Monday, December 12, 2011

រូប​ប្រាសាទអង្គរវត្ត​ចម្លង​នៅក្នុង​វត្ត​ព្រះ​កែវ ទីក្រុង​បាងកក​

​នៅក្នុង​បរិវេណ​នៅ​វត្ត​ព្រះ​កែវ​មរកត នៅ​ទីក្រុង​បាងកក យើង​ឃើញ​មាន​ចម្លាក់​ប្រាសាទអង្គរវត្ត ចម្លង​ខ្នាតតូច​មួយ​ដែល​វិចិត្រករ​ថៃ ធ្វើ​អំពី​ស៊ីម៉ង់ត៍ ។ ការជ្រើសរើស​នូវ​ចម្លាក់​ប្រាសាទអង្គរវត្ត​នេះ មិនមែន​ជាការ​ចៃដន្យ ឬ​តាម​ការនឹកឃើញ​របស់​អាជ្ញាធរ​ថៃ​នោះទេ ដែល​បាន​ស្ថាបនា​ចម្លាក់​នេះ​ឡើង នៅ​ចំ​បេះដូង​នៃ​ព្រះរាជាណាចក្រ​របស់ខ្លួន ។​
​    ​គួរ​ឲ្យ​កត់សម្គាល់ថា រហូតដល់​បច្ចុប្បន្ន  អ្នកស្រាវជ្រាវ​មិនបាន​យកចិត្តទុកដាក់​លើ​វត្តមាន​របស់​រូបចម្លាក់​ខាងលើនេះ ​ទេ ដែល​គេ​គ្រាន់តែ​ចាត់ទុកថា ជា​គ្រឿង​លំអ​តុបតែង​តែប៉ុណ្ណោះ ។ តើ​មូលហេតុ​អ្វីខ្លះ ដែល​បានធ្វើ​ឲ្យ​មានការ​បង្កើត​រូបចម្លាក់​នេះ​ឡើង​? ហើយ​នៅ​ឆ្នាំ​ណា ?
 
 
 ប្រាសាទអង្គរខ្មែរ
 
 
 
 
 
 ប្រាសាទអង្គរវត្ត​ខ្នាតតូច មើល​ពី​ចម្ងាយ និង​រូបភាព​មើល​ជិត (​ម​.​ត ១៩៧៨)​
 
 
  ​ដើម្បី​យល់​ពី​បញ្ហា​នេះ គេ​ត្រូវ​សិក្សា​ថា ហេតុអ្វី​បានជា​ជនជាតិ​សៀម​បែរជា​ចូលចិត្ត​ប្រាសាទខ្មែរ​ទៅវិញ ដោយ​ឆ្លាក់​ប្រាសាទ​នេះ​នៅ​ចំ​កណ្ដាល​បេះដូង​នៃ​ទីក្រុង​បាងកក គឺ​វត្ត​ព្រះ​កែវ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រះបរមរាជវាំង​ថៃ​សព្វថ្ងៃ ។​
​    ​វត្តមាន​នៃ​ចម្លាក់​អង្គរវត្ត​សប្ប​និមិត្ត​ខាងលើនេះ អាច​នាំ​ឲ្យ​យើង​យល់​បន្ថែមទៀត​នៃ​មហិច្ឆតា​របស់​អ្នកនយោបាយ​ថៃ ដែល​ស្នេហា​ជាតិ​ជ្រុលនិយម ហើយ​នៅតែ​រក្សា​គំនិត​ចង់បាន​ទឹកដី​ខ្មែរ​មិន​ឈប់ឈរ ។​
​    ​សូម​រំលឹកថា សន្ធិសញ្ញា​បង្កើត​អាណាព្យាបាល​បារាំង​នៅ​កម្ពុជា ដែលមាន​ឈ្មោះថា សន្ធិសញ្ញា​មិត្តភាព និង​ពាណិជ្ជកម្ម​រវាង​ខ្មែរ និង​បារាំង ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​១៨៦៣ ។ តែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​គេ​នៅ​រង់ចាំ​ដល់​ខែ​កក្ដ​ដា ឆ្នាំ​១៨៦៧ ទើប​ថៃ​ឈប់​ជ្រៀតជ្រែក​ក្នុងប្រទេស​កម្ពុជា ដោយ​ប្រគល់​ការត្រួតត្រា​ឲ្យ​អំណាច​បារាំង​ទៅវិញ ។ ប៉ុន្តែ​ពួកគេ​រក្សា​សិទ្ធិ​កាន់កាប់​ខេត្ត​ពីរ គឺ​បាត់ដំបង និង​សៀមរាប ដែលជា​អតីត​ព្រះរាជវាំង​នគរ​ខ្មែរ ។​
​    ​ប៉ុន្តែ​ស្ថានភាព​នេះ​បាន​ប្រែប្រួល​នៅ​ឆ្នាំ ១៩០៤​។​នេះ​បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ ។ ដោយហេតុថា​តំបន់​ខ្លះ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង តាម​ជួរ​ភ្នំ​ដងរែក ក្នុងស្រុក​ម្លូព្រៃ​ទន្លេរពៅ និង​ខេត្តស្ទឹងត្រែង ត្រូវបាន​ប្រគល់​មក​ខ្មែរ​វិញ  ហើយ​សំខាន់បំផុត​នោះ គឺ​បន្ទាប់មក​នៅ​ឆ្នាំ​១៩០៧ ទើប​ខេត្ត​នៅ​ភាគ​ពាយ័ព្យ គឺ​ខេត្តបាត់ដំបង សៀមរាប និង​បន្ទាយមានជ័យ ដែល​ពីមុន​ថៃ​បាន​កាន់កាប់​ដោយ​ខុសច្បាប់ ក៏ត្រូវ​បានប្រគល់​សង​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ។​
​    ​តែ​ជា​អកុសល ក្រោយមកទៀត​ខេត្តបាត់ដំបង និង​សៀមរាប ត្រូវ​ត្រួតត្រា​ដោយ​សៀម​សារជាថ្មី​ម្ដងទៀត ដោយ​មិន​បញ្ចូល​តំបន់​អង្គរ​ទេ ។ ទាំងនេះ​ក៏​ដោយសារ​បារាំង​បាន​ចាញ់​សង្គ្រាម​នឹង​ជប៉ុន ។ នៅ​ឆ្នាំ​១៩៤៦ ទើប​ខេត្ត​ទាំងនោះ​ត្រូវបាន​ប្រគល់​សង​ខ្មែរ​វិញ បន្ទាប់ពី​ជប៉ុន​បាន​ចាញ់​សង្គ្រាម ។​
​    ​ដូច្នេះ​មិនយូរប៉ុន្មាន ក្រោយពី​ខេត្ត​ទាំងនោះ ដោយ​ក្នុងនោះ​មាន​ប្រាសាទអង្គរវត្ត ដ៏​សំខាន់​ជាងគេ​អាជ្ញាធរ​សៀម​ក៏បាន​សាងសង់​ប្រាសាទអង្គរវត្ត​ខ្នាតតូច​ ខាងលើនេះ នៅលើ​ទឹកដី​របស់ខ្លួន​ដើម្បី​រំលឹក​នូវ​ការបាត់បង់ នៃ​ប្រាសាទ​នេះ ដែល​តំណាង​ឲ្យ​វប្បធម៌ អរិយធម៌​ខ្មែរ នា​សម័យ​មហានគរ​ដ៏​រុងរឿង​ថ្កើ​ន​ថ្កាន ។ បើ​និយាយ​ម្យ៉ាងទៀត ការរក្សា​អនុស្សាវរីយ៍​នៃ​ការកាន់កាប់​ខេត្តសៀមរាប ដោយ​ពួកគេ​ផ្ទាល់​មុន​អាណាព្យាបាល​បារាំង គឺ​ហេតុផល​នៃ​ការកសាង​កូន​ប្រាសាទអង្គរវត្ត​អំពី​ស៊ីម៉ង់​នេះ​ឡើង ។ ដូចនេះ ទង្វើ​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​មហិច្ឆតា​មិន​ស្រាកស្រាន្ដ​ពី​អាជ្ញា​ ថៃ ដែល​ចង់បាន​ទឹកដី​ខ្មែរ ដែល​គេ​សន្មត​ថា ជា​ទឹកដី​របស់​ដូនតា​ខ្លួន ដោយសារតែ​អ្នក​ទាំងនោះ គឺជា​ជន​វង្វេង​ប្រវត្តិសាស្ត្រ ៕ (​ម​.​ត្រា​ណេ​)
 
 
 
 

Saturday, December 3, 2011

ជុំវិញ​ព្រះនាម​នៃ​ព្រះបាទ “ នរោត្តម​”

 ព្រះករុណា ព្រះបាទ​នរោត្តម ​ព្រះនាម​ដើម ច្រឡឹង និង រា​ជា​វត្តី ឬ អង្គ​វត្តី​


ព្រះករុណា ព្រះបាទ​នរោត្តម ពេល​ប្រសូត​មក​មាន​ព្រះនាម​ថា ព្រះអង្គ​ច្រឡឹង លុះ​ពេល​ចម្រើន​ព្រះកេសា មាន​ព្រះនាម​ថា រា​ជា​វត្តី ហៅ អង្គ​វត្តី លុះ​ពេល​សោយរាជ្យ មាន​ព្រះនាម​ថា នរោត្តម ជា​ព្រះ​នាមបញ្ញត្តិ​កាល​ទ្រង់​សាង​ព្រះ​ផ្នួស​នៅ​ស្រុក​សៀម ទើប​ឯកសារ​ខ្លះ​កត់ត្រា​ថា ព្រះនាម នរោត្តម នេះ គឺ​ព្រះ​ចៅ​ក្រុង​សៀម​ជា​អ្នក​ថ្វាយ ។​


​     ព្រះករុណា ព្រះបាទ  នរោត្តម ប្រសូត​នៅ​ថ្ងៃ​សៅរ៍ ១២​កើត ខែ​មាឃ ឆ្នាំ​មមែ សប្តស័ក គ្រិស្ដ​សករាជ ១៨៣១ នា​ខេត្ត​មង្គលបុរី (​សព្វថ្ងៃ​ស្រុក​មង្គលបុរី ខេត្ត​បាត់ដំបង​) ជា​បុត្រ​នៃ​អ្នក​ម្នាង ប៉ែន និង ព្រះករុណា អង្គឌួង ។ កាល​ទើប​ប្រសូត ព្រះ​បរម​រាជ​បិតា គឺ​ព្រះបាទ​អង្គឌួង ទ្រង់​សព្វព្រះទ័យ​នឹង​បុត្រា​អង្គ​នេះ​ណាស់​ ហើយ​បាន​ប្រទាន​ព្រះនាម​ថា “ ព្រះអង្គ​ច្រឡឹង​” ។ ភាសា​ខ្មែរ ពាក្យ​ថា “ ច្រឡឹង​” មានន័យ​ថា “ ដែល​មាន​រាង​តូច​ស្អាត​សមឥត​ទាស់ភ្នែក​” ។

​    បើ​តាម​ឯកសារ មហា​បុរស​ខ្មែរ របស់លោក អេង សុទ្ធ បានឱ្យដឹងថា នៅពេល​ព្រះអង្គ​ច្រឡឹង ប្រសូ​តមក អ្នកបម្រើ​បាន​យកសុក​ទៅ​កប់ មិនយូរ​ថ្ងៃ​ប៉ុន្មានក៏​បង្កើត​ជា​ហេតុ​អស្ចារ្យ មាន​ដើម​ពោធិ​មួយ​ដើម​ដុះ​នៅ​កន្លែង​កប់​សុក​នោះ ។ អ្នក​ខេត្ត​មង្គលបុរី នាំ​គ្នា​ហៅថា “ ពោធិ​ហ្លួង​” រហូតមកដល់​សព្វថ្ងៃ ។​

​    លុះដល់​ខែ​ពិសាខ ឆ្នាំ​មមែ នព្វ​ស័ក ពុទ្ធ​សករាជ ២៣៩១ គ្រិស្ដ​សករាជ ១៨៤៧ ព្រះករុណា អង្គឌួង បាន​រៀបចំ​ចម្រើន​ព្រះកេសា​ព្រះអង្គម្ចាស់ ច្រឡឹង ហើយ​ប្រទាន​នាម​ថា  “​រា​ជា​វត្តី​” ហើយ​ជួនកាល​ត្រូវ​គេ​ហៅថា “​ព្រះអង្គ​វត្តី​” ឬ “ អង្គ​វត្តី​” ។ ទោះ​ជា​ព្រះ​បុត្រា អនាគត​ក្សត្រ​ខ្មែរ​អង្គ​នេះ មាន​ព្រះនាម​ជា​ផ្លូវការ​ថា រា​ជា​វត្តី ក្តី ក៏​គេ​នៅ​តែ​ហៅ​ព្រះនាម​ថា “​ច្រឡឹង​” ដដែល ។

​     លុះដល់​ថ្ងៃ​១៥​កើត ខែ​ជេស្ឋ ឆ្នាំ​មមែ នព្វស័ក​ដដែល​នោះ ព្រះករុណា អង្គឌួង បាន​បញ្ជា​បង្គាប់​មន្ត្រី​ខ្ញុំ​រាជការ​ឱ្យ​រៀប​ក្បួន​ដង្ហែ​ ព្រះអង្គម្ចាស់ រា​ជា​វត្តី ទៅ​សាង​ផ្នួស​ជា​សាមណេរ​នៅក្នុង​សំណាក់​ព្រះ​មហាសង្ឃរាជ នូ នា​វត្ត​ក្រាំង​ពន្លៃ ក្រុង​ឧដុង្គ​មានជ័យ ហើយ​ទ្រង់​រាជ​បញ្ញត្តិ​វត្ត​នោះ​ថា “ រាជ​បព្វជិត​” តាំងពី​ពេលនោះ​មក ។ លុះ​ចេញ​ព្រះវស្សា ទើប​ព្រះអង្គ​លា​ចាក​សិក្ខាបទ​មកវិញ ។​

​   ខែ​អាសាធ ឆ្នាំ​រោង អដ្ឋស័ក ពុទ្ធ​សករាជ ២៤០០ គ្រិស្ដ​សករាជ ១៨៥៦ ព្រះ​ចៅចម​ក្លា​វ ព្រះរាជា​នៃ​ក្រុង​សៀម បាន​ចាត់​មន្ត្រី​រាជការ​ឱ្យ​ដង្ហែ​ព្រះអង្គម្ចាស់ រា​ជា​វត្តី បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​វត្ត​បរម​និវេស ស្រុក​សៀម ក្នុង​គណៈធម្មយុត្តិកនិកាយ ។​

​ប្រពៃណី និងវិន័យ​បញ្ញត្តិ ក្នុង​ព្រះពុទ្ធសាសនា បុគ្គល​ណា​ក៏​ដោយ​បន្ទាប់ពី​បាន​ឧបសម្បទា​ជា​ភិក្ខុ​ហើយ ត្រូវមាន​នាម​បញ្ញត្តិ​មួយទៀត​ទីទៃ​ពី​ឈ្មោះ​ដើម​របស់​ខ្លួន ឯការដាក់​នាម​បញ្ញត្តិ​នោះ គឺជា​កាតព្វកិច្ច​របស់​ឧបជ្ឈា​យ៍ (​ភិក្ខុ​ដែលជា​អ្នក​បំបួស​កុលបុត្រ​ឱ្យ​ក្លាយជា​ភិក្ខុ​) ជា​អ្នក​ដាក់​ឱ្យ ហើយ​ជាទូទៅ​ការដាក់​នាម​បញ្ញត្តិ​នោះ​ទៀតសោត​គឺ​ត្រូវ​ជ្រើសរើស​ទៅតាម​ថ្ងៃ ខែ និង ឆ្នាំ​កំណើត​របស់​នវ​ភិក្ខុ​(​ភិក្ខុ​ទើបបាន​បួស​ថ្មី​) នោះ ។ ឧទាហរណ៍​ជាក់ស្តែង ដូចជា​សម្តេច​ព្រះ​មហាសង្ឃរាជ ជួន ណាត បន្ទាប់ពី​បាន​បំពេញ​ឧបសម្បទា ជា​ភិក្ខុ​រួចមក ព្រះ​ឧបជ្ឈាយ៍​បានដាក់​នាម​បញ្ញត្តិ ព្រះអង្គ​ថា “ ជោត​ញ្ញា​ណោ​” ។ ចំណែក​ព្រះអង្គម្ចាស់ រា​ជា​វត្តី បន្ទាប់ពី​បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​មក មាន​នាម​បញ្ញត្តិ​ថា “ នរោត្តម “ ភិក្ខុ ។​

    ​អត្ថន័យ​ក្នុង​ភាសាបាលី ពាក្យ​ថា “ នរោត្តម​”  មកពី​ពាក្យ​ថា “ ន​រៈ​=​មនុស្ស , ជន , បុគ្គល​...(​សំដៅ​ដល់​មនុស្ស​ប្រុស​) + ឧត្តម​= ប្រសើរ​, ខ្ពង់ខ្ពស់​, ថ្លៃថ្លា ” ។ បូក​បញ្ចូល​គ្នា​ទៅ​ពាក្យ​ថា “ នរោត្តម​” ដែល​ជា​ព្រះនាម​បញ្ញត្តិ នៃ​ព្រះ​ភិក្ខុ រា​ជា​វត្តី នេះ ប្រែ​ថា “ បុគ្គល ឬ ជន​ដ៏​ប្រសើរ​, បុគ្គល ឬ ជន​ខ្ពង់ខ្ពស់ , បុគ្គល ឬ ជន​ថ្លៃថ្លា ” ។ ព្រះនាម​បញ្ញត្តិ​នេះ ត្រូវបាន​ដាក់​ថ្វាយ​ដោយ​គិត​តាម​ថ្ងៃ ខែ និង ឆ្នាំ​ប្រសូត​របស់​ព្រះអង្គម្ចាស់​រា​ជា​វត្តី ភិក្ខុ ដោយ​គិត​តាម​គតិ​ព្រះពុទ្ធសាសនា​ធម្មយុត្តិកនិកាយ ។​

​     ព្រះករុណា​អង្គឌួង បាន​សោយ​ទិវង្គត នៅ​ថ្ងៃ​៥​កើត ខែ​កត្តិក ឆ្នាំ​មមែ ពុទ្ធ​សករាជ ២៤០៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា គ្រិស្ដ​សករាជ ១៨៥៩ បន្ទាប់ពី​បាន​សោយរាជ្យ​រយៈពេល ១៩​ឆ្នាំ ។ ក្រុមប្រឹក្សា​សេនាបតី​មន្ត្រី​ជាន់​ខ្ពស់​បាន​ជំនុំ​ពិភាក្សា​គ្នា​ ជ្រើសរើស​ព្រះអង្គម្ចាស់​រា​ជា​វត្តី  ដែល​កំពុង​មាន​ឋានៈ​ជា​មហាឧបរាជ​ស្រាប់​ផង​ឱ្យ​ឡើង​សោយរាជ្យ​បន្ត​ពី​ ព្រះបិតា តាម​បណ្តាំ​របស់​ព្រះរាជ​សព ។ នៅ​ពេល​ឡើង​សោយរាជ្យ​នោះ ព្រះអង្គម្ចាស់​រា​ជា​វត្តី មហា​ឧបរាជ សព្វព្រះទ័យ​នឹង​ព្រះនាម នរោត្តម ជា​នាម​បញ្ញត្តិ កាល​ព្រះអង្គ​ចូល​បំពេញ​ឧបសម្បទា ។ គេ​ក៏​បាន​ថ្វាយ​ព្រះនាម​ព្រះ​នវ​រាជ្យ (ស្តេច​ថ្មី​) អង្គ​នេះ​ថា សម្តេចព្រះ​នរោត្តម​ព្រហ្ម​បរិរក្ស ហើយ​ក៏​ត្រូវបាន​គេ​ស្គាល់​ព្រះនាម​ខ្លី​មក​ថា “ ព្រះបាទ “​នរោត្តម​” តរៀងមក ។

​     ឯកសារ​ខ្លះ​អះអាងថា ព្រះនាម “ នរោត្តម​” នេះ ជា​ព្រះនាម​ដែល​ព្រះ​ចៅចម​ក្លាវ នៃ ប្រទេស​សៀម​ជា​អ្នក​ថ្វាយ ។ ប៉ុន្តែ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា បុគ្គល​ទីទៃ​ពី​ព្រះ​ឧបជ្ឈា​យ៍ ទោះ​បុគ្គល​នោះ​មាន​ឋានៈ​ជា​អ្វី​ក៏ដោយ ក៏​ពុំ​មាន​កាតព្វកិច្ច​ដាក់​នាម​បញ្ញត្តិ​នេះ​ដល់​ភិក្ខុ​ដែល​ទើប​បាន​បួស​ នោះឡើយ ។

​     ទោះយ៉ាងណា បើ​វិភាគ​ទៅលើ​បរិបទ​សាសនា​ទៅនឹង​សម័យកាល​នោះ យើង​អាច​សន្និដ្ឋានបាន​ថា ដោយសារ​ព្រះអង្គម្ចាស់​រាជា​វត្តី ជា​មនុស្ស​ក្នុង​រាជវង្ស ហើយ​ត្រូវបាន​ព្រះរាជា​សៀម​ជា​អ្នក​បញ្ជូន​ចូល​បួស​ផង​នោះ ជាហេតុ​នាំ​ឱ្យ​ឧបជ្ឈាយ៍​មាន​ភាព​ស្ទាក់ស្ទើរ​មិន​ហ៊ាន​អារកាត់​ដាក់​នាម​ បញ្ញត្តិ​ដល់​នវ​ភិក្ខុ​រូប​នេះ​តែ​អង្គឯង​ឡើយ ទើប​បន្ទាប់​ពី​បាន​សម្រិត​សម្រាំង​នាម​បញ្ញត្តិ​មក ក៏​បាន​នាំយក​ទៅ​ទូល​សុំ​ការព្រមព្រៀង​សព្វព្រះទ័យ​ពី​ព្រះរាជា​ក្រុង​សៀម គឺ​ព្រះ​ចៅចម​ក្លាវ ផងដែរ ។ ប្រហែល​ជា​ដោយ​ប្រការ​នេះ​ឯង​ហើយ ទើប​បានជា​មាន​ឯកសារ​ខ្លះ​ហ៊ាន​អះអាង​ថា ព្រះនាម “ នរោត្តម​” នេះ គឺជា​នាម​ដែល​ត្រូវ​បាន​ថ្វាយ​ដោយ​ព្រះ​ចៅ ចម​ក្លាវ នៃ​ក្រុង​សៀម ។

​      ជា​សរុប​មក​វិញ ព្រះនាម “ នរោត្តម​” ជា​នាម​នៃ​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ ត្រូវ​បាន​ថ្វាយ​បន្ទាប់ពី​ព្រះអង្គ​បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​នៅ​ ប្រទេស​សៀម ។ ឯ​នាម​ដើម​របស់​ព្រះអង្គ​គឺ “ ច្រឡឹង​” ហើយ​ព្រះនាម​ជា​ផ្លូវការ​គឺ “ រា​ជា​វត្តី “ ឬ “ អង្គ​វត្តី​” ៕