Saturday, April 6, 2013

ប្តី

   តើអ្នកជាមនុស្សប្រុសឬ? តើអ្នកជាប្តីឬ? តើអ្នកបាន នឹងបំពេញកាតព្វកិច្ចជាប្តីល្អម្នាក់ហើយឬនៅ? សូមមនុស្សប្រុសទាំឡាយដែលបាននឹងកំពុងធ្វើជាប្តី ចំណាយពេលត្រឹមតែប៉ុន្មានាទីប៉ុណ្ណោះ
ដើម្បីអានអ្វីដែលខ្ញុំសូមចែករំលែកជូននៅខាងក្រោមនេះផង។ វាគឺជាការពន្យល់ អំពីពាក្យ "ប្តី" ដោយសម្តេចសង្ឃរាជ​ ជួន ណាត ក្នុងសៀវភៅវចនានុក្រមក្នុងទំព័រ៤៦៨ និង ៤៦៩ ថែមទាំងមាន អមដោយបទកំណាព្យដែលជាព្រះរាជនិព្ធដោយព្រះបាទសម្តេចព្រះហរិរក្សរាមា ឥស្សារាធិបតី ព្រះមរមកោដ្ឋ (ព្រះអង្គដួង)។

"ប្តី" មានថ្នាក់ជា នាម: "ម្ចាស់; ប្រុសជាម្ចាស់ផ្ទះ គឺបុរសជាគូគ្នានឹងស្ត្រីជាភរិយា, ប្រុសជាគូគ្នានឹង ស្រីជាប្រពន្ធ: មានប្តីប្រពន្ធ  គឺស្រីមានប្រុសជាប្តី ប្រុសមានស្រីជាប្រពន្ធជាគូគ្រងហើយ។ ប្តីសី ក្លាយមកពីពាក្យ ប្តីស្រីប្តីសិរី គឺប្តីស្រីសួស្តី​ ឬប្តីរបស់ស្រី។

   កតមេហិ          បញ្ចគតី-          ហិ សាមិកា          ភរិយា ស-           ង្គហាធម្មា          ប្រែតាមអត្ថា- ធិប្បាយបាលី។

ថាប្រុសឯណា     នឹងមានភរិយា     លោកឲ្យចេះក្តី     ទាំងប្រាំចំពោះ     សង្រ្គោះចិត្តស្រី     ប្រពន្ធប្រក្រតី     ដូចធម៌សម្តែង។

បើប្តីឯណា     ពុំកាន់កិរិយា     ទាំងប្រាំនេះឯង     ហៅប្តីទុជ៌ន     ជួលន់ក្រៃលែង     ចេះតែកំហែង     ចិត្តប្រពន្ធពិត។

បើប្តីកាន់ច្បាប់     ទាំងប្រាំនេះខ្ចាប់     ហៅប្តីសុចរិត     បម្រុងភរិយា     ដោយនាក្រមក្រឹត្យ     ប្រសើរពេកពិត     ឥតអ្វីផ្ទឹមឡើយ។

អស់ប្រុសទាំងឡាយ     ចូរចាំអធិប្បាយ     ច្បាប់នេះជាត្រើយ     ទុកគ្រប់ប្រុសប្រាណ     កុំមានកន្តើយ     មានប្រពន្ធហើយ     ជាសុខសម្រាន្ត។

មួយគឺហៅប្តី     ឲ្យប្រើស្រដី     នឹងប្រពន្ធមាន     ពាក្យទន់ពីរោះ     ស្មើស្មោះដោយក្សាន្ត     សរសើររាប់អាន     តាមស័ព្ទវាចា។

មួយគឺប្រពន្ធ     ខុសឆ្គងស្រាសធ្ងន់     កុំជេរផ្តាសា     ទាត់ធាក់ដៀលដំ     ដូចខ្ញុំអាត្មា     កុំស្តីដើមថា  ឲ្យឭសាយស័ព្ទ។

មួយគឺបានធន     ប្រគល់ប្រពន្ធ     ទុកដាក់រណ្តាប់     ទាំងគ្រឿងអាហារ     ជាការស្រីផ្គាប់     រៀបចំសម្រាប់     ថែទាំរក្សា។

មួយគឺកុំផ្ចង់     កុំខំតែប-     ង្កើតកូនហើយថា     ប្រពន្ធសុខចិត្ត     ឲ្យគិតប្រាថ្នា     រួសរកទ្រព្យា     សម្រាប់ឲ្យផង។

មួយគឺឲ្យចាប់     ស្រឡាញ់ឲ្យខ្ជាប់     កុំជិនណាយហោង     បើមានប្រពន្ធ     ទៀតកុំប៉ុនប៉ង     ស្រឡាញ់ស្នេហ៍ស្នង     ឲ្យស្មើមុខឡើយ។

សម្តែងសេចក្តី     គ្រប់ប្រាំវិថី     ចែងចប់ស្រេចហើយ     ឲ្យអស់ប្រុសផង     ចាំចងជាត្រើយ     ផ្ចង់កុំកន្តើយ     ចោលច្បាប់បុរាណ។

បើប្រុសឯណា     ពុំផ្ចង់ចិន្តា     ដូចធម៌ទូន្មាន     នៅនឹងភរិយា     គ្មានជាសុខសាន្ត     ហិនហោចធនធាន     ទាស់ទែងលែងគ្នា។

ឯវិស័យចិត្ត     អស់ស្រីផងពិត     មានប្តីប្រាថ្នា     អំពើទាំងប្រាំ     នេះចាំចិន្តា     គ្រប់ចិត្តភរិយា     នៅនាលោកិយ។

បើខ្វះអំពើ     ណាមួយហើយតើ     ប្រពន្ធថាប្តី     ចិត្តពុំត្រូវត្រង់     ពុំគង់មេត្រី     តូចចិត្តស្វាមី     អាក់អន់ពុំស្មោះ។

លោកឲ្យប្រុសផង     គន់គិតស្ងួនគ្រង     ផ្ចង់ចិត្តសង្រ្គោះ     ប្រពន្ធឲ្យពិត     ដោយក្រឹត្យប្រាំនោះ     ប្រពន្ធក៏ស្មោះ     ចិត្តចូលមូលឯង។

កុំគិតតែយក     ប្រពន្ធបានមក     គ្រាន់ឱបប្រលែង     បង្កើតតែកូន     សោះសូន្យធនធេង     លោកឲ្យគិតក្រែង     ដំណៀលនិន្ទា។

ធម្មតាជាប្តី     បានទ្រព្យធនអ្វី     ឬយសសក្តា     តែងនៅសុខសឹង     ទីពឹងផងគ្នា     ព្រោះដ្បិតភរិយា     កាន់ក្តីសុចរិត។

អំពើច្នេះហោង     ឲ្យអស់ប្រុសផង     ចងចាំក្នុងចិត្ត     តាមធម៌ទូន្មាន     គ្រប់ប្រាណប្រុសពិត     ទុកជាក្រមក្រឹត្យ     ច្បាប់ច្បាស់តទៅ។

អង្គអញរចនា     សេចក្តីកាព្យា     តាមច្បាប់ទុកនៅ     ក្នុងព្រះបាលី     សេចក្តីជា្រលជ្រៅ     ពុំហ៊ានសៅដៅ     លើកលេងងាយដាយ។

ឧស្សាហ៍ខំប្រុង     ប្រែរករើសក្នុង     គម្ពីរនិកាយ     អដ្ឋកថា     ដីកាបរិយាយ     និបាតទាំងឡាយ     មកផ្សំស្រដី។

ជាច្បាប់ទុកត     ដំណឹងតំណ     ដំណើរស្រ្តី     ឲ្យជាក់ប្រាកដ     ដោយបទបាលី     គ្រាន់អស់ប្រុសស្រី     រើសរៀនរកផ្លូវ។

ច្បាប់នេះប្រសើរ     ដំណឹងដំណើរ     ទំនងនេះកូវ     ជាច្បាប់ប្រាកដ     ដោយបទត្រឹមត្រូវ     គួរយើងឥឡូវ     ប្រតិបត្តិរក្សា។

គួររៀនឲ្យស្ទាត់     ឲ្យចាំរត់មាត់     ដាក់ក្នុងចិន្តា     គ្រាន់នឹងប្រិតប្រៀន     បង្រៀនអាត្មា     តាមដោយគាថា     នេះឯងតទៅ។

ចែងចប់អភិប្រាយ     ដោយអត្ថបរិយាយ     សូរេចថ្ងៃសៅរ៍     ប្រាំបីរោចឯង     នាខែមាឃនៅ     ឆ្នាំរកាត្រូវ     នព្វស័កស្រេចហោង៕

*****