Tuesday, May 21, 2013

ប្រពន្ធ

ប្រពន្ធជាស្រី          ប្រពន្ធគូប្តី          ប្តីគូប្រពន្ធ
ប្រពន្ធគ្រប់លក្ខណ៍  សាកសមមានមន្ត    ​​    ប្រពន្ធរម្យទម
ប្រពន្ធប្តីល្អ។

ប្រពន្ធ "នាម": ជាប់ចំពាក់, ចំពាក់ឆ្វាក់, ដែលចងរឹតរួត; ចំណងចង់ឆ្វាក់រឹតរួត, ស្ត្រីជាចំណងគូនឹងប្រុស។

កាព្យច្បាប់ស្រី​ ជាព្រះរាជនិពន្ធនៃ ព្រះបាទសម្តេចព្រះហរិរក្សរាមា ឥស្សរាធិបតី​ ព្រះបរមកោដ្ឋ (ព្រះអង្គដួង) មានដូចតទៅ៖

មួយសោតព្រះពុទ្ធ          ទេស្នាចំហុត          ថារីភរិយា
មានប្រាំពីរស្មោះ          បួននោះចិត្តជា          បីនោះមោហា
ចិត្តខូចងាយដាយ។

ឯប្រពន្ធជា          ឯកឈ្មោះមាតា-          ភរិយាដូចម្តាយ
ឈឺឆ្អាលកូនខ្លួន     រែងស្ងួនមិនណាយ          មិននឹករសាយ
ចិត្តចាំអាណិត។

កូនទុក្ខទោសម្តេច          ខ្សត់ក្រច្រើនតិច          ខឹងខុសខូចចិត្ត
ព្រាត់ប្រាស់យូរលង់          ពុំបង់បែកចិត្ត          គង់ចាំចិត្តគិត
ឈឺឆ្អាលកូនស្មោះ។

ប្រពន្ធណាគាប់          ឈឺឆ្អាលប្តីខ្ជាប់          ចិត្តចាំកាន់កោះ
ដូចម្តាយស្រឡាញ់       កូនពេញពីពោះ          ហៅប្រពន្ធនោះ
ថ្លៃឥតផ្ទឹមដល់។

ប្រពន្ធជាទ្វី          ឈ្មោះហៅទាសី-          ភរិយាដូចកល់
ខ្ញុំនឹងអម្ចាស់        ប្រើណាស់ខ្វាយខ្វល់          អាចអត់ទប់ទល់
ទម្ងន់បម្រើ។

មិនមានទំនេរ          ទោះម្ចាស់វាយជេរ          អត់ឱនស័រពើ
តាមតែបង្គាប់          ប្រញាប់ចង់ធ្វើ          ចិត្តពុំសើវ៉ើ
ចៀសវាងក្រោធា។

ប្រពន្ធណាអត់          ឱនអង្គអំណត់          ខ្លាចប្តីអាត្មា
ដូចខ្ញុំនឹងម្ចាស់          ខ្លាចណាស់ធានា          ប្រពន្ធនោះជា
ប្រសើរសុខសូន្យ។

ប្រពន្ធជាត្រី          ឈ្មោះភគិនី-          ភរិយាដូចប្អូន
ស្រឡាញ់បងពិត      លំអិតលំអូន          ទទួលដំបូន-
មានមាត់ពាក្យបង។

ផ្តាច់ផ្តួលតែមួយ      នឹងចងជាត្រួយ          ចិត្តចាំបំណង
ពំនាក់ពំនឹង          ពាក់ពឹងប៉ុនប៉ង          តែនឹងអង្គបង
ឥតម៉ៃទីទៃ។

ប្រពន្ធណាចូល          នឹងប្តីមួយមូល-          ចិត្តជាប់អាល័យ
ដូចប្អូននឹងបង          ចាំចងអាស្រ័យ          ប្រពន្ធនោះថ្លៃ
មធ្យមពេកពិត។

ប្រពន្ធចត្វា          ឈ្មោះហៅសខា-          ភរិយាដូចមិត្រ-
សំឡាញ់ស្រឡាញ់     អស់អញពេកពិត         ស្មើខ្លួនស្មើចិត្ត
ស្ម័គ្រស្មោះចិន្តា។

បើមិត្រទៅបាត់          ស្ងប់ស្ងួតមុខមាត់          ទុក្ខទន់ទយា
ឃើញមុខមកបាន       ចិត្តក្សាន្តសោះសា          ស្រស់ស្រួលភក្ត្រា
និរទុក្ខសោកសៅ។

ប្រពន្ធណាចិត្ត          ស្រឡាញ់ប្តីពិត          គ្មានក្នុងគ្មានក្រៅ
ដូចមិត្រនឹងមិត្រ          ចងចិត្តជាប់នៅ          ប្រពន្ធនោះហៅ
ឧត្តមក្រមាន។

សម្តែងភរិយា          ទាំងបួនសឹងជា          ក្រស្រីធ្វើបាន
បើស្រីណាគិត          ផ្ចង់ចិត្តសន្តាន          ស្រឡាញ់ប្តីប្រាណ
ដូចធម៌ទេស្នា។

លោកថាស្រីនោះ      ឮកេរ្តិ៍ពីរោះ          ទូទៅនានា
បើអស់ជីវិត          នៅឋិតសួគ៌ា          ចៀសចាកចតុរា-
បាយបាបទុក្ខភ័យ។

ប្រពន្ធពុំជា          ឈ្មោះវធកា-          ភរិយាដូចនៃ
សត្រូវចាំចង        ទោសផងសព្វថ្ងៃ          ប្រពន្ធចង្រៃ
ប្តីមានតែទុក្ខ។

បើប្តីខុសចិត្ត          វាគ្មានអាណិត          ខេរខឹងច្រអុក
ចាំចងទោសប្តី          ស្រដីកិកកុក          ឲ្យមាត់ឲ្យមុខ
វាសវាងវ្ហោះវ្ហើយ។

សុខទុក្ខសាំទាំ          វាមើលបំណាំ          នៅស្ងៀមព្រងើយ
ពុំជួយទុក្ខភ័យ          ដោះដៃកន្តើយ          ស្លាប់ដោយរស់ដោយ
គ្មានចិត្តមេត្រី។

ចោរីភរិយា          ប្រពន្ធពុំជា          លបលួចទ្រព្យប្តី
គ្មានចិត្តករុណា       មេត្តាប្រណី          របស់ទ្រព្យអ្វី
លក់ចាយអស់ធួន។

អយ្យាភរិយា          ប្រពន្ធពុំជា          តម្កើងតែខ្លួន
ចេះតែប្រើប្តី          ឥតបីមានស្ងួន          ធ្វើឫកណាំនួន
ទុកប្តីដូចខ្ញុំ។

ប្រពន្ធទាំងបី          ធ្លាក់ទៅអវចី          រងទុក្ខដំណំ
ក្នុងខ្ទះភ្លើងក្តៅ       យូរនៅក្រៀមក្រំ          ព្រោះចិត្តខ្លួនធំ
ជាងប្តីអាត្មា។

ឯប្រពន្ធបួន-          មុខនោះគួរស្ងួន          យកជាភរិយា
នឹងកើតរបស់          កេរ្តិ៍យសសក្តា          ថ្កើងពូជពង្សា
សោយសុខថេរឋិត។

សម្តែងបរិយាយ          ភរិយាទាំងឡាយ          ប្រាំពីរចរិត
ទាំងជួទាំងជា          ពណ៌នាពោលពិត          ចែងចប់ពិនិត្យ
តាមអត្ថគាថា។

(វចនានុក្រមសម្តេចសង្ឃជួន ណាត ត្រង់ទំព័រ៤៨២ និង ៤៨៣)



No comments:

Post a Comment