Wednesday, May 9, 2012

ប្រលោមលោករឿង

 សួស្តីប្រិយមិត្តអ្នកអានជាទីមេត្រី!
ជាបឋមខ្ញុំសូមទោសទុកជាមុន រាល់កំហុសខុសឆ្គងដោយអចេតនាផ្នែកអក្ខរាវិរុទ្ធនៃខេមរៈភាសា ជាពិសេសខ្លឹមសារ អត្ថន័យ អត្ថរូប និងអត្ថរស  ដែលមាននៅក្នុងប្រលោមលោកដ៏ថ្មីសន្លាងមួយនេះ។ ខ្ញុំមិនមែនជាកវីឬអ្នកនិពន្ធអាជីពឡើយ។ ការតែងនិពន្ធគ្រាន់តែជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ក្នុងពេលទំនេរពីការងារតែប៉ុណ្ណោះ ហើយនេះជាស្នាដៃទី២របស់ខ្ញុំផ្នែកប្រលោមលោក បន្ទាប់ពីប្រលោមលោកខ្នាតខ្លីមួយ "រឿង រាត្រីពណ៌ក្រហម"។ 

 គ្រប់ឈុតឆាក ខ្លឹមសារ អត្ថន័យ ទីកន្លែង នាមតួអង្គ គឺបង្កើតឡើងទៅតាមការស្រមើស្រមៃរបស់
ខ្ញុំតែប៉ុណ្ណោះ! អត្ថន័យក្នុងប្រលោមលោកនេះ ពុំមានចេតនាបង្ហាញពីរឿងរ៉ាវ នៃជីវិតរបស់បុគ្គលណាម្នាក់ឡើយ ហើយបើមានឈ្មោះ ឬផ្នែកណាមួយនៃប្រលោមលោកនេះ មានភាពដូច ឬស្រដៀងទៅនឹងបុគ្គលណាមួយ ទាំងនោះគ្រាន់តែការចៃដន្យប៉ុណ្ណោះ!

 ខ្ញុំដែលជាអ្នកសរសេររឿងនេះ សូមធានាអះអាងថា វាគឺជាប្រលោមលោកដែលប្រសូត្រឡើងចេញពីគំនិត និងវិចារណញ្ញាណរបស់ខ្ញុំដ៏ពិតប្រាកដ ដោយពុំបានលួចចម្លង យកលំនាំ បកប្រែ កែសម្រួល ពីស្នាដៃរបស់នរណាម្នាក់សោះឡើយ។ 

 ខ្ញុំពេញចិត្តទទួលយកជានិច្ចរាល់ការរិះគន់ កែលម្អ ពីប្រិយមិត្តអ្នកអានទាំងអស់។

ឈាមខ្មែរ


 

ម្ចាស់កែវភ្នែក

ការងារថ្មី

     ស្ថិតក្រោមកំដៅថ្ងៃដ៏ស្ងួតហែង ស្ងប់ខ្យល់ សូម្បីតែស្លឹកឈើក៏មិនកំរើកផង មានតែម៉ូតូ និងរថយន្ត   រត់បញ្រា្ចសទិសគ្នាទៅមក  បញ្ចេញសំលេងឡើងទ្រហ៊ឹង លាយឡំសំលេងស៊ីផ្លេមិនដាច់សូរ យុវជន  ម្នាក់អាយុប្រហែល​ ២៥ឆ្នាំ មានទឹកមុខហត់នឿយ ញើសជោគពេញខ្លួន ស្ថិតក្នុងសម្លៀកបំពាក់ជា   និស្សិត កំពុងបណ្តើរម៉ូតូ ដើរយ៉ាងញាប់ជើងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ពីកើតមកលិច ឆ្ពោះទៅកាន់សាលារៀនរបស់គេ។
     ‍‍‌-"ម៉េចហើយអាអូន បណ្តើរទៅហើយម៉ូតូ? អូហ៎....បែកកង់....ប្រឡងផង....ដូចគេទើបតែចូលទេ
អាអូនស្រូតតិចទៅ!" អ៊ុំប្រុសម្នាក់ដែលជាអ្នកទទួលខុសត្រូវថែរក្សាកង់ម៉ូតូក្នុងបរិវេណសាលា ស្រែកសួរយុវកម្លោះយើងពីចម្ងាយ។ ដោយមិនបានត្រៀមចំលើយទុកជាមុន ណាមួយដោយសារ ហត់នឿយនិងប្រញាប់រួសរាន់ទៅប្រឡងផង យុវជនយើងមិនបានឆ្លើយតបឡើយ គេគ្រាន់តែ     ញញឹមដោយសម្លឹងនាឡិកាដែលពាក់នៅលើដៃរបស់គេនិងទទួលយកសំបុត្រផ្ញើម៉ូតូ ខណៈ
អ៊ុំប្រុសម្នាក់នោះចាប់បណ្តើរម៉ូតូរបស់យុវជនយើងយកទៅទុក។ កម្លោះយើងដើរផងរត់ផងសំដៅ
ទៅថ្នាក់រៀន ហើយមើលនាឡិកា ឃើញថាយឺត៩នាទីហើយ។
​ -"Hi! You have been late, Norak!" លោកគ្រូអនុរក្សម្នាក់ដែលឈរនៅខាងក្រៅមាត់ទ្វាបន្ទប់ប្រឡង សួរយុវកម្លោះយើងព្រមទាំងឆ្លៀតមើលនាឡិការបស់គាត់បណ្តើរ។ នរៈលើកដៃសំពះលោកគ្រូព្រមទាំង ឆ្លើយប្រាប់ពីមូលហេតុដែលខ្លួនមកយឺត។
   -"I'm sorry for being late, teacher! My motorbike's had a flat tyre and 
I had to walk it from The Pediatric Hospital." នរៈនិយាយសុំទោសយ៉ាងសុភាពទៅ
កាន់លោកគ្រូដោយប្រាប់ថាម៉ូតូរបស់គេ  បែកកង់ហើយគេត្រូវបណ្តើរវាតាំងពីមន្ទីពេទ្យកុមារ
មកម្លេះ។ លោកគ្រូអនុរក្សញញឹមទទួលការដោះសាររបស់កម្លោះយើង ហើយតបថាមិនជាថ្វីទេ ការប្រឡងទើបតែចាប់ផ្តើមប៉ុណ្ណោះ។
   -"That's alright! We've just started!"

   អង្គុយលើបង់ថ្មមួយក្រោមដើមឈើដែលមានម្លប់យ៉ាងត្រជាក់ល្ហឹម វាយោបក់មកល្ហើយត្រសៀកៗ នរៈកំពុងអានសៀវភៅវេយ្យាករណ៍ភាសាអង់គ្លេសយ៉ាងយកចិត្តទុកដាក់ ជាការរម្លឹកឡើងវិញខ្លះៗ មុនការប្រឡងម៉ោងទីពីរឈានចូលមកដល់។ សម្លេងដ៏ស្រួយស្រទន់មួយបង្ហើរចេញពីក្រោយខ្នង
នរៈធ្វើឲ្យគេភ្ញាក់កន្ត្រាក់អារម្មណ៍ចេញពីភាពជក់ស្លុងលើមេរៀន។
   -"បងហេតុអីក៏មកយឺតមេ្លះថ្ងៃនេះ ដឹងថាជាថ្ងៃប្រឡងដែរ?" នរៈបិទសៀវភៅកាន់ជាប់នៅដៃខាង ស្តាំ ហើយក្រោកឈរបែរទៅរកម្ចាស់សម្លេងទាំងញញឹមពព្រាយនិងសុភាពរាបសា។ 
   -"ដោយសារតែម៉ូតូបែកកង់ហ្នឹងណា៎ បានជាមកយឺត! ហើយចុះអូនធ្វើបានចប់សព្វគ្រប់ទេ?" នរៈតបសម្តីទៅកាន់ស្រស់ស្រីដោយទឹកមុខស្រស់ស្រាយថែមទាំងសួរអំពីការប្រឡងដែលទើបតែ បញ្ចប់ម៉ោងទីមួយមុននេះបន្តិច។
  -"Well, everything's been completely done!" ឆោមឆវីឆ្លើយតបទៅកាន់អ្នកកម្លោះយើងដោយបញ្ជាក់ ថាអ្វីៗគ្រប់យ៉ាងធ្វើហើយទាំងអស់។ ពួកគេអង្គុយជជែកគ្នារំលឹកមេរៀនខ្លះៗសម្រាប់ការប្រឡងក្នុង ម៉ោងក្រោយនេះទៀតប្រកបដោយភាពថ្លៃថ្នូរនិងស្និទស្នាលក្នុងលក្ខណៈមិត្តរួមថ្នាក់ជាមួយគ្នា។ 


   រចនាជានារីមានសម្រស់ផូរផង់ សំបុរសរបៀបកូនកាត់ចិន កំពស់សមល្មម ភ្នែករាងតូចតឹងបន្តិច តែច្រមុះស្រូចលក្ខណៈនារីអាស៊ី មានភាពវាងវៃ ស្វាហាប់ រួសរាយ ចរិតថ្លៃថ្នូរ និងចិត្តល្អទៀតផង។ នាងជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រី៣នាក់ នៃគ្រួសារមួយដែលជាអ្នកជំនួញនិង មន្ត្រី រាជការ។ អាចនិយាយបានថា នាងគឺជាកូនស្រីអ្នកមានក្នុងត្រកូលអភិជនមួយក្នុងរាជធានីភ្នំពេញ។ 


   រចនានិងនរៈសុទ្ធតែជានិសិត្សឆ្នាំទី៣ផ្នែកអក្សរសាស្រ្តអង់គ្លេសនៅសកលវិទ្យាល័យជាមួយគ្នា។ ពួកគេបានចាប់ផ្តើមស្គាល់គ្នាតាំងពីឆ្នាំទី១មកម្លេះ ហើយចំណងមិត្តភាពរបស់ពួកគេទាំងពីរក៏លើស ពីភាពជាមិត្តរួមថ្នាក់ផងដែរ តែពួកគេតែងតែគោរពឲ្យតំលៃគ្នាទៅវិញទៅមក ហើយក៏មិនដែលប្រព្រឹត្តអ្វីឲ្យខុសជ្រុលជ្រួសពីគន្លងប្រពៃណីខ្មែរយើងឡើយ។ ថ្វីត្បិតតែរចនាជាកូន អ្នកមានមន្រ្តីធំមែន តែនាងពុំដែលមានភាពក្រអឺតក្រទម អួតអាង ឆ្មើងឆ្មៃ វាយឬកឡើយ។ ផ្ទុយទៅវិញ នាងមានចរិតសុភាព ថ្លៃថ្នូរ ចិត្តល្អ​ដែលជានិស្ស័យធម្មជាតិរបស់នាងតាំងពីកំណើតនិង គួបផ្សំនឹងចំណេះដឹងដ៏ជ្រៅជ្រះរបស់នាងផង។ មិត្តរួមថ្នាក់ទាំងអស់គោរព រាប់អាន នឹងកោតសរសើ នាងជានិច្ច។ ជារឿយៗ នាងតែងតែចំណាយប្រាក់ផ្ទាល់ខ្លួនក្នុងការទិញសៀវភៅ និងសម្ភារៈសិក្សា ផ្សេងៗជូនមិត្តណាដែលមានការខ្វះខាត ហើយនាងពុំដែលគិតពីគុណស្រ័យឬសំណងអ្វីឡើយ។ ហើយអ្វីដែលកាន់តែល្អជាងនេះទៀតនោះ រចនាគឺជាបុគ្គលិកស្ម័គ្រចិត្ត ធ្វើការឲ្យអង្គការជួយកុមារកំព្រា និងជនក្រីក្រមួយដោយពុំទទួលកំរ៉ៃអ្វីទាំងអស់។


   បើនិយាយពីឪពុកម្តាយរបស់នាងវិញ ពួកគាត់គឺជាអ្នកមានគុណពោរពេញដោយព្រហ្មវិហារធម៌  ចំពោះកូនគ្រប់ៗរូប។ ពួកគាត់ក៏មានចរិតនិស្ស័យដូចរចនាដែរ។ លោកស្រីដួង រាជនី និងលោកចន្ទ ចំណាប់ មានកូនតែបីនាក់ប៉ុណ្ណោះ គឺស្រីពីរ និងប្រុសមួយ ហើយរចនាជាកូនស្រីបងគេ។ លោកទាំងពីរតែងតែធ្វើបុណ្យដាក់ទានដល់ជនក្រីក្រ ឧបត្ថមថវិកា គ្រឿងបរិភោគ និងសម្ភារៈ
ប្រើប្រាស់ផ្សេងៗជូនដល់អង្គការ សមាគមសប្បុរសធម៌ និងគ្រួសារក្រីក្រនានាពុំសូវដាច់ឡើយ។ ទាំងម្តាយ ទាំងឪពុករបស់រចនាសុទ្ធតែជាអ្នកជំនួញ ដែលមានភាពវៃឆ្លាត ចំណេះដឹងខ្ពង់ខ្ពស់ខាង ពាណិជ្ជកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពួកគាត់ក៏ជាមន្ត្រីរាជការក្នុងជួររដ្ឋាភិបាលដោយកាន់មុខតំណែងគួរសមផងដែរ។


   រីឯនរៈវិញ គេនិងក្រុមគ្រួសាររបស់គេមិនមែនជាអ្នកភ្នំពេញឡើយ។ នរៈមានស្រុកកំណើត នៅឯខែត្រកំពង់ស្ពឺ ហើយក៏ធំដឹងក្តីនៅទីនោះដែរ។ ពួកគេបានផ្លាស់មករស់នៅក្នុងរាជធានីភ្នំពេញ បានជិត៦ឆ្នាំហើយ។ កាលពីនៅឯខែត្រកំពុងស្ពឺ នរៈនិងក្រុមគ្រួសារជាអ្នកប្រកបរបរកសិកម្ម ធ្វើស្រែ ចំការ ហើយគ្រួសារនរៈមានដីស្រែត្រឹមតែជាងមួយហិកតាប៉ុណ្ណោះ។ របរធ្វើស្រែចំការរបស់ពួកគេតែមួយមុខ មិនអាចឲ្យជីវភាពរស់នៅបានធូរធារឡើយ ទោះបីគ្រួសារនរៈមានតែសមាជិកបួននាក់ក៏ដោយ។ កាលណោះនរៈត្រូវជួយការងារឪពុកម្តាយតាំងពីគេមានអាយុ១០ឆ្នាំម្លេះ តែនរៈមិនដែលចោលការសិក្សាឡើយ ជាពិសេសឪពុកម្តាយនរៈតែងតែជួយជ្រោមជ្រែង ជំរុញកូនៗ ឲ្យខិតខំរៀនសូត្របានចេះដឹងជ្រៅជ្រះ ទោះជាលោកទាំងពីរត្រូវទទួលការលំបាកសព្វបែបយ៉ាងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារក៏ដោយ។

   នៅពេលនរៈប្រលងបាក់ឌុបជាប់ក្នុងឆ្នាំ២០០៤ ឪពុកម្តាយនរៈពុំទាន់មានលទ្ធភាពឲ្យនរៈបន្តការ
សិក្សាថ្នាក់មហាវិទ្យាល័យភ្លាមឡើយ ហើយពេលនោះនរៈត្រូវបង្ខំចិត្តដាក់ពាក្យចូលបំរើការងារជា
សន្តិសុខឯកជនឲ្យក្រុមហ៊ុនមួយក្នុងទីរួមខេត្តកំពង់ស្ពឺដោយទទួលប្រាក់បៀវត្សមិនដល់មួយរយដុល្លាផង
ក្នុងមួយខែ។ ប៉ុន្តែបា្រក់នោះក៏អាចជួយសម្រាលបន្ទុកការខ្វះខាតគ្រួសារបានមួយចំនួនធំដែរ! 

   លទ្ធផលប្រឡងឆមាសលើកទីមួយបានបង្ហាញថា នរៈនិងរចនាសុទ្ធតែទទួលបានលទ្ធផលល្អដូចគ្នា។ ថ្ងៃអាទិត្យនេះចំថ្ងៃដាច់ខែ នរៈត្រូវទៅធ្វើការមុនមួយម៉ោងដើម្បីចូលរួមប្រជុំប្រចាំខែនៅឯកន្លែងធ្វើការ នឹងបើកប្រាក់ខែ។ នរៈមានតួនាទីជាអ្នកគិតលុយក្នុងក្លឹបកម្សាន្តមួយ។ គេទទួលបានប្រាក់ខែ១៣០ដុល្លាប៉ុណ្ណោះក្នុង  មួយខែ រួមផ្សំប្រាក់ធិប (Tip មានន័យថា លុយដែលភ្ញៀវអោយដល់បុគ្គលិកទុកជាការតបស្នងនូវការបំរើរបស់បុគ្គលិកដល់ពួកគេ ដែលភាសាខ្មែរយើងតែងហៅ លុយធិប ឬទឹកតែ)។ តាមពិតនរៈពុំសូវពេញចិត្តការងារនេះប៉ុន្មានទេ តែដោយសារមានពេលវេលាអំណោយ ផលដល់ការសិក្សាររបស់គេនៅឯសាកលវិទ្យាល័យ និងចំណូលបានគួរសមផង ទើបគេសម្រេចចិត្តធ្វើការនៅទីនោះជាបណ្តោះអាសន្នសិនទៅ។


   -".............. ដូចេ្នះចាប់ពីស្អែកទៅនរៈត្រូវផ្លាស់ទៅធ្វើជាជំនួយការផ្ទាល់របស់ខ្ញុំនៅក្នុងOffice ហើយតំណែងចាស់របស់នរៈនឹងមានអ្នកថ្មីមកជំនួសក្នុងយប់នេះតែម្តង​ ហើយនរៈត្រូវជួយ ណែនាំ បង្ហាត់បង្ហាញអ្នកថ្មីខ្លះៗផងដើម្បីឲ្យគេយល់សិនដែរ។" លោកតារា ដែលជា Manager (អ្នកគ្រប់គ្រងបុគ្គលិក)នៅក្នុងក្លឹបដឹកនាំការប្រជុំនេះ។ មកដល់ចំនុចនេះកម្លោះនរៈមានការភ្ញាក់ផ្អើល
យ៉ាងខ្លាំងពីព្រោះអ្នកកម្លោះយើងពិតជាមិនបានដឹងជាមុនសោះថាលោកតារាតំឡើងតំណែងរបស់គេ  ដោយមិនបានឲ្យរូបគេនិងអ្នករាល់គ្នាបានដឹងជាមុន។ តាមពិតលោកតារាមានបំណងយកនរៈធ្វើជា ជំនួយការរបស់គាត់យូរមកហើយ តែលោកខ្លាចមានការជំទាស់ពីបុគ្គលិកផ្សេងៗទៀត ពីព្រោះនរៈទើបតែចូលមកធ្វើការនៅទីនេះបានប៉ុន្មានខែប៉ុណ្ណោះ ម្យ៉ាងវិញទៀតលោកតារាក៏ទើប  តែទទួលបានការយល់ព្រមពីថៅកែធំនៅសង្ហិបុរីផងដែរ។ លោកតារាជ្រើសរើសយកនរៈ ព្រោះនរៈ យល់ដឹងភាសាអង់គ្លេសបានល្អ អាចទំនាក់ទំនងជាភាសានេះជាមួយថៅកែធំបាន និងមានអត្តចរិត គួរឲ្យទុកចិត្តទៀតផង។ 
   
   ពោលពីបុរសសង្ហានរៈយើងវិញ គេសប្បាយនឹងពេញចិត្តតំណែងថ្មីនេះណាស់ ពីព្រោះគេនឹងត្រូវនៅក្នុង Office ឆ្ងាយពីភាពអ៊ូអរ ជាពិសេសផ្សែងបារីដែលបុរសយើងមិនចូលចិត្ត ទាល់តែសោះ។ អរផង ភ័យផង និយាយលាយឡំដោយក្តីរំភើប បន្ទាប់ពីលោកតារាអនុញ្ញាតិឲ្យមាន ការបញ្ចេញយោបល់ម្នាក់ម្តង។ 
   -"ខ្ញុំ....សូមអរគុណបងតារា......នឹងសូមអរគុណ....ហ្អឺ...មិត្តរួមការងារទាំងអស់ ដែលគាំទ្រ នឹងលើក ទឹកចិត្តដល់រូបខ្ញុំ ហើយខ្ញុំនឹងខិតខំបន្ថែមទៀតក្នុងការរួមសហការការងារជាមួយមិត្តរួមការងារទាំង  អស់ដើម្បីឲ្យក្លឹបយើងកាន់តែមានអតិថិជនច្រើននឹងរីកចំរើនទៅមុខទៀត។" សម្លេងទះដៃអបអរសាទលាន់ឭប្រាវៗជាមួយស្នាមញញឹមពេញចិត្តពីបុគ្គលិកទាំងអស់ចំពោះនរៈ។ មិត្តរួមការងារទាំងអស់គោរពស្រឡាញ់ រាប់អាននរៈគ្រប់ៗគ្នា ពីព្រោះនរៈមានចរិតរួសរាយ នឹងចេះយល់អាធ្យាស័្រយចំពោះមិត្តរួមការងារទាំងអស់។ រីឯលោកតារាវិញក៏សប្បាយចិត្តណាស់  ដែរ ដែលនរៈពេញចិត្តមុខតំណែងថ្មីដែលគាត់ប្រគល់ឲ្យ នឹងគិតថានឹងបានធូរដៃធូរជើងច្រើនពេល បាននរៈជួយសម្រាល។

   យប់នេះក៏ដូចជាយប់សព្វដងដែរ នរៈចេញពីធ្វើការមកដល់ផ្ទះវិញនៅម៉ោងប្រហែល៣ទៀបភ្លឺ ហើយ ម្តាយរបស់គេតែងតែអង្គុយរង់ចាំផ្លូវកូនប្រុសរបស់គាត់ជានិច្ច។ មិនទាន់ទាំងដាក់ចន្ទុលម៉ូតូស្រួលបួលផង កម្លោះនរៈវាចាទៅកាន់អ្នកមានគុណរបស់ខ្លួនទាំងអាការៈសប្បាយជាពន់ពេក។
   -"ម៉ែ....ខ្ញុំបានផ្លាស់មុខតំណែងហើយ និងប្រាក់ខែក៏បានច្រើនជាងមុនដែរ។"
   -"ហ្អ៎! ..បើអញ្ចឹងកូនទៅធ្វើអីវិញទៅ ហើយនៅកន្លែងណាដែរកូន?" ម្តាយនរៈសួរក្នុងភាពភ្ញាក់ផ្អើលដោយគាត់ពុំបានដឹងពីស្ថានការណ៍ពិតប្រាកដ។ 
   -"ខ្ញុំនៅធ្វើការកន្លែងដដែលហ្នឹងណា៎ម៉ែ... គ្រាន់តែខ្ញុំឈប់ធ្វើជាអ្នកគិតលុយទៀតហើយ ព្រោះបងតារាឲ្យខ្ញុំធ្វើជាជំនួយការផ្ទាល់របស់គាត់វិញ។" 
   -"ហ៊ឹ! បើអញ្ចឹងនៅកន្លែងដដែលទេ......វាក៏ល្អម្យ៉ាងដែរកូន! តែដូចម៉ែធ្លាប់បា្រប់កូនហើយ ម៉ែមិនចង់ឲ្យកូនឯងធ្វើការពេលយប់សោះ ជាពិសេសកូនជិះម៉ូតូតាំងពីកន្លែងធ្វើការរហូតដល់ផ្ទះ យប់ៗដូចេ្នះ ម៉ែតែងតែនឹកភ័យព្រួយបារម្ភពីសុវត្តិភាពកូនខ្លាំងណាស់! បើអាចរកការងារពេលថ្ងៃធ្វើបាន កូនគួរតែឈប់ធ្វើការពេលយប់ទៅហ្អី....កូន?" នេះជាលើកទីរាប់ ភ្លេចហើយដែលម្តាយនរៈដាស់តឿន នឹងទទូចឲ្យកូនកម្លោះតែមួយរបស់គាត់ ឈប់ធ្វើការពេលយប់ ពីព្រោះគាត់ខ្លាចមានរឿងរ៉ាវ ឬគ្រោះថ្នាក់អកុសលជាយថាហេតុណាមួយកើតឡើងចំពោះកូនគាត់ ជាពិសេសអំពើប្លន់ បាញ់ប្រហារ សម្លាប់មនុស្សស្រស់ៗ ពីពពួកសង្គមងងិតដែលបានបាញ់សម្លាប់មនុស្ស ប្លន់យកម៉ូតូ ឬសម្ភារៈមានតម្លៃផ្សេងៗ
ពីជនស្លូតត្រង់ដោយមិនរើសមុខសោះឡើយ។
   -"ខ្ញុំក៏មានក្តីបារម្ហនឹងតែងតែប្រុងប្រយ័ត្នដែរម៉ែ.....ហើយខ្ញុំក៏ចង់ផ្លាស់ប្តូរការងារដែរ ប៉ុន្តែជាទូទៅការងារពេលថ្ងៃតម្រូវឲ្យយើងធ្វើការពេញមួយថ្ងៃ.....ឯខ្ញុំត្រូវរៀនពេលរសៀល ពីព្រោះនៅសាលារបស់ខ្ញុំរៀននោះមិនអនុញ្ញាតឲ្យសិស្សផ្លាស់ប្តូរវេនរៀនស្រេចតែចិត្តឡើយ។" នរៈឆ្លើយតបទៅកាន់អ្នកមានគុណបណ្តើរ ស្រាយថង់នំបុ័ងសាច់ និងទឹកក្រឡុកបណ្តើរ ដែលជារើយៗកម្លោះនរៈទិញអាហារទាំងនេះពីកន្លែងមួយតាមបណ្តោយមហាវិថីព្រះមុនីវង្ស នៅម្តុំអតីតពេទ្យចិន យកមកផ្ញើអ្នកផ្ទះជានិច្ច។ 
 -"តែកូនអាចធ្វើជាគ្រូបង្រៀនដូចមុនទៅ.....រកបង្រៀននៅសាលាណាដែលអាចឲ្យកូនបង្រៀនបានដោយ
មិនជាន់ម៉ោងកូនរៀនណា៎!"
 -"ខ្ញុំក៏គិតឃើញដូចេ្នះដែរ តែខ្ញុំគិតចាំរៀនឲ្យចប់ចុងចប់ដើមសិន ពីព្រោះ.....!"
 -" រួចចុះកូនឯងរៀនចប់អង្កាលទៅ?" ម្តាយនរៈនិយាយកាត់សម្តីកូន។
 -"នៅតែមួយឆ្នាំទៀតទេម៉ែ.....ហើយពេលដែលខ្ញុំរៀនចប់បានសញ្ញាប័ត្រ វាក៏រឹតតែងាយស្រួលស្វែងរកការងារផងដែរ។" 
 -"ហ៊ឹ.....ម៉ែចេះតែបារម្ហ.....ការដែលកូនធ្វើដំណើរពេលព្រលប់យប់ជ្រៅយ៉ាងនេះ.....ម្យ៉ាងទៀតកូនក៏ពុំបានគេងគ្រប់គ្រាន់.....!"
 -"កុំព្រួយបារម្ហពេកម៉ែ.....ខ្ញុំចេះប្រយ័ត្នប្រយែងហើយ.....ម៉ែពិសាសិនទៅ នឹងអាលចូលសំរានវិញ។ ម៉ែ.....នេះជាប្រាក់ខែរបស់ខ្ញុំ.....ខែនេះគេចែកលុយធិបបានរាងគួរសម ហើយចាប់ពីខែក្រោយទៅប្រាក់ខែខ្ញុំក៏ឡើងដែរ តែខ្ញុំមិនទាន់ដឹងថានឹងបានប៉ុន្មានទេ.....ម៉ែ!" នរៈរូតកាបូបស្ពាយយកស្រោមសំបុត្រដែលប្រាក់ខែរបស់គេនៅក្នុងនោះ ហុយឲ្យអ្នកម្តាយ ដែលនេះជាទង្វើកម្លោះយើងធ្វើគ្រប់ពេលដែលនាយយើងបើកប្រាក់ខែ។ បឺតទឹកក្រឡុកបណ្តើរ ដៃទទួលយកប្រាក់ពីកូនបណ្តើរ ម្តាយនរៈតបទៅកាន់កូនដោយសំឡេងគ្រលៗ ពីព្រោះទឹកក្រឡុកខ្លះស្ថិតនៅក្នុងមាត់របស់គាត់នៅឡើយ។
 -"ពីរបីថ្ងៃមុន នារីប្រាប់ម៉ែថា ត្រូវដល់ថ្ងៃបង់ថ្លៃសាលាទៀតហើយ .....ម៉ែគិតថានឹងយកលុយនេះទៅបង្គ្រប់ បង់ឲ្យវាឲ្យហើយតែម្តងទៅ។ រួចចុះកូនមិនយកខ្លះទុកចាយទេហ្អី?" 
 -"មិនអីទេម៉ែ.....ខ្ញុំនៅមានខ្លះទុកគ្រាន់ចាយហើយ.....ហើយពេលដែលខ្ញុំអត់លុយក៏គង់តែមករកម៉ែ
តែដដែលហ្នឹង!" នរៈនិយាយទាំងសើចរលាក់តិចៗ។
 -"ស្រេចតែចិត្តកូនចុះអ៊ីចឹង!"


សូមរង់ចាំអានវគ្គបន្ត

សូមរក្សាសិទ្ធិគ្រប់យ៉ាង

ឈាមខ្មែរ


2 comments:

  1. ស្នាដៃល្អ​ មានន័យអប់រំច្រើន​ សំរាប់កូនខ្មែរ ទៅរកផ្លូវថ្លៃថ្នូរ។

    ReplyDelete
  2. ខ្ញុំសូមអរគុណច្រើន ដែលបានគាំទ្រស្នាដៃរបស់ខ្ញុំ! សូមជូនពរឲ្យមានសុខភាពល្អ!

    ReplyDelete