Friday, February 24, 2012

កម្រងទំនុកបទចម្រៀងថ្មី



ជាស្នាដៃដ៏បា្រកដ ដែលផុសចេញពីទេពកោសល្យ  
និង មនសិការខ្ញុំជាខែ្មរសុទ្ធសាធ។


ជាទំនុកបទចម្រៀងថ្មី ពុំបានលួចកែ បកប្រែ ឬចម្លងចេញពីសា្នដៃរបស់នរណាម្នាក់ឡើយ។
រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨

   នេះជាបទដំបូងបំផុតរបស់ខ្ញុំ។ វាគឺជាអនុស្សាវរីយ៍ថ្ងៃដំបូងក្នុងជីវិតរបស់ខ្ញុំ
ដែលបានឈានជើង ជាន់ទឹកដីអង្គរ ខេត្តសៀមរាប នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០០៣។ ខ្ញុំបានដើរតាំងពីស្ពានថ្មរហូតដល់បា្រសាទអង្គរវត្កនាម៉ោង៤ល្ងាច។ សងខាងផ្លូវ​ អបដោយដើមឈើធំៗមានម្លប់ដ៏ត្រជាក់ល្ហឹមនិងសំឡេងរៃកណ្តឹងយំ
យ៉ាងទ្រហ៊ឹងអឹងកងរំពងលាន់ឮពេញព្រៃដែលជាចំណីអារម្មណ៍ប្លែកដោយក្នុង
មួយជីវិតរបស់ខ្ញុំទើបតែបានជួបប្រទះនាពេលនោះប៉ុណ្ណោះ!ហើយវាក៏ជាថ្ងៃទី
មួយដែលខ្ញុំបានឮរៃកណ្តឹងយំ! សំឡេងវាយំពិតជាខ្លាំង ស្រួយ ហើយ គ្រលួចពន់ពេកណាស់! ដំបូងខ្ញុំមិនបានដឹងថានោះជាសំឡេងរៃយំសោះឡើយ។​ ខ្ញុំដើរដល់បង្គោលថ្មពណ៌សមួយដែលមានរសេរពាក្រថា  "សូមស្វាគមន៏" ហើយមកហួសទីនោះបន្តិចមានសត្វស្វាជាច្រើនរត់ប្រដេញគ្នាចុះឡើងដណ្តើមចំណីគ្នាដែលអ្នកទេសចរណ៍ភាគច្រើនពេលមកដល់កន្លែងនេះតែងឈប់បោះចំណីឲ្យពួកវានឹងថតរូបទុកជាអនុស្សាវរីយ៍។ខ្ញុំឈប់ទីនោះឈរអែបទៅកៀននៅខាងស្តាំដៃហើយងាកមើលក្រោយអត់មានឃើញនរណាសោះ!ពុទ្ធោអើយ!ខ្ញុំនេះចំជាល្ងង់រកលេខដាក់គ្មានមែន!តាមពិតខ្ញុំស្មានតែសំឡេងនោះជាសូរសឺរ៉ែននៃក្បួន
រថយន្តដឹកអ្នកធំណាមួយទៅលេងអង្គរវត្ត!ដឹងអី!!!ប៉ុន្មានថ្ងៃក្រោយមកទើប
មានគេបា្រប់ខ្ញុំថា នោះជាសំឡេងរៃកណ្តឹងយំទេ។


  បន្ទាប់ពីងាកមើលក្រោយហើយអត់មានឃើញរថយន្តមួយសោះនោះខ្ញុំក៏បន្ត
ដំណើរទៅមុខទៀតហើយចេះតែងាកមើលក្រោយជាញឹកញាប់នឹងងើញមើលមែកឈើធំៗ ដោយខ្ញុំក៏មាន  ការសង្ស័យថាសំឡេងនេះចេញពីប្រភពនោះដែរ តែខ្ញុំមិនបាននឹកដល់រៃកណ្តឹងនោះឡើយ។ដោយសារសំឡេងវាពេលខ្លះកាន់តែឮខ្លាំងទៅៗ ខ្ញុំក៏ចាប់ផ្តើមបញ្ចេញសំឡេងគ្រហ៊ឹមត្រាប់តាមរៃយំ រងំៗតែម្នាក់ឯង! បន្តិចក្រោយមក ខ្ញុំក៏មានការចាប់អារម្មណ៍លើអ៊ឺនគ្រហ៊ឹមរបស់ខ្លួនឯង ដោយ ព្យាយាមរកនឹកថានោះជាបទអ្វីថាតើខ្ញុំធ្លាប់ច្រៀងឬឮបទនេះពីមុនមកដែរឬទេ!
ទេ! គឺមិនដែលទេ! ខ្ញុំព្យាយាមគ្រហ៊ឹមឡើងវិញម្តងហើយម្តងទៀត រហូតខ្ញុំអាចចងចាំ៊ឺនគ្រហ៊ឹមនោះបាន ហើយប្រាកដក្នុងចិត្តថាវាជាMelodyថ្មី គឺជាទំនុកបទចម្រៀងថ្មី!

 មកដល់បន្ទប់ជួលស្នាក់នៅវិញខ្ញុំចាប់ផ្តើមសរសេរទំនុកទៅតាម៊ឺនគ្រហ៊ឹមដែល
ខ្ញុំបាន្រហ៊ឹមច្រៀងឡើងដោយចៃដន្យ!ហើយទីបំផុតបទចម្រៀងថ្មីសុទ្ធសាធ
មួយបានលេចចេញជារូបរាងទាំងទំនុកទាំងអត្ថន័យនិងអ៊ឺនច្រៀង!ខ្ញុំច្រៀងបទ
នេះសារចុះសារឡើងជាច្រើនសិបដងហើយបានប្រាកដច្បាស់ក្នុងចិត្តថាគឺជា
បទថ្មី ថ្មីដោយខ្ញុំសូមនិយាយតែដដែលៗថាវាជាបទថ្មីដោយមិនបានយក  លំនាំ ឬក៏កែទំនុកចេញពីបទរបស់អ្នកណាមួយសោះឡើយ!ខ្ញុំសប្បាយចិត្តនឹងរំភើបក្រៃលែងនឹងមានមោទនភាពចំពោះខ្លួនឯងពន់ពេកណាស់ដែលខ្ញុំអាចធ្វើវាបានដោយពីមុនមកខ្ញុំបានត្រឹមតែចេះតែងនិពន្ធចេញជាកំណាព្យប៉ុណ្ណោះ! 

    សូមអរគុណទឹកដីអង្គរ ខេត្តសៀមរាប .... សូមអរគុណរៃកណ្តឹង ដែលបានធ្វើឲ្យភាពរីករាយ និងក្តីរំភើប ដោយបានឃើញអ្នក ឮសំឡេងអ្នកហើយបណ្តាលឲ្យខ្ញុំដុះចេញនូវទេពកោសល្យថ្មីដោយពុំដឹងខ្លួន!


   អនុស្សាវរីយ៍នៅអង្គរវត្ត 
១​ ខ្ញុំដើរតាមផ្លូវទៅកាន់អង្គរ     រៃយំបន្ទរហាក់ជួយអបអរទេសចរណ៍នៃខ្ញុំ
  ​  តាមផ្លូវរុក្ខជាតិខ្ពស់ទាបតូចធំ   ម្លប់សែនភិរម្យ  ធើ្វអោយរូបខ្ញុំរសាយកង្វល់។

អង្គរខ្ញុំអើយមិនបាននៅស្ងៀម   ​  ភ័ក្រ្តអ្នកញញឹមឈរចាំស្វាគមន៏នៃការមកដល់
   ជនសែនលាននាក់គយគន់គិតឆ្ងល់     រូបឆោមនិមល   នឹកស្មានមិនដល់ស្ថាបត្យកម្ម។

បន្ទរ  បា្រសាទអង្គរដក់ជាប់ដួងចិត្ត  ​   ជាឋានតុសិតដែលខ្ញុំចងចាំ
     ផ្ទាំងសិលាមាសចាំងឆ្លុះរបាំ     ឆ្លាក់ជាប់ជពាំា្ជង   កំពុងរេរាំនៅក្នុងអង្គរ។

បា្រសាទអង្គរឈរមាំជាប់ជាក់     ខែ្មរដឹងគុណអ្នករក្សាឥតអាក់បា្រង្គបា្រសាទថ្ម
     ដុំមាសដុំពេជ្រថៃ្លពិតឆើតល្អ    មិនសើ្មដុំថ្ម   បា្រសាទអង្គរបវរខែ្មរឡើយ។

ថៃ្ងទី២១​ ខែមិនា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ


 សូមរក្សាសិទ្ធិ


រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨

 បទរាជនីសៀមរាបបានប្រសូត្រឡើងទៅតាមការស្រមើស្រម៉ៃរបស់ខ្ញុំតែ
ប៉ុណ្ណោះនោះក៏ព្រោះតែក្តីរំភើបភាពសប្បាយចិត្តបន្ទាប់ពីបានឃើញប្រាសាទ
អង្គរវត្តរបស់ខ្មែរដ៏ល្អឯកគ្មានពីរលើលោកដែលបានចាក់គ្រឹះយ៉ាងរឹងមាំបំផុត ឈរបង្អួតសម្រស់ដល់ជនប្រុសស្រីរាប់រយឆ្នាំមកហើយ!

 អត្ថន័យក្នុងបទមួយនេះខ្ញុំបានសរសេរទំនុករៀបរាប់ទៅតាមទំនោរអារម្មណ៍ 
ដែលបានដក់ជាប់នូវសម្រស់នារីលក់ផ្លែមាក់ប្រេងមាក់ប្រាងដែលខ្ញុំបានឃើញ
ពួកគេកំពុងទូលខ្លះក៏កណ្តៀតនៅនឹងចង្កេះហើយពួកគេភាគច្រើនអាចនិយាយ
ភាសាអង់គ្លេសទៅកាន់ភ្ញៀវទេសចរណ៍បរទេសដែលគួរឲ្យមោទនៈណាស់។

   រាជនីសៀមរាប
  ខ្ញុំសែនរំភើបក្នុងដួងចិត្តកៃ្រ     ដូចឋិតឋានសួគ៌ាល័យ     ដែលខ្ញុំស្រម៉ៃជាប់ក្នុងសុបិន
     រៃយំគ្រលួច  លួចបា្រប់មាសឆ្អិន     កវីភ្នំពេញជាប់ចិត្តស្រឡាញ់ម្ចាស់មាក់បេ្រងហើយ។

២​   អប្សារារេរាំជាប់បា្រង្គអង្គរ    ជួយពាំនាំពាក្យអង្វរ   ប្រាប់ទៅស្រីល្អអោយទ្រូងបានស្បើយ
     បងមកពីនាយ   បានជួបត្រាណត្រើយ     កែវកុំកនើ្តយរៀមចាំចម្លើយឆ្លើយមកព្រលឹង។

បន្ទរ   កែវភែ្នកមុតថ្លាបាញ់ចំដួងចិត្ត     ស្នេហ៍ហើយអាណិត     សូមផើ្ញជីវិតលើផ្កាដងស្ទឹង
     អូនកុំប្រកែកកកុំប្រកាន់ខឹង     រៀមសូមផ្ញើឆ្អឹង     មាក់បេ្រងដងស្ទឹងជួយចាំសម្តី។

  មេបាចាស់ទុំលោកបានដឹងឮ     ព្រះអង្គចេកចមទាំងពីរ     សូមយកផ្កាភ្ញីដែលខ្ញុំថ្វាត់ថ្វាយ
    បុបា្ផដងស្ទឹងរៀមសូមថ្នមបី     អង្គរសាក្សីរាជនីបុរីសៀមរាបខ្ញុំអើយ។

ថៃ្ងទី២៦ ខែមិនា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                               ឈាមខ្មែរ
    
សូមរក្សាសិទ្ធិ



រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨

     បើនឹងនិយាយរៀបរាប់ទៅ វាបីដូចជាខ្សែរឿងប្រលោមលោកមួយ
ហើយខ្ញុំក៏មិនទាន់ហ៊ានបរិយាយឲ្យក្បោះក្បាយនិងស៊ីជម្រៅវែងអន្លាយបានឡើយពីព្រោះវានឹងត្រូវប៉ះពាល់សិទ្ធិផ្ទាល់ខ្លួននៃម្ចាស់រឿងរ៉ាវនេះជាក់ជាមិនខាន! 
ខ្ញុំគ្រាន់តែអាចជម្រាបបានថា នេះគឺជារឿងពិត​ ដែលបានកើតឡើងនៅក្នុងជីវិត
របស់បុរសម្នាក់ ដែលកាលណោះគាត់បានជួលបន្ទប់ស្នាក់នៅក្បែរបន្ទប់ខ្ញុំដែរ 
ហើយអ្វីដែលខ្ញុំបានដឹង គឺតាមរយះអ្នកជិតខាង ជាពិសេសអ៊ុំស្រីម្ចាស់ផ្ទះជួលនៅ
ឯខេត្តសៀមរាបនោះតែម្តង! 

 ភាពជាបុរសដូចគ្នាដែលពោរពេញដោយមនោសច្ចេតនាបរិសុទ្ធសេចក្តីសេ្នហា
ដ៏ស្មោះស្ម័គ្រចំពោះនារីដែលខ្លួនស្រឡាញ់សឹងតែលើសពីជីវិតខ្លួនឯងទៅទៀត 
តែអនិច្ចារ សង្ខាស្រីត្រូវឃ្លាត ឆ្ងាយៗ ដោយមិនអាចវិលត្រឡប់វិញបាន។ 
ពេលនោះហើយការឈឺចាប់ ការសោកស្តាយ ហើរចូលសន្ធិតក្នុងខ្លួនយើង ត្រឹមតែមួយវិនាទីប៉ុណ្ណោះ!ខ្ញុំយល់នូវអារម្មណ៍នូវទំហំនៃការឈឺចាប់របស់គាត់ តែខ្ញុំមិនអាចជួយអ្វីគាត់បានឡើយគឺបានត្រឹមតែចូលរួមសោកស្តាយ នឹងនាំយកអារម្មណ៍ឈឺចាប់ដ៏សែនក្តុកក្តួលរបស់គាត់មកដាក់ក្នុងខ្លួនខ្ញុំ ហើយរ៉ាយរាប់ចេញជាទំនុកបទចម្រៀងមួយនេះតែប៉ុណ្ណោះ! 
ខ្ញុំសូមសារភាពប្រាប់មិត្តអ្នកអានតាមត្រង់ថាពេលដែលខ្ញុំដាក់អារម្មណ៍ 
កំពុងសរសេរបទនេះនាពេលនោះបេះដូងរបស់ខ្ញុំបីដូចធ្លាប់បានឆ្លងកាត់រឿងរ៉ាវ
ដ៏សោកសង្រេងរបៀបនេះយ៉ាងដូច្នោះដែរហើយទឹកភ្នែករបស់ខ្ញុំក៏បាន
ស្រក់ចុះមកដោយមិនដឹងខ្លួន!

   សុរិយាអស្តង្គត នៅមុខ អង្គរ 

ទំនួញរៃយំលើចុងព្រឹក្សព្រៃ     ថ្ងួចថ្ងូរស្តាយរូបកាយស្រី     ទៅកាន់ភពថ្មីឆ្ងាយពីបងហើយ
    ទឹកភ្នែកបងហូរសួររកចម្លើយ   ចុះហេតុម្តេចឡើយ     ទ្រូងធ្លាប់គេងកើយប្រែជាព្រាត់បាន។

២​  អកុសលផលកម្មបងបែកពីអូន  ជីវិតរសាត់ដូចក្បូន ឃ្លាតឆ្ងាយសោះសូន្យលូនផុតជើងមេឃ 
    ក្លែបក្លិនសម្ផស្សថតជាប់កែវភ្នែក   មេបាចិត្តក្អែក     អូនស៊ូទូលរែកលើក្តីមរណា។

បន្ទរ  អូនសុរិយាអើយឮទេនួនល្អង     អកព្រាត់បង្គងរស់រងទុក្ខា     បា្រណធ្លាប់ថ្នមបីដៃធ្លាប់កៀកស្មា     យើងធ្លាប់យាត្រាទៅលេងអង្គរ។

  បាយ័នតាព្រហ្មគឺជាសាក្សី     ព្រះខ័នបា្រសាទប្រពៃ   ​ ធ្លាប់ដឹងចិត្តស្រីភក្តីស្មោះស
     ទឹកថ្លាស្រះស្រង់ខ្ញុំសូមអង្វរ   ជួយប្រោសស្រីល្អ     រស់ឃើញអង្គរនិងខ្ញុំវិញផង។

ថៃ្ងទី៣០ ខែមិនា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
       
សូមរក្សាសិទ្ធិ



រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨

   អង្គរឋានស្នេហ៍ឧត្តម 

១  ប្រុស  មើលនុ៎ះន៏!បា្រសាទអង្គរល្បីល្បាញ     ដូចព្រះចន្ទកំពុងតែរះថ្លៃថ្លា     
                        អូននិងបងកំពុងចរយាត្រា     ទៅទស្សនាបា្រង្គបា្រសាទខែ្មរ។

២   ្រី   អូនជួបបងនៅតាមដងស្ទឹងសៀមរាប     គន់ទេសភាពរៀបរាប់ដួងចិត្តម្ចាស់ស្នេហ៍
                  ប្រុសភ្នំពេញតើអូនអាចជឿបានទេ     ប្រុសកំពូលស្នេហ៍មានអ្វីសាក្សី។

បន្ទរ   ប្រុស​   សាក្សីស្នេហ៍យើងនេះហើយ     នៅជិតបង្កើយអូនអើយមើលទៅ
           រួម     សូមអង្គរជួយចាំពាក្យខ្ញុំនិងពៅ     ពេលនេះតទៅយើងស្មោះនិងគ្នា។

៣   រួម    ទៅយើងនាំគ្នាមុជទឹកក្នុងស្រះស្រង់     មើលរំចង់រីករហង់ក្នុងគង្គា
                  សូមបា្រសាទបាយ័នជួយចាំវាចា     យើងសាងស្នេហាលើដីអង្គរ។


ថៃ្ងទី១ ខែមេសា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
     
សូមរក្សាសិទ្ធិ




រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨

   គូស្នេហ៍ក្រោមតំណក់ភ្លៀង
១   ស្រី​​     សូរផ្គរគ្រឹមៗរលឹមតក់ៗ     យើយទាំងពីរនាក់យាត្រាក្រោមតំណក់ភ្លៀង
                   យើងរត់ប្រលែងយើងស្រែកយើងច្រៀង     ជាសំនៀងចម្រៀងភាសាដួងចិត្ត។

២​   ប្រុស     សូរស័ព្ទវាយោបក់បោកព្រឹក្សព្រៃ     ជាភ្លេងពរជ័យភក្តីដល់គូជីវិត
                        ដួងចន្ទភ្លឺថ្លាចាញ់ភ័ក្រ្តវរមិត្រ     ស្នេហ៍យើងស្មោះពិតដួងចិត្តតែមួយ។

បន្ទរ   ប្រុស     វាយោរំភើយ   ពៅបងអើយអូនគេងកើយទ្រូងរៀមរ៉ា
             ​រួម     ស្នេហ៍យើងស្មោះស្ម័គ្រអស់ពីចិន្តា     សូមស្បថសច្ចានៅមុខចេតី្តយ។

៣   រួម     សូមខ្យល់រន្ទះផ្គរព្រះភិរុណ     ព្រះមេមានគុណប្រគុំជាតូរតន្រ្តី
                  ដល់គូសង្សារសំណព្វហរទ័យ     ជាតិនេះជាតិថ្មីសេ្នហ៍យើងអមតះ។


ថៃ្ងទី១៥ ខែមេសា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
     
សូមរក្សាសិទ្ធិ



រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨

៦   រំដួលអង្គរ
  ចៃដន្យឃើញចន្ទរះចំកណ្តាលថៃ្ងត្រង់     ភ័ក្រ្តាក្រឡង់លាយឡំនិងហ្វូងតារា
      ចន្ទអើយល្អម្លេះល្អគាប់ជាប់ដួងចិន្តា     ខ្ញុំមានវាសនាឃើញចន្ទម្នាក់ឯង។

   ពិដោររំដួលរំជួលដួងចិត្តខ្ញុំហើយ     ក្លិនរំដួលអើយធ្វើឲ្យទ្រូងរៀមចំបែង
     ថ្ពាល់ខួចទាំងសង ចិញ្ចើមងសមកៃ្រលែង     ពណ៌ផែ្លមាក់បេ្រងក៏ចាញ់ថ្ពាល់ស្រី។

បន្ទរ     រំដួលជាប់ទងអើយ     សូមស្តីឆ្លងឆ្លើយរកប្រុសកវី
            បេះដូងញាប់ញ័រព្រោះរំដួលស្រី     រំដួលបុរីអង្គរស្នេហា។

៣     រំដួលអង្គរម្តេចឈរស្ងៀមមិនស្រដី     បានជួបកវីសូមពិសីឆ្លើយវាចា
        អង្គរអន្ទងឲ្យខ្ញុំបានជួបបុប្ផា     សូមស្ងួនមេត្តាចិន្តាបងទៅ។


ថៃ្ងទី១៥ ខែឧសភា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
       
សូមរក្សាសិទ្ធិ



     បា្រសាទប្រែរូប ស្នេហ៍ខ្ញុំប្រែចិត្ត 

  ក្រោមមេឃព័ណ៌ខៀវកាត់វាលស្មៅខ្ចី     បងដឹកដៃស្រី     សាសងសម្តីមុខផ្ទាំងសិលា
      ភ្លៀងផ្គរគ្រឹមៗម៉ុមញ័រកាយា     ឱបទ្រូងរៀមរ៉ា     អង្វរចិន្តាបងកុំភ្លេចស្រី។

២   បា្រសាទប្រែរូបអូនស្បថសច្ចា     មុខអង្គអ្នកតា     មានផ្ទាំងសិលាជួយជាសាក្សី
     បត់ជើងសំពះកាន់ធូបជាប់ដៃ     ពាក្យពេចន៍មានន័យ     ឥឡូវអ្វីៗស្រីលែងនឹកនា។

បន្ទរ     បា្រសាទប្រែរូបនៅស្រស់ញញឹម     ប្លែកតែមាសម៉ុមក្បត់ចិត្តឃ្លាតឃ្លា
         តើបងខុសអ្វីបា្រប់ផងពុំងា     មុននឹងបែកគ្នាឱ្យរៀមអស់ចិត្ត។

  ដៃអើយដៃធ្លាប់ប្រលោមឱបកាយ     ពេលនេះព្រាត់ឆ្ងាយ     ឃ្លាតពីរូបកាយអូនតែងអាណិត
       បា្រសាទនៅរឹងឈរជាប់មាំពិត     បាត់តែវរមិត្រ     ខានបានស្នេហ៍ស្និទជិតបា្រសាទហើយ។


ថៃ្ងទី១៦ ខែឧសភា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
     
សូមរក្សាសិទ្ធិ




   ជីវិតគ្រូបង្រៀន

១   សំណព្វដួងចិត្តជីវិតខ្ញុំអើយ     គឺកង់នេះហើយដែលជាមិត្តខ្ញុំ
      យើងបានឆ្លងកាត់ឧបសគ្គតូចធំ     ដល់ដែនភិរម្យទ្រនំសុខា។

២   ខ្យល់ភ្លៀងរងាថ្ងៃក្តៅមិនណាយ     ជិះយ៉ាងសប្បាយទៅកាន់សាលា
      ទោះសិស្សមើលងាយខ្ញុំមិនហ៊ឺហា     ធ្វើម្តេចអាត្មាខ្ញុំជាអ្នកក្រ។

បន្ទរ   ក្រមែនទ្រព្យាវិជ្ជាខ្ញុំមាន     ខ្ញុំមិនបំពានលោភៈទោសៈ
           បង្រៀនភាសាកាន់ជាប់សច្ចៈ     មិត្តអើយចាំជាក់វិជា្ជជាទ្រព្យ។

៣   យើងស៊ូមានឈ្នោះថាជាអ្នកក្រ     តែកិតិ្តយសល្អមិនប្រព្រឹត្តថោក
      អំពើលាមកកុំយកខ្ញួនតោង     នាំតែសណ្តោងតែទុក្ខកម្មពា។


ថៃ្ងទី២០ ខែមេសា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
          
សូមរក្សាសិទ្ធិ



   ភូមិជីវិតខ្ញុំ

១   ទឹកហូរក្នុងព្រែក   ព្រែកស្នេហាខ្ញុំ     បងឃើញមាសម៉ុមចុះបេះកញ្ឆែត
      បេះដូងស្ទើរស្លុតឃើញអូនល្អប្លែក ហ៊ឹ ............. ទងត្រួយកញ្ឆែតបញ្ឆៀងភ្នែកស្រី។

២   ទឹកហូរក្រោមស្ពាន   ស្ពានស្នេហាខ្ញុំ     ស្រណោះស្រីម៉ុមទូលបាវស្មៅខ្ចី
      បងរែកអូនទូលឆ្លងស្ពានត្នោតថ្មី ហ៊ឹ........... ស្រណោះសម្តីពិសីឆ្លើយឆ្លង។

បន្ទរ   អនុស្សាវរីយ៍ភូមិស្នេហ៍ពោធិស្មាត     ចិត្តខ្ញុំមិនភ្លេចគ្រាខ្សត់មួហ្មង
          ធ្លាប់រត់ប្រឡែងរកត្រីរាវខ្យង     ធ្លាប់នាំនួនល្អងកាត់វាលស្រូវទុំ។

៣   ទឹកហូរហូរទៅ   ហូរទៅសែនឆ្ងាយ     ក៏ចិត្តមិនណាយដែនដីសុខុម
       ឆ្មាពួនពោធិស្មាតភូមិសែនមនោរម្យ ហ៊ឹ.......... ញាតិអើយរូបខ្ញុំមិនភ្លេចលោកឡើយ។

ថៃ្ងទី២០ ខែមេសា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
         
សូមរក្សាសិទ្ធិ
    

១០   ម្ចាស់កែវភ្នែក

១   សូរផ្គររន្ទះភ្លៀងធ្លាក់ជោគជាំ     ឲ្យបេះដូងខ្ញុំក្រៀមក្រំ     នឹកដល់មាសម៉ុមនាងនៅម្នាក់ឯង
    ចិត្តមួយព្រួយនឹកចិត្តមួយក្តុកក្តួលចំបែង     អារម្មណ៍វង្វេង     ខ្លាចអូនបែកឆ្វេងមានថ្មីចោលបង។

២   ផ្គររន្ទះភ្លៀងច្រៀងបែកវេហា     នឹកគ្រារៀមថ្នមកាយា     ក្នុងវង់ហត្ថាមិនដែលមានហ្មង
    ដំណក់ទឹកភ្លៀងធ្លាក់ជ្រែកដូចទឹកភ្នែកបង   ស្រណោះគ្រាកន្លង    អូនហើយនិងបងរួមរ័កស្នេហា។

បន្ទរ   ភ្លៀងៗផ្គរបន្ទរដួងចិត្ត   អារម្មណ៍នឹកកែវវរមិត្រ     ធ្លាប់រួមស្នេហ៍ស្និទក្នុងខ្ទមជរា
           ខ្ទមស្នេហ៍កម្សត់ស្រណោះបទភ្លេងផ្ទឹមការ     បាយខុនផ្កាស្លា     អំបោះហត្ថាចងយើងពីរប្រាណ។ 
៣   សូមផ្គររន្ទះជួយប្រាប់ចិន្តា     ដែលជាម្ចាស់កែវនេត្រា     ខ្ញុំនឹកជីវ៉ាឥតមានស្រាកស្រាន្ត
នឹកគ្រាមុនបែក   អូនយំឱបបងមិនលែង     គេងព្រួយតែឯងតើអូនចំបែងព្រួយដូចបងទេ?

ថៃ្ងទី២៥ ខែមេសា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
    
សូមរក្សាសិទ្ធិ
    


១១   ម្លប់ត្នោត ម្លប់ស្នេហ៍


១   ប្រុស     បងឡើងបេះត្នោត     ខ្វេះក្លែបចងដោតត្រណោតជូនអូន
                   រង់ចាំមាសស្ងួន     បាត់សូន្យមិនឃើញពៅមកជួបបង
                   ក្លែបត្នោតបងផ្អែម     ដូចក្លែបមាត់ស្រីបងធ្លាប់ថើបថ្នម
                   ឥឡូវបាត់សូន្យ     ឬមួយនឹមនួនស្ងួនភ្លេចសន្យា។

២   ស្រី     អូនមកដល់ហើយ     ម្ចាស់ស្នេហ៍អូនអើយបងកុំសង្កា
                 ពាក្យបងផ្តាំថា     ឲ្យអូនយាត្រាមកជួបស្នេហ៍ស្នង
                 នេះនែ៎កពា្ចប់     បាយអូនវិចស្រាប់ជាមួយញាំខ្យង
                 ម្ហូបដែលប្រុសបង     ចូលចិត្តកន្លងប៉ងញុំាពីរនាក់។

បន្ទរ   ប្រុស     វាលស្រែស្រូវទុំយើងច្រូតជិតគ្នា     ពេលថ្ងៃសន្ធិយាបងគេងកើយភ្លៅ
          ស្រី         គេងមកប្រុសថ្លៃស្រីបំពេពៅ     ម្លប់ត្នោតស្រែស្រូវភ្លៅអូនជាខ្នើយ។

៣   រួម     ត្នោតអើយត្នោតកេរ្តិ៍     ត្នោតពីដូនតាចំការវាលស្រែ
                ត្នោតរបស់ខ្មែរ     ផ្អែមឆ្ងាញ់ម្លេះទេត្នោតស្រែស្រុកយើង
                ត្នោតខ្ពស់សន្លឹម     ឈរយ៉ាងញញឹមក្រោយធ្នឹមចំបើង
                ដូចក្តីស្នេហ៍យើង     កំពុងដុះឡើងដើមស្នេហ៍បរិសុទ្ធ។


ថៃ្ងទី០៣ ខែឧសភា ឆ្នាំ២០០៣
​                                                                                  ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
      
សូមរក្សាសិទ្ធិ



១២     មន្តនេត្រា

           ១   បាញ់ចំបេះដូងរូងថ្លើមប្រម៉ាត់បង     កែវភ្នែកនួនល្អងភ្លឺថ្លាដូចពេជ្រពណ្ណរាយ
                 ចុះកែវភ្នែកអ្វីល្អលើសចន្ទសួគ៌ាល័យ     មន្តនេត្រាស្រីឲ្យស្លុតចិន្តា។

          ២     សម្លឹងចំម្តងបងលង់ស្នេហ៍អូនហើយ     ម្តេចក៏កន្តើយមិនមេត្តាបងផងជីវ៉ា
                 ដឹងទេបងកំពុងលង់ស្នេហ៍កែវនេត្រា     សូមថ្លៃមេត្តាស្នេហាបងទៅ។

          បន្ទរ   ម្ចាស់កែវភ្នែកអើយ!     ខ្ញុំចុះចាញ់ហើយមន្តនេត្រាស្រី
                   ទោះចន្ទលើមេឃនៅចាញ់ភ្នែកស្រី     ភ្នែកមានរស្មីចរណៃមាសមេ។

         ៣     ទោះបីត្រូវស្លាប់ក៏រៀមមិនរាឡើយ     ជួបភ្នែកត្រាណត្រើយបងត្រូវតែស៊ូប្តូរយកស្នេហ៍
                 សូមម្ចាស់នេត្រានាងកុំមានចិត្តបែកងាករេ     កែវភ្នែកម្ចាស់ស្នេហ៍រៀមថែលុះក្ស័យ។

ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ

សូមរក្សាសិទ្ធិ



១៣   កាយហង្ស ចិត្តក្អែក

១   សុរិយាប្រឹងលិចបំភ្លេចលោកា     លាស្រីសតែកាយា     តែចិត្តឬស្យាប្រហារស្នេហ៍ខ្ញុំ
ហង្សព្រៃចូលស្រុក     ហើរចោលសំបុកសុខុម     ខំក្លែងខ្ឡួនជាក្រមុំ     ទួញយំឲ្យគេអាណិត។

២   កាយជាសត្វហង្សតែចិត្តក្អែក     ប្រុសល្ងង់ត្រូវឈ្លក់វង្វេង    សម្ផស្សស្រីលែងហើរស្វែងគ្មានគិត
ស្រីល្អតែឈ្មោះ     យករូបធ្វើជាកាំបិត     ចាក់ប្រុសឲ្យរងគ្រោះចិត្ត     មិនគិតពីបាបកម្មពារ។

បន្ទរ   ទៅឲ្យបាត់ចុះបើស្រីនាងអស់និស្ស័យ     ខ្ញុំសូមដៀលនាងកាកី     ពីរបីមិនស្កប់ចិន្តា
ខ្ញុំសូមស្រែកច្រៀង     ចម្រៀងផ្តាំប្រុសគ្រប់គ្នា     ប្រយ័ត្នមន្តស្រីមាយា     ប្រហារបេះដូងដួងចិត្ត។

៣   ស្រីអើយសូមស្រីនាងកែនិស្ស័យ     មេត្តាសណ្តោសប្រណី     បេះដូងភក្តីបុរសស្មោះពិត
កុកហើរលើមេឃ     គង់មានថ្ងៃជាប់ជុងស្អិត     សុរិយាមានរះមានលិច     ម្តេចដួងចិត្តអូនមិនប្រែ។


ថៃ្ងទី៤ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



     ១៤     បុប្ផាកោះនរា
   ១   គយគន់ទេសភាពតាមដងទនេ្ល   មើលសត្វរំពេរហើរឆាបគង្គា
បុប្ផាចំរុះដែនកោះនរា   សែនពេញទ័យាតែបុប្ផាមួយ។

២   ផ្កាកោះនរាផ្កាគាប់នេត្រា   ផ្កាគ្មានបន្លានឹងឲ្យចិត្តព្រួយ
បុប្ផាក្រពុំរុំជាប់ទងត្រួយ   បេះដូងរលួយលើបុប្ផាហើយ។

បន្ទរ   ដែនកោះនរាខ្ញុំបានសួរផ្កា   នៅក្នុងចំការនាងអៀនមិនឆ្លើយ
កែវគេចមុខបងបែរខ្នងព្រងើយ   ម្តេចក៏កន្តើយឲ្យរៀមសោកា។

៣   បុប្ផាកោះអើយបងផ្ញើជីវិត   រៀមបានតាំងចិត្តចូលដល់មេបា
សូមកុំប្រកែកប្រកាន់រៀមរ៉ា   សូមភ្ជាប់វាសនាផ្កាកោះនរាអើយ។

ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ

សូមរក្សាសិទ្ធិ



១៥     ពន្លកស្នេហ៍កោះនរា

   "ស្រី"   នែ៎.....ប្រុសនេះមកពីណា     ចិត្តអីហានក្លាបេះផ្កាសួនស្រី
     មុខមាត់រូបរាងល្អសមពេកក្រៃ     កោតមិនហារស្តីសុំស្រីជាម្ចាស់។

   "ប្រុស"   ទេ.....កំណាញ់អ្វីម្លេះពៅ     រៀមចង់ស្រែកហៅខ្លាចពៅអៀនខ្មាស
ពិដោរបុប្ផាផ្កាក្រអូបណាស់     សូមក្រេបក្លិនខ្លះភ្ជាប់ក្នុងបេះដូង។

បន្ទរ "ស្រី"   ខ្ញុំមិនកំណាញ់ទេណាប្រុសថ្លៃ     តែផ្កាស្រស់ស្រីឋិតក្នុងរបង
   ផ្កាអូនមានមេបាថែគ្រប់គ្រង     សូមចិត្តប្រុសបងមេត្តាយោគយល់។

"ប្រុស"  ឱ!....ផ្កាកោះនរាអើយ     រៀមបងយល់ហើយត្រើយចិត្តអំពល់
បងនឹងចូលស្តីផ្កាស្រីនិម្មល     "ស្រី" អរគុណស្នេហ៍ស្នងយល់ក្តីស្នេហា។
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



      ១៦     ផ្កាកោះរុះរោយ
១ ទំនួញឃ្មោះការលាន់ឭរងំ     បាយខុនចងដៃការម៉ុម     ឲ្យបងយំរាប់ព្រឹក្សព្រៃ
ដែនកោះនរាពុំងាស្បថក្រោមម្លប់ជ្រៃ     ឥឡូវបំភ្លេចសម្តី     រូបស្រីរៀបការទៅហើយ។

២ សោភ័ណបុប្ផាធ្លាប់ស្រស់ញញឹម     ដួងចិត្តធ្លាប់គេងសង្ឃឹម     បានផ្ទឹមរៀបការត្រាណត្រើយ
ឱ!...កោះនរាសូមអ្នកជួយផ្តល់ចម្លើយ     ផ្កាខ្ញុំគេបេះបាត់ហើយ     ចិត្តអើយតើសង្ឃឹមអ្វី។

បន្ទរ ឱ!...បុប្ផាច្បារកោះនរាអើយ     ម្តេចក៏បាក់ទងទៅហើយ     ពៅអើយចិត្តដាច់ម្លេះស្រី
គង្គាទនេ្លដែនកោះនរាភក្តី     ធ្លាប់ដងស្រោចផ្ការាល់ថ្ងៃ     ហេតុអ្វីស្រីក្បត់រូបបង។

៣ ចិត្តស្មានថាផ្កាគន្ធាក្រពុំ     ពិដោរសមរូបរម្យទម     តាមពិតចិត្តម៉ុមយង់ឃ្នង
បុប្ផាលាក់ពិសក្លែបក្លិនពិតឆ្ងាយលំអង     លាហើយបុប្ផាស្វិតទង     សូមផ្សងកុំឲ្យយល់ទៀត។ 


ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



១៧     ទំនួញបុប្ផាកោះនរា 

 ១   វិហាធំធេងចិត្តសែនខ្វាយខ្វល់ ហ៊ឹ.......     រសាប់រសល់នឹកដល់តែបង ហ៊ឹ.....
បងអើយបងយល់ខុសហើយនួនល្អង     ផ្កាក្នុងសួនអូនមិនក្បត់បងទេ។
២   រូបអូនជាស្រីពេញវ័យក្រមុំ ហ៊ឹ......      ម្តាយអូនបង្ខំរៀបការនឹងគេ ហ៊ឹ.....
ខ្លួនអូនមិនហ៊ានប្រកែកចិត្តម៉ែ     ស៊ូយំឥតល្ហែស្តាយស្នេហ៍ប្រុសបង។

បន្ទរ   អូនគេងឱបទុក្ខ ទុក្ខណែនឱរា     យំស្តាយហត្ថាធ្លាប់ស្រោចផ្កាអូន
ពេលនេះត្រូវព្រាត់ឆ្ងាយដូចជាក្បូន     ផ្កាស្នេហ៍ស្រពោនព្រោះព្យុះអប្រិយ។

៣   ដែនកោះនរាសាងស្នេហ៍អូនបង ហ៊ឹ.....     យើងច្រៀងឆ្លើយឆ្លងនៅក្រោមម្លប់ជ្រៃ ហ៊ឹ.....
អូនសូមទោសបងសូមកុំស្តាយស្រី     ធ្វើម្តេចនិស្ស័យយើងមិនមែនគូ។ 

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



១៨     សម្រស់នាងគ
១   រូបអើយសែនល្អដូចកេណ្នរី     ពេលបានឃើញស្រីរៀមលង់ចិន្តា
អូនជាក្រមុំអ្នកស្រុកចំការ     គាប់កែវនេត្រាបងអ្នកចម្ងាយ។
២   គេងយោលអង្រឹងក្រោមម្លប់ស្វាយខ្ចី     សាច់ថ្ពាល់ម៉ដ្ឋខៃបងគន់មិនណាយ
កេសារលើបរលោងរំសាយ     ស្រឡូនជើងដៃស្រម៉ៃរួមស្នេហ៍។

បន្ទរ   ក្លិនកាយក្រអូបអន្ទងដួងចិត្ត     បេះដូងលួចស្និទផែនថ្ពាល់ម្លេះទេ
នេត្រាធំៗភ័ក្ត្រល្អដូចខែ     ពិតជាស្រីខ្មែរថែសព្វកាយា។
៣   បងលួចសួរក្មេងដែលលេងជិតស្រី     ពៅឈ្មោះចរណៃមិនអាចវាចា
ចិត្តសែនរន្ធត់អាណិតជីវ៉ា     អូនគ្មានវាសនាអាចស្តីឆ្លើយឆ្លង។

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



១៩     ទឹកជ្រោះភ្នំគូលែន
១   ប្រុស   កាន់ដៃត្រសងឆ្លងទឹកកាត់ដុំសិលា     អូនស្តាប់បក្សាបក្សីស្រែកយំឆ្លើយឆ្លង
ទឹកជ្រោះហូរធ្លាក់ត្រជាក់ស្រៀវដល់ឆ្អឹងខ្នង     មឆ្ឆាទាំងហ្វូងហិចហែលសែនសុខរមនា។
២   ស្រី   បងមើលព្រឹក្សាផ្ការីកចោលក្លិនក្រអូប     ទឹកជ្រោះថ្លាឆ្វង់អូនក្បង់ស្រោចបា្រណពុំងា
ស្តាប់ទឹកជ្រោះហូរដូចស្នូរតន្រ្តីសួគ៌ា     បំពេទ័យាគូសង្សារស្នេហ៍ឧត្តម។

បន្ទរ   រួម   ទឹកជ្រោះថ្លាត្រជាក់កាយាពេកក្រៃ     សែនសប្បាយដូចឋិតឋានសួគ៌មនោរម្យ  
ក្តីស្នេហ៍យើងបរិសុទ្ធដូចទឹកជ្រោះភ្នំ    ស្រី   កុំចោលម៉ុមឲ្យនៅម្នាក់ឯងឯកា។

៣   ប្រុស   រៀមមិនចោលទេមាសស្នេហ៍ស្នងកុំខ្វល់ចិត្ត     បងស្រឡាញ់ពិតវរមិត្ររៀមសូមសច្ចា
រួម   ឱ!ភ្នំគូលែនសូមជាសាក្សីស្នេហា     យើងស្រឡាញ់គ្នាស្មោះស្ម័គ្រលុះសូន្យជីវី។

ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



២០     លាហើយសៀមរាប
  វាយោសែនស្ងាត់     ពពកបិទបាំងព្រះសុរិយា     បក្សីបក្សាធ្លាប់យំខ្ញៀវខ្ញាប្រែចាកទ្រនំ
គង្គាក្នុងស្ទឹងប្រែរីងហួតហែងបែកដីក្រៀមក្រំ     មេឃមីស្រទុំ     បេះដូងក្តុកក្តួលស្រែកយំមិនចេញ។ 
  អាឡោះអាល័យ     ស្រណោះរូបកាយត្រូវឃ្លាតឆ្ងាយទៅ     ឃ្លាតពីញាតិផៅធ្លាប់រស់ជុំនៅគ្មានទុក្ខទោម្នេញ     ឃ្លាតក្លិនរំដួល     ក្លិនស្នេហ៍និមលបងថើបប្រលែង     ស្រឡាញ់ពេញចិត្ត     ឥឡូវចំបែងត្រូវឃ្លាតកល្យាណ។

បន្ទរ   អង្គរខ្ញុំអើយ ខ្ញុំសូមលាហើយទាំងទុក្ខវិយោគ     ទឹកដីសុខុម     សៀមរាបមនោរម្យទីជុំសុខសាន្ត     ខ្ញុំទៅតែកាយតែដួងចិត្តខ្ញុំនឹកគ្មានស្រាកស្រាន្ត     សូមញាតិគ្រប់ប្រាណរស់នៅឲ្យបានសុភមង្គល។
  លាហើយលាហើយ     លាអស់ព្រឹក្សាលតាវល្លិព្រៃ     លាទាំងអាល័យមិនដឹងថ្ងៃណាខ្ញុំបានវិលវិញ     ខ្ញុំនៅតែនឹក     នៅតែចងចាំនៅតែស្រឡាញ់     បើវាសនាមានខ្ញុំនឹងវិលវិញជួបសៀមរាបទៀត។

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ


២១     ចាំម្ចាស់កន្សែង
១   ក្បូក្បាច់ផ្កាភ្ញី     ឆវីប៉ាក់ជាប់កន្សែង     បងថើបប្រលែង     ម្នាក់ឯងរាល់ពេលរាត្រី
កន្សែងសំណព្វ     អប់ក្លិនមន្តស្នេហ៍ពិសី     បងថើបយប់ថ្ងៃ     ហើយស្រម៉ៃភ័ក្រ្តនួនល្អង។
២   កន្សែងនិស្ស័យ     ស្រីជូនបងផ្ទាល់ដៃស្ងួន     បងទុកជាប់ខ្លួន     ខ្លាចក្លិននឹមនួនរសាយ
រក្សាកន្សែង     ទាំងទុក្ខក្រៀមក្រំខ្វល់ខ្វាយ     ក្រែងដូចម្ចាស់ស្រី     ដែលព្រាត់ឆ្ងាយពីរូបបងទៅ។ 
 បន្ទរ   ពេលដែលអូនឃ្លាត     ឆ្ងាយពីទ្រូងបង     បេះដូងសៅហ្មង     ដង្ហោយហៅពៅ
ស្រណោះចន្ទរះជិតពេលយប់ជ្រៅ     ថើបកន្សែងពៅជំនួសថ្ពាល់ស្រី។
៣   កន្សែងកម្សត់     បងបត់ជាផ្នត់ចាំស្នេហ៍     នៅរង់ចាំតែ     មាសមេស្នេហ៍អូនវិលវៃ
រៀមរែងរលឹក     អោបថ្នមកន្សែងជាប់ដៃ     ទាំងយប់ទាំងថ្ងៃ     ចាំរូបស្រីម្ចាស់កន្សែងកម្ម។

ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ


២២     ផ្កាយជីវិត
១   យប់កាន់តែជ្រៅអូនកើយភ្លៅបង     គេងមកស្នេហ៍ស្នងបងច្រៀងបំពេ
មើលដួងតារារះពេញមេឃា     បំភ្លឺស្នេហា     យើងពីរអង្គាក្នុងរាត្រីស្ងាត់។
២   អូនគេងឲ្យស្កប់សំណព្វដួងចិត្ត     កុំព្រួយវរមិត្តថាចិត្តរៀមក្បត់
នៅលើលោកាមានតែស្នេហ៍ស្រី     ស្នេហ៍បរិសុទ្ធ ស្នេហ៍រៀមសន្មត់មិនព្រាត់ពីគ្នា។
បន្ទរ   គ្មានអូនមិនបានព្រាត់ប្រាណបងក្ស័យ     រស់នៅឥតន័យដួងចៃគ្រាំគ្រា
បងស្រឡាញ់អូនលុះសូន្សជន្មា      អូនជារស្មីផ្កាយដួងចិត្តបង។
៣   គេងទៅគេងទៅមាសស្នេហ៍ឧត្តម     រៀមបំពេម៉ុមឲ្យស្បើយសៅហ្មង
ផ្កាយរយពាន់ដួងរះឆ្ងាយកន្លង     អូនជាផ្កាយបង     ផ្កាយរៀមស្នេហ៍ស្នងអស់មួយជីវិត។

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ


២៣     ដងស្ទឹងសៀមរាប
១   ទឹកអើយទឹកស្ទឹងឈប់ហូរទៀតទៅ     សូមឈប់ហូរទៅ     កុំឲ្យទ្រូងខ្ញុំឈឺផ្សា
គង្គាក្នុងស្ទឹងសូមនឹងរងថ្លា     នៅប្រាប់ជីវ៉ា     ថាដួងចិន្តាខ្ញុំចាំជានិច្ច។
២   សូរហាត់ទឹកក្រោយខ្ទមវាសនា     កំណើតស្នេហា     កម្រងស្នេហ៍ក្នុងជីវិត
ដើមត្រែងយោលយោគប៉ប្រះផ្ទៃទឹក     ចាំងឆ្លុះព្រៃព្រឹក្ស     ដូចក្តីរលឹករៀមនឹកដល់អូន។
បន្ទរ   ទឹកស្ទឹងសៀមរាបជ្រាបពេញដួងចិត្ត .....ហ៊ឹ     ប្រវត្តិស្នេហ៍ពិតរសាត់ដូចក្បូន
ផ្ការីកមាត់ស្ទឹងប្រែក្រៀមស្រពោន     រហាត់ក្រោយខ្ទមម៉ុមលែងអាល័យ។
៣   ឱ!ដងស្ទឹងអើយលាហើយណាថ្លៃ     លាទាំងរូបស្រី     ធ្វើម្តេចនិស្ស័យអស់ស្នេហ៍
បើសិនទឹកស្ទឹងមិនហូរទៅទេ     ហើយស្រីនៅស្នេហ៍     ខ្ញុំសូមរស់ក្បែរដងស្ទឹងលុះក្ស័យ។

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



២៤     ទុក្ខស្នេហ៍មនុស្សខ្ចាត់ពា្រត់

១   ថ្ងៃនេះជាថ្ងៃអូនចូលរោងការ          មានលោកមេបាបាចផ្ការពរជ័យ
ថ្ងៃរៀមទូទុក្ខបេះដូងរីងរៃ          ថ្ងៃដែលរូបស្រីយកប្តីចោលបង។
២      វាសនាបងបានត្រឹមជាបងធម៍          ព្រោះគ្មានស័ក្តយសរូបល្អផូរផង់
ជាមនុស្សខ្ចាត់ព្រាត់គ្មានញ្ញាតិប្អូនបង          បានស្គាល់នួនល្អងទើបយល់ទុក្ខស្នេហ៍។

បន្ទរ     ឱ ដួងចិត្តអើយឈប់ក្តុកក្តួលទៅ          ទោះដង្ហោយហៅក៏មិនឭដែរ
នាងរៀបការហើយកុំរំខានគេ          ធ្វើម្តេចបុព្វេឲ្យរងទឹកភ្នែក។ 
៣     ប្អូនអើយប្អូនស្រីអាល័យបងទេ          អូនស្ម័គ្ររូបគេព្រោះម្តាយបំបែក
ទៅផ្ទឹមចុះអូនកែវឈប់យំស្រែក          ឲ្យបងទូរែកទុក្ខម្នាក់ឯងចុះ។
 
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



២៥     វណ្ណៈគ្រួសារ ប្រហារគូស្នេហ៍

១     បងអើយអូនសែនស្រឡាញ់បងណាស់          តែបងអើយស្នេហ៍យើងកម្មក្រាស់
បង្វែប្តូរផ្លាស់ស្នេហាភក្តី          អូនមានតែទឹកនេត្រាឆ្លើយប្រាប់ប្រុសថ្លៃ          ថាចិត្តអូនស្មោះភក្តី
តែកម្មចង្រៃឲ្យយើងព្រាត់គ្នា។
២     ទោះបងក្រីក្រតោកយ៉ាកយ៉ាងណា          ក៏ចិត្តអូននៅស្មោះស្នេហា
ភូមិគ្រឹះអស្ចារ្យចាញ់ខ្ទមជរា          ទឹកភ្នែកអូនហូរជោគថ្ពាល់រាល់ពេលនិទ្រា្ទ          ធ្មេញភ្នែកឃើញតែពុំងា          ចិន្តាគ្រាំគ្រាវេទនាស្ទើរក្ស័យ។

បន្ទរ     អាណិតបងណាស់ឱ ម្ចាស់សង្ខា          អូនចង់តែក្ស័យមរណា          លាចាកលោកាចោលគ្មានអាល័យ          មេបាមិនយល់ស្នេហ៍អូននិងថ្លៃ          ឃាត់ទឹកមិនឲ្យជួបត្រី     កាប់ព្រៃឲ្យព្រាត់បក្សា។
៣     បងអើយអូនសូមលាបងទៅហើយ          ឱ ភ្លេងការចងដៃកាត់ត្រើយ          កាត់ស្នេហ៍ខ្ញុំហើយកាត់ខ្នើយវាសនា          មាសប្រាក់ទ្រព្យធនបុណ្យស័ក្តជាមាឬស្យា          ជីវិតអ្នកក្រគ្មានវាសនា          វណ្ណៈគ្រួសារប្រហារយើងហើយ។

ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៣
ខែត្រសៀមរាប
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ


         
២៦     ខ្ទមស្នេហ៍អភ័ព្វ

១     បេះដូងខ្ទេចខ្ទាំគ្រាំចិត្តឥតល្ហែ          ក៏ព្រោះក្តីស្នេហ៍ឲ្យបងឈឺចាប់
ឱ ខ្សែជីវិតងងិតអួអាប់          បិទបាំងពន្លឺរស្មីស្នេហា។
    ខ្ទមសាងស្នេហាផ្សារឿងកម្សត់          ម្ចាស់ស្នេហ៍ប្រែក្បត់ចោលខ្ទមវាសនា
ជីវិតលោកីយ៍ដូចសែងសុរិយា           វាលវដ្តសង្សារទុក្ខាមិនអស់។
បន្ទរ     ឱ គូជីវិតក្នុងខ្ទមនិស្ស័យ          ខ្ទមត្រូវរីងរៃស្រីលែងស្រណោះ   
ទឹកភ្នែករៀមហូរប្តូរទឹកចិត្តស្មោះ          ជីវិតក្រៀមក្រោះព្រោះគ្មានរូបថ្លៃ។
៣     ខ្ទមអើយអើយខ្ទមព្រាត់ម្ចាស់ស្រីហើយ          គ្មានទាំងចម្លើយប្រាប់ខ្ទមនិស្ស័យ
ទឹកហូរក្នុងព្រែកដូចទឹកភ្នែកប្តី          ដង្ហោយហៅស្រីវិលវិញមកអូន។

ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣
រាជធានីភ្នំពេញ
                                                                                                ឈាមខ្មែរ
សូមរក្សាសិទ្ធិ



២៧     បងក្រណាស់អូន

១   ដួងចិន្តាជោគជាំដោយទុក្ខរណ្តំ     រៀមសែនអាណិតមាសម៉ុម     ទួញយំស្តាយរូបសង្សារ
     ទឹកភែ្នកអូនហូរស្ទើរក្លាយជាផ្ទៃជលសា     យំឱបទ្រូងរៀមរ៉ា     ពេលដឹងថាស្នេហាត្រូវព្រាត់។ 

២   ឱ!វណ្ណៈគ្រួសារប្រហារយើងហើយ  ដើមទ្រូងចុកចាប់ឥតស្បើយ   បែកហើយព្រោះបងក្រខ្សត់
     រូបបងតូចទាបគ្មានស័ក្តយសជាគំនាប់     មានបេះដូងបរិសុទ្ធ     តែអភ័ព្វព្រោះទ្រព្យបងក្រ។

បន្ទរ   កត្តញ្ញុតាធម៏​ សូមអូនបំពេញ     រៀមស៊ូរស់រងទោម្នេញ    ដោយដើរចេញទាំងទ្រូងឈឺផ្សា
     ចូរអូនធ្វើខ្លួនជាកូនស្រីសមលក្ខិណា     លើកឈ្មោះកិត្តិយសគ្រួសារ     ចោលសង្សារចុះណាព្រលឹង។

៣   វិសមានចិត្តកាត់ផ្តាច់និស្ស័យស្នេហ៍យើង   ទ្រព្យយសជាភ្លើងចំបើង   លោកអើយកុំយកជាធំ 
     រៀបការចុះអូនស្ងួនអើយសូមថ្លៃឈប់យំ     បងពិតជាយល់ចិត្តម៉ុម     ធ្វើម្តេចកម្មបងក្រណាស់អូន។ 
ថៃ្ងទី២៤ ខែមេសា ឆ្នាំ២០០៤
រាជធានីភ្នំពេញ
  ឈាមខ្មែរ
សូមរក្សាសិទ្ធ