកមួយ ឬមាន់ស្ងោរមួយ នំអន្សម នំគម។ បន្ទាប់មកត្រូវមានស្រីម្នាក់ អុជទៀនបិទនៅរង ហើយកាន់រងនោះចូលទៅអញ្ជើញកូនស្រីមកផ្ទឹម។ ចម្រៀងបើកវាំងននក៏ចាប់ផ្តើម។ កូនក្រមុំអង្គុយកាបផ្ទឹមជិតកូនកម្លោះខាង ឆ្វេង ដែលតម្រូវឲ្យយកដាវ ឬអកកំបោរ និងប្រណាក ដាក់លើម្រាមដៃកូន ប្រុសស្រីទាំងពីរ។ បន្ទាប់ពីនោះ ពិធីបង្វិលពពិលក៏ចាប់ផ្តើម។ ពិធីឲ្យពរផ្កា ស្លា មេបាចងដៃកូនប្រុសស្រី ត្រូវបន្តរ បន្ទាប់ពីចប់ពិធីបង្វិលពពិល។ បន្ទាប់មក កូនកម្លោះតោងស្បៃកូនក្រមុំចូលបន្ទប់។ កូនក្រមុំត្រូវជូនស្លាម្លូរ ឬអុជបារីឲ្យកូនកម្លោះជក់ រួចហើយគេត្រូវទៅអង្គុយកណ្តាលទីប្រជុំដើម្បី ប្រាព្ធពិធីរាំ “កាន់ដាវសារកន្ទេល”។ លុះចប់ពិធីនោះមក កូនកម្លោះក្រមុំចេញ ទៅបម្រើភ្ញៀវលៀងភោជនាហារ។ ដល់វេលាយប់គេត្រូវឲ្យស្ត្រីចំណាស់ពីររូប រៀបចំពិធីផ្សំដំណេក ដោយមានដាក់គ្រឿងហូបជាចំអាបមួយថាស បង្អែម មួយថាស បាយសី ដូងខ្ចី នឹងបន្ទាប់ពីអុជធូបសែនដូនតាហើយ គេបញ្ចុកទឹក ដូងខ្ចីដល់កូនកម្លោះកូនក្រមុំ បីស្លាព្រាម្នាក់ ហើយទើបឲ្យកូនកម្លោះកូនក្រមុំ បញ្ចុកគ្នាទៅវិញទៅមក ជានិមិត្តរូបនៃការស្រឡាញ់ ថែរក្សាគ្នាទៅវិញទៅមក អស់មួយជីវិត។

(ដកស្រង់ចេញពីសៀវភៅ “អរិយធម៌ខ្មែរ” ដោយ ទៀង សេងលាង​ អតីតសាស្រ្តាចារ្យវិទ្យាល័យទួលទំពូង ឆ្នាំ១៩៩៦)

        ៥.២ អាពាហ៍ពិពាហ៍បែបលើកត្រៃ
        អាពាហ៍ពិពាហ៍បែបនេះគេកម្រឃើញប្រជាជនខ្មែរបច្ចុប្បន្នប្រារព្ធឡើង ណាស់។ អាពាហ៍ពិពាហ៍បែបលើកត្រៃ គឹគេលើកយកតែពិធីណាប្រកបដោយ “មង្គល” ដែលនាំមកនូវសុខសិរីសួស្តី ដូចជាពិធីចម្រើនព្រះបរិត្ត ពុទ្ធជ័យ មង្គល សម្តែងធម៌ទេសនា រាប់បាត្រ ប្រគេនត្រៃចីវរ វេរ ភត្តាហារ ថ្វាយព្រះសង្ឃ​ ជាដើម ដោយពុំមានការផឹកស៊ី រាំច្រៀងសប្បាយអ្វីទេ គឺមានតែ ព្រះសង្ឃឲ្យសីល​សូត្រមន្តចម្រើនពរជ័យ ទេសនាទូន្មានកូនកម្លោះ កូនក្រមុំអំពីសង្គហធម៌ប្រាំយ៉ាង ដែលប្តីប្រពន្ធត្រូវប្រតិបត្តិចំពោះគ្នាទៅមក។

        ៥.៣ អាពាហ៍ពិពាហ៍បែបសែន
        អាពាហ៍ពិពាហ៍បែបនេះធ្វើឡើងគ្រាន់តែជាការបង្រ្គប់កិច្ច ដើម្បីឲ្យសាម៉ី ខ្លួនប្រុសស្រីទាំងពីរនាក់នោះ ទទួលបានការដឹងឭពីម៉ែឪ ញ្ញាតិសណ្តានទាំង សងខាង នឹងទទួលស្គាល់ដោយច្បាប់រដ្ឋផងដែរ។ មានមូលហេតុជាច្រើន ដែលនាំឲ្យគេរៀបចំពិធីអាពាហ៍ពិពាហ៍បែបសែននេះឡើង គឺដោយសារ ពួកគេជាអ្នក្រខ្សត់ទុគ៌ត ឬកូនកម្លោះក្រមុំទាំងពីរស្រឡាញ់គ្នាលួចលាក់មុន ឪពុកម្តាយផ្សំផ្គុំឲ្យ ដោយជ្រុលជ្រួសហួសប្រពៃណី ឬក៏ជាស្រីប្រពន្ធចុងលប លួចសេពសម្ព័នភេទជាមួយប្តីគេ ហើយក៏រៀបចំពិធីបែបនេះស្ងាត់ៗដើម្បីកុំឲ្យ ប្រពន្ធដើមគេដឹងឮ។

        ៥.៤ អាពាហ៍ពិពាហ៍បែបកំព្រាគូ
        អាពាហ៍ពិពាហ៍បែបកំព្រាគូ ត្រូវគេរៀបចំឡើងក៏គ្រាន់ជាការបង្គ្រប់កិច្ច ដែរ ដោយសារអវត្តមានកូនប្រុស ឬក៏កូនស្រីក្នុងពិធី ជាពិសេសច្រើនកើត ឡើងដោយសារអវត្តមានកូនប្រុស ក៏ព្រោះតែដោយសារកូនប្រុសនោះមាន ភារកិច្ចត្រូវទៅឆ្ងាយ ដូចជាទៅធ្វើសង្គ្រាមសឹក ឬកូនប្រុសនោះរស់នៅឯនាយ សមុទ្ទជាដើម។

        ៥.៥ អាពាហ៍ពិពាហ៍បែបផ្តាច់ការ សមូហភាព
        អាពាហ៍ពិពាហ៍បែបនេះកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរ ក្រហមក្នុងកំឡុងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ជនប្រុសស្រីណាដែលត្រូវ អង្គការរៀបចំទុកដាក់ឲ្យជាប្តីប្រពន្ធនឹងគ្នា ដាច់ខាតត្រូវតែយល់ព្រមតាម អង្គការ ទោះបីជាសាម៉ីខ្លួនពេញចិត្តឬមិនពេញចិត្តបុរស ឬនារីនោះក៏ដោយ។ ហើយការៀបការនេះទៀតសោត គេរៀបម្តងចាប់ពីច្រើនគូឡើងរហូតរាប់សិប គូរក៏មានដែរ ដោយគ្មានភ្លេង គ្មានអាចារ្យ គ្មានមេបាចៅមហា គ្មានពិធីជប់លៀងអ្វីទាំងអស់ គឺស្ងាត់ជ្រងំ សោះកក្រោះជាទីបំផុត។

        ៥.៦ អាពាហ៍ពិពាហ៍បែបទំនើប
អាពាហ៍ពិពាហ៍បែបទំនើបនេះមិនមែនជាទម្រង់អាពាហ៍ពិពាហ៍ថ្មីអ្វីនោះ ទេ។ វាគ្រាន់តែជាប្រភេទអាពាហ៍ពិពាហ៍ច្នៃ ដោយយកបែបបុរាណមកកែ សម្រួល បង្រួម បន្ថយពេលវេលា កាត់បន្ថយពិធីមួយចំនួន ដោយប្រារព្ធតែ ពិធីណាដែលគេគិតថាសំខាន់ចាំបាច់ខានមិនបាន ដូចជាពិធីហែកំនត់ ពិធី កាត់សក់ ពិធីបង្វិលពពិល និងពិធីសំពះផ្ទឹមចងដៃជាដើម។ អាពាហ៍ពិពាហ៍ បែបទំនើបនេះក៏មានបញ្ចូលពិធីកាត់នំ (នំបែបអឺរ៉ុប Cake) ការដើរកម្សាន្តតាម ឧទ្យាននានា រហូតដល់ទៅមានការរៀបចំឲ្យកូនប្រុសកូនស្រីចាក់ស្រាលើក ជូនឪពុកម្តាយទាំងសងខាង ជល់កែវគ្នាផឹក ដោយមានការនិយាយរ៉ាយរ៉ាប់ពី អ្នកដែលគេជោរហៅតាមគ្នាថា “ពិធីករ ពិធីការិនី” ស្អីគេនោះ រហូតដល់ទៅ អ្នកដែលគេហៅថា “ពិធីករ ពិធីការិនី” នោះឡប់ អគតិ និយាយថាពិធីនេះ ជាប្រពៃណីខ្មែរតាំងពីដូនតា ទៅវិញ។

(ដកស្រង់ចេញពីសៀវភៅ ”អរិយធម៌ខ្មែរ” ដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកវិទ្យាស្ថានភាសាបរទេស សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំ២០១៣)
                       
                        ច្បាប់ ស្តីពី ឯកពន្ធភាព
១. សេចក្តីផ្តើម
        មុននឹងឈានដល់ការបង្ហាញជូននូវខ្លឹមសារនៃច្បាប់ស្តីពីឯក ពន្ធភាព  យើងខ្ញុំសូមធ្វើការពន្យល់ពាក្យ “ឯកពន្ធភាព” ជាមុនសិន។ តាមការ សិក្សាស្រាវជ្រាវរបស់យើងខ្ញុំ បានដឹងនឹងយល់ឃើញថា ពាក្យ “ឯកពន្ធភាព” គឺ “ឯក+ពន្ធ+ភាព”“ឯក”  (ភាសាបាលី សំស្រ្កឹត) ជាបកតិសំខ្យា (គុណនាម) មានន័យថា មួយម្នាក់, ដែលមានតែមួយ  តែម្នាក់, ទីមួយលេខមួយ“ពន្ធ” (ភាសាបាលី សំស្រ្កឹត) ជានាម មានន័យថា​ ចំណង, អន្ទាក់, គ្រឿងជាប់ជំពាក់“ភាព” (ក្លាយមកពីភាសាបាលី សំស្រ្កឹត ភាវ) ជានាម មានន័យថា បែប, បែបបទ, លំនាំ, ទម្រង់, សណ្ឋាន, ឬ ទ្រង់ទ្រាយ
ដូចេ្នះសរុបសេចក្តីមក “ឯកពន្ធភាព” គឺជា ទម្រង់ ឬ បែបបទ នៃចំណងតែមួយ។ មានន័យថា ជាចំណងអាពាហ៍ពិពាហ៍ ដែលបុរសមាន ប្រពន្ធតែមួយ រីឯស្រ្តីមានប្តីតែមួយ។

២. ខ្លឹមសារច្បាប់ស្តីពី ឯកពន្ធភាព
        ច្បាប់ស្តីពី ឯកពន្ធភាព ត្រូវបានអនុម័តដោយរដ្ឋសភានាថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០០៦ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៣ នឹងបាន យល់ស្របតាមទម្រង់និងគតិនៃច្បាប់នេះទាំងស្រុងដោយព្រឹទ្ធសភាផងដែរ។
        ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់ច្បាប់នេះនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៦។​
        ច្បាប់ស្តីពី ឯកពន្ធភាព មាន៤ជំពូក ចែកចេញជា ១២មាត្រ ហើយយើង ខ្ញុំសូមចម្លងតាមច្បាប់ដើមទាំងស្រុងមកបង្ហាញជូនដូចតទៅ៖

                                        


                                        
ជំពូកទី ១
បទប្បញ្ញត្តិទូទៅ

មាត្រា ១...
        ច្បាប់នេះមានគោលបំណងការពារសេចក្តីថ្លៃថ្នូរនឹងពង្រឹងសុខដមរមនា សុភមង្គលកនុងគ្រួសារ និងការពារសិទ្ធិគ្នាទៅវិញទៅមករវាងប្តីនិងប្រពន្ធ ស្របតាមមាត្រា ៤៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបំពេញ បន្ថែមលើបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា ២...
        ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានចំណងអាពាហ៍ពិពាហ៍ ត្រូវគោរព គោលការណ៍ឯកពន្ធភាពដោយស្ម័គ្រចិត្ត ប្តីមួយប្រពន្ធមួយ ដោយមានចុះ បញ្ជីអាពាហ៍ពិពាហ៍ចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ស្របតាមលក្ខខណ្ឌដែល មានចែងក្នុងច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ។

ជំពូកទី ២
និយមន័យ ពិរុទ្ធភាព និងនីតិវិធី
មាត្រា ៣...
        ឯកពន្ធភាពជាចំណងអាពាហ៍ពិពាហ៍ ដែលបុរសមានប្រពន្ធតែមួយ ឯស្រ្តីមានប្តីតែមួយ។ ដែលហៅថាចំណងអាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យា ដ៏ឧឡារឹកមួយធ្វើឡើងដោយបុរសម្នាក់ និងស្រ្តីម្នាក់ ដែលប្តេជ្ញាថារួមសមត្ថ សង្វាសជាមួយគ្នាតាមបញ្ញត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញបាន តាមទមនើងចិត្តរបស់ខ្លួន។
        ចំណងអាពាហ៍ពិពាហ៍ត្រូវរលាយក្នុងករណីណាមួយដូចខាងក្រោម:
-សហព័ន្ធណាមួយស្លាប់។ 
-មានសេចក្តីសម្រេចរំលាយចំណងអាពាហ៍ពិពាហ៍ជាស្ថាពររបស់តុលាការ-សហព័ន្ធណាម្នាក់បាត់ខ្លួនហួសពីមួយឆ្នាំដោយគ្មានដំណឹងអ្វីសោះ មិនដឹងថាស្លាប់ ឬរស់។

មាត្រា ៤ ...
        ទ្វេពន្ធភាពជាចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រព្ធពីរ ឯស្រ្តីមាន ប្តីពីរ។
        ត្រូវចាត់ទុកថាមានពិរុទ្ធភាពក្នុងបទទ្វេពន្ធភាព បុរស ឬ ស្ត្រីណាដែល មានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជី អាពាហ៍ពិពាហ៍ថ្មីមួយទៀត។
        អ្នកសមគំនិតត្រូវមានទោសដូចគ្នា។

មាត្រា ៥...
        ត្រូវចាត់ទុកជាស្មន់ បុរសនិងស្ត្រីណាដែលជាប់ចំណងជាញាតិលោហិត ឬញាតិពន្ធនឹងគ្នា ហើយរួមសេវនកិច្ចជាមួយគ្នា។

មាត្រា ៦...
        ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទស្មន់:
        -បុរស និងស្រ្តីដែលជាប់ចំណងញាតិលោហិត ឬញាតិពន្ធក្នុងខ្សែផ្ទាល់ គ្រប់ថ្នាក់ ទោះចំណងនោះមានខាន់ស្លាក្តី ឥតខាន់ស្លាក្តី ឬជាសាច់ចិញ្ចឹមក្តី បានរួមសេវនកិច្ចជាមួយគ្នា។

        -បុរស និងស្រ្តីដែលជាប់ចំណងសាខាញាតិនឹងគ្នា ទោះសាខាញាតិ នោះមានខាន់ស្លាក្តី ឥតខាន់ស្លាក្តី ចិញ្ចឹមក្តី រួមម្តាយក្តី រួមឪពុកក្តី ជាញាតិ លោហិតក្តី ឬជាញាតិពន្ធក្តី រហូតដល់ថ្នាក់ទី៣ រាប់ទាំងថ្នាក់នេះផង បានរួម សេវនកិច្ចជាមួយគ្នា។
        មិនចាត់ទុកថាមានពិរុទ្ធពីបទស្មន់ទេ ប្រសិនបើសហព័ន្ធណាម្នាក់ស្លាប់ ហើយសហព័ន្ធដែលនៅរស់រួមសេវនកិច្ចជាមួយសាខាញាតិពន្ធថ្នាក់ទី ២ ឬ ថ្នាក់ទី៣។

មាត្រា ៧...
        ត្រូវចាត់ទុកថាផិត គឺការរួមសេវនកិច្ចរវាងបុរសដែលមានចំណងអាពា- ហ៍ពិពាហ៍មុនមិនទាន់រលាយជាមួយស្រ្តីដទៃក្រៅពីប្រពន្ធរបស់ខ្លួន ឬការរួម សេវនកិច្ច រវាងស្ត្រីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយជាមួយ បុរសដទៃក្រៅពីប្តីរបស់ខ្លួន។
        ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទផិត:
        -បុរសណាដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយ ទៅរួមសេវនកិច្ចជាមួយស្រ្តីផ្សេងទៀត។
        -ស្ត្រីណាដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយ ទៅរួមសេវនកិច្ចជាមួយបុរសដទៃទៀត។

មាត្រា ៨...
        ក្នុងករណីដែលមានចែងក្នុងមាត្រា ៧ ខាងលើ​ព្រះរាជអាជ្ញាអាចសំរេច មិនធ្វើបណ្តឹងអាជ្ញាបាន ប្រសិនបើមានបណ្តឹងរបស់សហព័ន្ធណាមួយស្នើសុំ កុំឲ្យចោទប្រកាន់។

  ជំពូកទី ៣
ទោសប្បញ្ញត្តិ
មាត្រា ៩...
        ជនណាប្រព្រឹត្តល្មើសនឹងមាត្រា ៤ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធ នាគារពី ៦ (ប្រាំមួយ) ខែ ដល់ ១ (មួយ) ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬផ្តន្ទា ទោសណាមួយនៃទោសទាំងពីរ។

មាត្រា ១០...
        ជនណាប្រព្រឹត្តល្មើសនឹងមាត្រា ៦ និង មាត្រា ៧ នៃច្បាប់នេះ ត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ និងផ្តន្ទាទោសពិន័យ ជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ។

ជំពូកទី ៤
អវសានប្បញ្ញត្តិ
មាត្រា ១១...
        ច្បាប់នេះ ពុំមានអានុភាពប្រតិសកម្មឡើយ។

មាត្រា ១២...
        បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះត្រូវទុកជានិរាករណ៍។


(ដកស្រង់ចេញពីសៀវភៅច្បាប់ស្តីពី ឯកពន្ធភាព)

(Y)
ឈាមខ្មែរ