La Cité International Universitaire de Paris
ក្រោយពីធ្វើដំណើរតាមកប៉ាល់ អស់រយៈពេលប្រមាណជិតមួយខែ សាឡុត ស និងសិស្សអាហារូបករណ៍២០នាក់ផ្សេងទៀត បានមកដល់ប្រទេសបារាំង នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ១៩៤៩។ សាឡុត ស បានស្នាក់នៅបុរីនិស្សិតមួយក្នុងក្រុងប៉ារីស ដែលគេហៅជាភាសាបារាំងថា “Cité Universitaire de Paris”។

នៅក្នុងអំឡុងវិស្សមកាលរដូវក្តៅ ឆ្នាំ១៩៥០ សាឡុត ស និងនិស្សិតខ្មែរ១៧នាក់ផ្សេងទៀត បានស្ម័គ្រចិត្តចូលរួមក្នុងកងយុវជន ដើម្បីទៅធ្វើការនៅប្រទេសយូហ្គោស្លាវី ដែលជាប្រទេសកុម្មុយនិស្ត ស្ថិតនៅអឺរ៉ុបខាងកើត។ សាឡុត ស បានចំណាយពេលមួយខែ នៅប្រទេសយូហ្គោស្លាវីធ្វើការដោយប្រើកម្លាំងសុទ្ធសាធជាមួយប្រជាជន យូហ្គោស្លាវី។
យូហ្គោស្លាវីដែលបានផ្តាច់សម្ព័ន្ធភាពជាមួយសហភាពសូវៀត កាលពីឆ្នាំ១៩៤៨ គឺជាប្រទេសប្រកាន់យករបបដឹកនាំបែបសង្គមនិយម។ ជាប្រទេសឯកោ ដែលប្លុកកុម្មុយនិស្តរបស់សូវៀតក៏មិនរាប់រក ប្លុកសេរីលោកខាងលិចក៏មិនរាប់រក។ ស្ថិតក្នុងភាពឯកោ ព្រមទាំងប្រឈមមុខនឹងការគម្រាមកំហែងពីសំណាក់សហភាពសូវៀតរបស់ស្តាលីន បែបនេះ ប្រធានាធិបតីយូហ្គោស្លាវីគឺលោកទីតូបានប្រមូលកៀងគរប្រជាជនឲ្យមកធ្វើការក្នុងការដ្ឋានសំណង់ធំៗ ដើម្បីកសាងប្រទេស។
យោងតាមលោក David Chandler ប្រហែលជាមកពី សាឡុត ស មើលឃើញពីគំរូរបស់ប្រទេសយូហ្គោស្លាវីបែបនេះ ហើយ បានជានៅពេលគាត់កាន់អំណាច គាត់បានបង្ខំឲ្យប្រជាជនកម្ពុជាធ្វើការក្នុងការដ្ឋានធំៗ ដូចជា លើកទំនប់ ជីកប្រឡាយ និងការដ្ឋានសំណង់ផ្សេងៗទៀត។ ក៏ប៉ុន្តែ សាឡុត ស ខ្លួនឯង ក្នុងបទសម្ភាសន៍ជាមួយលោក Nate Thayor បានអះអាងថា របៀបដឹកនាំរបស់គាត់មិនបានចម្លងពីប្រទេសណាមួយជាក់លាក់នោះទេ ប៉ុន្តែ ជាគំរូចម្រុះពីគ្រប់កន្លែង។
ក្រោយពេលត្រឡប់ពីយូហ្គោស្លាវីមកប៉ារីសវិញ សាឡុត ស ចាប់ផ្តើមសោះអង្គើយនឹងការរៀនសូត្រនៅសាលា ហើយបែរមកចាប់អារម្មណ៍នឹងរឿងនយោបាយវិញ។ សូម្បីតែសាឡុត ស ខ្លួនឯងក៏បានអះអាងដែរថា ពេលនៅប្រទេសបារាំង គាត់រៀនឲ្យបានត្រឹមតែជាប់មធ្យមភាគ ដើម្បីកុំឲ្យគេផ្តាច់អាហារូបករណ៍ប៉ុណ្ណោះ ចំណែកពេលភាគច្រើនផ្សេងទៀត គាត់ចំណាយទៅលើការអានសៀវភៅ ដែលទាក់ទងនឹងរឿងនយោបាយ ឬទាក់ទងនឹងបដិវត្តន៍នៅប្រទេសបារាំង ជាដើម។
ម្យ៉ាងទៀត នៅពេលនោះ សាឡុត ស បានស្គាល់ ជួន ម៉ុម និង កេង វ៉ាន់សាក់ ដែលបានមករៀននៅប្រទេសបារាំង តាំងពីឆ្នាំ១៩៤៦។ យោងតាមលោក David Chandler និស្សិតទាំងពីររូបនេះបានជះឥទ្ធិពលច្រើនលើផ្នត់គំនិតបែបជាតិនិយម និងបែបកុម្មុយនិស្តរបស់សាឡុត ស។
ជួន ម៉ុម គឺជាសិស្សដ៏ឆ្នើមមួយរូបខាងផ្នែកវិទ្យាសាស្រ្ត ហើយបានចូលជាសមាជិកបក្សកុម្មុយនិស្តបារាំង នៅឆ្នាំ១៩៥១។ ប្រហែលជា ជួន ម៉ុម នេះហើយ ដែលបាននាំសាឡុត ស ឲ្យចូលបក្សកុម្មុយនិស្តបារាំង នៅឆ្នាំ១៩៥២។

ក្រោយមក សាឡុត ស បានចូលរួមក្នុងការប្រជុំរបស់ក្រុមនិស្សិតកុម្មុយនិស្ត ដែលតែងតែរៀបចំធ្វើនៅក្នុងផ្ទះរបស់ កេង វ៉ាន់សាក់ ដើម្បីរៀនសូត្រពីទ្រឹស្តីកុម្មុយនិស្ត។ ក្រុមនេះមានឈ្មោះថា

អ្នកខ្លះទៀត ដូចជា កេង វ៉ាន់សាក់ ជាដើម មិនមែនជាសមាជិកបក្សកុម្មុយនិស្តនោះទេ។ សាឡុត ស ក៏នៅមិនទាន់ចូលបក្សកុម្មុយនិស្តបារាំងដែរនៅពេលនោះ។ ពួកគេចូលរួមក្នុងការប្រជុំនេះក្នុងនាមមិត្តភក្តិប៉ុណ្ណោះ។ យោងតាម កេង វ៉ាន់សាក់ ដែលជាម្ចាស់ផ្ទះ សាឡុត ស មិនសូវដែលបានចូលរួមក្នុងការប្រជុំនេះទៀងទាត់ប៉ុន្មានទេ។ នៅក្នុងការប្រជុំនេះទៀតសោត សាឡុត ស ក៏មិនមានបញ្ចេញគំនិតអ្វីដែលនាំឲ្យគេចាប់អារម្មណ៍នោះដែរ។
នៅចន្លោះឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥២ ការប្រឈមមុខដាក់គ្នារវាងសម្តេច នរោត្តម សីហនុ និងគណបក្សប្រជាធិបតេយ្យបានកើតមានកាន់តែខ្លាំងឡើងៗ។ នៅឆ្នាំ១៩៥០ អៀវ កើស ប្រធានគណបក្សប្រជាធិបតេយ្យត្រូវបានគេលបធ្វើឃាត។ ឥស្សរជនមួយរូបរបស់គណបក្សប្រជាធិបតេយ្យ គឺ សឺន ង៉ុកថាញ់ ដែលបារាំងបានដោះលែងពីប្រទេសបារាំងឲ្យមកកម្ពុជាវិញ នៅចុងឆ្នាំ១៩៥១ បានរត់ទៅបង្កើតចលនាតស៊ូមួយក្នុងព្រៃស្ថិតក្នុងខេត្តសៀមរាប នៅខែមីនាឆ្នាំ១៩៥២ ។
នៅខែមិថុនា ឆ្នាំ១៩៥២ សម្តេច នរោត្តម សីហនុ បានសម្រេចរំលាយរដ្ឋាភិបាល និងសភាជាតិ ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។ និស្សិតខ្មែរមួយចំនួន ដែលកំពុងរៀននៅប្រទេសបារាំងបានសរសេរអត្ថបទចុះផ្សាយក្នុង ទស្សនាវដ្តីមួយឈ្មោះ “ខេមរនិស្សិត” រិះគន់សេចក្តីសម្រេចរបស់សម្តេច នរោត្តម សីហនុ ក្នុងការរំលាយសភានេះ។ សាឡុត ស ដោយប្រើឈ្មោះសម្ងាត់ថា “ខ្មែរដើម” ក៏បានសរសេរអត្ថបទមួយរិះគន់របបរាជានិយមយ៉ាងខ្លាំងដែរ។ អត្ថបទនេះមានចំណងជើងថា “រាជានិយម ឬប្រជាធិបតេយ្យ?” លោក កេង វ៉ាន់សាក់វិញ បានសរសេរសំបុត្រចំហរមួយច្បាប់ក្នុងនាម ខេមរនិស្សិត ផ្ញើថ្វាយ និងរិះគន់សម្តេច នរោត្តម សីហនុ ។
នៅខែសីហា ឆ្នាំ១៩៥២ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចកាត់ផ្តាច់អាហារូបករណ៍និស្សិត ដែលកំពុងរៀននៅប្រទេសបារាំង ក្នុងនោះក៏មានអាហារូបករណ៍របស់សាឡុត ស ដែរ។
ក្រោយពីអាហារូបករណ៍ត្រូវបានកាត់ផ្តាច់ និស្សិតមួយចំនួន ដូចជា អៀង សារី ហ៊ូ យន់ និង សុន សេន ជាដើម បានសម្រេចបន្តការសិក្សានៅប្រទេសបារាំងតទៅទៀត។ ផ្ទុយទៅវិញ និស្សិតមួយចំនួនទៀត ដូចជា សាឡុត ស យុន សឿន និង រ័ត្ន សាមឿន ជាដើម បានសម្រេចចិត្តឈប់រៀន ហើយត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីតស៊ូប្រឆាំងនឹងអាណានិគមបារាំង។ ក៏ប៉ុន្តែ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ី លោកកេង វ៉ាន់សាក់ បានអះអាងថា ការណ៍ដែលសាឡុត ស សម្រេចចិត្តវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅពេលនោះ មានជាប់ពាក់ព័ន្ធនឹងបញ្ហាស្នេហាផ្ទាល់ខ្លួន ច្រើនជាងបញ្ហានយោបាយ។
ទោះជាយ៉ាងណា ក្រោយពីអាហារូបករណ៍ត្រូវបានកាត់ផ្តាច់ សាឡុត ស បានបន្តរស់នៅប្រទេសបារាំងរយៈពេល៥ខែ ទើបចេញដំណើរទៅប្រទេសកម្ពុជា។ យោងតាមលោក David Chandler គឺក្នុងអំឡុងពេលនោះឯង ដែល សាឡុត ស បានចូលជាសមាជិកបក្សកុម្មុយនិស្តបារាំង។ ក៏ប៉ុន្តែ មិនមានអ្នកណាម្នាក់ដឹងច្បាស់ថា តើសាឡុត ស ចូលបក្សកុម្មុយនិស្តបារាំង នៅថ្ងៃណា ខែណា ឲ្យបានពិតប្រាកដនោះទេ។ អ្នកណាជាអ្នកឧទ្ទេសនាម សាឡុត ស ឲ្យចូលបក្សក៏មិនមានអ្នកណាដឹងច្បាស់ដែរ ប៉ុន្តែ គេសង្ស័យថា អ្នកឧទ្ទេសនាម សាឡុត ស គឺ ជួន ម៉ុម ដែលបានចូលបក្សកុម្មុយនិស្តបារាំង មួយឆ្នាំមុន សាឡុត ស។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥២ សាឡុត ស បានឡើងកប៉ាល់ចាកចេញពីប្រទេសបារាំង ឆ្ពោះទៅប្រទេសកម្ពុជាវិញ។ ក្រោយពីបានចំណាយពេលអស់ជាង៣ឆ្នាំ នៅប្រទេសបារាំង សាឡុត ស បានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដៃទទេ ដោយគ្មានសញ្ញាបត្រអ្វីសូម្បីតែមួយសន្លឹក ក្រៅតែពីគំនិតកុម្មុយនិស្តនិយម។
មកដល់ប្រទេសកម្ពុជា សាឡុត ស បានប្រឡូកចូលក្នុងជីវិតនយោបាយភ្លាម ដោយមិនមានប្រកបវិជ្ជាជីវៈអ្វីនោះទេ។ សាឡុត ស បានទាក់ទងជាមួយ Pham Van Ba តំណាងបក្សកុម្មុយនិស្តឥណ្ឌូចិន ដើម្បីសុំចូលជាសមាជិកបក្ស។ ដោយសារ សាឡុត ស ជាសមាជិកបក្សកុម្មុយនិស្តបារាំងស្រាប់ បក្សកុម្មុយនិស្តឥណ្ឌូចិនក៏បានទទួលសាឡុត ស ឲ្យចូលបក្ស។
នៅខែសីហា ឆ្នាំ១៩៥៣ សាឡុត ស និងមិត្តភ័ក្តិពីរនាក់ទៀត ដែលមកពីប្រទេសបារាំងដូចគ្នា គឺ រ័ត្ន សាមឿន និង យុន សឿន ក៏បានចូលរួមក្នុងចលនាតស៊ូខ្មែរ ដែលស្ថិតនៅប៉ែកខាងកើតប្រទេសកម្ពុជា ជាប់នឹងព្រំដែនវៀតណាម។ ក្រុមនេះជាសាខាដែលបានបំបែកចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិន កាលពីឆ្នាំ១៩៥១ ហើយស្ថិតក្រោមការគ្រប់គ្រងរបស់ពួកវៀតមិញ ហេតុនេះហើយបានជាគេហៅថា ពួក “ខ្មែរវៀតមិញ”។
នៅក្នុងចលនាតស៊ូនេះ សាឡុត ស បានធ្វើការក្រោមបញ្ជាផ្ទាល់របស់ ទូ សាមុត ដែលពេលនោះជាអនុប្រធានបក្សប្រជាជនបដិវត្តន៍ខ្មែរ។ នៅពេលនោះសហការីដ៏ជិតស្និទ្ធរបស់ សាឡុត ស គឺ សុក ធួក ហៅ វ៉ន វ៉េត ដែលក្រោយមកបានក្លាយជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។
ក្រោយសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ដែលមានចែងអំពីការហាមឃាត់មិនឲ្យមានចលនាតស៊ូប្រដាប់អាវុធនៅលើ ទឹកដីកម្ពុជា សាឡុត ស និង វ៉ន វ៉េត ក៏បានចេញពីព្រៃ ធ្វើដំណើរចូលមកទីក្រុងភ្នំពេញ។
នៅពេលនោះ ពួកកុម្មុយនិស្តខ្មែរបានបង្កើតគណបក្សមួយ ដោយដាក់ឈ្មោះថា “បក្សប្រជាជន” ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ ដែលនឹងរៀបចំធ្វើនៅឆ្នាំ១៩៥៥។ សាឡុត ស ដែលពេលនោះបានប្រើឈ្មោះសម្ងាត់ថា “ប៉ុល” ត្រូវបានបក្សកុម្មុយនិស្តចាត់តាំងឲ្យធ្វើការទាក់ទងជាប្រចាំ ជាមួយគណបក្សប្រជាធិបតេយ្យ ព្រោះក្នុងចំណោមថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ មានមនុស្សមួយចំនួន ដូចជា កេង វ៉ាន់សាក់ និង ជួន ម៉ុម ជាដើម ដែល សាឡុត ស ធ្លាប់ស្គាល់យ៉ាងជិតស្និទ្ធ កាលពីនៅប្រទេសបារាំង។
ក៏ប៉ុន្តែ បក្សប្រជាជនរបស់ពួកកុម្មុយនិស្តបានទទួលបរាជ័យ នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ១៩៥៥ ដោយរកមិនបានសូម្បីតែមួយសំឡេងក្នុងសភាជាតិ។ សាឡុត ស ក៏ស្ថិតក្នុងភាពតែលតោល មិនមានការងារអ្វីធ្វើឲ្យប្រាកដប្រជា។ ពេលនោះហើយ ដែលសាឡុត ស ចាប់ផ្តើមចាប់យកអាជីពជាគ្រូបង្រៀន៕
Sources: www.khmer.rfi.fr
No comments:
Post a Comment