Monday, December 12, 2011

រូប​ប្រាសាទអង្គរវត្ត​ចម្លង​នៅក្នុង​វត្ត​ព្រះ​កែវ ទីក្រុង​បាងកក​

​នៅក្នុង​បរិវេណ​នៅ​វត្ត​ព្រះ​កែវ​មរកត នៅ​ទីក្រុង​បាងកក យើង​ឃើញ​មាន​ចម្លាក់​ប្រាសាទអង្គរវត្ត ចម្លង​ខ្នាតតូច​មួយ​ដែល​វិចិត្រករ​ថៃ ធ្វើ​អំពី​ស៊ីម៉ង់ត៍ ។ ការជ្រើសរើស​នូវ​ចម្លាក់​ប្រាសាទអង្គរវត្ត​នេះ មិនមែន​ជាការ​ចៃដន្យ ឬ​តាម​ការនឹកឃើញ​របស់​អាជ្ញាធរ​ថៃ​នោះទេ ដែល​បាន​ស្ថាបនា​ចម្លាក់​នេះ​ឡើង នៅ​ចំ​បេះដូង​នៃ​ព្រះរាជាណាចក្រ​របស់ខ្លួន ។​
​    ​គួរ​ឲ្យ​កត់សម្គាល់ថា រហូតដល់​បច្ចុប្បន្ន  អ្នកស្រាវជ្រាវ​មិនបាន​យកចិត្តទុកដាក់​លើ​វត្តមាន​របស់​រូបចម្លាក់​ខាងលើនេះ ​ទេ ដែល​គេ​គ្រាន់តែ​ចាត់ទុកថា ជា​គ្រឿង​លំអ​តុបតែង​តែប៉ុណ្ណោះ ។ តើ​មូលហេតុ​អ្វីខ្លះ ដែល​បានធ្វើ​ឲ្យ​មានការ​បង្កើត​រូបចម្លាក់​នេះ​ឡើង​? ហើយ​នៅ​ឆ្នាំ​ណា ?
 
 
 ប្រាសាទអង្គរខ្មែរ
 
 
 
 
 
 ប្រាសាទអង្គរវត្ត​ខ្នាតតូច មើល​ពី​ចម្ងាយ និង​រូបភាព​មើល​ជិត (​ម​.​ត ១៩៧៨)​
 
 
  ​ដើម្បី​យល់​ពី​បញ្ហា​នេះ គេ​ត្រូវ​សិក្សា​ថា ហេតុអ្វី​បានជា​ជនជាតិ​សៀម​បែរជា​ចូលចិត្ត​ប្រាសាទខ្មែរ​ទៅវិញ ដោយ​ឆ្លាក់​ប្រាសាទ​នេះ​នៅ​ចំ​កណ្ដាល​បេះដូង​នៃ​ទីក្រុង​បាងកក គឺ​វត្ត​ព្រះ​កែវ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រះបរមរាជវាំង​ថៃ​សព្វថ្ងៃ ។​
​    ​វត្តមាន​នៃ​ចម្លាក់​អង្គរវត្ត​សប្ប​និមិត្ត​ខាងលើនេះ អាច​នាំ​ឲ្យ​យើង​យល់​បន្ថែមទៀត​នៃ​មហិច្ឆតា​របស់​អ្នកនយោបាយ​ថៃ ដែល​ស្នេហា​ជាតិ​ជ្រុលនិយម ហើយ​នៅតែ​រក្សា​គំនិត​ចង់បាន​ទឹកដី​ខ្មែរ​មិន​ឈប់ឈរ ។​
​    ​សូម​រំលឹកថា សន្ធិសញ្ញា​បង្កើត​អាណាព្យាបាល​បារាំង​នៅ​កម្ពុជា ដែលមាន​ឈ្មោះថា សន្ធិសញ្ញា​មិត្តភាព និង​ពាណិជ្ជកម្ម​រវាង​ខ្មែរ និង​បារាំង ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​១៨៦៣ ។ តែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​គេ​នៅ​រង់ចាំ​ដល់​ខែ​កក្ដ​ដា ឆ្នាំ​១៨៦៧ ទើប​ថៃ​ឈប់​ជ្រៀតជ្រែក​ក្នុងប្រទេស​កម្ពុជា ដោយ​ប្រគល់​ការត្រួតត្រា​ឲ្យ​អំណាច​បារាំង​ទៅវិញ ។ ប៉ុន្តែ​ពួកគេ​រក្សា​សិទ្ធិ​កាន់កាប់​ខេត្ត​ពីរ គឺ​បាត់ដំបង និង​សៀមរាប ដែលជា​អតីត​ព្រះរាជវាំង​នគរ​ខ្មែរ ។​
​    ​ប៉ុន្តែ​ស្ថានភាព​នេះ​បាន​ប្រែប្រួល​នៅ​ឆ្នាំ ១៩០៤​។​នេះ​បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ ។ ដោយហេតុថា​តំបន់​ខ្លះ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង តាម​ជួរ​ភ្នំ​ដងរែក ក្នុងស្រុក​ម្លូព្រៃ​ទន្លេរពៅ និង​ខេត្តស្ទឹងត្រែង ត្រូវបាន​ប្រគល់​មក​ខ្មែរ​វិញ  ហើយ​សំខាន់បំផុត​នោះ គឺ​បន្ទាប់មក​នៅ​ឆ្នាំ​១៩០៧ ទើប​ខេត្ត​នៅ​ភាគ​ពាយ័ព្យ គឺ​ខេត្តបាត់ដំបង សៀមរាប និង​បន្ទាយមានជ័យ ដែល​ពីមុន​ថៃ​បាន​កាន់កាប់​ដោយ​ខុសច្បាប់ ក៏ត្រូវ​បានប្រគល់​សង​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ។​
​    ​តែ​ជា​អកុសល ក្រោយមកទៀត​ខេត្តបាត់ដំបង និង​សៀមរាប ត្រូវ​ត្រួតត្រា​ដោយ​សៀម​សារជាថ្មី​ម្ដងទៀត ដោយ​មិន​បញ្ចូល​តំបន់​អង្គរ​ទេ ។ ទាំងនេះ​ក៏​ដោយសារ​បារាំង​បាន​ចាញ់​សង្គ្រាម​នឹង​ជប៉ុន ។ នៅ​ឆ្នាំ​១៩៤៦ ទើប​ខេត្ត​ទាំងនោះ​ត្រូវបាន​ប្រគល់​សង​ខ្មែរ​វិញ បន្ទាប់ពី​ជប៉ុន​បាន​ចាញ់​សង្គ្រាម ។​
​    ​ដូច្នេះ​មិនយូរប៉ុន្មាន ក្រោយពី​ខេត្ត​ទាំងនោះ ដោយ​ក្នុងនោះ​មាន​ប្រាសាទអង្គរវត្ត ដ៏​សំខាន់​ជាងគេ​អាជ្ញាធរ​សៀម​ក៏បាន​សាងសង់​ប្រាសាទអង្គរវត្ត​ខ្នាតតូច​ ខាងលើនេះ នៅលើ​ទឹកដី​របស់ខ្លួន​ដើម្បី​រំលឹក​នូវ​ការបាត់បង់ នៃ​ប្រាសាទ​នេះ ដែល​តំណាង​ឲ្យ​វប្បធម៌ អរិយធម៌​ខ្មែរ នា​សម័យ​មហានគរ​ដ៏​រុងរឿង​ថ្កើ​ន​ថ្កាន ។ បើ​និយាយ​ម្យ៉ាងទៀត ការរក្សា​អនុស្សាវរីយ៍​នៃ​ការកាន់កាប់​ខេត្តសៀមរាប ដោយ​ពួកគេ​ផ្ទាល់​មុន​អាណាព្យាបាល​បារាំង គឺ​ហេតុផល​នៃ​ការកសាង​កូន​ប្រាសាទអង្គរវត្ត​អំពី​ស៊ីម៉ង់​នេះ​ឡើង ។ ដូចនេះ ទង្វើ​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​មហិច្ឆតា​មិន​ស្រាកស្រាន្ដ​ពី​អាជ្ញា​ ថៃ ដែល​ចង់បាន​ទឹកដី​ខ្មែរ ដែល​គេ​សន្មត​ថា ជា​ទឹកដី​របស់​ដូនតា​ខ្លួន ដោយសារតែ​អ្នក​ទាំងនោះ គឺជា​ជន​វង្វេង​ប្រវត្តិសាស្ត្រ ៕ (​ម​.​ត្រា​ណេ​)
 
 
 
 

No comments:

Post a Comment