Monday, June 10, 2013

រឿងព្រេង

ទាក់ទងនឹងពាក្យប្រដូចរបស់ខ្មែរថា

"ឆ្មាក៏ដោយ ឆ្កែក៏ដោយ ឲ្យទៅ!"

  កាលបើមានគេចូលមកស្តីដណ្តឹងកូនស្រី ចាស់ៗដែលជាមេបាតែងយករឿងនេះទៅជំនុំពិគ្រោះជា មួយបងប្អូនដើម្បីឲ្យបានមូលមតិគ្នាថា​ គួរសម្រេចឲ្យទៅគេឬទេ? ហើយបើកាលណាចាស់ៗពិនិត្យ ទៅឃើញថាកូនប្រុសគេនោះមានតម្រិះវិជ្ជាគួរសមហើយ ទាស់តែគ្នាជាកូនអ្នកក្រីក្រតែប៉ុណ្ណោះ, គេច្រើនតែកាត់សាញដោយយកពាក្យប្រដូចខាងលើនេះមកថា "ណ្ហើយ! ឆ្មាក៏ដោយ ឆ្កែក៏ដោយ ឲ្យទៅ! កុំរើសច្រើនពេក!"។
  ពាក្យប្រដូចនេះនៅមានប្រើសព្វថ្ងៃនៅឡើយ ហើយគួរឲ្យយើងឆ្ងល់ដែរថាមកអំពីហេតុអ្វីបានជា កើតពាក្យនេះឡើង?
  ដើម្បីដោះសា្រយនូវសំនួរនេះ លោកឧកញ៉ា កែវ ហង្ស  ដែលជាអតីតសមាជិករបស់ក្រុមទំនៀម ទម្លាប់ខ្មែរបានឲ្យការណ៍មកថា ពាក្យនេះមានកំណើតឡើងអំពីរឿងព្រេងបុរាណមួយដែលលោក បានឮចាស់ៗនិទានប្រាប់លោក៖
  កាលនោះមានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់ចិញ្ចឹមមេឆ្កែមួយ។ មេឆ្កែនោះតែងតែរើសសំណល់ អំពីព្រះអង្គសោយដែលចោលទៅក្នុងកន្ថោទឹកមូត្រមកបរិភោគជានិច្ចរាល់ពេល។ យូរៗទៅស្រាប់ តែមេឆ្កែនោះមានគភ៌, លុះដល់ពេលនឹងសម្រាលមេឆ្កែរត់ទៅរកកន្លែងនៅក្នុងរូងភ្នំមួយស្ងាត់ ហើយ ឆ្ងាយដាច់អំពីភូមិអ្នកស្រុក។
  ដល់ពេលហើយ មេឆ្កែក៏សម្រាលបានកូនជាមនុស្ស ស្រីពីរនាក់ និងប្រុសម្នាក់។ មេឆ្កែខំដើររកចំនី អាហារមកចិញ្ចឹមកូនទាំងបីនាក់ទាល់តែធំពេញរូបពេញរាង។ មេឆ្កែមានសេចក្តីព្រួយបារម្ភនឹងកូន ពេកណាស់ ព្រោះខ្លួនជាសត្វ ហើយកូនជាមនុស្ស។ តែកាលណាខ្លួនត្រូវចេញទៅរកចំណីអាហារឯ ស្រុកភូមិគេ មេឆ្កែតែងព្យាយាមហាមប្រាមកូនទាំងបីមិនឲ្យចេញទៅលេងឆ្ងាយអំពីរូងឡើយ ខ្លាច ក្រែងមានមនុស្សម្នាដើរមកឃើញស្រឡាញ់ ហើយចាប់យកទៅ។
  ថ្ងៃមួយព្រះមហាក្សត្រសោយរាជក្នុងនគរនោះ ទ្រង់នឹកភ្នកចង់ចេញទៅប្រពាតព្រៃ ហើយព្រះអង្គ ទ្រង់ព្រះបញ្ជាឲ្យរៀបក្បួនដង្ហែព្រះអង្គទៅ។ និយាយពីនាងកូនឆ្កែទាំងពីរនាក់ រាល់ថ្ងៃរាងមក ពេល ដែលម្តាយនាងមិននៅ នាងមិនដែលហ៊ានដើរចេញទៅលេងខាងក្រៅភ្នំទេ តែជាទេសកាលអ្វីនៅ នាថ្ងៃនោះ ក៏បណ្តាលចិត្តនាងឲ្យចង់ចេញទៅក្រៅ ហើយក៏ជួបនឹងក្បួនស្តេចដែលយាងទៅក្រសាលព្រៃ។ ឯព្រះមហាក្សត្រលុះទតយល់នាងស្រីទាំង ពីរនាក់នោះមានរូបឆោមសមរម្យល្អណាស់ ទ្រង់សព្វព្រះរាជហឬទ័យចង់បាននាងជាអគ្គមហេសី។  ព្រះអង្គទ្រង់ឲ្យហៅនាងមកសួរថា "នាងជា កូនចៅអ្នកណា បានជាមកនៅក្នុងព្រៃយ៉ាងដូច្នេះ?"។ ចំណែកនាងទាំងពីរនាក់ក៏ក្រាបទូលកុហកស្តេចថា "នាងជាកូនកំព្រា នៅតែពីរនាក់បងប្អូនប៉ុណ្ណោះទេ"។ ព្រះមហាក្សត្រទ្រង់ប្រកាសប្រាប់នាម៉ឺនពលរេហ៍ថា "ទ្រង់លើក នាងទាំងពីរនេះជាអគ្គមហេសី"ហើយទ្រង់ព្រះរាជបញ្ជាឲ្យរៀបក្បួនត្រឡប់ទៅព្រះរាជវាំង វិញដោយមានព្រះទ័យរីករាយជាទីបំផុត។
  ចំណែកឯកូនប្រុសរបស់មេឆ្កែ នៅពេលដែលអ្នកឮសូរសន្ធឹកក្បួនហែរស្តេចមកដល់ជិតភ្នំ អ្នកភ័យ ណាស់ ខំរត់ទៅលាក់ខ្លួនពួនអាត្មាមិនឲ្យគេឃើញទេ។ លុះក្បួនដង្ហែស្តេចចេញផុតទៅ មេឆ្កែត្រលប់មកពីរកចំណី
អាហារវិញ, កូនប្រុសក៏ប្រាប់ម្តាយតាមដំណើរ។ មេឆ្កែនឹកស្តាយ នឹកអាល័យកូនណាស់ ខំរត់តាម ក្បួនស្តេច ហើយក៏បានទាន់ នៅពេលដែលស្តេចបញ្ឈប់ក្បួនសម្រាកនៅកណ្តាលផ្លូវ។ ដល់ហើយ មេឆ្កែខំរុលចូលសំដៅទៅរកកូនស្រី ទោះជាពលសេនាទាហ៊ានដេញដូចម្តេចក៏ពុំព្រមចេញសោះ។ ព្រះមហាក្សត្រ ទ្រង់ទតយល់ដូច្នេះ ទ្រង់ត្រាស់សួរទៅនាងទាំងពីរនាក់ថា "មេឆ្កែនោះនាងចិញ្ចឹម ឬ ដូចម្តេច បានជាវាខំរត់មកតាមដូច្នេះ?" ប៉ុន្តែនាងមិនព្រមទូលព្រះអង្គតាមត្រង់ទេ បែរជាទូលថា "មិនដឹងជាមេឆ្កែមកពីណាទេ!"។ ព្រះទ្រង់ព្រះបញ្ជាឲ្យវាយបណ្តេញមេឆ្កែនោះទាល់តែទ្រម, មេឆ្កែ ទ្រាំមិនបានក៏ខំរត់គេចត្រឡប់ទៅរកកូនប្រុសវិញ ហើយប្រាប់កូនតាមដំណើរ។ កូនប្រុសឮដូច្នេះ នឹកក្តៅចិត្តនឹងបងស្រីទាំងពីរណាស់, អ្នកខំរកថ្នាំសង្កូវមើលជំងឺម្តាយទាល់តែសះស្បើយ ទើបនាំ ម្តាយដើរទៅរកភូមិស្រុកគេ ដើម្បីនឹងរកការងារធ្វើយកលុយកាក់គ្រាន់នឹងចិញ្ចឹមម្តាយ មិនឲ្យម្តាយ លំបាកនឹងរត់ទៅរកចំណីអាហារមកចិញ្ចឹមខ្លួនដូចមុនទៀតឡើយ។
  មេឆ្កែនិងកូនប្រុសក៏បានចូលខ្លួនទៅសុំបម្រើនឹងផ្ទះសេដ្ឋីម្នាក់ ហើយកូនប្រុសនោះខំយកចិត្តទុក ដាក់ថែរក្សាទ្រព្យសម្បត្តិរបស់សេដ្ឋីជាទីបំផុត។ ពេលយប់ មេឆ្កែមិនហ៊ានដេកទេ ខំដើររវាំងមើល ផ្ទះសេដ្ឋី។ សេដ្ឋីមានសេចកត្តីពេញចិត្តនឹងមេឆ្កែ ហើយនិង បុរសក្មេងនោះណាស់ លុះយូរៗទៅ សង្កេតឃើញមារយាទក្មេងនោះល្អ, សេដ្ឋីក៏សុំបុរសក្មេងនោះ ធ្វើជាកូនចិញ្ចឹម។ ពេលបរិភោគបាយម្តងៗ បុរសជាកូនតែងចាប់បាយនិងម្ហូបមួយចំណែកទុកជូនម្តាយ។ សេដ្ឋីឃើញ ដូច្នេះនឹកឆ្ងល់ណាស់ ក៏ប្រាប់ទៅកូនចិញ្ចឹមខ្លួនថា "មិនចាំបាច់ចាប់បាយទុកទេ ព្រោះឪពុកមិនខ្វះ បាយឲ្យឆ្កែរបស់កូនស៊ីទេ"។ ឮដូច្នោះ បុរសកូនឆ្កែជម្រាបទៅសេដ្ឋីថា "លោកឪពុក! ការដែលខ្ញុំចាប់ បាយទុកមួយចំណែកនេះ មិនមែនខ្ញុំយល់ថាលោកឪពុកខ្វះបាយទេ, ប៉ុន្តែមេឆ្កែនេះបានចិញ្ចឹមខ្ញុំ ហើយបានរស់នៅជាមួយនឹងខ្ញុំ ក្នុងគ្រាក្រលំបាកជាយូរឆ្នាំណាស់មកហើយ ទើបបានជាខ្ញុំដឹងគុណ មេឆ្កែនេះ"។ យូរបន្តិចមក បុរសកូនឆ្កែក៏ចូលសុំសេដ្ឋីទៅរៀនវិជ្ជា​ ព្រោះខ្លួនកើតជាប្រុសពុំទាន់ចេះដឹងអ្វីនឹងគេបន្តិចសោះ។ សេដ្ឋីក៏យល់ព្រមឲ្យទៅ។ បុរសកំសត់ក៏ ផ្ញើមេឆ្កែនឹងសេដ្ឋី ហើយក៏លាសេដ្ឋីចេញទៅ។
  យូរឆ្នាំក្រោយមក, លុះបុរសកូនឆ្កែរៀនវិជ្ជាចេះចប់ដូចសេចក្តីប្រាថ្នាហើយ ក៏ត្រឡប់មករកសេដ្ឋី វិញ។ មេឆ្កែឃើញកូនមកដល់ ខំរត់ទៅត្រដុសននៀលនឹងកូន ព្រមទាំងបញ្ចេញអាការៈឲ្យឃើញនូវ សេចក្តីត្រេកអរជាទីបំផុត។ សេដ្ឋីចង់ដឹងស្នាដៃរបស់កូនចិញ្ចឹម ក៏សុំឲ្យកូនសម្តែងសិល្ប៍ដែលបាន ទៅរៀននោះ ឲ្យខ្លួនបានដឹងផង។ បុរសកូនឆ្កែចាប់ធ្នូមកបាញ់ទៅកើតជាភ្លើង រួចបាញ់ធ្វើជាទឹក លត់ភ្លើងនោះទៅទៀត។ លុះឃើញកូនចិញ្ចឹមមានឬទ្ធានុភាពមែន សេដ្ឋីនិងប្រពន្ធក៏ព្រមព្រៀង លើកកូនស្រីឲ្យធ្វើជាប្រពន្ធបុរសកូនឆ្កែនោះ តែពុំទាន់រៀបអាពាហ៍ពិពាហ៍នៅឡើយទេ ពីព្រោះបុរសកូនឆ្កែសុំលាសេដ្ឋីទៅតាមសងសឹកបងស្រីទាំងពីរដែលបានទូលស្តេចឲ្យធ្វើបាបម្តាយខ្លួននោះសិន។
  លុះទៅជិតដល់នគរព្រះមហាក្សត្រ ដែលជាស្វាមីរបស់បងស្រីខ្លួនហើយ បុរសកូនឆ្កែប្រើមនុស្ស
ឲ្យនាំសារចូលទៅថ្វាយស្តេចឲ្យលើកទ័ពចេញមកច្បាំង ហើយបុរសកូនឆ្កែ ថ្លែងសរសម្តែងឬទ្ធ ឲ្យឮសូរកក្រើកអស់ទាំងផែនប្រឹថពី ផ្អើលពួករាស្ត្រប្រជាឆោឡោ មិនដឹងជាទៅ ណាមកណា ចេះតែរត់ប្រមូលកូនប្រមូលចៅគ្រប់ៗគ្នា។ ចំណែកឯព្រះមហាក្សត្រលុះបានដំណឹងថា មានអ្នក ខ្លាំងចូលមកចង់បង្កសង្រ្គាមដូច្នេះ​ ព្រះអង្គទ្រង់ភ័យរន្ធត់ពន់ពេក ព្រោះព្រះអង្គពុំមានចេះសិល្ប៍វិជ្ជា អ្វីដើម្បីនឹងចេញទៅតតាំងនឹងគេសោះ ហើយក៏នាំព្រះអគ្គមហេសីទាំងពីរភៀសខ្លួនចេញអំពីព្រះ រាជវាំងបាត់ទៅ។ ពួកនាម៉ឺនសព្វមុខមន្ត្រីរត់រកព្រះអង្គគ្រប់ទីកន្លែងមិនឃើញ ក៏នាំគ្នាលើករាជសម្បត្តិថ្វាយ
ទៅបុរសកូនឆ្កែ ឲ្យឡើសោយរាជ្យជំនួសព្រះអង្គទៅ។
  បន្ទាប់ពីនោះមក ស្តេចកូនឆ្កែក៏និយាយនឹងម្តាយថា ខ្លួនចង់ធ្វើឲ្យម្តាយក្លាយជាមនុស្សដូចគេ ព្រោះថាបើម្តាយនៅជាភាពឆ្កែដូច្នេះ​គេមើលងាយណាស់ ហើយដូចជាមិនសមនឹងកូនជាមនុស្សផង។ មេឆ្កែក៏យល់ព្រមឲ្យកូនជប់ខ្លួនទៅជាមនុស្សដូចគេ។ ឯសេដ្ឋីដែលមិនបានដឹងរឿង​ អាណិតស្តាយឆ្កែពន់ពេក ក៏ចូលទៅសួរស្តេចកូនថា "ហេតុអ្វីបានជា កូនសម្លាប់ឆ្កែដូច្នេះ?"។ ស្តេចឃើញឪពុកចិញ្ចឹមតក់ស្លុតដូច្នោះ ក៏ប្រាប់ឪពុកតាមរឿងទៅវិញថា "សូមលោកឪពុកជ្រាបចុះ! ម្តងនេះខ្ញុំលែងលាក់ទៀតហើយ, មេឆ្កែនេះម្តាយបង្កើតរបស់ខ្ញុំពិត, ខ្ញុំឲ្យ គេដុតគាត់ ដើម្បីនឹងជប់គាត់ឲ្យទៅជាមនុស្សវិញ កុំឲ្យមានពាក្យគេនិន្ទា"។ ឯសេដ្ឋីឮដូច្នោះ ក៏បែរខ្សិបនឹងប្រពន្ធ៖ "ឯងអើយ! អញស្មានថាវាជាកូនមនុស្ស ហើយមានឬទ្ធិមានអំណាច បានជាខំ លើកកូនស្រីឲ្យធ្វើជាប្រពន្ធវា, ឥឡូវទៅជាកូនឆ្កែសោះ, តើឯងគិតដូចម្តេចវិញ?"។ ប្រពន្ធសេដ្ឋីឆ្លើយ តបទៅវិញថា "ណ្ហើយអ្នក! ឆ្មាក៏ដោយ ឆ្កែក៏ដោយ ឲ្យទៅ!"
  អំណើះក្រោយមក ពាក្យនេះក៏ជាប់ប្រើរហូតមក។

***************************************************************************

Friday, June 7, 2013

ប្រជុំរឿងព្រេងខ្មែរ ភាគ ៩

ទាក់ទងនឹងទំនៀមផ្សេងៗ

   មិត្តអ្នកអានជាទីមេត្រី!
   ក្នុងទំព័រនេះ ខ្ញុំសូមទាញអារម្មណ៍មិត្តអ្នកអាន មកសិក្សានឹងទទួលនូវចំណេះដឹងបន្ថែមទៀត ដែលទាក់ទងនឹងប្រវត្តិនៃទំនៀមផ្សេងៗ តាមរយះរឿងព្រេងខ្មែរ ដោយខ្ញុំបានយក នឹងកត់ចម្លង ទាំងស្រុងចេញពីសៀវភៅ "ប្រជុំរឿងព្រេងខ្មែរ ភាគ ៩" នៃ្រុមជំនុំទំនៀមទម្លាប់ខ្មែរ បោះពុម្ភនៅថ្ងៃ ទី១ ខែ មិថុនា ឆ្នាំ១៩៧៤។ 


 
រឿងព្រេង
ទាក់ទងនឹងពិធី លើករាសី 
   មានរឿងព្រេងទាក់ទងនឹងពិធីនេះ ដូចតទៅ៖
   កាលពីព្រេងព្រឹទ្ធកន្លងយូរលង់ទៅហើយ មានមហាក្សត្រមួយព្រះអង្គ គ្រប់គ្រងប្រជារាស្ត្រ ដោយ ទសពិរាជធម៌ ប្រកបដោយព្រះជន្មវស្សាច្រើនណាស់ទៅហើយ តែទ្រង់ពុំមានព្រះរាជបុត្រនឹងត ព្រះរាវង្សសោះ។ ប្រជាជនដែលគោរពព្រះអង្គស្មើដោយទេពតា នាំគ្នាឡើងសុំម្កុដរាជកុមារដើម្បី ឲ្យផុតរាជ្យតទៅ កុំឲ្យប្រទេសនៅតែលតោលឥតទីពឹងពំនាក់ដូចមាន់ព្រាត់មេ។ ព្រះរាជាក៏ព្រមតាម សេចក្តីអង្វរសុំ ហើយទ្រង់មានព្រះបញ្ជាឲ្យអគ្គមហេសីរៀបពីការថ្វាយទេពតា ប្រាថ្នាព្រះរាជបុត្រ។ ព្រះរាជទ្រព្យត្រូវបរិច្ចាគចែកចាយជាទានដល់ស្មូម យាចក។ វត្តអារាមព្រមទាំងក្រោមដើមជ្រៃទាំង ឡាយបរិូរណ៍ដោយគ្រឿងដង្វាយពោរពាស មានផ្សែងធូបហុយទ្រលោម។ ទេពតា រំជួលខ្លាំងក៏ បានប្រសិទ្ធិពរតាមសេចក្តីបួងសួង។ មិនយូរប៉ុន្មាន ព្រះរាជកុមារ ល្អដូចព្រះចន្ទពេញបុណ្ណមីបាន ប្រសូតកណ្តាលសេចក្តីរីករាយ និងស័ព្ទសាធុការកងរំពង។ ព្រះរាជាណាចក្រទាំងមូលសប្បាយ អិកៈធិក គ្រប់ផ្លូវ គ្រប់ស្រុក គ្រប់ភូមិ គ្រប់ជនបទ។​ អ្នកសូមទាន ្នកខ្វាក់ខ្វិន ក៏មានចំណែកក្នុងការ ត្រេកអរសាទរជាមួយគេដែរ។
   ព្រះរាជកុមារទទួលនូវសេចក្តីថ្នាក់ថ្នមដិត្រកាល មានស្តី្របម្រើជាច្រើននាក់នៅប្រចាំការ ច្រៀងបំពេរ បី ព រាល់ទិវារាត្រី។ព្រះវរមាតបិតាប្រស់ព្រំព្រះរាជបុត្រជាបណ្តាច់បណ្តូលហឫទ័យដោយសេចក្តីសេ្នហាជាទីបំផុត។
  លុះព្រះរាជបុត្របានចម្រើនវ័យធំហើយ ទ្រង់បានជ្រើសរើសអាមាត្រចំនួន៥០០នាក់មានអាយុ ស្រករៗគ្នាក្នុងចំណោមកូនមន្ត្រីទាំងឡាយដែលនៅបម្រើជានិច្ច។ សូម្បីប្រកបដោយសេចក្តីសុខ៉ាងឆ្នើម
ដូច្នោះព្រះរាជកុមារក៏មិនមានឈ្លក់ក្នុងសម្បត្តិទាំងនោះទេ ទ្រង់ចូលចិត្តសិក្សាវជ្ជាផ្សេងៗ បង្ហាញ ឲ្យឃើញស្តែងថាទ្រង់ប្រកបដោយបញ្ញាវាងវៃគួរជាតីពឹងដ៏ត្រជាក់នៃប្រជារាស្ត្របានមែន ទ្រង់ពុំដែលហ៊ាន
ប្រព្រឹត្តកន្លងវិន័យព្រះរាជវង្សទេ។ តែទោះបីទ្រង់ប្រាថ្នាយ៉ាងណា បានយ៉ាងនោះក៏ដោយ ព្រះរាជ កុមារមិនអាចចុះទៅកាន់មាត់ស្ទឹងដែលហូរទៀបព្រះរាជវាំងបានឡើយ។ ព្រោះហោរាបានទំនាយ ថ្វាយថា "បើចង់ឲ្យព្រះនគរផុតចាកមហន្តរាយ ព្រះរាជកុមារមិនត្រូវយាងទៅក្រសាលនៅទីនោះទេ, ទៅនាយថា៖ ត្រូវគ្រោះកាចដល់ទីវង្គត ដោយក្រពើអ្នកតាស្ទឹងនោះខាំ ក្នុងព្រះជន្មាយុ១៥ព្រះវស្សា, ព្រះគ្រោះត្រូវព្រះអង្គារសោយព្រះង្គមនួន ៧ខែ ៣ថ្ងៃ ២០នាទី។ ក្នុងពេលនោះថានឹងកើតភ័យជា ច្រើន ក្រែងភ្លើងឆេះផ្ទះ ឬបង់បាត់ទ្រព្យរបស់, ពុំនោះទេក្រែងសត្រូវចាស់ប៉ងធ្វើទោស ឲ្យប្រយ័ត្នពី ខាងទិសអាគ្នេយ៍ឲ្យណាស់មែនទែន។ មួយទៀតក្រែងចាកទីឋានលំនៅឬព្រាត់ប្រាស់ប្រពន្ធកូន ឬក៏មិត្រសំឡាញ់ នូវខ្ញុំប្រុសស្រី ព្រាត់ចេញចាកឆ្ងាយពីទីលំនៅ សឹងបណ្តាលឲ្យកើតទុក្ខច្រើន ព្រោះត្រូវរឿងកាលទោភី ជល់នឹងទោភាជាបារបស់ឯង។ ទោភាជាបា ជល់ហើយបាក់កចាញ់ស្លាប់ ខ្លួន, បើថ្កាត់ឲ្យប្រលែងឋានទៅទិសទក្សិណ ឲ្យបូជាព្រះអង្គារ ឲ្យនិមន្តព្រះសង្ឃ ៤អង្គ​ ឫ៧អង្គ សូធ្យធម៌ជីវទានសូត្រ លើករាសីរំដោះគ្រោះ"។
   រីព្រះមាតានិងព្រះបិតា កាលបើបានឭហោរាថ្វាយទំនាយហើយ ទើបព្រះបិតាបានចាត់ឲ្យពល១០០នាក់ យាមល្បាតជានិច្ច។ ព្រះរាជកុមារតែងលំហែព្រះកាយ នៅមាត់ព្រះបញ្ជរ គយគន់ពីលើមហាប្រាសាទ នូវស្ទឹងស្រស់ញញឹមដែលហូររឹមៗតាមចន្លោះដើមឈើខៀវបំព្រង។ស្ទឹងដ៏សោភីនោះនៅជិតបង្កើយតែហាក់
ដូចជាស្ថិតនៅក្នុងលោកដ៏ទៃ ព្រោះព្រះអង្គពុំដែលបានស្គាល់សោះ។ សតុណជាតិហើរឆ្វៀលឆ្វាត់ ឆ្លងពីត្រើយខាងនោះកាត់មកកញ្ជ្រោកកញ្ជ្រោលលេងសប្បាយក្នុងសួនព្រះរាជវាំង រួចនាំគ្នាហើរយំ លេងប្រលែងសប្បាយ ខ្លះនាំពួកខាងណេះទៅកាន់ទីរមណីដ្ឋានខាងណោះ។ មនោគតិនៃព្រះរាជ កុមារភោរភារឡើងពុំដឹងជាប៉ុន្មានរយដងទេដែលទ្រង់ចង់ស្ទុះទៅរកតំបន់ពេញប្រៀបដោយសម្រស់ដ៏ឆើតឆាយនោះ។
   ប្រសិនបើមានស្លាបដូបក្សីទៅហ្ន៎! តែទ្រង់មិនអាចគេចឲ្យផុតបានឡើយអំពីការរវាំងរក្សារបស់ពួក អាមាត្យដែលទទួលបង្គាប់ជាដាច់ខាតហើយដែលតាមឃ្លាំទ្រង់គ្រប់កន្លែង បីដូចស្រមោល។
   លុះជួបចូលក្នុងព្រះជន្ម ១៩ព្រះវស្សា ព្រះរាជកុមារទន្ទឹងចាំឲ្យផុតមួយឆ្នាំ ឲ្យហួសកន្លងទៅដល់ មួយឆ្នាំទៀតដែលហាក់ដូចមួយសតវត្សរ៍។ថ្ងៃមួយពួកមុខមន្ត្រីនិងព្រះរាជវង្សានុវង្សខ្នះខ្នែងរៀបចំពិធីចម្រើន
ព្រះជន្ម វស្សាព្រះមហាក្សត្រ មានការចាត់ចែងធ្វើបុណ្យជាឧឡារិកក្នុងព្រះរាជវាំង។ ពួកអាមាត្យនាំគ្នាភ្លើតភ្លើនសប្បាយអឹងកង។ ឯអ្នកដទៃទៀតក៏ខ្វល់គ្រប់គ្នា ទាំងនាម៉ឺនអាមាត្យ មុខមន្ត្រីចតុរង្គតូចធំ។
   ឃើញបានឱកាសដែលទ្រង់រង់ចាំយូរឆ្នាំមកហើយដូច្នេះ  ព្រះរាជកុមារលបថយព្រះអង្គចេញ ទៅក្រៅ គេចុះគេចឡើង ទាល់តែផុតពីការគយឃ្លាំមើលនៃពួកពល ដែលរវល់តែពិនិត្យការខុសត្រូវ ក្នុងពិធីបយណ្យឲ្យបានរៀបរយ។ ព្រះរាជកុមារយាងទៅជិតស្ទឹងដោយព្រឺព្រួច ស្រាយទូកដែលចត នៅទីនោះ, ស្តេចចុះទៅក្នុងទូក បណ្តោយឲ្យអណ្តែតទៅតាមក្រសែទឹក ព្រោះទ្រង់ពុំចេះចែវ។ កូនទូកក៏លយសន្សឹមៗទៅតាមដងស្ទឹងដែលដេរដាសដោយផ្កាគ្រប់ពណ៌ ក្រោមម្លប់ត្រឈឹងត្រឈៃ ដែលមាបក្សីតូចៗល្អវិចិត្រជជែកគ្នាអៗ។ តែការបាត់ព្រះរាជកុមារពីព្រះ រាជវាំង ស្ងាត់មិនបានប៉ុន្មានទេ គេផ្អើលរកឈូឆរមួយរំពេច។ពួកអាមាត្យរត់រកខ្វាត់ខ្វែងសព្វទីកន្លែង។ពួកពលឆ្លេឆ្លាចុះឡើងប្រមូលគ្នានឹករអែហខ្លាចក្រែងព្រះរាជកុមារស្តេចចេញទៅលេង មាត់ស្ទឹង។ ទើបនាំគ្នាស្ទុះស្រទៅកាន់ទីគួរភ័យនោះ។ កូនទូកក៏បង្ហាញរាងឲ្យឃើញក្នុងចន្លោះដើមឈើពីរដើមនាំឲ្យអ្នកទាំងឡាយរីករាយសប្បាយចិត្តដោយនឹកស្មានថាអស់មានគ្រោះអ្វីហើយ។រំពេចនោះស្រាប់តែក្រពើអ្នកតាស្ទឹងងើបធ្លោឡើងនាំឲ្យពួកអាមាត្យនិងពួកពលភាន់ភាំងស្មារតីគ្រប់ៗគ្នាខ្លះប្រឹងស្រែកភ្លាត់សម្លេង ខ្លះយកដុំថ្មគប់ ខ្លះវាយគោះឈើលាន់ទ្រហ៊ឹងដើម្បីបន្លាច សត្វកំណាចឲ្យមុជទៅក្នុងទឹកវិញ,តែការខំទាំងប៉ុន្មាននោះឥតបានផលសោះ។ក្រពើហែលស្ទោទៅរកទូកកាន់
តែជិតណាស់ទៅហើយ,ព្រះរាជកុមារក្លាហានណាស់ដែរក្នុងការតស៊ូនឹងក្រពើនោះ។ទ្រង់កន្ត្រាក់បានច្រវា
ជាគ្រឿងសព្វាវុធរង់ចាំសត្រូវដោយឥតតក់ស្លុត។ មាត់ស្ទឹងទាំងសងពោរពេញទៅដោយមនុស្សម្នាខ្នាន់ខ្នាប់
ដែលរត់មកដោយការចង់ដឹងចង់ឃើញ។ ក្រពើចូលដល់ទូកព្រះរាជកុមារ។ព្រះរាជកុមារសំពងក្បាលនឹងច្រវា
អស់ទំហឹងដៃ។ សត្វសង្រៃឈឺខ្លាំងបម្រះរមួលខ្លួនបែករលកខ្ជោល ដោយអំណាចោឃៅ វាយក បោកទូកធ្លាក់ព្រះរាជកុមារទៅក្នុងទឹក ហើយវាហារមាត់ធំជង្រ្គាង ត្របាក់ព្រះរាជកុមារ រួក៏មុជក្នុង ទឹកបាត់ទៅ។ ឯទូកក៏លិចក្នុងពេលនោះទៅដែរ។
 គេឮសូរស័ព្ទសំឡេងយំសោក នៅតាមដងស្ទឹង គួរសង្វេកអនេកប្បការ។ ពួកពល ពួកអាមាត្យ បណ្តារាស្ត្រ កកកុញត្រៀបត្រានៅទីនោះតែគ្មានរឹទ្ធានុភាពនឹងជួយអនាគតមហារាជជាទីសង្ឃឹមមាំរបស់ខ្លួនឲ្យរួចព្រះជន្មបានឡើយ, ប្រុសៗវាយតប់ក្បាល, ស្រីៗសម្រក់ទឹកភ្នែកកន្ទក់កន្ទេញយំបម្រះននៀល ខ្លះស្រែកថា "ឱហ្ន៎! ព្រះទំនាយគ្មានខុសទេ!"
  ដំណឹងឧឡារិកនេះ ជ្រែកបុណ្យគគ្រឹកគគ្រេង ជ្រែកសេចក្តីរីករាយសប្បាយ ផ្សាយដល់ព្រះរាជ វាំងយ៉ាងឆាប់រហ័ស។ ព្រះមហាក្សត្រ និងព្រះមហេសី ស្ទុះទៅទីរងគ្រោះ ទ្រង់បួងសួងបន់ស្រន់ អស់ពួកទេពនិករ អមមេឃក្នុងចក្រវាឡ សូមឲ្យជួយស្រោចស្រង់ព្រះរាជឱរសជាបណ្តូល បណ្តាច់ព្រះទ័យ, បើសម្រេចដូចសេចក្តីប្រាថ្នាយើងខ្ញុំនឹងរៀបពលីការបូជាឲ្យសម្បើមអស្ចារ្យជាងដែលធ្លាប់បានធ្វើពីមុនៗមក។
  តែស្ទឹងតូច នៅទ្រមឹងទ្រមើយ ធ្វើជាថ្លង់មិនឮពាក្យបូរបាច់អង្វរករសោះឡើយ។ ក្សត្រទាំងបីរអង្គ អស់ផ្លូវសង្ឃឹម ខំស្ងួនព្រះឥរិយានាពេលដែលមានទុក្ខដ៏ធ្ងន់បែបនោះ ទប់ព្រះស្មារតីខ្ជាប់ខ្ជួន មិន បញ្ចេញអាការរសាប់រសល់កណ្តាលទីប្រជុំជន, ស្តេចយាងស្ងៀមត្រឡប់ទៅព្រះរាជនិវេសន៍វិញ។ ពួកពលនិងពួកអាមាត្យ ដើរឱនមុខសញ្ជប់សញ្ជឹងហែហមព្រះអង្គទៅ។ ចំណែកខាងប្រជារាស្ត្រ មិនទៅណាទេ នៅកើតទុក្ខក្តុកក្តួលរំជួលចិត្តជាអនេក។ ការកម្សាន្តទាំងឡាយឈប់ស្ងាត់ឈឹង, ដូរ្យដន្ត្រីបាត់លាន់ឮទៀត,​ អាហារភោជនដ៏ប្រណិតថ្លៃថ្លាក៏ត្រជាក់អស់នៅក្នុងភាជន៍មាសប្រាក់។ ព្រះរាជធានីទាំងមូល ហាក់ដូចត្រូវសណ្តំមួយរំពេច។ 
 យាងទៅដល់ព្រះបរមរាជវាំងកំបាំងពីភ្នែកអ្នកដ៏ទៃហើយព្រះមហាក្សត្រនិងព្រះអគ្គមហេសីក៏បណ្តែតបណ្តោយ
្នោម្នេញឲ្យធ្លាក់ឲ្យធ្លាយចេញមកតាមស្ទុះហៀរហូរព្រះជលនេត្រស្រោចស្រព្ធជោគព្រះភក្ត្រា ទ្រង់មិនអស់មិនអស់ព្រះទ័យនឹងមិនបានរៀបសពព្រះរាជបុត្រឲ្យសមរម្យតាមកិត្តិយសសោះ ទើបទ្រង់មានព្រះឱង្ការ ឲ្យតម្រួតចាត់ការបាចទឹកស្ទឹង នឹងរកសពព្រះរាជកុមារមកធ្វើបុណ្យតាម ព្រះរាជបវេណី។លុះបានទទួលព្រះបង្គាប់ហើយពួកពលរាប់រយនាក់ព្រមទាំងបណ្តារាស្ត្ររាប់ពាន់នាំគ្នា
ខ្វល់ខ្វាយលើកទំនប់កាត់ស្ទឹង សុទ្ធតែដុំដី ដុំអិដ្ឋ ដុំថ្ម ចាក់គរលើគ្នាទាំងបង្គីៗ, កិច្ចការជឿនលឿនយ៉ាងរហ័ស ធ្វើតែមួយថ្ងៃទំនប់ក៏ហើយស្រេច, នាំគ្នាដុតចន្លុះបាចទឹករីងទាំងយប់។
  ដល់ពេលអាធ្រាត ទំនប់ធ្លាយទៅ, គេនាំគ្នាចាក់ដីពេញភ្លាម តែជាប់មិនយូរហើយខ្សែទឹកត្រង់នោះចោះហូរមិនបានជាខ្លាំងប៉ុន្មានទេ តែសូម្បីប្រឹងប្រែងទប់ទល់ យ៉ាងណាក៏ជាការឥតអំពើ។ ទាល់គំនិត, មេចាត់ការបានឲ្យទូងស្គរ ប៉ាវគង គ្រប់ស្រុកគ្រប់ភូមិ រកឆ្មាំទំនប់តែគ្មានអ្នកណាឆ្លើយសោះ។ល។ស្រាប់តែជួបមេម៉ាយក្មេងម្នាក់មានផ្ទៃពោះចំនួនប្រាំខែ។នាងចូលទៅ
ជិតអ្នកប៉ាវគង សាកសួរកិច្ចការគេៗប្រាប់សេចក្តីសព្វគ្រប់។ ឯនាងបានព្រមចាំទំនប់។ គេឲ្យនាង១០បាទ, នាងសុខចិត្តចាំ, គេកាត់ក នាងស្លាប់។ ទំនប់នោះ បាចរីង លែងធ្លាយ។ គេចាប់ ក្រពើ សម្លាប់វះពោះយកសពព្រះរាជកុមារមកធ្វើបុណ្យជាឧឡារិកតាមព្រះរាជបវេណី បញ្ចុះធាតុសពស្រេចហោង។  
   ដោយមានរឿងយ៉ាងនេះហើយទើបសព្វថ្ងៃជនជាតិខ្មែរយើង តែកាលណាមានគ្រូទាយឲ្យថា "នឹងមានគ្រោះ" តែងតែនិមន្តព្រះសង្ឃធ្វើពិធីកម្ចាត់គ្រោះ និងលើករាសី ព្រោះខ្មែរយើងតែងតែ និយាយថា "រាសីដាក់ អារក្សហ៊ានធ្វើ" ទើបគេរកព្រះសង្ឃឲ្យធ្វើពិធីលើករាសីឲ្យខ្ពស់ឡើង កុំឲ្យមានអ្វីមកបៀតបៀនបាន។ 

***************************************************************************