Friday, February 24, 2012

កម្រងទំនុកបទចម្រៀងថ្មី



ជាស្នាដៃដ៏បា្រកដ ដែលផុសចេញពីទេពកោសល្យ  
និង មនសិការខ្ញុំជាខែ្មរសុទ្ធសាធ។


ជាទំនុកបទចម្រៀងថ្មី ពុំបានលួចកែ បកប្រែ ឬចម្លងចេញពីសា្នដៃរបស់នរណាម្នាក់ឡើយ។
រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨

   នេះជាបទដំបូងបំផុតរបស់ខ្ញុំ។ វាគឺជាអនុស្សាវរីយ៍ថ្ងៃដំបូងក្នុងជីវិតរបស់ខ្ញុំ
ដែលបានឈានជើង ជាន់ទឹកដីអង្គរ ខេត្តសៀមរាប នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០០៣។ ខ្ញុំបានដើរតាំងពីស្ពានថ្មរហូតដល់បា្រសាទអង្គរវត្កនាម៉ោង៤ល្ងាច។ សងខាងផ្លូវ​ អបដោយដើមឈើធំៗមានម្លប់ដ៏ត្រជាក់ល្ហឹមនិងសំឡេងរៃកណ្តឹងយំ
យ៉ាងទ្រហ៊ឹងអឹងកងរំពងលាន់ឮពេញព្រៃដែលជាចំណីអារម្មណ៍ប្លែកដោយក្នុង
មួយជីវិតរបស់ខ្ញុំទើបតែបានជួបប្រទះនាពេលនោះប៉ុណ្ណោះ!ហើយវាក៏ជាថ្ងៃទី
មួយដែលខ្ញុំបានឮរៃកណ្តឹងយំ! សំឡេងវាយំពិតជាខ្លាំង ស្រួយ ហើយ គ្រលួចពន់ពេកណាស់! ដំបូងខ្ញុំមិនបានដឹងថានោះជាសំឡេងរៃយំសោះឡើយ។​ ខ្ញុំដើរដល់បង្គោលថ្មពណ៌សមួយដែលមានសរសេរពាក្រថា  "សូមស្វាគមន៏" ហើយមកហួសទីនោះបន្តិចមានសត្វស្វាជាច្រើនរត់ប្រដេញគ្នាចុះឡើងដណ្តើមចំណីគ្នាដែលអ្នកទេសចរណ៍ភាគច្រើនពេលមកដល់កន្លែងនេះតែងឈប់បោះចំណីឲ្យពួកវានឹងថតរូបទុកជាអនុស្សាវរីយ៍។ខ្ញុំឈប់ទីនោះឈរអែបទៅកៀននៅខាងស្តាំដៃហើយងាកមើលក្រោយអត់មានឃើញនរណាសោះ!ពុទ្ធោអើយ!ខ្ញុំនេះចំជាល្ងង់រកលេខដាក់គ្មានមែន!តាមពិតខ្ញុំស្មានតែសំឡេងនោះជាសូរសឺរ៉ែននៃក្បួន
រថយន្តដឹកអ្នកធំណាមួយទៅលេងអង្គរវត្ត!ដឹងអី!!!ប៉ុន្មានថ្ងៃក្រោយមកទើប
មានគេបា្រប់ខ្ញុំថា នោះជាសំឡេងរៃកណ្តឹងយំទេ។


  បន្ទាប់ពីងាកមើលក្រោយហើយអត់មានឃើញរថយន្តមួយសោះនោះខ្ញុំក៏បន្ត
ដំណើរទៅមុខទៀតហើយចេះតែងាកមើលក្រោយជាញឹកញាប់នឹងងើញមើលមែកឈើធំៗ ដោយខ្ញុំក៏មាន  ការសង្ស័យថាសំឡេងនេះចេញពីប្រភពនោះដែរ តែខ្ញុំមិនបាននឹកដល់រៃកណ្តឹងនោះឡើយ។ដោយសារសំឡេងវាពេលខ្លះកាន់តែឮខ្លាំងទៅៗ ខ្ញុំក៏ចាប់ផ្តើមបញ្ចេញសំឡេងគ្រហ៊ឹមត្រាប់តាមរៃយំ រងំៗតែម្នាក់ឯង! បន្តិចក្រោយមក ខ្ញុំក៏មានការចាប់អារម្មណ៍លើអ៊ឺនគ្រហ៊ឹមរបស់ខ្លួនឯង ដោយ ព្យាយាមរកនឹកថានោះជាបទអ្វីថាតើខ្ញុំធ្លាប់ច្រៀងឬឮបទនេះពីមុនមកដែរឬទេ!
ទេ! គឺមិនដែលទេ! ខ្ញុំព្យាយាមគ្រហ៊ឹមឡើងវិញម្តងហើយម្តងទៀត រហូតខ្ញុំអាចចងចាំអ៊ឺនគ្រហ៊ឹមនោះបាន ហើយប្រាកដក្នុងចិត្តថាវាជាMelodyថ្មី គឺជាទំនុកបទចម្រៀងថ្មី!

 មកដល់បន្ទប់ជួលស្នាក់នៅវិញខ្ញុំចាប់ផ្តើមសរសេរទំនុកទៅតាមអ៊ឺនគ្រហ៊ឹមដែល
ខ្ញុំបានគ្រហ៊ឹមច្រៀងឡើងដោយចៃដន្យ!ហើយទីបំផុតបទចម្រៀងថ្មីសុទ្ធសាធ
មួយបានលេចចេញជារូបរាងទាំងទំនុកទាំងអត្ថន័យនិងអ៊ឺនច្រៀង!ខ្ញុំច្រៀងបទ
នេះសារចុះសារឡើងជាច្រើនសិបដងហើយបានប្រាកដច្បាស់ក្នុងចិត្តថាគឺជា
បទថ្មី ថ្មីដោយខ្ញុំសូមនិយាយតែដដែលៗថាវាជាបទថ្មីដោយមិនបានយក  លំនាំ ឬក៏កែទំនុកចេញពីបទរបស់អ្នកណាមួយសោះឡើយ!ខ្ញុំសប្បាយចិត្តនឹងរំភើបក្រៃលែងនឹងមានមោទនភាពចំពោះខ្លួនឯងពន់ពេកណាស់ដែលខ្ញុំអាចធ្វើវាបានដោយពីមុនមកខ្ញុំបានត្រឹមតែចេះតែងនិពន្ធចេញជាកំណាព្យប៉ុណ្ណោះ! 

    សូមអរគុណទឹកដីអង្គរ ខេត្តសៀមរាប .... សូមអរគុណរៃកណ្តឹង ដែលបានធ្វើឲ្យភាពរីករាយ និងក្តីរំភើប ដោយបានឃើញអ្នក ឮសំឡេងអ្នកហើយបណ្តាលឲ្យខ្ញុំដុះចេញនូវទេពកោសល្យថ្មីដោយពុំដឹងខ្លួន!


១   អនុស្សាវរីយ៍នៅអង្គរវត្ត 
១​ ខ្ញុំដើរតាមផ្លូវទៅកាន់អង្គរ     រៃយំបន្ទរហាក់ជួយអបអរទេសចរណ៍នៃខ្ញុំ
  ​  តាមផ្លូវរុក្ខជាតិខ្ពស់ទាបតូចធំ   ម្លប់សែនភិរម្យ  ធើ្វអោយរូបខ្ញុំរសាយកង្វល់។

២ អង្គរខ្ញុំអើយមិនបាននៅស្ងៀម   ​  ភ័ក្រ្តអ្នកញញឹមឈរចាំស្វាគមន៏នៃការមកដល់
   ជនសែនលាននាក់គយគន់គិតឆ្ងល់     រូបឆោមនិមល   នឹកស្មានមិនដល់ស្ថាបត្យកម្ម។

បន្ទរ  បា្រសាទអង្គរដក់ជាប់ដួងចិត្ត  ​   ជាឋានតុសិតដែលខ្ញុំចងចាំ
     ផ្ទាំងសិលាមាសចាំងឆ្លុះរបាំ     ឆ្លាក់ជាប់ជពាំា្ជង   កំពុងរេរាំនៅក្នុងអង្គរ។

៣ បា្រសាទអង្គរឈរមាំជាប់ជាក់     ខែ្មរដឹងគុណអ្នករក្សាឥតអាក់បា្រង្គបា្រសាទថ្ម
     ដុំមាសដុំពេជ្រថៃ្លពិតឆើតល្អ    មិនសើ្មដុំថ្ម   បា្រសាទអង្គរបវរខែ្មរឡើយ។

ថៃ្ងទី២១​ ខែមិនា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ


 សូមរក្សាសិទ្ធិ


រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨

 បទរាជនីសៀមរាបបានប្រសូត្រឡើងទៅតាមការស្រមើស្រម៉ៃរបស់ខ្ញុំតែ
ប៉ុណ្ណោះនោះក៏ព្រោះតែក្តីរំភើបភាពសប្បាយចិត្តបន្ទាប់ពីបានឃើញប្រាសាទ
អង្គរវត្តរបស់ខ្មែរដ៏ល្អឯកគ្មានពីរលើលោកដែលបានចាក់គ្រឹះយ៉ាងរឹងមាំបំផុត ឈរបង្អួតសម្រស់ដល់ជនប្រុសស្រីរាប់រយឆ្នាំមកហើយ!

 អត្ថន័យក្នុងបទមួយនេះខ្ញុំបានសរសេរទំនុករៀបរាប់ទៅតាមទំនោរអារម្មណ៍ 
ដែលបានដក់ជាប់នូវសម្រស់នារីលក់ផ្លែមាក់ប្រេងមាក់ប្រាងដែលខ្ញុំបានឃើញ
ពួកគេកំពុងទូលខ្លះក៏កណ្តៀតនៅនឹងចង្កេះហើយពួកគេភាគច្រើនអាចនិយាយ
ភាសាអង់គ្លេសទៅកាន់ភ្ញៀវទេសចរណ៍បរទេសដែលគួរឲ្យមោទនៈណាស់។

២   រាជនីសៀមរាប
១   ខ្ញុំសែនរំភើបក្នុងដួងចិត្តកៃ្រ     ដូចឋិតឋានសួគ៌ាល័យ     ដែលខ្ញុំស្រម៉ៃជាប់ក្នុងសុបិន
     រៃយំគ្រលួច  លួចបា្រប់មាសឆ្អិន     កវីភ្នំពេញជាប់ចិត្តស្រឡាញ់ម្ចាស់មាក់បេ្រងហើយ។

២​   អប្សារារេរាំជាប់បា្រង្គអង្គរ    ជួយពាំនាំពាក្យអង្វរ   ប្រាប់ទៅស្រីល្អអោយទ្រូងបានស្បើយ
     បងមកពីនាយ   បានជួបត្រាណត្រើយ     កែវកុំកនើ្តយរៀមចាំចម្លើយឆ្លើយមកព្រលឹង។

បន្ទរ   កែវភែ្នកមុតថ្លាបាញ់ចំដួងចិត្ត     ស្នេហ៍ហើយអាណិត     សូមផើ្ញជីវិតលើផ្កាដងស្ទឹង
     អូនកុំប្រកែកកកុំប្រកាន់ខឹង     រៀមសូមផ្ញើឆ្អឹង     មាក់បេ្រងដងស្ទឹងជួយចាំសម្តី។

៣   មេបាចាស់ទុំលោកបានដឹងឮ     ព្រះអង្គចេកចមទាំងពីរ     សូមយកផ្កាភ្ញីដែលខ្ញុំថ្វាត់ថ្វាយ
    បុបា្ផដងស្ទឹងរៀមសូមថ្នមបី     អង្គរសាក្សីរាជនីបុរីសៀមរាបខ្ញុំអើយ។

ថៃ្ងទី២៦ ខែមិនា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                               ឈាមខ្មែរ
    
សូមរក្សាសិទ្ធិ



រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨

     បើនឹងនិយាយរៀបរាប់ទៅ វាបីដូចជាខ្សែរឿងប្រលោមលោកមួយ
ហើយខ្ញុំក៏មិនទាន់ហ៊ានបរិយាយឲ្យក្បោះក្បាយនិងស៊ីជម្រៅវែងអន្លាយបានឡើយពីព្រោះវានឹងត្រូវប៉ះពាល់សិទ្ធិផ្ទាល់ខ្លួននៃម្ចាស់រឿងរ៉ាវនេះជាក់ជាមិនខាន! 
ខ្ញុំគ្រាន់តែអាចជម្រាបបានថា នេះគឺជារឿងពិត​ ដែលបានកើតឡើងនៅក្នុងជីវិត
របស់បុរសម្នាក់ ដែលកាលណោះគាត់បានជួលបន្ទប់ស្នាក់នៅក្បែរបន្ទប់ខ្ញុំដែរ 
ហើយអ្វីដែលខ្ញុំបានដឹង គឺតាមរយះអ្នកជិតខាង ជាពិសេសអ៊ុំស្រីម្ចាស់ផ្ទះជួលនៅ
ឯខេត្តសៀមរាបនោះតែម្តង! 

 ភាពជាបុរសដូចគ្នាដែលពោរពេញដោយមនោសច្ចេតនាបរិសុទ្ធសេចក្តីសេ្នហា
ដ៏ស្មោះស្ម័គ្រចំពោះនារីដែលខ្លួនស្រឡាញ់សឹងតែលើសពីជីវិតខ្លួនឯងទៅទៀត 
តែអនិច្ចារ សង្ខាស្រីត្រូវឃ្លាត ឆ្ងាយៗ ដោយមិនអាចវិលត្រឡប់វិញបាន។ 
ពេលនោះហើយការឈឺចាប់ ការសោកស្តាយ ហើរចូលសន្ធិតក្នុងខ្លួនយើង ត្រឹមតែមួយវិនាទីប៉ុណ្ណោះ!ខ្ញុំយល់នូវអារម្មណ៍នូវទំហំនៃការឈឺចាប់របស់គាត់ តែខ្ញុំមិនអាចជួយអ្វីគាត់បានឡើយគឺបានត្រឹមតែចូលរួមសោកស្តាយ នឹងនាំយកអារម្មណ៍ឈឺចាប់ដ៏សែនក្តុកក្តួលរបស់គាត់មកដាក់ក្នុងខ្លួនខ្ញុំ ហើយរ៉ាយរាប់ចេញជាទំនុកបទចម្រៀងមួយនេះតែប៉ុណ្ណោះ! 
ខ្ញុំសូមសារភាពប្រាប់មិត្តអ្នកអានតាមត្រង់ថាពេលដែលខ្ញុំដាក់អារម្មណ៍ 
កំពុងសរសេរបទនេះនាពេលនោះបេះដូងរបស់ខ្ញុំបីដូចធ្លាប់បានឆ្លងកាត់រឿងរ៉ាវ
ដ៏សោកសង្រេងរបៀបនេះយ៉ាងដូច្នោះដែរហើយទឹកភ្នែករបស់ខ្ញុំក៏បាន
ស្រក់ចុះមកដោយមិនដឹងខ្លួន!

៣   សុរិយាអស្តង្គត នៅមុខ អង្គរ 

១ ទំនួញរៃយំលើចុងព្រឹក្សព្រៃ     ថ្ងួចថ្ងូរស្តាយរូបកាយស្រី     ទៅកាន់ភពថ្មីឆ្ងាយពីបងហើយ
    ទឹកភ្នែកបងហូរសួររកចម្លើយ   ចុះហេតុម្តេចឡើយ     ទ្រូងធ្លាប់គេងកើយប្រែជាព្រាត់បាន។

២​  អកុសលផលកម្មបងបែកពីអូន  ជីវិតរសាត់ដូចក្បូន ឃ្លាតឆ្ងាយសោះសូន្យលូនផុតជើងមេឃ 
    ក្លែបក្លិនសម្ផស្សថតជាប់កែវភ្នែក   មេបាចិត្តក្អែក     អូនស៊ូទូលរែកលើក្តីមរណា។

បន្ទរ  អូនសុរិយាអើយឮទេនួនល្អង     អកព្រាត់បង្គងរស់រងទុក្ខា     បា្រណធ្លាប់ថ្នមបីដៃធ្លាប់កៀកស្មា     យើងធ្លាប់យាត្រាទៅលេងអង្គរ។

៣   បាយ័នតាព្រហ្មគឺជាសាក្សី     ព្រះខ័នបា្រសាទប្រពៃ   ​ ធ្លាប់ដឹងចិត្តស្រីភក្តីស្មោះស
     ទឹកថ្លាស្រះស្រង់ខ្ញុំសូមអង្វរ   ជួយប្រោសស្រីល្អ     រស់ឃើញអង្គរនិងខ្ញុំវិញផង។

ថៃ្ងទី៣០ ខែមិនា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
       
សូមរក្សាសិទ្ធិ



រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨

៤   អង្គរឋានស្នេហ៍ឧត្តម 

១  ប្រុស  មើលនុ៎ះន៏!បា្រសាទអង្គរល្បីល្បាញ     ដូចព្រះចន្ទកំពុងតែរះថ្លៃថ្លា     
                        អូននិងបងកំពុងចរយាត្រា     ទៅទស្សនាបា្រង្គបា្រសាទខែ្មរ។

២   ស្រី   អូនជួបបងនៅតាមដងស្ទឹងសៀមរាប     គន់ទេសភាពរៀបរាប់ដួងចិត្តម្ចាស់ស្នេហ៍
                  ប្រុសភ្នំពេញតើអូនអាចជឿបានទេ     ប្រុសកំពូលស្នេហ៍មានអ្វីសាក្សី។

បន្ទរ   ប្រុស​   សាក្សីស្នេហ៍យើងនេះហើយ     នៅជិតបង្កើយអូនអើយមើលទៅ
           រួម     សូមអង្គរជួយចាំពាក្យខ្ញុំនិងពៅ     ពេលនេះតទៅយើងស្មោះនិងគ្នា។

៣   រួម    ទៅយើងនាំគ្នាមុជទឹកក្នុងស្រះស្រង់     មើលរំចង់រីករហង់ក្នុងគង្គា
                  សូមបា្រសាទបាយ័នជួយចាំវាចា     យើងសាងស្នេហាលើដីអង្គរ។


ថៃ្ងទី១ ខែមេសា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
     
សូមរក្សាសិទ្ធិ




រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨

៥   គូស្នេហ៍ក្រោមតំណក់ភ្លៀង
១   ស្រី​​     សូរផ្គរគ្រឹមៗរលឹមតក់ៗ     យើយទាំងពីរនាក់យាត្រាក្រោមតំណក់ភ្លៀង
                   យើងរត់ប្រលែងយើងស្រែកយើងច្រៀង     ជាសំនៀងចម្រៀងភាសាដួងចិត្ត។

២​   ប្រុស     សូរស័ព្ទវាយោបក់បោកព្រឹក្សព្រៃ     ជាភ្លេងពរជ័យភក្តីដល់គូជីវិត
                        ដួងចន្ទភ្លឺថ្លាចាញ់ភ័ក្រ្តវរមិត្រ     ស្នេហ៍យើងស្មោះពិតដួងចិត្តតែមួយ។

បន្ទរ   ប្រុស     វាយោរំភើយ   ពៅបងអើយអូនគេងកើយទ្រូងរៀមរ៉ា
             ​រួម     ស្នេហ៍យើងស្មោះស្ម័គ្រអស់ពីចិន្តា     សូមស្បថសច្ចានៅមុខចេតី្តយ។

៣   រួម     សូមខ្យល់រន្ទះផ្គរព្រះភិរុណ     ព្រះមេមានគុណប្រគុំជាតូរតន្រ្តី
                  ដល់គូសង្សារសំណព្វហរទ័យ     ជាតិនេះជាតិថ្មីសេ្នហ៍យើងអមតះ។


ថៃ្ងទី១៥ ខែមេសា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
     
សូមរក្សាសិទ្ធិ



រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨

៦   រំដួលអង្គរ
១   ចៃដន្យឃើញចន្ទរះចំកណ្តាលថៃ្ងត្រង់     ភ័ក្រ្តាក្រឡង់លាយឡំនិងហ្វូងតារា
      ចន្ទអើយល្អម្លេះល្អគាប់ជាប់ដួងចិន្តា     ខ្ញុំមានវាសនាឃើញចន្ទម្នាក់ឯង។

២    ពិដោររំដួលរំជួលដួងចិត្តខ្ញុំហើយ     ក្លិនរំដួលអើយធ្វើឲ្យទ្រូងរៀមចំបែង
     ថ្ពាល់ខួចទាំងសង ចិញ្ចើមងសមកៃ្រលែង     ពណ៌ផែ្លមាក់បេ្រងក៏ចាញ់ថ្ពាល់ស្រី។

បន្ទរ     រំដួលជាប់ទងអើយ     សូមស្តីឆ្លងឆ្លើយរកប្រុសកវី
            បេះដូងញាប់ញ័រព្រោះរំដួលស្រី     រំដួលបុរីអង្គរស្នេហា។

៣     រំដួលអង្គរម្តេចឈរស្ងៀមមិនស្រដី     បានជួបកវីសូមពិសីឆ្លើយវាចា
        អង្គរអន្ទងឲ្យខ្ញុំបានជួបបុប្ផា     សូមស្ងួនមេត្តាចិន្តាបងទៅ។


ថៃ្ងទី១៥ ខែឧសភា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
       
សូមរក្សាសិទ្ធិ



៧     បា្រសាទប្រែរូប ស្នេហ៍ខ្ញុំប្រែចិត្ត 

១   ក្រោមមេឃព័ណ៌ខៀវកាត់វាលស្មៅខ្ចី     បងដឹកដៃស្រី     សាសងសម្តីមុខផ្ទាំងសិលា
      ភ្លៀងផ្គរគ្រឹមៗម៉ុមញ័រកាយា     ឱបទ្រូងរៀមរ៉ា     អង្វរចិន្តាបងកុំភ្លេចស្រី។

២   បា្រសាទប្រែរូបអូនស្បថសច្ចា     មុខអង្គអ្នកតា     មានផ្ទាំងសិលាជួយជាសាក្សី
     បត់ជើងសំពះកាន់ធូបជាប់ដៃ     ពាក្យពេចន៍មានន័យ     ឥឡូវអ្វីៗស្រីលែងនឹកនា។

បន្ទរ     បា្រសាទប្រែរូបនៅស្រស់ញញឹម     ប្លែកតែមាសម៉ុមក្បត់ចិត្តឃ្លាតឃ្លា
         តើបងខុសអ្វីបា្រប់ផងពុំងា     មុននឹងបែកគ្នាឱ្យរៀមអស់ចិត្ត។

៣   ដៃអើយដៃធ្លាប់ប្រលោមឱបកាយ     ពេលនេះព្រាត់ឆ្ងាយ     ឃ្លាតពីរូបកាយអូនតែងអាណិត
       បា្រសាទនៅរឹងឈរជាប់មាំពិត     បាត់តែវរមិត្រ     ខានបានស្នេហ៍ស្និទជិតបា្រសាទហើយ។


ថៃ្ងទី១៦ ខែឧសភា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
     
សូមរក្សាសិទ្ធិ




៨   ជីវិតគ្រូបង្រៀន

១   សំណព្វដួងចិត្តជីវិតខ្ញុំអើយ     គឺកង់នេះហើយដែលជាមិត្តខ្ញុំ
      យើងបានឆ្លងកាត់ឧបសគ្គតូចធំ     ដល់ដែនភិរម្យទ្រនំសុខា។

២   ខ្យល់ភ្លៀងរងាថ្ងៃក្តៅមិនណាយ     ជិះយ៉ាងសប្បាយទៅកាន់សាលា
      ទោះសិស្សមើលងាយខ្ញុំមិនហ៊ឺហា     ធ្វើម្តេចអាត្មាខ្ញុំជាអ្នកក្រ។

បន្ទរ   ក្រមែនទ្រព្យាវិជ្ជាខ្ញុំមាន     ខ្ញុំមិនបំពានលោភៈទោសៈ
           បង្រៀនភាសាកាន់ជាប់សច្ចៈ     មិត្តអើយចាំជាក់វិជា្ជជាទ្រព្យ។

៣   យើងស៊ូមានឈ្នោះថាជាអ្នកក្រ     តែកិតិ្តយសល្អមិនប្រព្រឹត្តថោក
      អំពើលាមកកុំយកខ្ញួនតោង     នាំតែសណ្តោងតែទុក្ខកម្មពា។


ថៃ្ងទី២០ ខែមេសា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
          
សូមរក្សាសិទ្ធិ



៩   ភូមិជីវិតខ្ញុំ

១   ទឹកហូរក្នុងព្រែក   ព្រែកស្នេហាខ្ញុំ     បងឃើញមាសម៉ុមចុះបេះកញ្ឆែត
      បេះដូងស្ទើរស្លុតឃើញអូនល្អប្លែក ហ៊ឹ ............. ទងត្រួយកញ្ឆែតបញ្ឆៀងភ្នែកស្រី។

២   ទឹកហូរក្រោមស្ពាន   ស្ពានស្នេហាខ្ញុំ     ស្រណោះស្រីម៉ុមទូលបាវស្មៅខ្ចី
      បងរែកអូនទូលឆ្លងស្ពានត្នោតថ្មី ហ៊ឹ........... ស្រណោះសម្តីពិសីឆ្លើយឆ្លង។

បន្ទរ   អនុស្សាវរីយ៍ភូមិស្នេហ៍ពោធិស្មាត     ចិត្តខ្ញុំមិនភ្លេចគ្រាខ្សត់មួហ្មង
          ធ្លាប់រត់ប្រឡែងរកត្រីរាវខ្យង     ធ្លាប់នាំនួនល្អងកាត់វាលស្រូវទុំ។

៣   ទឹកហូរហូរទៅ   ហូរទៅសែនឆ្ងាយ     ក៏ចិត្តមិនណាយដែនដីសុខុម
       ឆ្មាពួនពោធិស្មាតភូមិសែនមនោរម្យ ហ៊ឹ.......... ញាតិអើយរូបខ្ញុំមិនភ្លេចលោកឡើយ។

ថៃ្ងទី២០ ខែមេសា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
         
សូមរក្សាសិទ្ធិ
    

១០   ម្ចាស់កែវភ្នែក

១   សូរផ្គររន្ទះភ្លៀងធ្លាក់ជោគជាំ     ឲ្យបេះដូងខ្ញុំក្រៀមក្រំ     នឹកដល់មាសម៉ុមនាងនៅម្នាក់ឯង
    ចិត្តមួយព្រួយនឹកចិត្តមួយក្តុកក្តួលចំបែង     អារម្មណ៍វង្វេង     ខ្លាចអូនបែកឆ្វេងមានថ្មីចោលបង។

២   ផ្គររន្ទះភ្លៀងច្រៀងបែកវេហា     នឹកគ្រារៀមថ្នមកាយា     ក្នុងវង់ហត្ថាមិនដែលមានហ្មង
    ដំណក់ទឹកភ្លៀងធ្លាក់ជ្រែកដូចទឹកភ្នែកបង   ស្រណោះគ្រាកន្លង    អូនហើយនិងបងរួមរ័កស្នេហា។

បន្ទរ   ភ្លៀងៗផ្គរបន្ទរដួងចិត្ត   អារម្មណ៍នឹកកែវវរមិត្រ     ធ្លាប់រួមស្នេហ៍ស្និទក្នុងខ្ទមជរា
           ខ្ទមស្នេហ៍កម្សត់ស្រណោះបទភ្លេងផ្ទឹមការ     បាយខុនផ្កាស្លា     អំបោះហត្ថាចងយើងពីរប្រាណ។ 
៣   សូមផ្គររន្ទះជួយប្រាប់ចិន្តា     ដែលជាម្ចាស់កែវនេត្រា     ខ្ញុំនឹកជីវ៉ាឥតមានស្រាកស្រាន្ត
នឹកគ្រាមុនបែក   អូនយំឱបបងមិនលែង     គេងព្រួយតែឯងតើអូនចំបែងព្រួយដូចបងទេ?

ថៃ្ងទី២៥ ខែមេសា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
    
សូមរក្សាសិទ្ធិ
    


១១   ម្លប់ត្នោត ម្លប់ស្នេហ៍


១   ប្រុស     បងឡើងបេះត្នោត     ខ្វេះក្លែបចងដោតត្រណោតជូនអូន
                   រង់ចាំមាសស្ងួន     បាត់សូន្យមិនឃើញពៅមកជួបបង
                   ក្លែបត្នោតបងផ្អែម     ដូចក្លែបមាត់ស្រីបងធ្លាប់ថើបថ្នម
                   ឥឡូវបាត់សូន្យ     ឬមួយនឹមនួនស្ងួនភ្លេចសន្យា។

២   ស្រី     អូនមកដល់ហើយ     ម្ចាស់ស្នេហ៍អូនអើយបងកុំសង្កា
                 ពាក្យបងផ្តាំថា     ឲ្យអូនយាត្រាមកជួបស្នេហ៍ស្នង
                 នេះនែ៎កពា្ចប់     បាយអូនវិចស្រាប់ជាមួយញាំខ្យង
                 ម្ហូបដែលប្រុសបង     ចូលចិត្តកន្លងប៉ងញុំាពីរនាក់។

បន្ទរ   ប្រុស     វាលស្រែស្រូវទុំយើងច្រូតជិតគ្នា     ពេលថ្ងៃសន្ធិយាបងគេងកើយភ្លៅ
          ស្រី         គេងមកប្រុសថ្លៃស្រីបំពេពៅ     ម្លប់ត្នោតស្រែស្រូវភ្លៅអូនជាខ្នើយ។

៣   រួម     ត្នោតអើយត្នោតកេរ្តិ៍     ត្នោតពីដូនតាចំការវាលស្រែ
                ត្នោតរបស់ខ្មែរ     ផ្អែមឆ្ងាញ់ម្លេះទេត្នោតស្រែស្រុកយើង
                ត្នោតខ្ពស់សន្លឹម     ឈរយ៉ាងញញឹមក្រោយធ្នឹមចំបើង
                ដូចក្តីស្នេហ៍យើង     កំពុងដុះឡើងដើមស្នេហ៍បរិសុទ្ធ។


ថៃ្ងទី០៣ ខែឧសភា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
      
សូមរក្សាសិទ្ធិ



១២     មន្តនេត្រា

           ១   បាញ់ចំបេះដូងរូងថ្លើមប្រម៉ាត់បង     កែវភ្នែកនួនល្អងភ្លឺថ្លាដូចពេជ្រពណ្ណរាយ
                 ចុះកែវភ្នែកអ្វីល្អលើសចន្ទសួគ៌ាល័យ     មន្តនេត្រាស្រីឲ្យស្លុតចិន្តា។

          ២     សម្លឹងចំម្តងបងលង់ស្នេហ៍អូនហើយ     ម្តេចក៏កន្តើយមិនមេត្តាបងផងជីវ៉ា
                 ដឹងទេបងកំពុងលង់ស្នេហ៍កែវនេត្រា     សូមថ្លៃមេត្តាស្នេហាបងទៅ។

          បន្ទរ   ម្ចាស់កែវភ្នែកអើយ!     ខ្ញុំចុះចាញ់ហើយមន្តនេត្រាស្រី
                   ទោះចន្ទលើមេឃនៅចាញ់ភ្នែកស្រី     ភ្នែកមានរស្មីចរណៃមាសមេ។

         ៣     ទោះបីត្រូវស្លាប់ក៏រៀមមិនរាឡើយ     ជួបភ្នែកត្រាណត្រើយបងត្រូវតែស៊ូប្តូរយកស្នេហ៍
                 សូមម្ចាស់នេត្រានាងកុំមានចិត្តបែកងាករេ     កែវភ្នែកម្ចាស់ស្នេហ៍រៀមថែលុះក្ស័យ។

ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ

សូមរក្សាសិទ្ធិ



១៣   កាយហង្ស ចិត្តក្អែក

១   សុរិយាប្រឹងលិចបំភ្លេចលោកា     លាស្រីសតែកាយា     តែចិត្តឬស្យាប្រហារស្នេហ៍ខ្ញុំ
ហង្សព្រៃចូលស្រុក     ហើរចោលសំបុកសុខុម     ខំក្លែងខ្ឡួនជាក្រមុំ     ទួញយំឲ្យគេអាណិត។

២   កាយជាសត្វហង្សតែចិត្តក្អែក     ប្រុសល្ងង់ត្រូវឈ្លក់វង្វេង    សម្ផស្សស្រីលែងហើរស្វែងគ្មានគិត
ស្រីល្អតែឈ្មោះ     យករូបធ្វើជាកាំបិត     ចាក់ប្រុសឲ្យរងគ្រោះចិត្ត     មិនគិតពីបាបកម្មពារ។

បន្ទរ   ទៅឲ្យបាត់ចុះបើស្រីនាងអស់និស្ស័យ     ខ្ញុំសូមដៀលនាងកាកី     ពីរបីមិនស្កប់ចិន្តា
ខ្ញុំសូមស្រែកច្រៀង     ចម្រៀងផ្តាំប្រុសគ្រប់គ្នា     ប្រយ័ត្នមន្តស្រីមាយា     ប្រហារបេះដូងដួងចិត្ត។

៣   ស្រីអើយសូមស្រីនាងកែនិស្ស័យ     មេត្តាសណ្តោសប្រណី     បេះដូងភក្តីបុរសស្មោះពិត
កុកហើរលើមេឃ     គង់មានថ្ងៃជាប់ជុងស្អិត     សុរិយាមានរះមានលិច     ម្តេចដួងចិត្តអូនមិនប្រែ។


ថៃ្ងទី៤ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



     ១៤     បុប្ផាកោះនរា
   ១   គយគន់ទេសភាពតាមដងទនេ្ល   មើលសត្វរំពេរហើរឆាបគង្គា
បុប្ផាចំរុះដែនកោះនរា   សែនពេញទ័យាតែបុប្ផាមួយ។

២   ផ្កាកោះនរាផ្កាគាប់នេត្រា   ផ្កាគ្មានបន្លានឹងឲ្យចិត្តព្រួយ
បុប្ផាក្រពុំរុំជាប់ទងត្រួយ   បេះដូងរលួយលើបុប្ផាហើយ។

បន្ទរ   ដែនកោះនរាខ្ញុំបានសួរផ្កា   នៅក្នុងចំការនាងអៀនមិនឆ្លើយ
កែវគេចមុខបងបែរខ្នងព្រងើយ   ម្តេចក៏កន្តើយឲ្យរៀមសោកា។

៣   បុប្ផាកោះអើយបងផ្ញើជីវិត   រៀមបានតាំងចិត្តចូលដល់មេបា
សូមកុំប្រកែកប្រកាន់រៀមរ៉ា   សូមភ្ជាប់វាសនាផ្កាកោះនរាអើយ។

ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ

សូមរក្សាសិទ្ធិ



១៥     ពន្លកស្នេហ៍កោះនរា

   ១ "ស្រី"   នែ៎.....ប្រុសនេះមកពីណា     ចិត្តអីហានក្លាបេះផ្កាសួនស្រី
     មុខមាត់រូបរាងល្អសមពេកក្រៃ     កោតមិនហារស្តីសុំស្រីជាម្ចាស់។

   ២ "ប្រុស"   ទេ.....កំណាញ់អ្វីម្លេះពៅ     រៀមចង់ស្រែកហៅខ្លាចពៅអៀនខ្មាស
ពិដោរបុប្ផាផ្កាក្រអូបណាស់     សូមក្រេបក្លិនខ្លះភ្ជាប់ក្នុងបេះដូង។

បន្ទរ "ស្រី"   ខ្ញុំមិនកំណាញ់ទេណាប្រុសថ្លៃ     តែផ្កាស្រស់ស្រីឋិតក្នុងរបង
   ផ្កាអូនមានមេបាថែគ្រប់គ្រង     សូមចិត្តប្រុសបងមេត្តាយោគយល់។

៣ "ប្រុស"  ឱ!....ផ្កាកោះនរាអើយ     រៀមបងយល់ហើយត្រើយចិត្តអំពល់
បងនឹងចូលស្តីផ្កាស្រីនិម្មល     "ស្រី" អរគុណស្នេហ៍ស្នងយល់ក្តីស្នេហា។
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



      ១៦     ផ្កាកោះរុះរោយ
១ ទំនួញឃ្មោះការលាន់ឭរងំ     បាយខុនចងដៃការម៉ុម     ឲ្យបងយំរាប់ព្រឹក្សព្រៃ
ដែនកោះនរាពុំងាស្បថក្រោមម្លប់ជ្រៃ     ឥឡូវបំភ្លេចសម្តី     រូបស្រីរៀបការទៅហើយ។

២ សោភ័ណបុប្ផាធ្លាប់ស្រស់ញញឹម     ដួងចិត្តធ្លាប់គេងសង្ឃឹម     បានផ្ទឹមរៀបការត្រាណត្រើយ
ឱ!...កោះនរាសូមអ្នកជួយផ្តល់ចម្លើយ     ផ្កាខ្ញុំគេបេះបាត់ហើយ     ចិត្តអើយតើសង្ឃឹមអ្វី។

បន្ទរ ឱ!...បុប្ផាច្បារកោះនរាអើយ     ម្តេចក៏បាក់ទងទៅហើយ     ពៅអើយចិត្តដាច់ម្លេះស្រី
គង្គាទនេ្លដែនកោះនរាភក្តី     ធ្លាប់ដងស្រោចផ្ការាល់ថ្ងៃ     ហេតុអ្វីស្រីក្បត់រូបបង។

៣ ចិត្តស្មានថាផ្កាគន្ធាក្រពុំ     ពិដោរសមរូបរម្យទម     តាមពិតចិត្តម៉ុមយង់ឃ្នង
បុប្ផាលាក់ពិសក្លែបក្លិនពិតឆ្ងាយលំអង     លាហើយបុប្ផាស្វិតទង     សូមផ្សងកុំឲ្យយល់ទៀត។ 


ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



១៧     ទំនួញបុប្ផាកោះនរា 

 ១   វិហាធំធេងចិត្តសែនខ្វាយខ្វល់ ហ៊ឹ.......     រសាប់រសល់នឹកដល់តែបង ហ៊ឹ.....
បងអើយបងយល់ខុសហើយនួនល្អង     ផ្កាក្នុងសួនអូនមិនក្បត់បងទេ។
២   រូបអូនជាស្រីពេញវ័យក្រមុំ ហ៊ឹ......      ម្តាយអូនបង្ខំរៀបការនឹងគេ ហ៊ឹ.....
ខ្លួនអូនមិនហ៊ានប្រកែកចិត្តម៉ែ     ស៊ូយំឥតល្ហែស្តាយស្នេហ៍ប្រុសបង។

បន្ទរ   អូនគេងឱបទុក្ខ ទុក្ខណែនឱរា     យំស្តាយហត្ថាធ្លាប់ស្រោចផ្កាអូន
ពេលនេះត្រូវព្រាត់ឆ្ងាយដូចជាក្បូន     ផ្កាស្នេហ៍ស្រពោនព្រោះព្យុះអប្រិយ។

៣   ដែនកោះនរាសាងស្នេហ៍អូនបង ហ៊ឹ.....     យើងច្រៀងឆ្លើយឆ្លងនៅក្រោមម្លប់ជ្រៃ ហ៊ឹ.....
អូនសូមទោសបងសូមកុំស្តាយស្រី     ធ្វើម្តេចនិស្ស័យយើងមិនមែនគូ។ 

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



១៨     សម្រស់នាងគ
១   រូបអើយសែនល្អដូចកេណ្នរី     ពេលបានឃើញស្រីរៀមលង់ចិន្តា
អូនជាក្រមុំអ្នកស្រុកចំការ     គាប់កែវនេត្រាបងអ្នកចម្ងាយ។
២   គេងយោលអង្រឹងក្រោមម្លប់ស្វាយខ្ចី     សាច់ថ្ពាល់ម៉ដ្ឋខៃបងគន់មិនណាយ
កេសារលើបរលោងរំសាយ     ស្រឡូនជើងដៃស្រម៉ៃរួមស្នេហ៍។

បន្ទរ   ក្លិនកាយក្រអូបអន្ទងដួងចិត្ត     បេះដូងលួចស្និទផែនថ្ពាល់ម្លេះទេ
នេត្រាធំៗភ័ក្ត្រល្អដូចខែ     ពិតជាស្រីខ្មែរថែសព្វកាយា។
៣   បងលួចសួរក្មេងដែលលេងជិតស្រី     ពៅឈ្មោះចរណៃមិនអាចវាចា
ចិត្តសែនរន្ធត់អាណិតជីវ៉ា     អូនគ្មានវាសនាអាចស្តីឆ្លើយឆ្លង។

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



១៩     ទឹកជ្រោះភ្នំគូលែន
១   ប្រុស   កាន់ដៃត្រសងឆ្លងទឹកកាត់ដុំសិលា     អូនស្តាប់បក្សាបក្សីស្រែកយំឆ្លើយឆ្លង
ទឹកជ្រោះហូរធ្លាក់ត្រជាក់ស្រៀវដល់ឆ្អឹងខ្នង     មឆ្ឆាទាំងហ្វូងហិចហែលសែនសុខរមនា។
២   ស្រី   បងមើលព្រឹក្សាផ្ការីកចោលក្លិនក្រអូប     ទឹកជ្រោះថ្លាឆ្វង់អូនក្បង់ស្រោចបា្រណពុំងា
ស្តាប់ទឹកជ្រោះហូរដូចស្នូរតន្រ្តីសួគ៌ា     បំពេទ័យាគូសង្សារស្នេហ៍ឧត្តម។

បន្ទរ   រួម   ទឹកជ្រោះថ្លាត្រជាក់កាយាពេកក្រៃ     សែនសប្បាយដូចឋិតឋានសួគ៌មនោរម្យ  
ក្តីស្នេហ៍យើងបរិសុទ្ធដូចទឹកជ្រោះភ្នំ    ស្រី   កុំចោលម៉ុមឲ្យនៅម្នាក់ឯងឯកា។

៣   ប្រុស   រៀមមិនចោលទេមាសស្នេហ៍ស្នងកុំខ្វល់ចិត្ត     បងស្រឡាញ់ពិតវរមិត្ររៀមសូមសច្ចា
រួម   ឱ!ភ្នំគូលែនសូមជាសាក្សីស្នេហា     យើងស្រឡាញ់គ្នាស្មោះស្ម័គ្រលុះសូន្យជីវី។

ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



២០     លាហើយសៀមរាប
១   វាយោសែនស្ងាត់     ពពកបិទបាំងព្រះសុរិយា     បក្សីបក្សាធ្លាប់យំខ្ញៀវខ្ញាប្រែចាកទ្រនំ
គង្គាក្នុងស្ទឹងប្រែរីងហួតហែងបែកដីក្រៀមក្រំ     មេឃមីស្រទុំ     បេះដូងក្តុកក្តួលស្រែកយំមិនចេញ។ 
២   អាឡោះអាល័យ     ស្រណោះរូបកាយត្រូវឃ្លាតឆ្ងាយទៅ     ឃ្លាតពីញាតិផៅធ្លាប់រស់ជុំនៅគ្មានទុក្ខទោម្នេញ     ឃ្លាតក្លិនរំដួល     ក្លិនស្នេហ៍និមលបងថើបប្រលែង     ស្រឡាញ់ពេញចិត្ត     ឥឡូវចំបែងត្រូវឃ្លាតកល្យាណ។

បន្ទរ   អង្គរខ្ញុំអើយ ខ្ញុំសូមលាហើយទាំងទុក្ខវិយោគ     ទឹកដីសុខុម     សៀមរាបមនោរម្យទីជុំសុខសាន្ត     ខ្ញុំទៅតែកាយតែដួងចិត្តខ្ញុំនឹកគ្មានស្រាកស្រាន្ត     សូមញាតិគ្រប់ប្រាណរស់នៅឲ្យបានសុភមង្គល។
៣   លាហើយលាហើយ     លាអស់ព្រឹក្សាលតាវល្លិព្រៃ     លាទាំងអាល័យមិនដឹងថ្ងៃណាខ្ញុំបានវិលវិញ     ខ្ញុំនៅតែនឹក     នៅតែចងចាំនៅតែស្រឡាញ់     បើវាសនាមានខ្ញុំនឹងវិលវិញជួបសៀមរាបទៀត។

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ


២១     ចាំម្ចាស់កន្សែង
១   ក្បូក្បាច់ផ្កាភ្ញី     ឆវីប៉ាក់ជាប់កន្សែង     បងថើបប្រលែង     ម្នាក់ឯងរាល់ពេលរាត្រី
កន្សែងសំណព្វ     អប់ក្លិនមន្តស្នេហ៍ពិសី     បងថើបយប់ថ្ងៃ     ហើយស្រម៉ៃភ័ក្រ្តនួនល្អង។
២   កន្សែងនិស្ស័យ     ស្រីជូនបងផ្ទាល់ដៃស្ងួន     បងទុកជាប់ខ្លួន     ខ្លាចក្លិននឹមនួនរសាយ
រក្សាកន្សែង     ទាំងទុក្ខក្រៀមក្រំខ្វល់ខ្វាយ     ក្រែងដូចម្ចាស់ស្រី     ដែលព្រាត់ឆ្ងាយពីរូបបងទៅ។ 
 បន្ទរ   ពេលដែលអូនឃ្លាត     ឆ្ងាយពីទ្រូងបង     បេះដូងសៅហ្មង     ដង្ហោយហៅពៅ
ស្រណោះចន្ទរះជិតពេលយប់ជ្រៅ     ថើបកន្សែងពៅជំនួសថ្ពាល់ស្រី។
៣   កន្សែងកម្សត់     បងបត់ជាផ្នត់ចាំស្នេហ៍     នៅរង់ចាំតែ     មាសមេស្នេហ៍អូនវិលវៃ
រៀមរែងរលឹក     អោបថ្នមកន្សែងជាប់ដៃ     ទាំងយប់ទាំងថ្ងៃ     ចាំរូបស្រីម្ចាស់កន្សែងកម្ម។

ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ


២២     ផ្កាយជីវិត
១   យប់កាន់តែជ្រៅអូនកើយភ្លៅបង     គេងមកស្នេហ៍ស្នងបងច្រៀងបំពេ
មើលដួងតារារះពេញមេឃា     បំភ្លឺស្នេហា     យើងពីរអង្គាក្នុងរាត្រីស្ងាត់។
២   អូនគេងឲ្យស្កប់សំណព្វដួងចិត្ត     កុំព្រួយវរមិត្តថាចិត្តរៀមក្បត់
នៅលើលោកាមានតែស្នេហ៍ស្រី     ស្នេហ៍បរិសុទ្ធ ស្នេហ៍រៀមសន្មត់មិនព្រាត់ពីគ្នា។
បន្ទរ   គ្មានអូនមិនបានព្រាត់ប្រាណបងក្ស័យ     រស់នៅឥតន័យដួងចៃគ្រាំគ្រា
បងស្រឡាញ់អូនលុះសូន្សជន្មា      អូនជារស្មីផ្កាយដួងចិត្តបង។
៣   គេងទៅគេងទៅមាសស្នេហ៍ឧត្តម     រៀមបំពេម៉ុមឲ្យស្បើយសៅហ្មង
ផ្កាយរយពាន់ដួងរះឆ្ងាយកន្លង     អូនជាផ្កាយបង     ផ្កាយរៀមស្នេហ៍ស្នងអស់មួយជីវិត។

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ


២៣     ដងស្ទឹងសៀមរាប
១   ទឹកអើយទឹកស្ទឹងឈប់ហូរទៀតទៅ     សូមឈប់ហូរទៅ     កុំឲ្យទ្រូងខ្ញុំឈឺផ្សា
គង្គាក្នុងស្ទឹងសូមនឹងរងថ្លា     នៅប្រាប់ជីវ៉ា     ថាដួងចិន្តាខ្ញុំចាំជានិច្ច។
២   សូរហាត់ទឹកក្រោយខ្ទមវាសនា     កំណើតស្នេហា     កម្រងស្នេហ៍ក្នុងជីវិត
ដើមត្រែងយោលយោគប៉ប្រះផ្ទៃទឹក     ចាំងឆ្លុះព្រៃព្រឹក្ស     ដូចក្តីរលឹករៀមនឹកដល់អូន។
បន្ទរ   ទឹកស្ទឹងសៀមរាបជ្រាបពេញដួងចិត្ត .....ហ៊ឹ     ប្រវត្តិស្នេហ៍ពិតរសាត់ដូចក្បូន
ផ្ការីកមាត់ស្ទឹងប្រែក្រៀមស្រពោន     រហាត់ក្រោយខ្ទមម៉ុមលែងអាល័យ។
៣   ឱ!ដងស្ទឹងអើយលាហើយណាថ្លៃ     លាទាំងរូបស្រី     ធ្វើម្តេចនិស្ស័យអស់ស្នេហ៍
បើសិនទឹកស្ទឹងមិនហូរទៅទេ     ហើយស្រីនៅស្នេហ៍     ខ្ញុំសូមរស់ក្បែរដងស្ទឹងលុះក្ស័យ។

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



២៤     ទុក្ខស្នេហ៍មនុស្សខ្ចាត់ពា្រត់

១   ថ្ងៃនេះជាថ្ងៃអូនចូលរោងការ          មានលោកមេបាបាចផ្ការពរជ័យ
ថ្ងៃរៀមទូទុក្ខបេះដូងរីងរៃ          ថ្ងៃដែលរូបស្រីយកប្តីចោលបង។
២      វាសនាបងបានត្រឹមជាបងធម៍          ព្រោះគ្មានស័ក្តយសរូបល្អផូរផង់
ជាមនុស្សខ្ចាត់ព្រាត់គ្មានញ្ញាតិប្អូនបង          បានស្គាល់នួនល្អងទើបយល់ទុក្ខស្នេហ៍។

បន្ទរ     ឱ ដួងចិត្តអើយឈប់ក្តុកក្តួលទៅ          ទោះដង្ហោយហៅក៏មិនឭដែរ
នាងរៀបការហើយកុំរំខានគេ          ធ្វើម្តេចបុព្វេឲ្យរងទឹកភ្នែក។ 
៣     ប្អូនអើយប្អូនស្រីអាល័យបងទេ          អូនស្ម័គ្ររូបគេព្រោះម្តាយបំបែក
ទៅផ្ទឹមចុះអូនកែវឈប់យំស្រែក          ឲ្យបងទូរែកទុក្ខម្នាក់ឯងចុះ។
 
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



២៥     វណ្ណៈគ្រួសារ ប្រហារគូស្នេហ៍

១     បងអើយអូនសែនស្រឡាញ់បងណាស់          តែបងអើយស្នេហ៍យើងកម្មក្រាស់
បង្វែប្តូរផ្លាស់ស្នេហាភក្តី          អូនមានតែទឹកនេត្រាឆ្លើយប្រាប់ប្រុសថ្លៃ          ថាចិត្តអូនស្មោះភក្តី
តែកម្មចង្រៃឲ្យយើងព្រាត់គ្នា។
២     ទោះបងក្រីក្រតោកយ៉ាកយ៉ាងណា          ក៏ចិត្តអូននៅស្មោះស្នេហា
ភូមិគ្រឹះអស្ចារ្យចាញ់ខ្ទមជរា          ទឹកភ្នែកអូនហូរជោគថ្ពាល់រាល់ពេលនិទ្រា្ទ          ធ្មេញភ្នែកឃើញតែពុំងា          ចិន្តាគ្រាំគ្រាវេទនាស្ទើរក្ស័យ។

បន្ទរ     អាណិតបងណាស់ឱ ម្ចាស់សង្ខា          អូនចង់តែក្ស័យមរណា          លាចាកលោកាចោលគ្មានអាល័យ          មេបាមិនយល់ស្នេហ៍អូននិងថ្លៃ          ឃាត់ទឹកមិនឲ្យជួបត្រី     កាប់ព្រៃឲ្យព្រាត់បក្សា។
៣     បងអើយអូនសូមលាបងទៅហើយ          ឱ ភ្លេងការចងដៃកាត់ត្រើយ          កាត់ស្នេហ៍ខ្ញុំហើយកាត់ខ្នើយវាសនា          មាសប្រាក់ទ្រព្យធនបុណ្យស័ក្តជាមាឬស្យា          ជីវិតអ្នកក្រគ្មានវាសនា          វណ្ណៈគ្រួសារប្រហារយើងហើយ។

ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ


         
២៦     ខ្ទមស្នេហ៍អភ័ព្វ

១     បេះដូងខ្ទេចខ្ទាំគ្រាំចិត្តឥតល្ហែ          ក៏ព្រោះក្តីស្នេហ៍ឲ្យបងឈឺចាប់
ឱ ខ្សែជីវិតងងិតអួអាប់          បិទបាំងពន្លឺរស្មីស្នេហា។
២     ខ្ទមសាងស្នេហាផ្សារឿងកម្សត់          ម្ចាស់ស្នេហ៍ប្រែក្បត់ចោលខ្ទមវាសនា
ជីវិតលោកីយ៍ដូចសែងសុរិយា           វាលវដ្តសង្សារទុក្ខាមិនអស់។
បន្ទរ     ឱ គូជីវិតក្នុងខ្ទមនិស្ស័យ          ខ្ទមត្រូវរីងរៃស្រីលែងស្រណោះ   
ទឹកភ្នែករៀមហូរប្តូរទឹកចិត្តស្មោះ          ជីវិតក្រៀមក្រោះព្រោះគ្មានរូបថ្លៃ។
៣     ខ្ទមអើយអើយខ្ទមព្រាត់ម្ចាស់ស្រីហើយ          គ្មានទាំងចម្លើយប្រាប់ខ្ទមនិស្ស័យ
ទឹកហូរក្នុងព្រែកដូចទឹកភ្នែកប្តី          ដង្ហោយហៅស្រីវិលវិញមកអូន។

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៣
រាជធានីភ្នំពេញ
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



២៧     បងក្រណាស់អូន

១   ដួងចិន្តាជោគជាំដោយទុក្ខរណ្តំ     រៀមសែនអាណិតមាសម៉ុម     ទួញយំស្តាយរូបសង្សារ
     ទឹកភែ្នកអូនហូរស្ទើរក្លាយជាផ្ទៃជលសា     យំឱបទ្រូងរៀមរ៉ា     ពេលដឹងថាស្នេហាត្រូវព្រាត់។ 

២   ឱ!វណ្ណៈគ្រួសារប្រហារយើងហើយ  ដើមទ្រូងចុកចាប់ឥតស្បើយ   បែកហើយព្រោះបងក្រខ្សត់
     រូបបងតូចទាបគ្មានស័ក្តយសជាគំនាប់     មានបេះដូងបរិសុទ្ធ     តែអភ័ព្វព្រោះទ្រព្យបងក្រ។

បន្ទរ   កត្តញ្ញុតាធម៏​ សូមអូនបំពេញ     រៀមស៊ូរស់រងទោម្នេញ    ដោយដើរចេញទាំងទ្រូងឈឺផ្សា
     ចូរអូនធ្វើខ្លួនជាកូនស្រីសមលក្ខិណា     លើកឈ្មោះកិត្តិយសគ្រួសារ     ចោលសង្សារចុះណាព្រលឹង។

៣   វិសមានចិត្តកាត់ផ្តាច់និស្ស័យស្នេហ៍យើង   ទ្រព្យយសជាភ្លើងចំបើង   លោកអើយកុំយកជាធំ 
     រៀបការចុះអូនស្ងួនអើយសូមថ្លៃឈប់យំ     បងពិតជាយល់ចិត្តម៉ុម     ធ្វើម្តេចកម្មបងក្រណាស់អូន។ 
ថៃ្ងទី២៤ ខែមេសា ឆ្នាំ២០០៤
រាជធានីភ្នំពេញ
  ឈាមខ្មែរ
សូមរក្សាសិទ្ធ