ដោយសារតែកូនមាន់មួយទើបបណ្តាលឲ្យខ្ញុំទទួលរងនូវទារុណកម្មពីបុរសកំណាចម្នាក់។ បុរសកំណាចនោះគឺជាឪពុកក្មេករបស់មីងខ្ញុំ។នាល្ងាចមួយ ពេលដែលខ្ញុំត្រឡប់ពីសាលារៀន
មកដល់ផ្ទះវិញ
ឪពុកក្មេករបស់មីងខ្ញុំបានដើរយ៉ាងស្ងៀមស្ងាត់សំដៅមករកខ្ញុំ ហើយគាត់សួរខ្ញុំ
ទាំងកំហឹងថា
ហេតុអ្វីបានជាខ្ញុំធ្វើឲ្យបាក់ជើងកូនមាន់របស់គាត់។ ខ្ញុំបានឆ្លើយតបយ៉ាងសុភាពថា
ខ្ញុំពុំដឹងរឿងអ្វីទេហើយខ្ញុំក៏មិនបានធ្វើឲ្យកូនមាន់នោះបាក់ជើងដែរ។បុរសកំណាចនោះមិនត្រឹមតែមិនស្តាប់
ខ្ញុំនោះទេ គាត់ថែមទាំងទះខ្ញុំមួយកំភ្លៀងយ៉ាងដំណំ,បោចសក់ក្បាលរបស់ខ្ញុំពេញមួយទំហឹងហើយអូស
ខ្ញុំទាំងកំរោលយកទៅចងដៃផ្អោបភា្ជប់ទៅនឹងដើមត្របែកមួយដែលមានសុទ្ធតែអង្រង។ បន្ទាប់មកគាត់ចាប់ផ្តើមវាយខ្ញុំនឹងរំពាត់រឹង វែងដោយគ្មានត្រាប្រណី។ គាប់ជួនពេលនោះមីងរបស់
ខ្ញុំបានត្រឡប់ពីស្រែមកដល់ផ្ទះគាត់តក់ប្រមាយ៉ាងខ្លាំងពេលឃើញខ្ញុំទទួលរងទារុណកម្មយ៉ាងព្រៃផ្សៃបែបនេះ។
មីងខ្ញុំបានស្រាយចំណងចេញពីដៃរបស់ខ្ញុំហើយនាំខ្ញុំចូលក្នុងផ្ទះគាត់លាបប្រេងកូឡាលើខ្នងនិងដៃរបស់ខ្ញុំ
ដែលបែកចេញឈាមក្រហមច្រាល។ស្លាកស្នាមរំពាត់បែកឈាមខ្វាត់ខ្វែងពាសពេញខ្នងរបស់ខ្ញុំ។ បន្តិចក្រោយមកប្រពន្ធរបស់ជនកំណាចនោះបានប្រាប់ជនកំណាចនោះថា កាលពីប៉ុន្មានថ្ងៃមុន
គាត់បានឃើញឆ្កែដេញខាំកូនមាន់មួយហ្នឹងហើយគាត់បានពន្យុះឆ្កែឲ្យឈប់ដេញ ដោយគាត់បាន
ឃើញកូនមាន់នោះបាក់ជើងម្ខាងទៅហើយ។ដើម្បីចង់ដឹងឲ្យច្បាស់នូវដំណើរដើមទងនៃរឿងរ៉ាវនេះ
មីងរបស់ខ្ញុំបានសួរជនកំណាចនោះថាតើអ្នកណាប្រាប់គាត់ (ជនកំណាច) ថាខ្ញុំ (ជនរងគ្រោះ)
បានធ្វើឲ្យបាក់ជើងកូនមាន់មួយនេះ។ជនកំណាចនោះបានឆ្លើយថាគឺកូនស្រីរបស់មីងខ្ញុំ។ មីងរបស់ខ្ញុំបានស្តីបន្ទោសកូនស្រីរបស់គាត់ហើយក៏បានស្តីបន្ទោសឪពុកក្មេកកំណាចនោះផងដែរ។
កាលណោះខ្ញុំទើបតែមានអាយុ១០ឆ្នាំទេ។ខ្ញុំបានទទួលរងគ្រោះនូវទារុណកម្មយ៉ាងព្រៃផ្សៃបែបនេះទៅវិញ។
គ្មានទាល់តែសោះ យុត្តិធម៌សម្រាប់ខ្ញុំ!
A Chick Caused Torture
No comments:
Post a Comment