Wednesday, March 7, 2012


អត្ថន័យ បទចម្រៀង បច្ចុប្បន្ន កំពុងតែធ្វើ ឱ្យយុវជនខ្មែរ ភ្លើតភ្លើន

អត្ថបទដោយ លោក តុល សុភ័ណ

ប្រភពពី សារព័ត៌មាន ដើមអំពិល 

ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១២

 
មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល កម្ពុជា បានសម្តែងការ ព្រួយបារម្ភ ចំពោះអត្ថន័យ បទចម្រៀង ដែលតាក់តែងនាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើឱ្យយុវជន ខ្មែរភ្លើតភ្លើន ដោយសារតែខ្លឹមសារ បទចម្រៀងភាគច្រើន ផ្តោតតែទៅលើស្នេហាភ្លើតភ្លើន និងភាពអសកម្មជាច្រើនផ្ទុយពីប្រពៃណីខ្មែរ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងសភា ព្រឹទ្ធសភា និងអធិការកិច្ចលោក ស្រី ម៉ែន សំអន បានថ្លែងក្នុងពិធីបិទ មហោស្រពតន្រ្តី ចម្រៀងសម័យ ថ្នាក់ជាតិឆ្នាំ២០១១ នៅឯមហោស្រពសាលចតុមុខ នាថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១២នេះថា តន្រ្តី និងចម្រៀងសម័យរបស់កម្ពុជានាពេលបច្ចុប្បន្ន កំពុងជួបបញ្ហាប្រឈមគួរឱ្យព្រួយបារម្ភជាច្រើនដូចជា ខ្វះការបង្កើតថ្មី ការលួចចម្លងសាច់ភ្លេងពីបរទេស ខ្វះការគាំទ្រពីអ្នកស្តាប់ មិនគោរពក្បួនកំណាព្យ និងភាពទន់ខ្សោយនៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាដែលកត្តាទាំងអស់នេះ ទាមទារឱ្យស្ថាប័ន និងភាគីពាក់ព័ន្ធចូលរួមដោះស្រាយ ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវបណ្តោយឱ្យវិស័យនេះ ធ្លាក់ចុះរហូតរកវិធីដោះស្រាយមិនរួចនោះឡើយ។
លោកស្រី ម៉ែន សំអន បានពន្យល់ថា “ខ្លឹមសារចម្រៀងភាគច្រើនលើសលុប ផ្តោតតែទៅលើភាពអសកម្ម ឬអំពើផ្ទុយពីប្រពៃណីដ៏ស្អាតស្អំរបស់យុវជន ដូចជាការ ភ្លើតភ្លើនពាក់ព័ន្ធនឹងស្នេហាមិនស្មោះត្រង់ ឬសម្តែងចេញពីការផិតក្បត់ តែងចម្រៀងសម្រាប់តែបុរស ឬក៏នារីដែលខិលខូច មិនបានបង្ហាញនូវស្នេហាផ្សារភ្ជាប់ នឹងសង្គម ស្នេហាផ្សារភ្ជាប់នឹងគ្រួសារ។ ទង្វើនេះ ធ្វើឱ្យយុវវ័យភ្លើតភ្លើន ធ្លាក់ក្នុងអន្លង់ពាលាអាវាសែយ៉ាងជ្រៅ ភ្លេចការរៀនសូត្រ និងយល់ច្រឡំថា ស្នេហាយុវវ័យមុនអាពាហ៍ពិពាហ៍ ឬការផ្លាស់ប្តូរដៃគូ គឺជារឿងកម្សាន្ត”។

លោកស្រីឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ឱ្យដឹងថែមទៀតថា វិស័យតូរ្យតន្រ្តី និងចម្រៀង មិនត្រឹមតែមានតួនាទីយ៉ាងសំខាន់ ក្នុងការបំពេអារម្មណ៍ ការកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកអប់រំមនុស្សគ្រប់វ័យ គ្រប់ស្រទាប់ផងដែរ ពីព្រោះថា ជីវិតតន្រ្តី និងចម្រៀង ពុំអាចឃ្លាតគ្នាបានឡើយ ទោះបីស្ថិតក្នុងសម័យកាលណាក៏ដោយ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍នៅក្នុងឱកាសនោះផងដែរថា មហោស្រពតន្រ្តីចម្រៀងថ្នាក់ជាតិឆ្នាំ២០១១ ដែលផ្តួចផ្តើមឡើងដោយ ក្រសួងព័ត៌មាន សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ មានគោលបំណងបំផុសចលនាឱ្យមានការអភិវឌ្ឍ និងលើកស្ទួយគាំទ្រ ការបង្កើតគំនិតថ្មី ក្នុងការតាក់តែង និពន្ធបទភ្លេង និងទំនុកចម្រៀងថ្មីដោយខ្លួនឯងដែលជៀសវាងការចម្លងបទភ្លេងទាំងស្រុងពីបរទេស ជាហេតុបណ្តាលឱ្យបាត់បង់នូវពណ៌សម្បុរដែលជាអត្តសញ្ញាណជាតិខ្មែរ។

លោក ខៀវ កាញារីទ្ធ បានលើកឡើងថា “ផ្អែកលើនិន្នាការបច្ចុប្បន្ននេះ ការអភិវក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ ឈរលើព្រលឹងជាតិខ្មែរ ដើម្បីថែរក្សាប្រពៃណី ដ៏ល្អផូផង់ នៃសិល្បៈវប្បធម៌ខ្មែរ ដែលកំពុងប្រឈមយ៉ាងខ្លាំងក្លាពីចរន្តសកលភាវូបនីយកម្ម។ បច្ចុប្បន្ន វិស័យនេះ កំពុងរីកចម្រើនផ្នែកបរិមាណ ប៉ុន្តែគុណភាព គួរឱ្យបារម្ភ ដែលក្នុងនោះមានកត្តាខ្វះខាតមួយចំនួនដូចជា កត្តាធនធានមនុស្ស កត្តាសេដ្ឋកិច្ច កត្តាយុត្ថាធិការ និងការកង្វះមនសិការជាដើម។

គួរបញ្ជាក់ឱ្យដឹងថា ប្រទេសកម្ពុជា កំពុងស្ថិតក្នុងចរន្តសកលភាវូបនីយកម្មដ៏ខ្លាំងក្លា ដូច្នេះ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ បញ្ញាវ័ន្ត និងកវីនិពន្ធ ព្រមទាំងប្រជាជនកម្ពុជាទំាងអស់ គួរតែរួមគ្នាអភិរក្ស និងអភិវឌ្ឍវប្បធម៌ តាមរយៈការបង្កើតគំនិតថ្មី ការគំាទ្រ ការបង្កើនការអនុវត្តលើច្បាប់កម្មសិទ្ធិបញ្ញាជាដើម ដើម្បីទប់ទល់ការហូរចូលវប្បធម៌ តាមរយៈការជៀសវាងការចម្លងបរទេសដែលគ្មានមនសិការជាតិនោះ៕


No comments:

Post a Comment