Wednesday, March 7, 2012


អត្ថន័យ បទចម្រៀង បច្ចុប្បន្ន កំពុងតែធ្វើ ឱ្យយុវជនខ្មែរ ភ្លើតភ្លើន

អត្ថបទដោយ លោក តុល សុភ័ណ

ប្រភពពី សារព័ត៌មាន ដើមអំពិល 

ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១២

 
មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល កម្ពុជា បានសម្តែងការ ព្រួយបារម្ភ ចំពោះអត្ថន័យ បទចម្រៀង ដែលតាក់តែងនាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើឱ្យយុវជន ខ្មែរភ្លើតភ្លើន ដោយសារតែខ្លឹមសារ បទចម្រៀងភាគច្រើន ផ្តោតតែទៅលើស្នេហាភ្លើតភ្លើន និងភាពអសកម្មជាច្រើនផ្ទុយពីប្រពៃណីខ្មែរ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងសភា ព្រឹទ្ធសភា និងអធិការកិច្ចលោក ស្រី ម៉ែន សំអន បានថ្លែងក្នុងពិធីបិទ មហោស្រពតន្រ្តី ចម្រៀងសម័យ ថ្នាក់ជាតិឆ្នាំ២០១១ នៅឯមហោស្រពសាលចតុមុខ នាថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១២នេះថា តន្រ្តី និងចម្រៀងសម័យរបស់កម្ពុជានាពេលបច្ចុប្បន្ន កំពុងជួបបញ្ហាប្រឈមគួរឱ្យព្រួយបារម្ភជាច្រើនដូចជា ខ្វះការបង្កើតថ្មី ការលួចចម្លងសាច់ភ្លេងពីបរទេស ខ្វះការគាំទ្រពីអ្នកស្តាប់ មិនគោរពក្បួនកំណាព្យ និងភាពទន់ខ្សោយនៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាដែលកត្តាទាំងអស់នេះ ទាមទារឱ្យស្ថាប័ន និងភាគីពាក់ព័ន្ធចូលរួមដោះស្រាយ ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវបណ្តោយឱ្យវិស័យនេះ ធ្លាក់ចុះរហូតរកវិធីដោះស្រាយមិនរួចនោះឡើយ។
លោកស្រី ម៉ែន សំអន បានពន្យល់ថា “ខ្លឹមសារចម្រៀងភាគច្រើនលើសលុប ផ្តោតតែទៅលើភាពអសកម្ម ឬអំពើផ្ទុយពីប្រពៃណីដ៏ស្អាតស្អំរបស់យុវជន ដូចជាការ ភ្លើតភ្លើនពាក់ព័ន្ធនឹងស្នេហាមិនស្មោះត្រង់ ឬសម្តែងចេញពីការផិតក្បត់ តែងចម្រៀងសម្រាប់តែបុរស ឬក៏នារីដែលខិលខូច មិនបានបង្ហាញនូវស្នេហាផ្សារភ្ជាប់ នឹងសង្គម ស្នេហាផ្សារភ្ជាប់នឹងគ្រួសារ។ ទង្វើនេះ ធ្វើឱ្យយុវវ័យភ្លើតភ្លើន ធ្លាក់ក្នុងអន្លង់ពាលាអាវាសែយ៉ាងជ្រៅ ភ្លេចការរៀនសូត្រ និងយល់ច្រឡំថា ស្នេហាយុវវ័យមុនអាពាហ៍ពិពាហ៍ ឬការផ្លាស់ប្តូរដៃគូ គឺជារឿងកម្សាន្ត”។

លោកស្រីឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ឱ្យដឹងថែមទៀតថា វិស័យតូរ្យតន្រ្តី និងចម្រៀង មិនត្រឹមតែមានតួនាទីយ៉ាងសំខាន់ ក្នុងការបំពេអារម្មណ៍ ការកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកអប់រំមនុស្សគ្រប់វ័យ គ្រប់ស្រទាប់ផងដែរ ពីព្រោះថា ជីវិតតន្រ្តី និងចម្រៀង ពុំអាចឃ្លាតគ្នាបានឡើយ ទោះបីស្ថិតក្នុងសម័យកាលណាក៏ដោយ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍នៅក្នុងឱកាសនោះផងដែរថា មហោស្រពតន្រ្តីចម្រៀងថ្នាក់ជាតិឆ្នាំ២០១១ ដែលផ្តួចផ្តើមឡើងដោយ ក្រសួងព័ត៌មាន សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ មានគោលបំណងបំផុសចលនាឱ្យមានការអភិវឌ្ឍ និងលើកស្ទួយគាំទ្រ ការបង្កើតគំនិតថ្មី ក្នុងការតាក់តែង និពន្ធបទភ្លេង និងទំនុកចម្រៀងថ្មីដោយខ្លួនឯងដែលជៀសវាងការចម្លងបទភ្លេងទាំងស្រុងពីបរទេស ជាហេតុបណ្តាលឱ្យបាត់បង់នូវពណ៌សម្បុរដែលជាអត្តសញ្ញាណជាតិខ្មែរ។

លោក ខៀវ កាញារីទ្ធ បានលើកឡើងថា “ផ្អែកលើនិន្នាការបច្ចុប្បន្ននេះ ការអភិវក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ ឈរលើព្រលឹងជាតិខ្មែរ ដើម្បីថែរក្សាប្រពៃណី ដ៏ល្អផូផង់ នៃសិល្បៈវប្បធម៌ខ្មែរ ដែលកំពុងប្រឈមយ៉ាងខ្លាំងក្លាពីចរន្តសកលភាវូបនីយកម្ម។ បច្ចុប្បន្ន វិស័យនេះ កំពុងរីកចម្រើនផ្នែកបរិមាណ ប៉ុន្តែគុណភាព គួរឱ្យបារម្ភ ដែលក្នុងនោះមានកត្តាខ្វះខាតមួយចំនួនដូចជា កត្តាធនធានមនុស្ស កត្តាសេដ្ឋកិច្ច កត្តាយុត្ថាធិការ និងការកង្វះមនសិការជាដើម។

គួរបញ្ជាក់ឱ្យដឹងថា ប្រទេសកម្ពុជា កំពុងស្ថិតក្នុងចរន្តសកលភាវូបនីយកម្មដ៏ខ្លាំងក្លា ដូច្នេះ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ បញ្ញាវ័ន្ត និងកវីនិពន្ធ ព្រមទាំងប្រជាជនកម្ពុជាទំាងអស់ គួរតែរួមគ្នាអភិរក្ស និងអភិវឌ្ឍវប្បធម៌ តាមរយៈការបង្កើតគំនិតថ្មី ការគំាទ្រ ការបង្កើនការអនុវត្តលើច្បាប់កម្មសិទ្ធិបញ្ញាជាដើម ដើម្បីទប់ទល់ការហូរចូលវប្បធម៌ តាមរយៈការជៀសវាងការចម្លងបរទេសដែលគ្មានមនសិការជាតិនោះ៕


Sunday, March 4, 2012

ប្រលោមលោកខ្នាតខ្លី

រាត្រីពណ៌ក្រហម

 ប្រភពរូបភាពពី Internet

   កន្លះខែមុនថ្ងៃចូលឆ្នាំខ្មែរឆ្នាំ២០០៣មកដល់ខ្ញុំតែងត្រូវបានមិត្រភ័ក្តស្របាលៗគ្នាមានប្រុសមាន
ស្រីដែលមានលំនៅដ្ឋានក្បែរបន្ទប់ជួលរបស់ខ្ញុំមកបបួលទៅចូលរួមលេងជាមួយពួកគេស្ទើរ
តែរាល់រាត្រី។   ល្បែងដែលយុវវ័យយើងលេងពេលនោះ មានដូចជា ដំធុងធ្វើជាភ្លេង ហើយច្រៀងរាំលេងជាមួយគ្នា​​​​ យ៉ាងសប្បាយ។ ជួនកាលក៏ដូរនាំគ្នាលេងល្បែងស្តេចចង់ 
ឬក៏ពង្រត់កូនក្រមុំជាដើម។ មិត្តភ័ក្តទាំងអស់តែងតែនិយាយចំអែចំអន់ ផ្គរផ្គងខ្ញុំជាមួយអាណាង
ពីព្រោះពួកគេគិតថាយើងទាំងពីរនាក់មើលទៅហាក់ដូចជាចុះសម្រុងនឹងសាកសមនិងគ្នាណាស់។

   ទាំងអាណាង ទាំងប្អូនប្រុសទាំងពីររបស់នាង​ និងក្មេងជិតខាងអាយុប្រហាក់ប្រហែលហ្នឹង
៥​ ៦នាក់ ទៀត​គឺជាកូនសិស្សភាសាអង់គ្លេសរបស់ខ្ញុំពេលល្ងាច ចាប់ពីម៉ោង៨ ដល់៩ យប់។ ពួកគេមករៀនពុំសូវដែលខានឡើយ ជាពិសេសអាណាងនិងប្អូនប្រុសរបស់នាង តែងមករៀន
យ៉ាងជាប់លាប់បំផុត ដោយមានម្តាយរបស់គេតាមមកមើលរាល់ពេលផងដែរ។
តែក្នុងអំឡុងពេលជិតចូលឆ្នាំខ្មែរមកដល់ ពួកគេត្រូវខកខានរៀនស្ទើរតែរាល់ថ្ងៃ។ ពួកគេតែងតែរំអុកខ្ញុំឲ្យផ្អាកអញ្ចេះអញ្ចុះ ដោយាសារតែពួកគេចង់លេងល្បែងកំសាន្ត
មុនចូលឆ្នាំខ្មែរ ហើយខ្ញុំក៏មិនដែលបដិសេធការចង់បានរបស់ពួកគេដែរ។


   ក្រោយពីទទួលទានអាហារថ្ងៃត្រង់ហើយ ខ្ញុំបានចេញពីបន្ទប់មកអង្គុយនិយាយលេងជាមួយ
អ៊ុំម្ចាស់​ ផ្ទះជួល និងអ្នកជិតខាងពីរបីនាក់ទៀត នៅលើគ្រែដ៏ធំមួយដែលស្ថិតនៅក្បែររោងបាយ
របស់គាត់។
-"អេហ៎........ លោកគ្រូ ដូចជាកាន់តែមែនទែនហើយណា៎! ម៉ែស្រីណាងបានមកសួរ
ខ្ញុំទៀតហើយ ហើយខ្ញុំឆ្ងល់ថាលោកគ្រូមានស្រឡាញ់កូនគេហ្នឹងដែរអត់។"​
-"ទេ! ខ្ញុំគ្មានចិត្តស្រឡាញ់អីទាល់តែសោះ ហើយខ្ញុំឆ្ងល់ដែរហ្នឹងណា៎ ថាមើលឃើញត្រង់ណាដែល  ថាខ្ញុំស្រលាញ់អាណាង។ ខ្ញុំរាប់អានគេធម្មតា ទាំងការនិយាយស្តីឆ្លើយឆ្លងគ្នា ក្នុងពេលបង្រៀន ទាំងកាយវិការក៏ធម្មតាហើយខ្ញុំក៏មិនដែលទៅសរសេរសំបុត្រស្នេហាឲ្យគេឬនិយាយរបៀបលែបខាយ
ចែចង់ស្អីក៏អត់មាន។"
-"ខ្ញុំក៏មិនដឹងថាយ៉ាងម៉េចដែរ តែម៉ែស្រីណាងលួចសួរខ្ញុំច្រើនដងមកហើយអំពីលោកគ្រូឯង
ហ្នឹងណា៎។"

   តាំងពីដឹងរឿងនេះតាមរយះអ៊ុំស្រីម្ចាស់ផ្ទះប្រាប់ខ្ញុំច្រើនដងច្រើនគ្រាមកខ្ញុំក៏តែងតែរៀបចំឬកពារ ឲ្យបានគត់មត់ជាងមុន ដោយពុំសូវសួរនាំអាណាងទាក់ទងនឹងមេរៀនដូចមុនៗឡើយ​​​  ហើយថែមទាំងមានអារម្មណ៍រអៀសខ្លួនទៀតផង។ ខ្ញុំក៏ចាប់ផ្តើមលួចសង្កេតទឹកមុខ នឹងវាស់ស្ទង់ទឹកចិត្តអាណាងជាបណ្តើរៗដែរ។ ខ្ញុំតែងគិតថា អាណាងនិងខ្ញុំដូចជាមិនសាកសម
និងគ្នាឡើយ ហើយភាពមិនសាកសមនេះមិនមែនដោយសារខ្ញុំជាគ្រូបង្រៀនហើយនាងជា
សិស្សនោះទេតែមកពីខ្លួនខ្ញុំវាក្រីក្រ ក៏ដាក់ខ្លួនទៅ ហើយអ្វីដែលសំខាន់បំផុត​នោះ គឹខ្ញុំមិនទាន់
បានត្រៀមចិត្តត្រៀមគំនិតទៅលើរឿងនេះឡើយ។ អ៊ុំស្រីម្ចាស់ផ្ទះធ្លាប់ប្រាប់ខ្ញុំថាម៉ែអាណាង
បានសួរគាត់អំពីខ្ញុំយ៉ាងច្រើនរហូតដល់ចង់ដឹងថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំទៀតផង។

   មិនយូរប៉ុន្មានខ្ញុំក៏ដឹងថា នាងមានចិត្តស្រឡាញ់ខ្ញុំមែន តាមរយះពាក្យសម្តី ឬកពាររបៀបប្រច័ណ្ទ
ការសួរអំពីពាក្យជាភាសារអង់គ្លេសដែលទាក់ទងទៅនឹងដួងចិត្តនិងស្នេហា។ សំរាប់រូបខ្ញុំ ខ្ញុំមិន
ដែលមានចិត្តស្អប់នាងឡើយ តែក៏មិនមានចិត្តស្រឡាញ់នាងដែរ។ គឺខ្ញុំមានចិត្តរាប់អាននាង  ត្រឹម
ជាមិត្តធម្មតាតែប៉ុណ្ណោះ។

   ដើម្បីគេចពីនាង ដើម្បីកុំឲ្យនាងមានចិត្តទន់ទោមកលើខ្ញុំកាន់តែខ្លាំងជាងនេះ ខ្ញុំបានបា្រប់សិស្ស
ទាំងអស់រួមទាំងនាងផង ថាខ្ញុំនឹងលែងបានបង្រៀនពួកគេតទៅទៀតហើយ ពីព្រោះខ្ញុំត្រូវផ្លាស់
បន្ទប់ជួលពីទីនេះទៅនៅជិតសាលារបស់ខ្ញុំវិញ។


   ជាទម្លាប់ហើយក៏ជាកាតព្ធកិច្ចផង ខ្ញុំតែងតែអង្គុយរៀបចំមេរៀនបង្រៀនសិស្ស កែលំហាត់សិស្ស ឬ អានសៀវភៅរហូតដល់ម៉ោង១២ ស្ទើរតែរាល់យប់។ កំពុងតែជក់ស្លុងក្នុងកិច្ចការស្រាប់តែមាន
សម្លេងគោះទ្វាបន្ទប់របស់ខ្ញុំខ្លាំងៗពីរបីដងផ្ទួនៗគ្នា ធ្វើឲ្យ ខ្ញុំភ្ញាក់ព្រើត ដោយក្រឡេកទៅរក
ប្រភពសម្លេងយ៉ាងស្រឡាំងកាំង ពេលឃើញស្រ្តីវ័យចំណាស់      ម្នាក់អាយុប្រហែល៥០ឆ្នាំ មាន
ប្រលាក់ឈាមក្រហមឆ្អៅនៅលើដៃទាំងពីរបស់គាត់យ៉ាងជោគជាំ   បើកទ្វាដើរចូលមករកខ្ញុំដោយ
និយាយក្នុងសម្លេងភ័យញ័រ......................
-"ក្មួយៗ.....ទៅជួយអាណាងផង........​វាបានចាក់ពោះវាពីរកាំបិត ប្រុងសម្លាប់ខ្លួន ហើយវា
ស្រែកហៅរកតែឈ្មោះក្មួយទេ។" ខ្ញុំបែរជាឈរនៅស្ងៀមដោយតក់ស្លុតនឹងកាយវិការ នឹងឃើញ
ឈាមដ៏ក្រហមច្រាលនៅលើដៃទាំង ពីររបស់គាត់។ ខ្ញុំតបទៅកាន់គាត់ទាំងសម្លេងរដាក់រដុប
ដោយឈានជើងថយក្រោយមួយជំហ៊ាន........
-"តែ......តែមានទាក់ទងអីនឹងខ្ញុំ?" 
- "ទាក់ទងឬមិនទាក់ទង....ក្មួយជួយអ៊ុំសិនទៅ.....អ៊ុំភ័យខ្លាំងណាស់......ខ្លាចតែវាយ៉ាងម៉េចៗទៅ.!"
និយាយមិនទាន់ទាំងចប់ស្រួលបួលផង គាត់ក៏ចាប់អូសដៃខ្ញុំដោយគ្មានរារែកទៅកាន់ផ្ទះរបស់គាត់   ដែលមានចម្ងាយប្រមាណតែ៥០ម៉ែត្រប៉ុណ្ណោះពីបន្ទប់ជួលរបស់ខ្ញុំ។

   ខ្ញុំលើកបីនាងទាំងអារម្មណ៍ភិតភ័យបំផុត ចុះតាមកាំជណ្តើរផ្ទះសំដៅទៅថ្នល់ ដើម្បីរកម៉ូតូឌុប
ឬ រឺម៉កម៉ូតូកង់បីដាក់នាងយកទៅកាន់មន្ទីពេទ្យ។ តាមផ្លូវខ្ញុំបីនាងដាក់លើភ្លៅទាំងពីររបស់ខ្ញុំ
ជាប់រហូត។ ឈាមដែលហូរចេញពីស្នាមរបួសរបស់នាង បានប្រឡាក់ខោជើងវែងពណ៌ប្រផេះ
របស់ខ្ញុំយ៉ាងជោគជាំ។

   លោកគ្រូពេទ្យម្នាក់បានដើរចេញពីបន្ទប់សង្រ្គោះបន្ទាន់ ហើយប្រាប់ខ្ញុំថាអ្នករងគ្រោះបានរួច
ផុតពីសេចក្តីស្លាប់ហើយ។ គ្រាន់តែលឺដូច្នេះ ម្តាយរបស់នាងដែលអង្គុយរង់ចាំយ៉ាងអន្ទះសារ
នៅក្បែរខ្ញុំ  ជាយូរមកហើយនោះ ស្ទុះដើរចូលក្នុងបន្ទប់ជួបកូនស្រីរបស់គាត់ភ្លាមតែម្តង។
ខ្ញុំឈរសម្លឹងរូបកាយរបស់នាងគេងស្តូកស្តឹងនៅលើគ្រែ ទាំងអារម្មណ៍ក្តុកក្តួល ហើយក៏ត្រេកអរ
ណាស់ដែរ ដោយនាងបាននៅរស់រានមានជីវិតឡើងវិញ។
-"ណាង! ណាងលែងអីហើយ! ខ្ញុំមិននឹកស្មានថា ណាងមានចិត្តស្រឡាញ់ខ្ញុំដល់ថ្នាក់ហ្នឹងសោះ!"
ខ្ញុំព្យាយាមខំទប់ទឹកភ្នែកមិនឲ្យស្រក់ និយាយទៅកាន់នាងតែក្នុងចិត្តម្នាក់ឯង។

  តាមផ្លូវពីមន្ទីពេទ្យមកផ្ទះខ្ញុំត្រូវជិះម៉ូតូឌុបក្រោមតំណក់ទឹកភ្លៀងធំៗលាយឡំដោយសម្លេងផ្គរលាន់ 
គ្រាំងៗ  និងផ្លេកបន្ទោរឆ្វាត់ឆ្វែងពេញវេហាគួរឲ្យព្រឺព្រួចពន់ពេក។
ម៉ូតូឌុបឈប់ង៉ក់មួយរពេច!
-"ជិះទៅមុខទៀតអត់កើតទេអាអូន! មានឈាមពេញតែផ្លូវ ហើយមានភក់ជាប់ស្អិត នឹងរអិល
ទៀតផង!" បុរសចំណាស់ម្នាក់កំពុងដើរវាងពីម្ខាងផ្លូវ ដោយយួរស្បែកជើងផ្ទាត់មានប្រឡាក់
សុទ្ធតែឈាមស្រែកប្រាប់ពួកយើង។ 
-"មិនអីទេពូ......ឈប់ត្រឹមហ្នឹងក៏បានដែរ ព្រោះជិតដល់ផ្ទះខ្ញុំដែរហើយ ខ្ញុំអាចដើរទៅបាន!" ខ្ញុំនិយាយដោយហុចលុយឲ្យពូម៉ូតូឌុបទាំងភ្នែកសម្លឹងផ្លូវដែលត្រូវដើរទៅមុខ។

   ខ្ញុំព្យាយាមខំដើរទប់ខ្លួនសឹងតែមិនជាប់ ពីព្រោះភ្លៀងធ្លាក់កាន់តែខ្លាំង ហើយផ្លូវក៏រអិល ថែមទាំងមានឈាមពាសពេញទៀតផង។ មកដល់ខាងមុខផ្ទះអាណាង ស្រាប់តែខ្ញុំភ្ញាក់ព្រើត ដោយឃើញរោងដ៏ធំមួយត្រូវបានសង់នៅលើដងផ្លូវស្ថិតនៅចំពីមុខផ្ទះរបស់នាង។

នោះគឺជារោងការ! 
   
   ខ្ញុំដើរបណ្តើរងាកក្រោយមើលរោងការនោះបណ្តើរ ដោយមានស្លាករាងជាបេះដូង
ជាប់លើដំបូលចំហៀងខាងជើង នៃរោងការ នឹងមានដាក់តួរអក្សរជាឈ្មោះកូនក្រមុំថា លឹម សំណាង និងនាមកូនកំលោះ ជួន វិបុល។ រវល់តែងាកមើលក្រោយ ខ្ញុំដើរធ្លាក់ជង្ហុកមួយ ផុងជើងម្ខាងត្រឹមក្បាលជង្គង់ ដួលទៅលើដីប្រឡាក់ភក់ លាយដោយឈាមពេញតែខ្លួន។ ខ្ញុំខំប្រឹងស្រវេស្រវាងើប នឹងព្យាយាមលើកជើងចេញពីជង្ហុក តែពុំបានសម្រេចឡើយ។ 
ភ្លៀងធ្លាក់ក៏ខ្លាំង ផ្លូវក៏រអិល ថែមទាំងមានឈាមទៀត ដៃទាំងពីររបស់ខ្ញុំ ខំច្រត់លើដី ដើម្បី  
បានជាកំលាំងដល់ជើងម្ខាងដែលស្ថិតនៅលើមាត់ជង្ហុក ជួយយិតយោងជើងម្ខាង
ទៀតដែលជាប់ផុង។ ខ្ញុំប្រឹងៗៗៗ រហូតលើកជើងរួចផុតពីជង្ហុក ហើយក៏រអិលដួលទៅលើដី
រមាលពីរបីត្រឡប់តែម្នាក់ឯង .....កែងដៃស្តាំរបស់ខ្ញុំបានប៉ះទង្គិចនឹងដុំថ្មមួយប៉ុន
ក្បាលជង្គង់ ធ្វើឲ្យរលាត់ស្បែកចេញឈាម ហើយខ្ញុំមានអារម្មណ៍ឈឺចុកចាប់​ រហូតស្រែកថា 
"អូយៗ" ទាល់តែខ្ញុំភ្ញាក់ដឹងខ្លួនពីដំណេក ស្ថិតនៅ លើគ្រែ ដោយដកដង្ហើមញាប់ៗ​ ចង្ងាក់បេះដូង
លោតលឿនជាងធម្មតា បែកញើសជោគអាវយឺតដេកយប់របស់ខ្ញុំ ដូចងូតទឹក......! 

   ព្រឹកនេះមុនធាក់កង់ទៅសាលាខ្ញុំបានឆ្លៀតនិយាយលេងជាមួយអ៊ុំស្រីមា្ចស់ផ្ទះជួល ដោយបា្រប់
គាត់នូវរឿងរ៉ាវជាហូរហែរដែលស្ថិតក្នុងសុបិនរបស់ខ្ញុំកាលពីយប់។
_"អ៊ុំនឹងជឿខ្ញុំឬអត់? ខ្ញុំហ៊ាននិយាយថា អាណាង បើមិនដាច់ខែហ្នឹង ឬខែក្រោយបា្រកដជារៀបការ!"ខ្ញុំនិយាយទៅកាន់គាត់ទាំងញញឹមញញែមហើយ
ក៏ធាក់កង់ចេញទៅ។

   ភាពព្រងើយសោះអង្គើយនិងការគេចមុខរបស់ខ្ញុំបានធ្វើឲ្យអាណាង​ និងមនុស្សក្នុងក្រុមគ្រូសារ
របស់នាងដែលធ្លាប់តែចេញចូលផ្ទះអ៊ុំស្រីម្ចាស់ផ្ទះជួលពុំសូវចេញចូលដូចមុនទៀតឡើយ ............
.រហូតដល់ខ្ញុំដឹងថាពួកគេមិនបានមកទីនេះទាល់តែសោះពេញមួយខែហើយ។ តាមពិតខ្ញុំមិនបានផ្លាស់ផ្ទះជួលស្អីនោះទេ គ្រាន់តែខ្ញុំមិនសូវចេញមកក្រៅដូចមុនតែប៉ុណ្ណោះ។

   មិនទាន់ទាំងបិទឡេវដៃអាវស្រួលបួលផងស្រាប់តែមានសម្លេងគោះទ្វាបន្ទប់របស់ខ្ញុំថ្នមៗ ព្រមជាមួយសម្លេងអ៊ុំស្រីម្ចាស់ផ្ទះ៖
_" លោកគ្រូអត់ទាន់ទៅសាលាទេហ្អី?"
_"បាទ! កំពុងតែរៀបចំ អ៊ុំ........ អ៊ុំមានការអីដែរអ៊ុំ?" ខ្ញុំដើរទៅបើកទ្វាបណ្តើរ និយាយបណ្តើរ។
_"សប្តិលោកគ្រូឯង ដូចជាឆុតដល់ហើយ! ម៉ែអាណាងទើបតែឲ្យធៀបការខ្ញុំកាលពីយប់មិញនេ៎ះ។   វាការថ្ងៃ២៦ ខែ៧ ខែក្រោយហ្នឹង!" 
ប្រភពរូបភាពពី Internet

   ខ្ញុំមិនបានទៅចូលរួមពិធីមង្គលការរបស់អាណាងទេ ពីព្រោះខ្ញុំពុំត្រូវបានគេអញ្ជើញឡើយ តែខ្ញុំ    សប្បាយចិត្តដោយការពិតបានមកដល់។ អ៊ុំស្រីម្ចាស់ផ្ទះបា្រប់ខ្ញុំថា ប្តីរបស់គេក៏មិនមែនជាអ្នកឆ្ងាយដែរ។​​ 
_"សូមឲ្យនាងមានសុភមង្គលជានិច្ច ណា៎អាណាង!"
 ខ្ញុំជូនពរនាងនៅក្នុងចិត្តដោយញញឹមតែម្នាក់ឯង។

 ប្រភពរូបភាពពី Internet


ឈាមខ្មែរ
"ចប់"

​                                                             សូមរក្សាសិទ្ធគ្រប់យ៉ាង