កម្មវត្ថុនៃអត្ថបទនេះ គឺដើម្បីបង្ហាញ អំពីប្រវត្តិ និង សារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រ ក៏ដូចជាផ្នែករូបារម្មណ៍របស់ពាក្យកម្ពុជាដែល បុព្វការីខ្មែរបានបង្កើតឡើងដោយសិល្ប៍វិធី ដោយពឹងផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដើម្បីតាំងឈ្មោះនៃទឹកដីកំណើតរបស់ជាតិសាសន៍ខ្លួន តាំងពីអតីតកាលមួយដ៏យូរលង់ ។
ដើម្បីបំភ្លឺដោយត្រួសៗ នូវប្រភពនៃពាក្យ កម្ពុជ ឬ កម្ពុជា ហើយដើម្បីកំណត់បរិវេណនៃការសិក្សា យើងត្រូវជ្រើសរើស យកតែសិលាចារឹកសំខាន់ៗ មកពិនិត្យប៉ុណ្ណោះ ។ ទន្ទឹមនឹងនេះ យើងក៏ធ្វើការវិភាគថ្មីមួយ ដោយពឹងផ្អែក លើការបកស្រាយមួយចំនួន ធ្លាប់មានពីមុនមក ដើម្បីផ្តល់នូវពន្លឺថ្មី ជុំវិញប្រធានបទខាងលើ ។
ជាបឋម ត្រូវជ្រាបថា ក្នុងភាសាខ្មែរនាសម័យបុរេអង្គរ និងអង្គរ មានចម្លាស់ស័ព្ទ “វ” និង “ព” ។ ដូច្នេះពាក្យ កម្ពុ, កម្ពុជ, កម្ពុជា សព្វថ្ងៃនេះ ក្នុងសិលាចារឹកសរសេរជាកម្វុ ឬ កម្វុជ ទៅវិញ ។ ចំពោះពាក្យ ទេស វិញ វាក៏ជាពាក្យសំស្ក្រឹតដែរ មានន័យថា ប្រទេស, នគរ ឬអាណាចក្រ ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានមូលហេតុដែលអាចឲ្យយើងកំណត់បានច្បាស់លាស់ថា ប្រជាជនខ្មែរដើម្បីហៅទឹកដីស្រុកកំណើតរបស់ខ្លួន ជួនកាល ប្រើពាក្យប្រទេស, នគរ,ចក្រភពខ្មែរ ដោយជួនកាលទៀតក៏ប្រើពាក្យស្រុក, ក្រុង, ទឹកដី ឬដែនដី ដែលជាស័ព្ទមនខ្មែរ ស្របនឹងន័យក្នុងភាសាសំស្ក្រឹតដែរ ។ ឧទាហរណ៍ ពាក្យប្រទេសខ្មែរ ក៏មានន័យដូចគ្នានឹងពាក្យ ស្រុកខ្មែរដែរ ។
១. ប្រភពសិលាចារឹក
យើងត្រូវទទួលស្គាល់ថា គេបានដឹងជាហូរហែរច្រើនណាស់មកហើយ ពីប្រភព នៃពាក្យកម្វុ (កម្ពុ)។ តាមពិតទៅពាក្យ នេះត្រូវបានសិក្សាវិភាគមុនគេដំបូងបង្អស់ដោយលោកហ្សកសែដេស ក្នុងអត្ថបទមួយដ៏ល្បីល្បាញ ស្តីពី ប្រភពនៃព្រះរាជ្យវង្សានុវង្សសម័យអង្គរ ។ លោកបានទទួលស្គាល់ថា ពាក្យ កម្វុនេះជាពាក្យសំស្ក្រឹត មានន័យថា ខ្យងស័ង្ខ សមុទ្រ ដែលជាកេតនភ័ណ្ឌ របស់ព្រះវិស្ណុ ។ មួយវិញទៀតពាក្យនេះ ក៏ជាឈ្មោះរបស់មហាឥសីដែលបានបង្កើតទឹកដី និង ប្រវត្តិសាស្ត្រកម្ពុជាដែរ បើយោងតាមខ្លឹមសារ នៃសិលាចារឹកប្រាសាទបក្សីចាំក្រុងចារនៅឆ្នាំ ៩៤៧ ។ ជុំវិញបញ្ហានេះ លោកបានបញ្ជាក់បន្ថែមថា ពាក្យខ្មែរ ត្រូវបានកើតដោយការរួមផ្សំគ្នា រវាងពាក្យ កម្វុ ដែលជាព្រះស្វាមី និង មេរា ព្រះមហេសី ផងដែរ ដែលជាអំណោយដ៏ពិសិដ្ឋរបស់ព្រះវិស្ណុ ។
នេះជាហេតុផលធ្វើឲ្យយើងដឹងថា បន្តិចម្តងៗ ឈ្មោះរបស់បព្វជិតតាមហាឥសីកម្វុនេះ បានក្លាយទៅជាឈ្មោះរបស់ប្រទេសខ្មែរគឺ កម្វុទេស ដែលត្រូវគេស្គាល់ជាផ្លូវការ តាមរយៈសិលាចារឹកK400 មានកាលបរិច្ឆេទ ឆ្នាំ ៨៦៨ នៅបអ៊ីកា ក្នុងខេត្តនគររាជសិមា ប្រទេសថៃបច្ចុប្បន្ន។ ការដាក់ឈ្មោះកម្វុទេស បែបនេះ នាសម័យចេនឡា ឬជួនកាលទៀតកម្វុជទេស ដូចករណីសិលាចារឹកនាសម័យអង្គរ ចារនៅវត្តសំរោង ស្រុកបាភ្នំ, ខេត្ត តាកែវ ក៏ដើម្បីរំលឹកដល់ប្រវត្តិនៃការកកើត នៃប្រទេសខ្មែរដែរ ពោលគឺការរួមសង្វាសរវាងសមាសធាតុឥណ្ឌាតំណាងដោយតាមហាឥសី កម្វុ(កម្ពុ) និងខ្មែរ តំណាងដោយព្រះនាងមេរា ឬនាងនាគ ដែលជាម្ចាស់ទឹកម្ចាស់ដី ។ មានន័យថា ទឹកដីខ្មែរ គឺជាទឹកដីដែលត្រូវបានបង្កើតឡើងដោយព្រះហស្ថរបស់តាមហាឥសី កម្វុ(កម្ពុ) និងព្រះនាងមេរា ដើម្បីទុកជាកេរ្តិ៍ដល់ កុលបុត្រ កុលធីតា ខ្មែរដែលជាកូនចៅ។ ម្ល៉ោះហើយ បានជាមានការប្រើពាក្យខ្មែរជាពន្ធនាម ជាលើកដំបូងបង្អស់ នៅក្នុងសិលាចារឹក K.227 ក្នុងន័យជាកូនចៅរបស់ មហាឥសីកម្ពុ និងព្រះនាងមេរា ដែលបានក្លាយជា ស្ថាននាម យ៉ាងប្រាកដ ។
នេះជាហេតុផលធ្វើឲ្យយើងដឹងថា បន្តិចម្តងៗ ឈ្មោះរបស់បព្វជិតតាមហាឥសីកម្វុនេះ បានក្លាយទៅជាឈ្មោះរបស់ប្រទេសខ្មែរគឺ កម្វុទេស ដែលត្រូវគេស្គាល់ជាផ្លូវការ តាមរយៈសិលាចារឹកK400 មានកាលបរិច្ឆេទ ឆ្នាំ ៨៦៨ នៅបអ៊ីកា ក្នុងខេត្តនគររាជសិមា ប្រទេសថៃបច្ចុប្បន្ន។ ការដាក់ឈ្មោះកម្វុទេស បែបនេះ នាសម័យចេនឡា ឬជួនកាលទៀតកម្វុជទេស ដូចករណីសិលាចារឹកនាសម័យអង្គរ ចារនៅវត្តសំរោង ស្រុកបាភ្នំ, ខេត្ត តាកែវ ក៏ដើម្បីរំលឹកដល់ប្រវត្តិនៃការកកើត នៃប្រទេសខ្មែរដែរ ពោលគឺការរួមសង្វាសរវាងសមាសធាតុឥណ្ឌាតំណាងដោយតាមហាឥសី កម្វុ(កម្ពុ) និងខ្មែរ តំណាងដោយព្រះនាងមេរា ឬនាងនាគ ដែលជាម្ចាស់ទឹកម្ចាស់ដី ។ មានន័យថា ទឹកដីខ្មែរ គឺជាទឹកដីដែលត្រូវបានបង្កើតឡើងដោយព្រះហស្ថរបស់តាមហាឥសី កម្វុ(កម្ពុ) និងព្រះនាងមេរា ដើម្បីទុកជាកេរ្តិ៍ដល់ កុលបុត្រ កុលធីតា ខ្មែរដែលជាកូនចៅ។ ម្ល៉ោះហើយ បានជាមានការប្រើពាក្យខ្មែរជាពន្ធនាម ជាលើកដំបូងបង្អស់ នៅក្នុងសិលាចារឹក K.227 ក្នុងន័យជាកូនចៅរបស់ មហាឥសីកម្ពុ និងព្រះនាងមេរា ដែលបានក្លាយជា ស្ថាននាម យ៉ាងប្រាកដ ។
បើតាមការស្រាវជ្រាវ យើងក៏ដឹងទៀតថា ពាក្យចក្រភពកម្វុជទេស (ប្រទេសខ្មែរដែលជាចក្រភព ឬ មហាប្រទេស) ទើបតែត្រូវបាននិយម ប្រើប្រាស់នៅក្នុងរាជ្យរបស់ស្តេច ព្រះបាទជ័យវរ្ម័នទី២ ( ៨០២-៨៥០គ.ស) ដែលជាស្តេចចក្រវាទិន ។ កុំភ្លេចថា ស្តេចដ៏ខ្លាំងពូកែអង្គនេះ បានផ្តើម ការបង្រួបបង្រួមដែនដី ចេនឡានទឹក នឹង ចេនឡាគោក ឲ្យក្លាយជាធ្លុង ឬជាទឹកដីតែមួយ។
២.បដិមាសាស្ត្រ
ស្របនឹងទិន្នន័យ សិលាចារឹកនេះដែរ ដែលបានបញ្ជាក់ន័យនៃពាក្យកម្ពុជា យ៉ាងច្បស់លាស់ នៅមានកត្តាផ្សេងៗ មួយចំនួន ក្នុងនោះរួមមានជំនឿរបស់ប្រជាជនខ្មែរ នាសម័យនគរភ្នំ ក្នុងអម្លុងស.តទី៦ នៃគ.សផងដែរ ។
ខ្លឹមសារនៃសិលាចារឹក ពីសម័យបុរេអង្គរ ដល់សម័យអង្គរ គឺជាភស្តុតាង យ៉ាងសំខាន់ពាក់ព័ន្ធ ទៅនឹងការប្រើពាក្យ កម្វុជ ដើម្បីហៅប្រទេសខ្មែរ ក្នុងន័យដែលថាប្រទេសបង្កើតឡើងដោយមហាឥសី កម្វុ ឬជាប្រទេសរបស់ពួកកម្វុ ។ ដូចនេះ យើងអាចនិយាយបានថា ពាក្យកម្វុជាក្នុងសង្គមបុរាណ ជាពាក្យមួយបង្កប់ទៅដោយអត្ថន័យដ៏ពិសិដ្ឋ ដោយហេតុថា ជាទឹកដីរបស់មហាឥសីដ៏មានមហិទ្ធិឫទ្ធិអស្ចារ្យ ។ ជាឧទាហរណ៍ ក្នុងសិលាចារឹក ស្តុកកក់ធំចារនៅឆ្នាំ ១០៥២នៃ គ.ស (K.935) នៅខេត្តស្រះកែវ ក្នុងប្រទេសថៃបច្ចុប្បន្ន តែជាអតីតទឹកដីខ្មែរពីមុនគេឃើញមានការប្រើពាក្យព្រះកម្វុជទេស ។
អាស្រ័យហេតុនេះហើយ បានជាយើងអាចនិយាយបានថា ជាប្រពៃណី រាល់ជនជាតិសុទ្ធសឹងតែដាក់ឈ្មោះ ទឹកដី ស្រុកភូមិកំណើត ឬប្រទេស ដែលបានឲ្យកំណើតឲ្យខ្លួន យ៉ាងណាមិញ ជនជាតិខ្មែរក្នុងអតីតកាលក៏ដូច្នោះដែរ ។ ដូច្នេះការដាក់ឈ្មោះប្រទេស របស់ខ្លួនមានសារៈសំខាន់ណាស់សម្រាប់ជាតិនីមួយៗ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការដាក់ឈ្មោះ កម្វុជទេស ឬ ប្រទេសកម្ពុជាខាងលើនេះ មានលក្ខណៈជាប្រវត្តិសាស្ត្រ គួរឲ្យយើងយកមកវិភាគ ស៊ីជម្រៅ ។
នៅទីនេះ យើងចង់និយាយថា ការដាក់ឈ្មោះ កម្វុជា ទំនងជាជំនួសឈ្មោះគោកធ្លក ដែលត្រូវបានអនុម័តឡើងនាសម័យ នគរភ្នំ និង ត្រូវបានធ្វើឡើងដោយឈរលើគោលការណ៍ ដ៏ជាក់ច្បាស់ ដោយសមហេតុផល ជាទីបំផុត ។ ដើម្បីជាភស្តុតាង ជាក់ស្តែង សូមពិនិត្យពាក្យ ហរិកម្វុជេន្ទ្រៈ ដែលជាឈ្មោះព្រះអាទិទេពចម្បងសំខាន់ជាងគេបំផុត នៅលើប្រាសាទភ្នំដា នាសម័យនគរភ្នំ ដែលជាប្រាសាទរាជនៃព្រះរាជធានីអង្គរបុរី ឬវ្យាធបុរៈក្នុងខេត្តតាកែវ បច្ចុប្បន្ន ។
សូមរំលឹកថា ក្នុងចំណោមចម្លាក់ទេវរូបហរិកម្វុជជេន្ទ្រៈ ដែលតំណាងព្រះវិស្ណុទៅក្នុងសម័យបុរាណ ចម្លាក់នៅប្រាសាទខាងលើមានទំហំធំជាងគេបំផុត ដោយមានកំពស់ទៅដល់ ២,៩០ ម៉ែត្រ ដែលសព្វថ្ងៃតំកល់ទុកនៅសារមន្ទីរជាតិភ្នំពេញ ។ ការស្ថាបនា នូវចម្លាក់ថ្ម ដ៏សំម្បើមនេះ ដែលក្នុងប្រវត្តិសាស្ត្រខ្មែរ គេមិនធ្លាប់ជួបប្រទះនោះ អាចនឹងធ្វើឡើងទៅបាន លុះត្រាតែមានជាងជំណានៗ ដ៏ច្រើន និងមានភាពស្ទាត់ជំនាញ ទាំងបច្ចេកទេស ទាំងបញ្ញាញាណ ។
ជុំវិញចម្លាក់ព្រះវិស្ណុកម្វុជេន្ទ្រៈ ដូចលោកសាស្ត្រចារ្យ ឡុង សៀមដែរ យើងមានយោបល់ថា ពាក្យនេះ គឺជាពាក្យតំណាងឲ្យទេវនាមនិង ស្ថាននាម។ ឧទាហរណ៍ជាក់ស្តែង តាមសិលាចារឹក K.272 នាសម័យបុរេអង្គរ យើងអាចយល់អំពីបំណង និង អត្ថន័យ ដែលខ្មែរពេញនិយម ចំពោះពាក្យកម្វុរាជលក្ម្សី និងពាក្យកម្វុបុរី ឬទីក្រុងកម្វុក្នុងសិលាចារឹកនាសម័យអង្គរ K.283 ។
ការបង្ហាញនេះ ថ្វីត្បិតតែមានសភាពជាសេចក្តីខ្លី ក៏ប៉ុន្តែយើងក៏មិនត្រូវមើលរំលងនូវអត្តន័យស៊ីជម្រៅនៃពាក្យ ទាំងនោះដែរ ។ ចំពោះយើងៗមានយោបល់ថា ការយកឈ្មោះទេវមកភ្ជាប់នឹងស្ថាននាមគឺប្រទេស (កម្វុជ) បែបនេះ គឺធ្វើឡើងដើម្បីបង្ហាញភាពដ៏រឹងមាំ ឬភាពអមតៈនៃប្រទេសកម្ពុជា មានន័យថាដរាបណាព្រះបដិមានេះដែលជាព្រះអាទិទេព នៃព្រះរាជាណាចក្រកម្ពុជា នៅគង់វង្សស្ថិតស្ថេរដរាបនោះ ប្រទេសខ្មែរក៏នៅស្ថិតស្ថេរដដែលដែរ ។
ជាការពិតណាស់ សម្រាប់សាសនិកជនខ្មែរ នាជំនាន់នោះ ការហៅ ពាក្យវិស្ណុកម្វុជជេន្ទ្រៈនេះ ដែលកវីបណ្ឌិតបានបង្កើតដោយគោលការណ៍និយម យ៉ាងច្បាស់លាស់ នាសម័យបុរេអង្គរ បានបង្កប់នូវរូបារម្មណ៍ដ៏ជ្រាលជ្រៅ និងដ៏ឧត្តុង្គឧត្តមបំផុត ។ ក្រៅពីអំណាចពិសិដ្ឋ អំណាចសីលធម៌ និងគុណធម៌ឥតត្រើយត្រាន ព្រះវិស្ណុកម្វុជជេន្ទ្រៈ ក៏បំពេញ ក្នុងអតីតនូវតួនាទី ជាអត្ថិភាពមួយទៀត គឺការផ្សៈផ្សាបង្រួបបង្រួមជាតិតាមរយៈជំនឿ ។ គោលបំណង ចម្បងគឺ ក៏ដើម្បីធ្វើឲ្យឈ្មោះនេះ ប្រកបដោយភាពខ្ទ័រខ្ទា ទូទាំងចក្រភពខ្មែរ ដោយធ្វើឲ្យគេគោរពកោតខ្លាច រំភើបញាប់ញ័រ កាលបើស្តាប់ឬ ឮពាក្យនេះ ។ មានន័យថាសត្រូវមិនហ៊ានបៀតបៀន ឬមើលងាយជាតិសាសន៍ខ្មែរ ដែលប្រកបដោយគុណសម្បត្តិទាំងប៉ុន្មានដូចពោលខាងលើបានឡើយ ។
ប្រសិនបើយើងរស់នៅក្នុងរង្វង់សហគមន៍មនុស្សនាជំនាន់នោះ យើងពិតជាមានអារម្មណ៍ដូច្នេះពុំខាន ដោយរកឃើញថា សង្គមវប្បធម៌តម្រូវឲ្យមានជំនឿបែបនេះ ។ ទាំងនេះ មិនគ្រាន់តែបានធ្វើឲ្យកូនកម្ពុជា ឬខ្មែរគ្រប់រូបមានទឹកចិត្តជ្រះថ្លា មានសីលធម៌ និង គុណសម្បត្តិខ្ពស់ ដោយមាន ជំនឿទុកចិត្តលើខ្លួនឯង និងលើជាតិឯង ក្នុងនាមជាកម្ពុជា ឬជាខ្មែរតែប៉ុណ្ណោះទេ លើសពីនេះទៀត ភាពសាមគ្គីរវាងគ្នានឹងគ្នា ដោយសារតែចំណងជំនឿប្រពៃណី បានចងជាប់ពួកគេឲ្យរួមរស់ជាធ្លុងមួយ ។ នេះជានិមិត្តរូបមួយយ៉ាងសំខាន់ ដែលការគោរពបូជាព្រះវិស្ណុលើកំពូលភ្នំដា បានផ្តល់ឲ្យក្នុងអតីតកាលដ៏យូរលង់ ។ បើនិយាយម្យ៉ាងទៀត វត្តមានរបស់ចម្លាក់នេះ គឺជានិមិត្តរូបនៃការប្រមូលផ្តុំកម្លាំងរបស់ជាតិខ្មែរទាំងមូល តាមរយៈ ជំនឿសាសនា ។ ម្យ៉ាងទៀត ឆន្ទៈនេះក៏អាចគូសបញ្ជាក់ ដូចទើបពោល តាមរយៈនៃទំហំនៃព្រះបដិមាបុរាណនេះ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរឡើយ ។ កុំភ្លេចថាអត្ថន័យនៃការគោរពបូជា គឺជាចលនាបួងសួងឲ្យប្រទេសជាតិ ឬ មនុស្សខ្មែរគ្រប់រូបបានតែសេចក្តីសុខ សេចក្តីរុងរឿង ថ្កើនថ្កាន។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ធ្វើឲ្យមានសាមគ្គីភាព រវាងប្រជានុរាស្ត្រ និង ប្រមុខដឹកនាំជាតិ គឺ ព្រះមហាក្សត្រ និងសព្វនាម៉ឺន មន្ត្រី ដែលជាមេស្ថាប័ន ឬជាអ្នកដឹកនាំជាតិ ។ បើនិយាយម្យ៉ាងទៀត ព្រះវិស្ណុកម្វុជជេន្ទ្រៈ បានបំពេញ តួនាទីមួយយ៉ាងសំខាន់ គឺការពង្រឹងពង្រីកស្ថាប័នអំណាចរបស់ព្រះមហាក្សត្ររាជេន្ទ្រវរ្ម័ន តាមរយៈរូបចម្លាក់ដែលមានព្រះនាមរបស់ទ្រង់គឺ វិស្ណុកម្វុជជេន្ទ្រៈ ។ ខាងលើនេះក៏ជាឧបករណ៍ មួយដ៏កម្រ បង្ហាញនូវទេពកោសល្យ និងបញ្ញាញាណដ៏ខ្ពង់ខ្ពស់ ក្នុងការបង្កើតពាក្យមួយដែលមិនគ្រាន់តែតំណាងឲ្យប្រទេសតែប៉ុណ្ណោះ ក៏ប៉ុន្តែតំណាងឲ្យព្រះអាទិទេពក៏មានមហិទ្ធិរិទ្ធិ ព្រមទាំងព្រះមហាក្សត្រគ្រប់គ្រងអំណាចផងដែរ ។
រួមសេចក្តីមក ព្រះវិស្ណុកម្វុជជេន្ទ្រៈ ខាងលើគូសបញ្ជាក់ឲ្យយើងឃើញនូវលក្ខណៈ ពិសិដ្ឋ ដ៏ឧត្តុង្គឧត្តម និងសក្កានុពល នៃកម្លាំង ពិសិដ្ឋ ស័ក្តិសិទ្ធិ របស់ប្រទេសខ្មែរ ដែលជាទឹកដីរបស់ព្រះ
(មហាឥសីកម្ពុជ និងនាងមេរា) ។ កុំភ្លេចថាពាក្យកម្វុជជេន្ទ្រៈ ពិតជាបង្ហាញពីការបង្រួបបង្រួមជាតិខ្មែរ យើងវិញជុំវិញ ព្រះអាទិទេព នៃព្រះរាជាណាចក្រកម្ពុជា ក្រោមរូបភាព នៃព្រះវិស្ណុ ដែលគេតម្កល់នៅក្នុងប្រាសាទឥដ្ឋភ្នំដាក្នុងអម្លុង ស.តទី ៦ នៃគ.ស ។
By (ម.ត្រាណេ)
By (ម.ត្រាណេ)
Sources: www.cen.com.kh
No comments:
Post a Comment