Thursday, November 29, 2012

ឧទ្យានជាតិ ព្រះមុនីវង្ស បូកគោ

ផ្លូវឡើងឆ្ពោះទៅកំពូលបូកគោ

Road to the top of Bokor
ផ្លូវកោង កាច់កុង ជាងផ្លូវទៅ កោះកុង        



The statue of Grandma Mao is seen in the distance. រូបសំណាក់ លោកយាយ ម៉ៅ មើលពីចម្ងាយ 
រូបសំណាក់ លោកយាយ ម៉ៅ The statue of Grandma Mao
ឮគេថា នេះជាដំណាក់ខ្លា It is called Damnak Kla
ឮគេថា នេះជាថ្មដំរី It is called Elephant Rock.
ត្រួតពិនិត្រសំបុត្រ Ticket Inspecting Counter
សណ្ឋាគារ ឋានសួគ៌ បូកគោ មើលពីចម្ងាយ Thansour Bokor hotel is seen in the distance.
នេះហើយជាសណ្ឋាគារ ឋានសួគ៌ បូកគោ ដែលល្បីតៗគ្នា ថា ឡូយ ស្អាត អស្ចារ្យ ស្អីគេនោះ។          
Thansour Bokor Hotel
នោះជាអាគារកាស៊ីណូចាស់ ដែលត្រូវបានគេកំពុងនឹងជួសជុល កែលម្អ ដាក់ឲ្យប្រើប្រាស់ឡើងវិញ។
The old building of casino has been under renovation. It is heard to be reused after renovation.

អាគារកាស៊ីណូចាស់ មើលពីខាងក្រោយ។
It is seen behind.
ទេសភាពនៅខាងក្រោយអាគារកាស៊ីណូចាស់ មើលពីជាន់លើបំផុតនៃអាគារ។
The attractiveness is seen from the top of the building of casino.

Friday, September 7, 2012

អត់ការងារធ្វើ ទៅជាធ្វើផ្តេសផ្តាសបែបនេះទៅវិញ!

Sunday, June 17, 2012

ចម្រៀងជួយជំរុញ



ប្រភពពីៈ សារព័ត៌មានកោះសន្តិភាព
បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ
ថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១០:៣០

បច្ចុប្បន្ន​​​ក្នុង​វិស័យ​​សិល្បៈ​​គេ​កត់​សម្គាល់​​ ឃើញ​ផ្នែក​សិល្បៈ​​ចម្រៀង​សម័យ​ហាក់​​រីក​ដុះ​ដាល​​ជាង​គេ​​​ ដោយ​​មាន​ផលិកម្ម​​ជា​ច្រើន​​ទាំង​​នៅ​​ក្នុង​ស្រុក​​ និង​នៅ​បរទេស​​ខិត​ខំ​​ប្រណាំ​ង​ប្រជែង​គ្នា ​ជា​ពិសេស​​ទាក់​ទាញ​​សំដៅ​ស្រទាប់​​យុវវ័យ ។ តើ​ភាព​​​រីក​ច​ម្រើន​សិល្បៈ​​​​ប្រភេទ​​នេះ​ក្នុង​សង្គម​​ខ្មែរ​​ ក្រៅ​ពី​ចំណុច​អវិជ្ជមាន​​ដែល​​គេ​មើល​ឃើញ​​ច្បាស់​ គឺ​ច្រើន​តែ​លួច​ចម្លង​​ពី​បរទេស​ តើ​មាន​ចំណុច​​អវិជ្ជ​មាន​អ្វី​ខ្លះ​ទៀត ។

ការិយាល័យ​និពន្ធ​កោះ​សន្តិ​ភាព​​​បាន​ទទួល​លិខិត​​ មួយ​ច្បាប់​ពី​ប្រិយ​មិត្ត​អ្នក​អាន​​ដែល​​លោក​ចាប់​អារម្ម​ណ៍​​​ចំពោះ​បទ​ ចម្រៀង​​​ផលិត​​ក្នុង​ពេល​បច្ចុប្បន្ន​​ ហើយ​រិះ​គន់​​ចំពោះ​ចំណុច​​អវិជ្ជ​មាន​ក្នុង​ឧត្តម​គតិ​​​ឱ្យ​មាន​ការ​កែ​ លម្អ​​តែ​ប៉ុណ្ណោះ ។យើង​សង្ឃឹម​​ថា​​ផលិត​កម្ម​ អ្នក​និពន្ធ ​និង​​អ្នក​ចម្រៀង​​ដែល​មាន​ចំណែក​ពាក់​ព័ន្ធ ​ ឬ​​ចំពោះ​ផលិត​កម្ម​ អ្នក​និពន្ធ​ និង​អ្នក​ចម្រៀង​​ទូ​ទៅ​​នឹង​ទទួល​យក​ការ​រិះ​គន់​នេះ​​ជា​ជាង​ការ​ក្រអឺត​ ក្រទមមិន​ទទួល​ស្គាល់​​ភាព​អវិជ្ជ​មាន​របស់​ខ្លួន​​ ​ហើយ​​កែ​​លម្អ​ដើម្បី​សង្គម ជា​ពិសេស​​យុវវ័យ ​​តាម​រយៈ​ការ​សា​ប​ព្រោះ​សិល្បៈ​ចម្រៀង​​របស់​ខ្លួន ។

អត្ថបទ​​ប្រិយ​​មិត្ត​អ្នក​​អាន​ដាក់ចំណង​ជើង​ថា «​ចម្រៀង​ជួយ​ជំរុញ» ដែល​មាន​ខ្លឹម​សារ​​ទាំង​ស្រុង​​ដូច​ខាង​​ក្រោម ។បច្ចុប្បន្ន​​ យើង​សង្កេត​ឃើញ​ថា​​ចម្រៀង​​ដែល​អ្នក​និពន្ធ​​​សម័យ​នេះ​​បាន​និពន្ធ​​ រួម​ទាំង​ឈុត​​ឆាក​កាយ​វិការ​​ខារ៉ា​អូ​ខេ​ផង​នោះ ​​ហាក់​មាន​ភាព​បញ្ច្រាស​​ទិស​គ្នា ​ជា​មួយ​គោល​នយោ​បាយ​​របស់​រាជ​រដ្ឋា​ភិបាល​ ដូច​ជា​គោល​​នយោ​បាយ​ ភូមិ​-​ឃុំ ​មាន​សុវត្ថិភាព​ជា​ដើម ​ដោយ​គេ​អាច​សង្កេត​​តាម​រយៈ​​ភាព​ភ្លើត​ភ្លើន សីលធម៌​របស់​យុវវ័យ ​ចំនួន​អ្នក​ធ្វើ​អត្ត​ឃាត ​អំពើ​ពាលា​តាម​ដង​ផ្លូវ ​ដែល​យុវវ័យ​​កម្ពុជា​​​​ប្រព្រឹត្ត​​នា​ពេល​បច្ចុប្បន្ន ។

យើង​សូម​លើក​​ឧទាហរណ៍​​នូវ​បទ​ចម្រៀង​មួយ​ចំនួន ​​ដូច​ជា​បទ​បេះ​ដូង​ស្ទាវ ​បទ​ចាំ​អូន​អស់​ចិត្ត​ពី​គេ ​បទ​ខ្លាច​គេ​ឈឺ​តែ​មិន​ខ្លាច​​បង​ឈឺ​ចាប់ បទ​បើក​លុយ ​បទ​សារាំង​អូន និង​ចម្រៀង​​ដទៃ​ផ្សេង​ទៀត​​ជា​ច្រើន ​គ្មាន​ការ​ច្នៃ​ប្រឌិត​​ជា​លក្ខណៈ​ជាតិ​សោះ​ឡើយ ​ក្រៅ​ពី​ចម្លង​ទាំង​ស្រុង​ពី​ចម្រៀង​បរទស ។ ចម្រៀង​ទាំង​នោះ​ទៀត​សោត​ ទាំង​អត្ថ​ន័យ និង​ការ​សម្តែង​​កាយ​វិការ​ ពុំ​បាន​បង្ហាញ​ពី​ការ​អប់​រំ​អ្វី​បន្តិច​សោះឡើយ ​ក្រៅ​ពី​បង្ហាញ​ពី​ស្រី​ក្បត់ ​​ប្រុស​ក្បត់ ​ស្នេហា​បែក​បាក់ ​ ដែល​នេះ​ជា​អ្វី​ដែល​សង្គម​ខ្មែរ​កើត​មាន ឬយ៉ាង​ណា ? បន្ថែម​លើ​នេះ ​ចម្រៀង​​ទាំង​អស់​នេះ តាម​រយៈ​​ឈុត​ឆាក​ដែល​អ្នក​និពន្ធ​​បច្ចុប្បន្ន​​បាន​​​ផលិត​​ឡើង បាន​បង្ហាញ​ពី​ភាព​អសីលធម៌ ភ្លើត​ភ្លើន ​ពាលា ​កោង​កាច ​និង​ភាព​ស្អិត​រមួត​ហួស​ប្រពៃ​ណី ​ការ​តុប​តែង​ខ្លួន​ឆើត​ឆាយ​​ហួស​ហេតុ​របស់​យុវវ័យ​​ក្នុង​វ័យ​សិក្សា ​ដែល​សង្គម​កម្ពុជា​​ពុំ​ដែល​​ឱ្យ​តម្លៃ ។

ទាំង​នេះ​មិន​ត្រឹម​តែ​អន្ទង​​អារម្មណ៍​យុវវ័យ​ឱ្យ​ ភ្លើត​ភ្លើន និង​ធ្វើ​ឱ្យ​សីលធម៌​​សង្គម​ធ្លាក់​​ចុះ​ប៉ុណ្ណោះ​ទេ ​តែ​ថែម​ទាំង​​​អាច​ជំរុញ​​យុវវ័យ​ឱ្យ​​​ប្រព្រឹត្ត​​​នូ​វបទ​ល្មើស​ផ្សេងៗ​ ដូចជា រំលោភ ​បាញ់​បោះ ​បើក​បរ​ក្នុង​ឥរិយាបថ​​គ្រោះ​ថ្នាក់ ទោះ​ជា​​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោ​ល​​ក្តី ​​ដែល​អ្វី​ទាំង​នេះ​​​ សមត្ថកិច្ច​​ ​ក៏​ដូច​ជា​រដ្ឋា​ភិបាល​កំពុង​ព្យាយាម​​លុប​បំបាត់ ។

យើង​​សូម​លើ​កជា​ចម្ងល់​ដល់​ស្ថាប័ន​​ពាក់​ព័ន្ធ ​ពិសេស​ក្រសួង​​វប្បធម៌ និង​វិចិត្រ​​សិល្បៈ​ថា តើ​ក្រសួង​​មាន​បាន​ពិនិត្យ​ និង​​​ពិចារ​ណា​ឱ្យ​បាន​ល្អិតល្អន់​ឬ​ទេ ​មុននឹង​អនុញ្ញាត​​ឱ្យ​ចម្រៀង​​បែប​នេះ​​ចេញ​ផ្សាយ? ​ឬ​ក៏​ការអនុញ្ញា​​នេះបាន​ផ្តល់​​​​​​​​​​​​​​​​​កម្រៃ​​ក្រៅ​ផ្លូវ​ការ​ដល់ ​មន្ត្រី​​ក្រសួង? ​តើ​ចម្រៀង​​ទាំង​នេះ​គួរ​អនុញ្ញាត​ឱ្យ​ចេញ​​ផ្សាយ​បន្ត​ ឬ​យ៉ាង​ណា ?

ប្រិយមិត្ត​អ្នក​អាន (ពីកោះសន្តិភាព)

Friday, June 15, 2012

ស្នាដៃឯករបស់កវីនិពន្ធ គង្គ ប៊ុនឈឿន


មិត្តអ្នកអានជាមេត្រី!
   ក្នុងសង្គមខ្មែរបច្ចុប្បន្ន សិល្បៈបទចម្រៀងកំពុងមានប្រជាប្រិយភាព នឹងទទួលបានការគាំទ្រយ៉ាង ខ្លាំង ជាពិសេសក្នុងស្រទាប់យុវវ័យ។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ បទចម្រៀងសម័យរបស់ ខ្មែរសព្វថ្ងៃស្ទើរតែទាំងអស់សុទ្ធតែចម្លងពីបរទេសទាំងសាច់ភ្លេង Melody និងទំនុកច្រៀង ឬក៏គ្រាន់ តែកែប្រែអត្ថន័យខ្លះៗតែប៉ុណ្ណោះ រីឯអត្ថន័យខ្លឹមសារទៀតសោតច្រើនតែបង្ហាញពីសេចក្តីសេ្នហា ភ្លើតភ្លើន ពុះកញ្ជ្រោល រត់តាមគ្នា រត់ចោលម៉ែឪ សម្លាប់ខ្លួនប្តូរផ្តាច់ដើម្បីស្នេហា តាមបែបយុវវ័យ សម័យថ្មីនេះ។

  ការតែងនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មីដែលផុសចេញពីបញ្ញាញាណខ្លួនឯងសុទ្ធសាធ ស្ទើរតែគ្មានអ្នកនិពន្ធខ្មែរណាក្នុងសម័យនេះ អាចធ្វើបានសោះឡើយ គឺភាគច្រើននៃអ្នកនិពន្ធបទ ចម្រៀងឥឡូវសុទ្ធតែចម្លងពីបទភ្លេងបរទេស មានសៀម ចិន កូរ៉េ បារាំង អង់គ្លេស រហូតដល់ Copy ទាំង ស្រុងពីយួនទៀត។  នេះវាហាក់ដូចជាបង្ហាញឲ្យឃើញថា របៀបឬក្បួនខ្នាតក្នុងការតាក់តែង និពន្ធបទចម្រៀងខ្មែរបច្ចុប្បន្នពឹងផ្អែកឬយកលំនាំទាំងស្រុងពីបទចម្រៀងនៃប្រទេសទាំងនោះដោយ ពុំបាន បង្ហាញនូវពណ៌សំបុរ អត្តសញ្ញាណជាតិខ្មែរសោះឡើយ ហើយវារឹតតែខុសគ្នា នឹងឃ្លាតចាកឆ្ងាយពីរបៀបឬក្បួនខ្នាតដែលកវីនិពន្ធខ្មែរយើងកាលពីជំនាន់មុនៗធ្លាប់មាននឹងបាននិពន្ធផងដែរ។

   មានអ្នករិះគន់ អ្នកគាំទ្រ អ្នកមិនចូលចិត្ត បទចម្រៀងខ្មែរសម័យបច្ចុប្បន្នដែលត្រូវបានបកប្រែ កែកាឡៃពីបទបរទេស បានបញ្ចេញទស្សនៈខុសៗគ្នាទៅលើបញ្ហាមួយនេះ ដែលអ្នកខ្លះបាននិយាយមើលងាយមើលថោក រិះគន់ធ្ងន់ៗចំពោះអ្នកនិពន្ធត្បាញអាយមួយចង្កោម នេះរហូតគេប្រសិទ្ធនាមឲ្យថា កវីនិពន្ធ COPY ទៀតផង។ ចំណែកឯអ្នកដែលគាំទ្រ នឹងចូលចិត្តវិញបានស្រែកជំទាលទាំងងងើលទទឹងទិសតបតវិញថាអ្នកដែលចាំតែរិះគន់គេហ្នឹងធ្វើ
បានដូចគេឬនៅ? Sic!

    នេះជាទស្សនៈរបស់ខ្ញុំផ្ទាល់ៈ ខ្ញុំធ្វើមិនបានដូចពួកអស់នោះទេ ពីព្រោះខ្ញុំប្រកាន់យកតែអ្វីដែលជា
ស្នាដៃដែលផុសចេញពីទេពកោសល្យ និងបញ្ញាញាណខ្លួនឯងពិតប្រាកដ។ តែខ្ញុំក៏សុំសួរវិញថា តើពួកអ្នកនិពន្ធខួរក្បាលកូពីទាំងអស់នោះអាចធ្វើបានដូចខ្ញុំដែរឬទេ?

   ណ្ហើយ! ស្លេះរឿងនេះត្រឹមហ្នឹងសិនចុះ! តទៅនេះខ្ញុំសូមបង្ហាញជូនមិត្តអ្នកអាន នូវស្នាដៃដ៏ល្អឯកនៃបទចម្រៀងដែលជាការតាក់តែងនិពន្ធរបស់កវីនិពន្ធម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ដែលខ្ញុំបានដកស្រង់ចេញពីសៀវភៅ កំណាព្យស្នេហ៍មាស​ របស់លោកផ្ទាល់។ ខ្ញុំសូមមិនធ្វើអត្ថាធិប្បាយបន្ថែមទៅលើបទចម្រៀងទាំងនេះឡើយ ហើយមិត្តអ្នកអានអាចរកទិញ សៀវភៅយកមកអាននោះនឹងបានដឹងពីប្រវត្តិបទនិមួយៗជាក់ជាមិនខាន។


អារសាច់ជូនម្តាយ

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ហាស់ សាឡន            ​​         
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៦៨
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube

ផ្តើមៈ កូន​សូម​អារ​សាច់​ជូន​ម៉ែ​!... អារ​សាច់​ជូន​ម្តាយ​...........

​    ​​    ​សូម​លើក​ម្រាម​ដប់​    ​ខ្ចប់​ទាំង​លោ​ហិត​
​    ​    ​ក្លិន​ឈាម​នរក​ជីវិត​    ​ប្រឌិត​ដំបៅ​វាសនា​
​    ​    ​ដង្កូវ​ក្នុង​ជ្រាំ​    ​    ​រេ​រាំ​ក្នុង​ទង​បុប្ផា​
​    ​    ​លុបលាង​ខ្នោះឃ្នាង​ផ្កាស្លា​    ​ប្រហារ​ជូន​ម៉ែ​ទាំងអស់ ។​

​    ​២    ​លោហិត​កូន​ហូរ​    ​ថ្ងូរ​ប្រាប់​ផែនដី​
​    ​    ​លា​ហើយ​វណ្ណៈ​រាជសីហ៍​    ​ដែល​ស្រី​បណ្តុះ​ឥត​ឈ្មោះ​
​    ​    ​ងូត​លាង​ខ្ទុះ​ឈាម​    ​    ​លុប​ស្នាម​ស្នេហ៍​ដែលរ​បួស​
​    ​    ​អារ​សាច់​ជូន​ឈាម​យ៉ាង​ស្មោះ​    ​ចំពោះ​ទឹកដោះ​ម្តាយ​ថ្លៃ​    ​។
 
​    ​បន្ទរ   បាតជើង​អ្នកមាន​    ​    ​លើ​ស្ពាន​អ្នកក្រ​
​    ​    ​ម៉ែ​ប្រាប់​ឱ្យ​កូន​ត្រដរ​    ​តស៊ូ​យូរ​ឆាប់​គង់​ផុត​អវិចី​
​    ​    ​ស្នេហ៍​ក្មេង​ចិត្ត​ក្មេង​    ​ប្រឡែង​តែ​ទុក្ខ​រុករាន​រាល់ថ្ងៃ​
​    ​    ​ស៊ូ​អារ​សាច់​ជូន​ម្តាយ​ថ្លៃ​    ​លោកិយ​គង់​មិន​ធរមាន​    ​។​

​    ​៣    ​សូរសៀង​អង្រឹង​    ​    ​កូន​ដឹង​ទាំងអស់​
​    ​    ​ខ្លួន​ទាប​មិន​ត្រូវ​ឈោង​ខ្ពស់​    ​    ​ក្រែង​គ្រោះ​ទ្រូង​ស្រី​ទន្ទ្រាន​
​    ​    ​ស្នូរ​ភ្លេង​កែវស្រា​    ​    ​ទាសា​សម្រាប់​គេ​មាន​
​    ​    ​ខ្លួន​យើង​បីដូច​តិរច្ឆាន​    ​រស់​បាន​តែ​នឹង​ទឹកភ្នែក​.........

 


ម្លប់ដូងទី១០

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ហាស់ សាឡន            ​​         
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube

   មើល​ស្ទឹង​សង្កែ​    ​មើល​ខ្សែទឹក​ហូរ​    ​រគាំង​វត្ត​ពោធិ​
​    ​    ​    ​លាយ​នឹង​ជំនោ​រ​    ​ថ្ងួចថ្ងូរ​ផ្តាំទឹកជំនន់
​    ​    ​    ​រៃ​យំ​ទ្រ​ហ៊ឹង​    ​លា​ស្ទឹង​កវីនិពន្ធ​
​    ​    ​    ​សុរិយា​ទោរទន់​    ​ពួន​ក្រោយ​ផ្ទះ​ស្រី ។​

​    ​    ​២   ​ដើម​ដូង​ទី​ដប់​    ​ម្លប់​គ្រប​មាត់​ស្ទឹង​    ​បង​ឈរ​ស្ងៀមធ្មឹង
​    ​    ​    ​ឈរ​ចាំ​ព្រលឹង​    ​ស្ងាត់ឈឹង​លុះលង់រាត្រី
​    ​    ​    ​អូន​ភ្លេច​វាចា​    ​ដែល​បាន​សន្យា​ពីថ្ងៃ​
​    ​    ​    ​ថា​ម៉ោង​ប្រាំបី​    ​ស្រី​មក​ជួប​បង ។​

​    ​    ​បន្ទរ   ឥឡូវ​បាត់សូន្យ​    ​ដូន​ក្បូន​រសាត់​
​    ​    ​    ​ទឹក​កួច​សំណាត់​    ​ហូរ​លឿន​កន្លង​
​    ​    ​    ​បុណ្យផ្កា​វត្ត​ពោធិ​    ​នៅ​មិនទាន់​ឆ្លង​
​    ​    ​    ​មិនគួរ​នួនល្អង​    ​បែ្រខ្នង​សូន្យសោះ ។​

​    ​    ​៣   ​ភ្លេង​ការ​គ្រឹមៗ​    ​ពី​ទួល​តា​ឯក​    ​ក្លាយ​ពីខ្លងខែក​
​    ​    ​    ​នារី​ពស់វែក​    ​បិទ​ភ្នែក​រៀបការ​នឹង​ប្រុស​
​    ​    ​    ​បង​ឈរ​មាត់​ស្ទឹង​    ​ប្រឹង​យំ​រងំ​ក្នុង​ពោះ​
​    ​    ​    ​លា​ស្រី​ស្រោម​ងោះ​    ​ឈ្មោះ​ក្នុង​ជា​ខ្លា ។​






ស្ពានអូរតាគី

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ហាស់ សាឡន            ​​         
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣ 
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube

ផ្តើមៈ ឱស្ពាន​អូរ​តា​គី បើ​អ្នកដឹង​រឿង​ខ្ញុំ​
​    ​សូម​ជួប​លាក់​ផង កុំ​ប្រាប់​អ្នកណា​ឱ្យ​សោះ​!

១   សម្រក់​ទឹកខ្មៅ​    ​លើ​ដំបៅ​ចាស់​
​    ​នឹក​ឡើង​សែន​ខ្មាស    ​ស្ពាន​អូរ​តា​គី​
​    ​កាល​បង​និង​អូន​សាង​ក្បូន​ជីវី​    ​កាល​បង​និង​អូន​សាង​ក្បូន​ជីវី​
​    ​ក្រោម​ដើម​គគីរ​     ក្នុង​ខ្ទម​ទុរគត ។​

២   អូន​តាម​ម្តាយ​ទៅ​    ​មង្គលបុរី​
​    ​គ្មាន​ផ្ញើ​សម្តី​    ​    ​ឱ្យ​បង​មួយ​ម៉ាត់​
​    ​បង​ជា​កម្មករ​រថភ្លើង​កម្សត់​    ​បង​ជា​កម្មករ​រថភ្លើង​កម្សត់​
​    ​លួច​ផ្ញើ​សំបុត្រ​    ​តាម​អ្នករត់ពន្ធ ។​

បន្ទរ   ស្រាប់តែ​    ​    ​អូន​មាន​ថ្មី​ហើយ​
​    ​ជីវិត​ខ្ញុំ​អើយ​    ​    ​ទុក្ខ​ស្នេហ៍​សែន​ធ្ងន់​
​    ​ម្តាយ​អូន​ជេរ​ផ្ញើ​តាម​អ្នករត់ពន្ធ​    ​ម្តាយ​អូន​ជេរ​ផ្ញើ​តាម​អ្នករត់ពន្ធ​
​    ​មើលងាយ​រិះគន់​    ​ថា​បង​ក្រ​ខ្លាំង ។​

   ស្ពាន​អូរ​តា​គី​    ​    ​ស្ពាន​អូរ​តា​កែ​
​    ​ឱ​ពពាលខែ​    ​    ​និង​ស្រែ​បារាំង​
​    ​បើ​ដឹង​រឿង​ខ្ញុំ​សូម​ជួយ​បិទបាំង​    ​បើ​ដឹង​រឿង​ខ្ញុំ​សូម​ជួយ​បិទបាំង​
​    ​ធ្វើ​ជា​រនាំង​    ​    ​បាំង​ស្នេហ៍​នេះ​ផង ។​



រំដួលដងស្ទឹងសង្កែ

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ហាស់ សាឡន            ​​         
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៤
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube

  មហា​សង្ក្រាន​    ​ច្រាន​ឆ្នាំ​មួយ​ទៅ​
​    ​ទ្រូង​សែន​ហ្មងសៅ​    ​នឹក​ព្រួយ​ក្រែង​ពៅ​    ​ឆាប់​ភ្លេច​រឿង​ដើម​
      ​រឿង​បាត់ដំបង​    ​ចង​ទង​ដង្ហើម​    ​កាល​ជួប​ស្រី​ឆ្នើម​
​    ​រដូវ​សន្សើម​    ​    ​ផ្កា​រីក​ស្គុះ​ស្គាយ ។​

២    ​អូន​ដើរ​រើស​គ្រុំ​    ​ក្នុង​ស្ទឹង​សង្កែ​
​    ​ភក្ត្រ​ដូច​ដួង​ខែ​    ​ថ្ពាល់ខួច​មាន​ស្នេហ៍​    ​នេត្រា​ពណ្ណរាយ​
      ​ហត្ថា​ខ្ចី​ល្ហ​ក់​    ​សក់ខ្មៅ​រំសាយ​    ​បងគន់​មិន​ណា​យ​
​    ​ក្លិន​ខ្លួន​ឆោម​ឆាយ​    ​រាយ​សំណាញ់​ស្នេហ៍ ។​

បន្ទរ  ​វិចិត្រករ​អឺយ​    ​កុំ​បាច់​គូរ​អី​
​    ​នៅក្នុង​លោកិយ​    ​ស្រី​ល្អ​គ្មានទេ​
      ​មានតែ​រំដួល​    ​ដងស្ទឹង​សង្កែ​
​    ​ដែល​ខ្ញុំ​លួច​ស្នេហ៍​    ​ទោះ​រយ​ឆ្នាំ​ខែ​    ​ក៏​នៅ​ចាំ​ចង ។​

   ​ឥឡូវ​រដូវ​ផ្កា​រីក​វិល​វិញ​    ​ទ្រូង​សែន​ទោម្នេញ​
​    ​ព្យុះ​កម្មបក់​ដេញ​    ​បាត់​ផ្កា​មួយទង​
​    ​ត្រី​ក្រឹម​អូន​ស្លាប់​    ​នៅក្នុង​ដប​បង​
​    ​លិខិត​នួនល្អង​    ​បង​ទុក​ទ្រាប់​ខ្នង​    ​ដេកស្លាប់​ក្នុង​ផ្នូរ ។​




ចម្រៀងមរណៈ

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ហាស់ សាឡន            ​​         
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣ 
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube




សម្លេងចាប ប្រាប់ស្នេហ៍ចាស់

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ម៊ែរ ប៊ុន            ​​         
ច្រៀងដោយៈ លោក អ៊ឹង ណារី
ឆ្នាំផលិតៈ ១៩៧២
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube




រាហ៊ូចាប់ចន្ទ
និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ហាស់ សាឡន            ​​         
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube


ភ្លេងមច្ចុរាជ

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ម៊ែរ ប៊ុន​​         
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube



បងដើរកាត់ភ្លៀង

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ហាស់ សាឡន        
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube



ស្ពានឈើអភ័ព្វ

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ហាស់ សាឡន        
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube

   ភូមិ​វត្ត​កំផែង​រៀម​សូម​ថ្លែងទុក្ខ​    ​ស្នេហ៍​ខាន​ជួប​មុខ​
​    ​    ​រាយ​ជា​ទំនុក​គុក​កម្ម​ស្នេហ៍​ខ្ញុំ​
​    ​    ​ស្ពាន​កម្សត់​ក្បត់​ស្នេហ៍​ឧត្តម​
​    ​    ​ក្បត់​រាត្រី ចន្ទ្រា​ទឹកឃ្មុំ តោ​យំ​សុំ​ក្តីមេត្តា ។​
 
​    ​  
ឱ​វាល​បែក​ចាន​    ​បែកចិត្ត​ទៅហើយ​    ​ស្នេហ៍​គ្មាន​កោះ​ត្រើយ​
​    ​    ​ស្ទឹង​សង្កែ​អើយ​    ​ម្តេច​ឡើយ​ឫស្យា​
​    ​    ​គួច​ស្នេហ៍​ខ្ញុំ​    ​ឱ្យ​លង់​ម​រណា​
​    ​    ​គួច​ទាំង​ចិត្ត​ឱ្យ​ស្វិត​ដូច​ផ្កា​    ​ខ្លោចផ្សា​ឱ​រ៉ា​មួរ​ហ្ម​ង ។​
 
​    ​បន្ទរ  
គ្រាប់​ខ្សាច់​បាត​បឹង​    ​រៀម​ប្រឹង​រក្សា​
​    ​    ​ទុក​រោយ​ធ្វើជា​ផ្កាស្លា​    ​រៀបការ​អូន​ហើយ​នឹង​បង​
​    ​    ​ស្ពាន​ឈើរៀមធ្វើឱ្យ​អូន​ឆ្លង​
​    ​    ​តែ​កម្ម​កាច​កំណាច​កន្លង​    ​នួនល្អង​ឆ្លង​ស្ពានគេវិញ ។​

​    ​  
បង​ឈឺ​កក​ឈាម​ដូច​អ៊ុក សា​រ៉េ​ន​    ​ឈឺ​ហួស​ព្រំដែន​
​    ​    ​ស្រី​ចិត្ត​ម៉ឺន​សែន​នឹក​សែន​ទោម្នេញ​
​    ​    ​បេះដូង​មួយ​ឲ្យគេ​ដូរ​ទិញ​
​    ​    ​ដូច​ទឹកស្ទឹង​ហូរ​មិន​វិល​វិញ​    ​ទោម្នេញ​ព្រោះ​ស្រី​ចិត្ត​ស្រ​ល់៕



ទំនួញហ្គីតាមាស

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ហាស់ សាឡន        
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube



សម្រស់នាងចែវទូកដរ

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ហាស់ សាឡន        
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ?
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube

១   ​ជិះទូក​តាម​ស្ទឹង​    ​ប្រឹង​លបមើល​ស្រី​
​    ​    ​ធម្មជាតិ​ស្រស់​ខៀវ​ខ្ចី​    ​ក្តាំងងារ​ព្រែកស្តី​    ​ព្រៃ​វាល​អន្លក់
​    ​    ​ស្ទឹង​ចាស់ ព្រែក​ហ្លួង​    ​ទ្រូង​ជាប់​ជ័រ​ឆក់​
​    ​    ​ក្រោម​ភ្លៀងរលឹម​តក់ៗ​    ​ជួប​ផ្កា​ខ្ចី​ល្ហក់​    ​ឆើត​ឆាយ ។​
 
​    ​
   បង​ជា​ទេសចរ​    ​ជិះ​ទូកដរ​អូន​
​    ​    ​គន់មើល​ផ្កា​ស្រ​ពោន​    ​ដៃ​តូច​ស្រ​ឡូ​ន​គាស់​ទឹក​បែកខ្ចាយ​
​    ​    ​កុលាប វត្ត​កែវ​    ​ល្អគន់​មិន​ណា​យ​
​    ​    ​ខ្ចីល្ហក់សក់ខ្មៅរំសាយ​    ​បង​តែង​ចុត​ហ្មា​យ​សុំ​ស្នេហ៍ ។​
 
​    ​បន្ទរ   ​តែ​កម្ម​អាក្រក់​    ​ដក់​ត្រាំ​ង​ដួងចិត្ត​
​    ​    ​ដូច​មេឃងងឹត​    ​ព្រាត់​ពី​ដួង​ខែ​
​    ​    ​កុលាប​ឆើត​ស្រស់​    ​មាន​សម្ផស្ស​ស្នេហ៍​
​    ​    ​ផលកម្ម​បំបែរ​    ​ឱ្យ​គ​និយាយ​មិន​រួច ។​

​    ​
   បង​អារ​ឈាម​ស្រោច​    ​ក្នុង​ស្ទឹង​សង្កែ​
​    ​    ​ក្រោម​ពន្លឺដួងខែ​    ​ផ្សង​ឱ្យ​ជួប​ស្នេហ៍​កុលាប​ថ្ពាល់ខួច​
​    ​    ​កុលាប វត្ត​កែវ​នេត្រា​មុត​ស្រួច​
​    ​    ​សូមឱ្យ​បាន​និយាយ​រួច​    ​ឱ្យដឹង​ថា​បង​លួច​ស្នេហ៍៕​



ស្រណោះផ្កាក្ទម្ព
 រូបភាពពីៈ Internet

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ម៊ែរ ប៊ុន        
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ១៩៧៣
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube



មេឃាភ្នំពេញ តារាបាត់ដំបង

រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ២៤ មិនា ២០១២
 រូបភាពពីៈ Internet

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ហាស់ សាឡន        
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត និង រស់ សេរីសុទ្ធា
ឆ្នាំផលិតៈ១៩៧៣
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube




អនុស្សាវរីយ៍ ខ្នងភ្នំសំពៅ
រូបភាពពីៈ វិគីភីឌា ខ្មែរ
 

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ហាស់ សាឡន        
ច្រៀងដោយៈ អ្នកស្រី រស់ សេរីសុទ្ធា
ឆ្នាំផលិតៈ១៩៧៣
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube



កូនស្រីអ្នកនេសាទ 
ទិដ្ឋភាពនា ភូមិបាក់ព្រា បច្ចុប្បន្ន
 រូបភាពពីៈ chanbokeo.com

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ម៊ែរ ប៊ុន        
ច្រៀងដោយៈ អ្នកស្រី រស់ សេរីសុទ្ធា
ឆ្នាំផលិតៈ១៩៧៤
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube

   ​ឱ​!​ ភូមិ​បាក់​ព្រា​    ​នា​ពេល​សុរិយា​រៀប​លិច​
​    ​រលក​ព្រិចៗ​    ​រំលេច​ពណ៌​ព្រំ​សុវណ្ណ​
      ​ពពក​រសាត់​    ​កាត់មេឃនា​ពេល​សាយ័ណ្ណ​
​    ​ឯនាយ​ផ្គរលាន់​    ​លាន់​ឮ​សែនឆ្ងាយ​ស្រណោះ ។​
២   ភូមិ​អ្នកនេសាទ​    ​អណ្តែត​លើ​ផ្ទៃ​ជលសារ​
​    ​ជំនោរ​សីហា​    ​កត់ត្រា​រឿង​ដើម​ទាំង​អស់​
      ​កាល​បង​និង​អូន​    ​សាង​ក្បូន​ស្នេហាយ៉ាង​ស្មោះ​
​    ​ឥឡូវ​រូបប្រុស​    ​បោះបង់​ចោល​​អូន​ឯកា ។​

​បន្ទរ   ធ្វើម្តេច​រូប​អូន​    ​ជា​កូនស្រី​អ្នកនេសាទ​
​    ​ជា​ផ្កា​មិន​ស្អាត​    ​ប្រឡាក់​ជាប់កិ្លន​មច្ឆា​
      ​បង​ស្គាល់ជាតិ​ហើយ​    ​បោះ​ផា្ក​ចោល​ក្នុង​ជលសារ​
​    ​នេះ​គឺ​វាសនា​    ​បុប្ផា​នៅ​ភូមិ​បាក់​ព្រា ។​

៣   បាក់​ព្រា​ព្រែក​ត្រប់​    ​បង្កប់​រឿង​ស្នេហ៍​អ្នកក្រ​
​    ​ដូច​ព្រា​ហ្ម​កេសរ​    ​ត្រូវ​ប្ដី​យក​ទៅ​ប្រហារ​
      ​ចាំ​តាំងពី​ប្រាំង​    ​រហូត​ដល់​ខែវស្សា​
​    ​ក៏ប្រុសស្នេហា    ​មិនឃើញយាត្រា​វិល​វិញ ៕

 



សែនឈឺចិត្ត

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ហាស់ សាឡន        
ច្រៀងដោយៈ អ្នកស្រី រស់ សេរីសុទ្ធា
ឆ្នាំផលិតៈ១៩៧៣
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube



រសស្នេហ៍ឧត្តម 
 ដើមត្រែង
រូបភាពពីៈ chanbokeo.com

និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន             
សម្រួលតន្រ្តីៈ លោក​ ហាស់ សាឡន        
ច្រៀងដោយៈ អ្នកស្រី រស់ សេរីសុទ្ធា និង លោកស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ១៩៦៨
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube

 
 នៅមានត

Monday, May 28, 2012

ប្រលោមលោករឿង

ម្ចាស់កែវភ្នែក



បណ្តាលចិត្ត

   ម៉ោង ៥ ទៀបភ្លឺទៅហើយ...... សម្លេងមាន់រងាវឭសូរឲ្យទ្រហ៊ឹង ហើយអាកាសធាតុនាពេលជិតព្រឹក  ព្រលឹមក៏ត្រជាក់ល្មម រីឯតាមវិថីនានា ក៏ចាប់ផ្តើមមានភាពមមាញឹកជាបណ្តើរៗ ដោយយានយន្ត    ផ្សេងៗ កំពុងរត់ទៅមក ក្រោមការបញ្ជាដោយម្ចាស់វា ឆ្ពោះទៅកាន់គោលដៅរៀងៗខ្លួន។ 

   នរៈប្រាស់ខ្លួនគេងបន្ទាប់ពីមុជទឹកជម្រះកាយហើយ តែកម្លោះយើងគេងមិនទាន់លក់នៅឡើយ ទេ។ គេកំពុងតែបង្ហើរអារម្មណ៍នឹកដល់រចនា នឹងគិតថា ប្រាប់ម្ចាស់បេះដូងគេអំពីការងាររបស់គេដែល ទើបតែប្រែប្រួលម្សិលម៉ិញនេះ។ គេយើងថែមទាំងយកដៃគងថ្ងាស គេងញញឹម សប្បាយរីករាយ តែម្នាក់ឯង នឹកដល់អនុស្សាវរីយ៍ក្នុងអតីតកាល នាថ្ងៃដំបូងដែលរូបគេបានឆ្លើយឆ្លងកិច្ចសន្ទនាជាមួយ រចនា ក្នុងឆ្នាំទីមួយនៅឯសាកលវិទ្យាល័យ......................

   -"បែបអង់គ្លេសខ្លាំងហើយមើលទៅ.....ឃើញអានសុទ្ធតែ Cambodia Daily និង Phnom Penh Post...?" នរៈចាប់ផ្តើមពោលវាចាទៅកាន់និសិត្សរចនា ដែលក្នុងពេលនោះជាម៉ោងសម្រាក ហើយមាន  សិស្សតែ ៥ - ៦ នាក់ប៉ុណ្ណោះកំពុងអង្គុយអានសៀវភៅក្នុងថ្នាក់រៀន រួមទាំងរចនាផងដែរ។
   -"ចា៎ះ? អូហ៎.....អត់ទេ! គ្មានខ្លាំងអីទេ.....ខ្ញុំចេះតែអានទៅទេ..... ព្រោះចង់បានពាក្យថ្មីៗ។" នាងឆ្លើយតបទាំងភ្ញាក់ ដោយចោលកែវភ្នែកទាំងគូរមករកម្ចាស់សម្លេង នឹងមានទឹកមុខអៀនប្រៀន តាមនិស្ស័យធម្មជាតិជាស្រីក្រមុំ។
នរៈ -"ដូចគំនិតរបស់ខ្ញុំដែរ.....ចង់ចេះពាក្យថ្មីៗ.....មិនពិបាកទេ ឲ្យតែយើងឧស្សាហ៍អាន ទោះជាសៀវភៅក៏ដោយ កាសែតក៏ដោយ។ កាលពីឡើង Present (Present មានន័យថា ធ្វើបទបង្ហាញ ឬណែនាំ អ្វីមួយឲ្យអ្នកដ៏ទៃស្តាប់ ដឹងឭ ឬយល់) ខ្ញុំឃើញនិយាយអង់គ្លេសបានល្អ ណាស់..... ឲ្យឡើងរអិលតែម្តង។"
រចនា   -"ច៎ាះ! មានណា៎..... ខ្ញុំនិយាយធម្មតាសោះហ្នឹង.....កាលណោះភ័យសឹងអី!"
នរៈ   -"ដូចតែគ្នាហ្នឹង.....លើកទីមួយហើយដែលខ្ញុំឡើងអ៊ីចឹង.....ប៉ុន្តែឥឡូវដូចជាមិនសូវអី ប៉ុន្មានទេ។"
រចនា   -"ថាមិនត្រូវដែរហ្នឹងណា៎ះ! មុនឡើងខំតាំងចិត្តកុំឲ្យភ័យ តែដល់ពេលឡើងនិយាយ ..... រកនឹកអត់ចង់ចេញ។"
នរៈ   -"ហិ ហិ ហិ ..... តែបានពីរបីដងឡើងទៅស៊ាំហើយ.....ខ្ញុំក៏អ៊ីចឹងដែរ! Cause and Effect អ្ហា៎ អានសៀវភៅនេះដែរ? សៀវភៅហ្នឹងល្អតើ!" 
រចនា   -"ចា៎ះ.....អូហ៎ ធ្លាប់អានហ្អ៎? ខ្ញុំទើបតែទិញម្សិលម៉ិញហ្នឹង ..... គ្មានទាន់បានអានអីទេ!" 
នរៈ   -"ខ្ញុំអានជិតចប់ហើយ​..... ហើយ..... !" ​សម្លេងទូរស័ព្ទបន្លឺឡើងតិចៗល្មមអាចស្តាប់ឭតែម្នាក់
ឯង ចេញពីកាបូបដាក់សៀវភៅរបស់និសិត្សរចនា ធ្វើឲ្យបង្អាក់ការសន្ទនារបស់ពួកគេទាំងពីរ។
   -"អត់អីទេ..... ខ្ញុំមិនរំខានទេ!" នរៈពោលវាចាដោយលើកដៃជាសញ្ញាបង្ហាញពីសុជីវធម៌ ផ្តល់សិទ្ធ ដល់គូសន្ទនាលើកទូរស័ព្ទ ហើយរូបគេក៏ដើរចេញមកកាន់តុរបស់ខ្លួន។ តុនរៈស្ថិតនៅជួរទី៦ នៅខាងក្រោយតុរចនារំលងតែ៣ជួរប៉ុណ្ណោះដែលល្មមអាចឲ្យនិសិត្សនរៈយើងស្តាប់ឭរចនា 
និយាយឆ្លើយឆ្លងជាមួយអ្នកដែលនៅខាងខ្សែម្ខាងតាមទូរស័ព្ទបាន។
   -"អាឡូ ម៉ាក់? ..... ចា៎ះ.....? ចុះឥឡូវយ៉ាងម៉េចហើយម៉ាក់? .....​ចា៎ះ.....ចា៎ះម៉ាក់!" និយាយមិនទាន់ចប់ស្រួលបួលផង មាណវីស្ទុះក្រោកឈរ ប្រមូលសម្ភារៈសិក្សាដាក់ក្នុងកាបូប យ៉ាងប្រញ៉ាប់ប្រញ៉ាល ហើយងាកនិយាយទៅកាន់នរៈទាំងទឹកមុខភ័យព្រួយឥតឧបមា។
   -"ខ្ញុំសូមពឹងមួយណា៎! .....ជួយប្រាប់ Teacher ផង.....ខ្ញុំសុំចេញទៅមុនម៉ោងហើយ ព្រោះប្អូនស្រីខ្ញុំ ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយពេលនេះកំពុងនៅឯមន្ទីពេទ្យកាល់ម៉ែតឯណោះ .....សន្លប់អត់ទាន់ ដឹងខ្លួនទេ.....Ok?" ចប់ប្រយោគមិនទាន់ ស្រស់ស្រីបោះជំហានដើរទៅវឹង ធ្វើឲ្យនរៈឈរសម្លឹង នាងពីក្រោយដោយអត់ដឹងថាត្រូវឆ្លើយតបយ៉ាងម៉េច បើនាងដើរទៅយ៉ាងលឿនស្លេវ រកតែគេឆ្លើយ យល់ព្រមមិនទាន់។

   នរៈឈរទ្រឹង សម្លឹងមើលរចនាដើររហូតចេញផុតពីថ្នាក់រៀន រីឯមិត្តរួមថ្នាក់ផ្សេងទៀតដែល កំពុងអានសៀវភៅនៅក្បែរនោះនាំគ្នាមើលមកនរៈធ្វើភ្នែកឡិងឡង់ៗដូចមនុស្សទើបតែងើបពីសន្លប់។ តាមពិតនរៈចង់ប្រាប់រចនាថានាងភ្លេចសៀវភៅមួយក្បាលហើយ គឺសៀវភៅ Cause and Effect ដែលនាងទើបតែទិញ។ នាយយើងបានច្រឡំកាន់សៀវភៅនេះមកក្នុងពេលដែលគេបានដើរចេញ ពីតុរចនា ខណៈទូរស័ព្ទនាងរោទិ៍។

   បុរសយើងអង្គុយចុះ បើកសៀវភៅចំទំព័រទី១ ឃើញមានពាក្យពេចន៍ដែលសរសេរដោយប៊ិច ពណ៌ខៀវនៅចុងទំព័រខាងស្តាំផ្នែកខាងលើបង្អស់ "Bought on 18th March 2006" (បានទិញនៅថ្ងៃ១៨ ខែមិនា ឆ្នាំ២០០៦) នឹងមានហត្ថាលេខានៅពីខាងក្រោមប្រយោគមួយនេះ រួមទាំងមានពាក្យថា "រចនា" នៅខាងក្រោមហត្ថាលេខានោះទៀតផង។ នរៈអានពាក្យ "រចនា" ខ្សឹបៗសឹងតែមិនហើប បបូរមាត់ ថែមទាំងញញឹមតែម្នាក់ឯង ដោយបង្ហើរអារម្មណ៍ទៅរកម្ចាស់ឈ្មោះ .....ចិត្តមួយនឹកដល់ វង់ភក្រ្តដ៏សរលោងម៉ដ្តខៃ រីឯចិត្តមួយផ្សេងទៀតនឹកព្រួយបារម្ហដល់ញ្ញាតិសន្តានរបស់នាងដែល បានជួបគ្រោះអកុសលមុននេះបន្តិច។

   ថ្វីត្បិតតែពួកគេទាំងពីរនាក់រៀនថ្នាក់ជាមួយគ្នាមែន តែនេះជាលើកដំបូងហើយដែលនរៈមាន ឱកាសបានប្រាស្រ័យទាក់ទងឆ្លើយឆ្លងពាក្យសម្តី ស្តីវាចាជាមួយរចនា​ ហើយបុរសយើង ក៏មិននឹកស្មានថា នាងមានភាពរួសរាយរាក់ទាក់ ចូលចិត្តរាប់អានអ្នកផងទាំងពួងដូច្នេះឡើយ។ កន្លងមកនរៈតែងគិតថា នារីមានសម្រស់ស្រស់ស្អាត ជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ច្រើនមានចរិតវាយឬក ឆ្មើងឆ្មៃ រាប់អានរាក់ទាក់តែជាមួយអ្នកមានដូចគ្នាតែប៉ុណ្ណោះ ហើយអ្វីដែល បណ្តាលឲ្យកម្លោះយើងហ៊ានដាច់ចិត្តនិយាយប្រទាក់ពាក្យសម្តីជាមួយនាងក្នុងថ្ងៃនេះ ក៏ព្រោះតែ ប៉ុន្មានថ្ងៃមុននេះនាពេលព្រឹក ខណៈនរៈកំពុងអង្គុយញ៉ាំអាហាររួមតុជាមួយមិត្តភ័ក្តដ៏ទៃទៀតក្នុង អាហារដ្ឋាននៃសាកលវិទ្យាល័យ ក៏ស្រាប់តែមិត្តម្នាក់ឈ្មោះដារិទ្ធដែលកំពុងតែរួមតុជាមួយនរៈ សុខៗ បែរជាមានអាការៈវិលមុខ ទន់ដៃទន់ជើង អង្គុយទប់ខ្លួនមិននឹង ហើយដួលផ្ងាក្រោយមួយ រំពេច។ ភាពឆោឡោក៏បានកើតឡើង! ទាំងនរៈ និងមិត្តភ័ក្តដ៏ទៃទៀតស្ទុះព្រមគ្នាទៅលើកត្រកង ដារិទ្ធ ខ្លះជួយច្របាច់ដៃជើង ខ្លះជួយយកប្រេងកូឡាមកញីថ្ងាសនិងសៀតថ្កា រីឯនរៈជួយរឹតទ្រូង ដោយរាងកាយទាំងមូលរបស់ដារិទ្ធត្រូវបានទ្រដោយដៃឆ្វេងរបស់នរៈ។

   ដោយមិនបង្អង់យូរ នរៈចាប់លើកបីដារិទ្ធហើយពោលវាចាទៅកាន់មិត្តភ័ក្តទាំងអាការៈភ័យព្រួយ និងស្លន់ស្លោរកថាមិនត្រូវ។
   -"ឆាប់ដឹកគាត់យកទៅមន្ទីរពេទ្យតែម្តងទៅ.....ព្រោះមើលទៅមិនស្រួលទេ!" គេបីអ្នកជំងឺដារិទ្ធដើរ យ៉ាងញាប់ជើងហាក់គ្មានធ្ងន់ឬហត់អ្វីបន្តិចសោះ រីឯមិត្តភ័ក្តដ៏ទៃទៀតក៏រួមដំណើរមកជាមួយដែរ។
   -"ទៅ.....ដារ៉េត.....យកម៉ូតូរបស់ឯងសិនម៏! ឌុបយកទៅពេទ្យលោកសង្ឃ.....នៅជិតនេះទេ!" នរៈនិយាយទៅកាន់ដារ៉េតដែលជាមិត្តរួមថ្នាក់ជាមួយគ្នា ហើយក៏ជាមិត្តដ៏ជិតស្និទរបស់ដារិទ្ធដែរ។ ក៏លឿនដូចចិត្ត ដារ៉េតស្ទុះរត់ទៅមុន សំដៅទៅកន្លែងទទួលផ្ញើកង់ម៉ូតូ។

   ម៉ោង២រសៀលថ្ងៃដដែល នៅឯមន្ទីរពេទ្យលោកសង្ឃ..........

   -"ដារ៉េត.....ដារិទ្ធយ៉ាងម៉េចហើយ?" នរៈនិយាយខ្សឹបៗទៅកាន់ដារ៉េតដែលកំពុងអង្គុយលើកៅអី ជ័រដ៏កញ្ចាស់មួយក្បែរគ្រែអ្នកជំងឺដារិទ្ធ។
    -"គាត់បានធូរច្រើនហើយ.....លោកគ្រូពេទ្យប្រាប់ថាគាត់គ្មានជំងឺអ្វីធ្ងន់ធ្ងរទេ.....គឺដោយសារតែ គាត់ខ្សោយ អស់កម្លាំង សម្រាកមិនបានគ្រប់គ្រាន់ហើយថែមទាំងខ្វះជាតិស្ករទៀតផង។" ដារ៉េតឆ្លើយតបនរៈទាំងសម្លឹងមើលទឹកសេរ៉ូមនៅក្នុងប្លោកដែលព្យួរជាប់នឹងបង្គោលឈើមួយប៉ុនក ដៃមនុស្សចាស់ចងឱបភ្ជាប់ទៅនឹងជើងគ្រែក្បាលដំណេកខាងស្តាំ។

   ដារិទ្ធមានរូបរាងស្គម ស្តើង ខ្ពស់ នឹងមានអត្តចរិតដូចស្រីអ៊ីចឹង ប៉ុន្តែគេជាមនុស្សរួសរាយ ចិត្តល្អ ហើយថែមទាំងរៀនពូកែទៀតផង។ គ្រួសាររបស់គេក៏មិនជាធូរធារប៉ុន្មានឡើយ។ ដារ៉េតនិងដារិទ្ធ នៅផ្ទះជិតគ្នា និងជាមិត្តជិតស្និទនឹងគ្នាតាំងពីតូចៗម្លេះ។ សឹងតែគ្រប់ពេលទាំងអស់ ពួកគេទាំងពីរ តែងតែទៅណាជាមួយគ្នាដួចលលកញីឈ្មោលអ៊ីចឹង។

   ដោយឃើញមានចំណីអាហារជាច្រើនដូចជា ក្រូចពោធិសាត់ ផ្លែប៉ោម ដូងខ្ចីពីរបីផ្លែ រួមទាំងទឹកដោះគោឆៅពីរឡូ និងទឹកបរិសិទ្ធចំណុះមួយលីត្រកន្លះមួយយួរ នៅលើគ្រែក្បែរចុងជើង អ្នកជំងឺដារិទ្ធ នរៈក៏សួរដារ៉េត.....
   -"របស់របច្រើនម្លេះ.....ឪពុកម្តាយដារិទ្ធបានដឹងហើយឬ?"
   -"ពួកគាត់បានដឹងហើយ.....គឺខ្ញុំបានទូរស័ទ្ទប្រាប់គាត់តាំងពីនៅក្នុងឡានតាមផ្លូវមកម្លេះ! ពួកគាត់ ភ័យព្រួយខ្លាំងណាស់ តែមុនឯងមកដល់អម្បាញ់ម៉ិញ ខ្ញុំក៏បានចុចទៅជម្រាបម្តងទៀត ប្រាប់ពីស្ថានភាពរបស់ដារិទ្ធ ហើយគាត់ថានៅតាមផ្លូវ មកដល់កំពង់ចម្លងអ្នកលឿងហើយ!"
   -"បើអ៊ីចឹងគាត់ទាំងពីរអត់នៅភ្នំពេញទេឬឥឡូវហ្នឹង?" នរៈសួរភ្លាម។
   -"ម៉ាក់ប៉ាដារិទ្ធបានទៅចូលរួមពិធីមង្គលការបងប្អូននៅឯខេត្រព្រៃវែងតាំងពីម្សិលម្ង៉ៃម្លេះ.....ហើយ ចំណីអាហារ រួមទាំងថ្នាំពេទ្យមួយថង់នេះទៀត គឺរចនាជាអ្នកទិញមកជូនទេ!"
   -"Wow! That's great! That's very kind of her! When did she leave here?" នរៈឆ្លើយឆ្លងទៅកាន់ដារ៉េតជា ភាសាអង់គ្លេស ដែលមានន័យថា៖ អស្ចារ្យណាស់! ពិតជាប្រពៃណាស់! នាងចំជាចិត្តល្អមែន! ហើយចុះនាងចាកចេញពីទីនេះតាំងពីអង្កាល?
   -"Almost an hour ago! She'll be back soon!" ដារ៉េតក៏ប្រទាក់ក្រឡាជាភាសាអង់គ្លេសវិញដែល មានន័យថា៖ រចនាបានចេញទៅជិតមួយម៉ោងហើយ ហើយថានាងនឹងត្រឡប់មកវិញឆាប់ៗទេ។
   -"Oh, well! Why didn't you get in the car at that time?" ដារ៉េតបន្តការជជែគ្នាខ្សឹបៗដោយសួរនរៈ ទាំងអាការៈងឿងឆ្ងល់ជាភាសាអង់គ្លេសដដែល មានន័យថា៖ អូហ៏.....ហើយចុះពេលនោះម៉េចក៏ ឯងមិនឡើងជិះឡានមកជាមួយគ្នា?

   នរៈនៅស្ងៀម តែញញឹមលាក់កំណួច ហើយបោះជំហានទៅរកចំណីអាហារដែលរចនាទិញជូន អ្នកជំងឺដារិទ្ធ រួចដាក់ក្រូចពោធិសាត់មួយឡួ ទឹកដោះគោឆៅមួយឡួដែលកម្លោះយើងបានទិញមក ដែរ ទុកនៅក្បែរនោះជាមួយគ្នា។ នរៈយកដៃស្តាំអង្អែលដបទឹកសុទ្ធមួយដែលមាននៅសល់ទឹក ប្រហែលពាក់កណ្តាល នឹកទៅដល់ព្រឹត្តការណ៍កាលពីព្រឹកម៉ិញ គឺខណៈពេលដែលដារ៉េតបើកម៉ូតូ ឌុបដារិទ្ធដោយមាននរៈជិះពីក្រោយទប់ខ្លួនអ្នកជំងឺ និងរួមដំណើរដោយមិត្តភ័ក្តជិះម៉ូតូបី បួនគ្រឿង ផ្សេងទៀត។

   .....គ្រាន់តែមកដល់ខ្លោងទ្វាសាលាចេញមកកាន់ផ្លូវធំ ម៉ូតូដារ៉េតក៏ឈប់ង៉ក់ ស្ទើរតែជ្រុលទៅបុក រថយន្ត Toyota Corolla ពណ៌សមួយគ្រឿង ដែលពេលនោះក៏កំពុងបត់ចូលមកក្នុងសាលាដោយ បញ្រ្ចាសគ្នានឹងក្រុមម៉ូតូរួមដំណើរដឹកដារិទ្ធទៅកាន់មន្ទីរពេទ្យ។ ដោយសារដារ៉េតបើកម៉ូតូហើយ បញ្ឈប់ទាំងប្រថុចញ៉ុច មិនឲ្យសញ្ញាអ្វីដល់នរៈបានដឹងជាមុន បណ្តាលឲ្យនរៈទប់ខ្លួនស្ទើរតែមិន ជាប់ ប៊ិះរបូតអ្នកជំងឺធ្លាក់ពីលើម៉ូតូ។ នៅពេលដែលម៉ូតូឈប់ភ្លាមៗ ម៉ូតូក៏ផ្អៀងរកកលចង់ដួលទៅ ខាងស្តាំ នរៈក៏រហ័សទម្លាក់ជើងខាងស្តាំជាន់លើដីជួយទប់...ដៃឆ្វេងរបស់គេទ្រក្បាលដារិទ្ធ រីឯ ដៃស្តាំឱបចង្កេះជាប់។រវល់តែខំទប់ម៉ូតូកុំឲ្យដួល​ជាពិសេសអ្នកជំងឺដារិទ្ធកុំឲ្យធ្លាក់នរៈមិន បានចាប់អារម្មណ៍ថានៅខាងមុខជារថយន្តនរណាឡើយ។ ស្រាប់តែកម្លោះយើងមានអាម្មណ៍ថា ក្លិនដ៏ក្រអូប ប្រហើរស្រទន់ រសាត់មកប៉ះនឹងច្រមុះរបស់គេ និងឭសម្លេងសួរក្នុងលក្ខណៈភ័យ និងភ្ញាក់ផ្អើល.....
   -"ដារ៉េត.....រួចចុះដារិទ្ធយ៉ាងម៉េចហ្នឹង?" អ្នកបើកឡានសួរពីចម្ងាយបន្ទាប់ពីចុះចេញពីរថយន្ត ដើរមកកាន់ដារ៉េតដែលកំពុងតែឈរជ្រែងជើងទាំងសងខាង គូទហើបចេញពីកែប ដៃទាំងពីរប្រឹង ទប់ចង្កូតម៉ូតូកំឲ្យដួល។
   -"គាត់ប្រហែលជាខ្យល់គ .....តែក៏មិនទាន់ដឹងច្បាស់ដែរ!" ដារ៉េតឆ្លើយតប។
   -"អ៊ីចឹង? .....ម៏យកគាត់ដាក់ចូលឡានមក៏.....ខ្ញុំជួយជូនគាត់ទៅ!"
ដោយមិនចាំបាច់មាននរណាប្រាប់ទាន់ នរៈលើកបីដារិទ្ធវឹង រីឯដារ៉េតស្ទុះចុះពីលើម៉ូតូ ដាក់ចន្ទុល សឹងតែមិនជាប់ មកជួយទ្រអ្នកជំងឺចូលរថយន្ត ដោយដារ៉េតចូលទៅក្នុងឡានមុន អង្គុយនៅផ្នែក ខាងក្រោយ ចំណែកឯនរៈនិងមិត្តភ័ក្តពីរ បីនាកទៀតជួយទ្រក្បាល និងខ្លួនដារិទ្ធចូលក្នុងរថយន្ត ថ្នមៗ ដោយមានដារ៉េតចាំទទួលបីត្រកងបន្តនៅខាងក្នុងជាស្រេច។

   នរៈសឹងតែមិនចង់ដើរចេញពីមាត់ទ្វាររថយន្តទេ គេចង់នៅឈរស្រូបក្លិនដ៏ក្រអូបត្រជាក់ដែល ភាយចេញពីក្នុងឡាន។ ក្លិនដ៏ក្រអូបនេះធ្វើឲ្យអារម្មណ៍កម្លោះនរៈស្ទើរតែវង្វេងវង្វាន់ទៅហើយ។ ដោយគិតថាខ្លួនជាប្រុស ថែមទាំងមិនមែនជាមិត្តជិតស្និទ សូម្បីតែនិយាយឆ្លើយឆ្លងគ្នាជាមួយម្ចាស់ រថយន្តក៏មិនដែលផងនោះ នរៈក៏ថយចេញពីទ្វារឡានបន្ទាប់ពីដាក់ដារិទ្ធឲ្យដេក ទម្រេតស្រួលបួល នៅលើភ្លៅដារ៉េត រួចងាកនិយាយប្រាប់មិត្តភ័ក្តពីរនាក់ដែលបានជួយលើកដារិទ្ធដាក់ចូលរថយន្ត មានស្រីម្នាក់ និងប្រុសម្នាក់រួមដំណើរជាមួយដារ៉េត និងម្ចាស់រថយន្តដ៏ស្រស់សោភារចនា ដឹកអ្នក ជំងឺទៅកាន់មន្ទីរពេទ្យ។

   -"Excuse me! Does anybody have Rachna's phone number?" នរៈបិទសៀវភៅ Cause and Effect រួចងាកសួរមិត្តរួមថ្នាក់ដែលនៅជួរតុម្ខាងនៃខាងស្តាំដៃជាភាសាអង់គ្លេសថាតើមាននរណាស្គាល់ លេខទូរស័ព្ទរបស់រចនាដែរឬទេ។
   -"Yes, I do. Let me search it on my mobile phone!" វាសនាដែលជាប្រធានថ្នាក់ឆ្លើយតបវិញថាគាត់ មាន.....គាត់សុំឆែកមើលក្នុងទូរស័ព្ទរបស់គាត់សិន។


សូមរង់ចាំអានវគ្គបន្ត
ឈាមខ្មែរ

Thursday, May 10, 2012

បទចម្រៀងសម័យដើមដែលខ្ញុំចូលចិត្តស្តាប់ នឹង ពេញចិត្តបំផុត

   ខ្ញុំមិនដឹងច្បាស់ថាចំណងជើងបទចម្រៀងមួយនេះមានឈ្មោះថា "បណ្តាំស្នេហ៍ស្នង ឬ បណ្តាំមុនអារុណរះ" នោះទេ ហើយក៏មិនដឹងថាអ្នកណានិពន្ធដែរ ទាំងបទភ្លេង និងទំនុកច្រៀង!  ខ្ញុំធ្លាប់បានស្តាប់បទនេះម្តងកាលខ្ញុំមានអាយុប្រហែល១៣ឆ្នាំ។ កាលណោះខ្ញុំបានឭគេចាក់បទនេះតាមមេក្រូ (ឧគ្ឃោសនសព្ទ) ក្នុងពិធីបុណ្យដាភូមិប្រចាំឆ្នាំនៅភូមិពោធិស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺជាស្រុកភូមិដែលខ្ញុំធ្លាប់រស់នៅកាលពីតូចជាមួយមីងពូរបស់ខ្ញុំនៅទីនោះ។
 
   ស្ទើរតែគ្រប់ពេលដែលខ្ញុំចាប់ផ្តើមច្រៀងខារ៉ាអូខេ ខ្ញុំតែងតែច្រៀងបទនេះមុនគេ! និយាយរាងអួតបន្តិចចុះ! ខ្ញុំច្រៀងបទនេះពិរោះគ្រាន់បើ ពីព្រោះសម្លេងរបស់ខ្ញុំហាក់ដូចជាស៊ីសមគ្នានឹងបទមួយនេះណាស់! 
ហិ ហិ ហិ!!!!


 

"សោភានីមាសបង" ពិតជាបទចម្រៀងដែលតែងតែធ្វើឲ្យខ្ញុំស្ទើរតែស្រក់ទឹកភ្នែកគ្រប់ពេលដែលខ្ញុំស្តាប់​ ពីព្រោះខ្ញុំនឹកអាណិតតួអង្គប្រុសជាពន់ពេក!