ព្រះករុណា ព្រះបាទនរោត្តម ព្រះនាមដើម ច្រឡឹង និង រាជាវត្តី ឬ អង្គវត្តី
ព្រះករុណា ព្រះបាទនរោត្តម ពេលប្រសូតមកមានព្រះនាមថា ព្រះអង្គច្រឡឹង លុះពេលចម្រើនព្រះកេសា មានព្រះនាមថា រាជាវត្តី ហៅ អង្គវត្តី លុះពេលសោយរាជ្យ មានព្រះនាមថា នរោត្តម ជាព្រះនាមបញ្ញត្តិកាលទ្រង់សាងព្រះផ្នួសនៅស្រុកសៀម ទើបឯកសារខ្លះកត់ត្រាថា ព្រះនាម នរោត្តម នេះ គឺព្រះចៅក្រុងសៀមជាអ្នកថ្វាយ ។
ព្រះករុណា ព្រះបាទ នរោត្តម ប្រសូតនៅថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំមមែ សប្តស័ក គ្រិស្ដសករាជ ១៨៣១ នាខេត្តមង្គលបុរី (សព្វថ្ងៃស្រុកមង្គលបុរី ខេត្តបាត់ដំបង) ជាបុត្រនៃអ្នកម្នាង ប៉ែន និង ព្រះករុណា អង្គឌួង ។ កាលទើបប្រសូត ព្រះបរមរាជបិតា គឺព្រះបាទអង្គឌួង ទ្រង់សព្វព្រះទ័យនឹងបុត្រាអង្គនេះណាស់ ហើយបានប្រទានព្រះនាមថា “ ព្រះអង្គច្រឡឹង” ។ ភាសាខ្មែរ ពាក្យថា “ ច្រឡឹង” មានន័យថា “ ដែលមានរាងតូចស្អាតសមឥតទាស់ភ្នែក” ។
បើតាមឯកសារ មហាបុរសខ្មែរ របស់លោក អេង សុទ្ធ បានឱ្យដឹងថា នៅពេលព្រះអង្គច្រឡឹង ប្រសូតមក អ្នកបម្រើបានយកសុកទៅកប់ មិនយូរថ្ងៃប៉ុន្មានក៏បង្កើតជាហេតុអស្ចារ្យ មានដើមពោធិមួយដើមដុះនៅកន្លែងកប់សុកនោះ ។ អ្នកខេត្តមង្គលបុរី នាំគ្នាហៅថា “ ពោធិហ្លួង” រហូតមកដល់សព្វថ្ងៃ ។
លុះដល់ខែពិសាខ ឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ព្រះករុណា អង្គឌួង បានរៀបចំចម្រើនព្រះកេសាព្រះអង្គម្ចាស់ ច្រឡឹង ហើយប្រទាននាមថា “រាជាវត្តី” ហើយជួនកាលត្រូវគេហៅថា “ព្រះអង្គវត្តី” ឬ “ អង្គវត្តី” ។ ទោះជាព្រះបុត្រា អនាគតក្សត្រខ្មែរអង្គនេះ មានព្រះនាមជាផ្លូវការថា រាជាវត្តី ក្តី ក៏គេនៅតែហៅព្រះនាមថា “ច្រឡឹង” ដដែល ។
លុះដល់ថ្ងៃ១៥កើត ខែជេស្ឋ ឆ្នាំមមែ នព្វស័កដដែលនោះ ព្រះករុណា អង្គឌួង បានបញ្ជាបង្គាប់មន្ត្រីខ្ញុំរាជការឱ្យរៀបក្បួនដង្ហែ ព្រះអង្គម្ចាស់ រាជាវត្តី ទៅសាងផ្នួសជាសាមណេរនៅក្នុងសំណាក់ព្រះមហាសង្ឃរាជ នូ នាវត្តក្រាំងពន្លៃ ក្រុងឧដុង្គមានជ័យ ហើយទ្រង់រាជបញ្ញត្តិវត្តនោះថា “ រាជបព្វជិត” តាំងពីពេលនោះមក ។ លុះចេញព្រះវស្សា ទើបព្រះអង្គលាចាកសិក្ខាបទមកវិញ ។
ខែអាសាធ ឆ្នាំរោង អដ្ឋស័ក ពុទ្ធសករាជ ២៤០០ គ្រិស្ដសករាជ ១៨៥៦ ព្រះចៅចមក្លាវ ព្រះរាជានៃក្រុងសៀម បានចាត់មន្ត្រីរាជការឱ្យដង្ហែព្រះអង្គម្ចាស់ រាជាវត្តី បំពេញឧបសម្បទាជាភិក្ខុ ក្នុងវត្តបរមនិវេស ស្រុកសៀម ក្នុងគណៈធម្មយុត្តិកនិកាយ ។
ប្រពៃណី និងវិន័យបញ្ញត្តិ ក្នុងព្រះពុទ្ធសាសនា បុគ្គលណាក៏ដោយបន្ទាប់ពីបានឧបសម្បទាជាភិក្ខុហើយ ត្រូវមាននាមបញ្ញត្តិមួយទៀតទីទៃពីឈ្មោះដើមរបស់ខ្លួន ឯការដាក់នាមបញ្ញត្តិនោះ គឺជាកាតព្វកិច្ចរបស់ឧបជ្ឈាយ៍ (ភិក្ខុដែលជាអ្នកបំបួសកុលបុត្រឱ្យក្លាយជាភិក្ខុ) ជាអ្នកដាក់ឱ្យ ហើយជាទូទៅការដាក់នាមបញ្ញត្តិនោះទៀតសោតគឺត្រូវជ្រើសរើសទៅតាមថ្ងៃ ខែ និង ឆ្នាំកំណើតរបស់នវភិក្ខុ(ភិក្ខុទើបបានបួសថ្មី) នោះ ។ ឧទាហរណ៍ជាក់ស្តែង ដូចជាសម្តេចព្រះមហាសង្ឃរាជ ជួន ណាត បន្ទាប់ពីបានបំពេញឧបសម្បទា ជាភិក្ខុរួចមក ព្រះឧបជ្ឈាយ៍បានដាក់នាមបញ្ញត្តិ ព្រះអង្គថា “ ជោតញ្ញាណោ” ។ ចំណែកព្រះអង្គម្ចាស់ រាជាវត្តី បន្ទាប់ពីបានបំពេញឧបសម្បទាជាភិក្ខុមក មាននាមបញ្ញត្តិថា “ នរោត្តម “ ភិក្ខុ ។
អត្ថន័យក្នុងភាសាបាលី ពាក្យថា “ នរោត្តម” មកពីពាក្យថា “ នរៈ=មនុស្ស , ជន , បុគ្គល...(សំដៅដល់មនុស្សប្រុស) + ឧត្តម= ប្រសើរ, ខ្ពង់ខ្ពស់, ថ្លៃថ្លា ” ។ បូកបញ្ចូលគ្នាទៅពាក្យថា “ នរោត្តម” ដែលជាព្រះនាមបញ្ញត្តិ នៃព្រះភិក្ខុ រាជាវត្តី នេះ ប្រែថា “ បុគ្គល ឬ ជនដ៏ប្រសើរ, បុគ្គល ឬ ជនខ្ពង់ខ្ពស់ , បុគ្គល ឬ ជនថ្លៃថ្លា ” ។ ព្រះនាមបញ្ញត្តិនេះ ត្រូវបានដាក់ថ្វាយដោយគិតតាមថ្ងៃ ខែ និង ឆ្នាំប្រសូតរបស់ព្រះអង្គម្ចាស់រាជាវត្តី ភិក្ខុ ដោយគិតតាមគតិព្រះពុទ្ធសាសនាធម្មយុត្តិកនិកាយ ។
ព្រះករុណាអង្គឌួង បានសោយទិវង្គត នៅថ្ងៃ៥កើត ខែកត្តិក ឆ្នាំមមែ ពុទ្ធសករាជ ២៤០៣ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា គ្រិស្ដសករាជ ១៨៥៩ បន្ទាប់ពីបានសោយរាជ្យរយៈពេល ១៩ឆ្នាំ ។ ក្រុមប្រឹក្សាសេនាបតីមន្ត្រីជាន់ខ្ពស់បានជំនុំពិភាក្សាគ្នា ជ្រើសរើសព្រះអង្គម្ចាស់រាជាវត្តី ដែលកំពុងមានឋានៈជាមហាឧបរាជស្រាប់ផងឱ្យឡើងសោយរាជ្យបន្តពី ព្រះបិតា តាមបណ្តាំរបស់ព្រះរាជសព ។ នៅពេលឡើងសោយរាជ្យនោះ ព្រះអង្គម្ចាស់រាជាវត្តី មហាឧបរាជ សព្វព្រះទ័យនឹងព្រះនាម នរោត្តម ជានាមបញ្ញត្តិ កាលព្រះអង្គចូលបំពេញឧបសម្បទា ។ គេក៏បានថ្វាយព្រះនាមព្រះនវរាជ្យ (ស្តេចថ្មី) អង្គនេះថា សម្តេចព្រះនរោត្តមព្រហ្មបរិរក្ស ហើយក៏ត្រូវបានគេស្គាល់ព្រះនាមខ្លីមកថា “ ព្រះបាទ “នរោត្តម” តរៀងមក ។
ឯកសារខ្លះអះអាងថា ព្រះនាម “ នរោត្តម” នេះ ជាព្រះនាមដែលព្រះចៅចមក្លាវ នៃ ប្រទេសសៀមជាអ្នកថ្វាយ ។ ប៉ុន្តែតាមប្រពៃណីព្រះពុទ្ធសាសនា បុគ្គលទីទៃពីព្រះឧបជ្ឈាយ៍ ទោះបុគ្គលនោះមានឋានៈជាអ្វីក៏ដោយ ក៏ពុំមានកាតព្វកិច្ចដាក់នាមបញ្ញត្តិនេះដល់ភិក្ខុដែលទើបបានបួស នោះឡើយ ។
ទោះយ៉ាងណា បើវិភាគទៅលើបរិបទសាសនាទៅនឹងសម័យកាលនោះ យើងអាចសន្និដ្ឋានបានថា ដោយសារព្រះអង្គម្ចាស់រាជាវត្តី ជាមនុស្សក្នុងរាជវង្ស ហើយត្រូវបានព្រះរាជាសៀមជាអ្នកបញ្ជូនចូលបួសផងនោះ ជាហេតុនាំឱ្យឧបជ្ឈាយ៍មានភាពស្ទាក់ស្ទើរមិនហ៊ានអារកាត់ដាក់នាម បញ្ញត្តិដល់នវភិក្ខុរូបនេះតែអង្គឯងឡើយ ទើបបន្ទាប់ពីបានសម្រិតសម្រាំងនាមបញ្ញត្តិមក ក៏បាននាំយកទៅទូលសុំការព្រមព្រៀងសព្វព្រះទ័យពីព្រះរាជាក្រុងសៀម គឺព្រះចៅចមក្លាវ ផងដែរ ។ ប្រហែលជាដោយប្រការនេះឯងហើយ ទើបបានជាមានឯកសារខ្លះហ៊ានអះអាងថា ព្រះនាម “ នរោត្តម” នេះ គឺជានាមដែលត្រូវបានថ្វាយដោយព្រះចៅ ចមក្លាវ នៃក្រុងសៀម ។
ជាសរុបមកវិញ ព្រះនាម “ នរោត្តម” ជានាមនៃព្រះមហាក្សត្រខ្មែរអង្គនេះ ត្រូវបានថ្វាយបន្ទាប់ពីព្រះអង្គបានបំពេញឧបសម្បទាជាភិក្ខុនៅ ប្រទេសសៀម ។ ឯនាមដើមរបស់ព្រះអង្គគឺ “ ច្រឡឹង” ហើយព្រះនាមជាផ្លូវការគឺ “ រាជាវត្តី “ ឬ “ អង្គវត្តី” ៕
No comments:
Post a Comment