Friday, November 25, 2011

ចំនួន​ខេត្ត​ខ្មែរ​បុរាណ​បាត់បង់​ទៅ​សៀម​

 ផែនទី​នៃ​ព្រះរាជាណាចក្រ​ថៃ នា​ស​.​វ​ទី ១៧ និង ផែនទី​បច្ចុប្បន្ន​ដែលមាន​បណ្តា​ខេត្ត​នានា​



ពាក់ព័ន្ធ​ទៅនឹង​ការបាត់បង់​ដី​ខ្មែរ​ទៅ​សៀម ចាប់តាំងពី​សតវត្ស​ទី​១៣​មក ឬ​ក្រោយនេះ​បន្តិច ពី​សតវត្ស​ទី​១៥-១៦ មាន​អ្នកស្រាវជ្រាវ​ខ្លះ​បាន​ទទួលស្គាល់ថា ព្រះរាជាណាចក្រ​កម្ពុជា បាន​បាត់បង់​ត្រឹមតែ​១១-១២​ខេត្ត ប៉ុណ្ណោះ ។ ខេត្ត​ទាំងនោះ​គឺ : ខេត្ត ស៊ីសាកេត (​ខុ​ខ័​ន្ទ​), សុ​រិ​ន្ទ្រ (​ស​ង្គៈ​) នគររាជ​សីមា​, បុរីរម្យ​, ស្រះកែវ​, ប​ច្ចឹ​ម​បុរី​, (​ស្ទឹង​ជ្រៅ​) អ៊ូ​ប៊ុន​, ខន​កែន​, ច័ន្ទ​បុរី​, ត្រាច (​ត្រាត​), ធន​បុរី និង​អាយុ​ធ្យា ។​
​    ​ការបាត់បង់​នេះ គឺ​ដោយសារតែ​ការ​ចាញ់​សង្គ្រាម​វាតទី​ពី​សំណាក់​ស្តេច​សៀម ដែល​មានបំណង​ត្របាក់​យក​ទឹកដី​ខ្មែរ​ធ្វើជា​ទឹកដី​ខ្លួន ឬក៏​ជួនកាល​មាន​ម​ហិ​ច្ឆិ​តា​យក​ប្រទេស​ខ្មែរ ធ្វើជា​ប្រទេស​ចំណុះ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​វៀតណាម​លើ​ខ្មែរ ។ លើកលែងតែ​ករណី​ក្បត់​មួយ​ពីរ​តែប៉ុណ្ណោះ ។​
​    ​ខេត្ត​ខ្មែរ​បុរាណ​ទាំងនោះ​ត្រូវបាន​បាត់បង់​ជា​បន្តបន្ទាប់​ទៅ​សៀម ដូចដែល​ទើប​ពោល​នៅ​សម័យ​ក្រោយពី​សម័យអង្គរ ។ ក៏ប៉ុន្តែ​ដោយមាន​ភស្តុតាង​ប្រវត្តិសាស្ត្រ​ជាច្រើន​ឥត​ប្រកែក​បាន ឲ្យ​ដឹងថា បណ្តា​ខេត្ត​ថៃ​ផ្សេងៗ ឯ​មួយចំនួន​ក៏​ធ្លាប់ជា​អតីត​ទឹកដី​របស់​ខ្មែរ​ដែរ ចាប់តាំងពី​ការកកើត​ព្រះរាជាណាចក្រ​ខ្មែរ​មកម្ល៉េះ ទោះបីជា​ព្រះរាជ​ពង្សាវតារ​ខ្មែរ មិនបាន​កត់ត្រា​ក្តី ។​    ​នេះ​ជា​អ្វីមួយ​ដែល​តម្រូវ​ឲ្យ​មានការ​បកស្រាយ​អំពី​វិសាលភាព​នៃ​ ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​ខ្មែរ ហើយ​បំពេញបន្ថែម​ចន្លោះ​ខ្វះខាត​ទាំងឡាយ​ដែល​អាចធ្វើ​ទៅបាន ។​
​    ​តើ​មាន​ខេត្ត​ណាខ្លះ​ទៀត​ដែល​ត្រូវបាន​បាត់បង់​លើ​ថៃ រវាង​សតវត្ស​១៣ និង​១៦ ទោះ​ជាមាន​កាលបរិច្ឆេទ​ខុសគ្នា​ក្តី ពីព្រោះ​យន្តការ​វាតទី​និយម​ត្រូវបាន​អនុវត្ត​ឡើង​ដោយ​សន្សឹមៗ ដូច​រូបភាព​បណ្តាញ​នៃ​សំណាញ់​សំបុក​ពីងពាង ។​ ​

ជាបឋម​ប្រវត្តិវិទូ​ដែល​សិក្សា​ពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ចាត់ទុក​ស្របគ្នា​ថា ជនជាតិ​ថៃ​ជា​អន្ត​ប្រវេសន៍ ដែល​បាន​កសាង​ព្រះរាជាណាចក្រ​របស់ខ្លួន​លើ​ទឹកដី​ខ្មែរ​បុរាណ គឺ​ខេត្ត​សុខោទ័យ ក្នុងដំណាក់កាល​ដំបូងបង្អស់ ហើយ​មិនយូរប៉ុន្មាន ក៏បាន​វាតទី​ទៅដល់​អាណាខេត្ត​នានា​របស់​ខ្មែរ​ទៀត គឺ​ខេត្ត​អយុធ្យា និង លពបុរី ជាដើម ។ តែ​មិនបាន​បញ្ជាក់​អំពី​ឈ្មោះ​នៃ​ខេត្ត​ទាំងនោះ ក្នុងការ​សិក្សា​របស់គេ​ឡើយ  ដោយហេតុថា បញ្ហា​សាំ​ញុំ ហើយ​មួយវិញទៀត​ឈ្មោះ​នៃ​ខេត្ត​ខ្មែរ​ដែល​ស្ថិតក្នុង​ព្រះរាជាណាចក្រ​ បច្ចុប្បន្ន​ក៏​ពុំ​ត្រូវបាន​គូសបញ្ជាក់​ដោយ​សិលាចារឹក​ដែរ លើកលែងតែ​ករណីខ្លះ​ដែល​ឈ្មោះ​នៃ​ទីក្រុង​ចំនួន​តូច ដែល​ត្រូវបាន​ចា​រលើ​ផ្ទាំង​សិលាចារឹក ព្រះខាន់​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ ចំពោះ​បញ្ហា​នេះ​យើង​នឹង​ពិនិត្យ​នៅពេល​បន្តិចទៀត ។​
​    ​យើង​គិតថា ជាការ​ប្រសើរ​ជាង បើ​យើង​ចាត់ទុកថា យើង​ពុំ​ដឹង​អំពី​ឈ្មោះ​ពិត​របស់​អតីត​ខេត្ត​នានា របស់​ខ្មែរ​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន ដែល​ត្រូវបាន​បាត់បង់​ទៅហើយ​នោះទេ ហើយ​ឈ្មោះ​ដែល​ត្រូវបាន​ផ្លាស់ប្តូរ ឬ​បង្កើតឡើង​ថ្មី​រវាង​សតវត្ស​ទី​១៤-១៨ គឺ​ត្រូវបាន​ធ្វើឡើង​តា​មកា​រវិ​វ​ត្តិ​របស់​សង្គមជាតិ​ថៃ ក្នុងឋានៈ​ជា​រដ្ឋ​ឯករាជ្យ​ថ្មី​មួយ ។
​តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​តឹកតាង​ខាង​បុរាណវិទ្យា ដូចជា​ប្រាង្គ​ប្រាសាទ​ជាដើម ជាពិសេស​សិលាចារឹក​ប​ង្ហា​ញ​ថា ក្នុង​អាណាខេត្ត​បច្ចុប្បន្ន ការ​ស្នងរាជ្យ​របស់​មហាក្សត្រ​ខ្មែរ​ត្រូវបាន​បន្ត​ពី​សម័យមុន​អង្គរ​ដោយ​ មិន​ស្រាកស្រាន្ត​មុន​ផែនដី​ថៃ​ត្រូវបាន​ផ្តាច់​ចេញពី​ចក្រភព​កម្ពុជទេស រីឯ​ជនជាតិ​ថៃ​ដើមកំណើត​ខ្មែរ​តែង​រស់​នៅលើ​ទឹកដី​របស់ខ្លួន​រហូតដល់​សតវត្ស ​ទី​២១​នេះ ដូច​ករណី​ខេត្ត​អ៊ូ​ប៊ុន​, ស៊ីសាកេត​, បុរីរម្យ​, សុ​រិ​ន្ទ្រ​, ស្រះកែវ​, ប​ច្ចឹ​ម​បុរី និង​ច័ន្ទ​បុរី​ជាដើម ។ ដូច្នេះ​យើង​ត្រូវតែ​ទទួលស្គាល់ថា មិន​មែនមាន​ត្រឹមតែ​ខេត្ត​១១-១២ ទេ ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាន​បាត់​ទៅលើ​ព្រះរាជាណាចក្រ​ថៃ​តែប៉ុណ្ណោះ ។​
​ចំពោះ​យើង ប្រវត្តិវិទូ​ផ្សេងទៀត​ត្រូវ​គិតថា ខេត្ត​ដែល​បាត់បង់​ពិត​នោះ រួមមាន​ខេត្ត​មួយចំនួន​ទៀតផង ។​
​    ​នៅ​ភូមិភាគ​ខាងជើង​ឆៀង​ខាងកើត​នៃ​ទីក្រុង​បាងកក​យើង​ឃើញ​មាន​ខេត្ត : ន​គន​ផា​នុំ​, សាគ​នន​គន​, ណង​ខៃ​, លើ​យ​, បុរីរម្យ​, នគររាជ​សីមា (​ពិ​មាឃ​), ស៊ីសាកេត​, សុ​រិ​ន្ទ្រ​, អ៊ូ​ប៊ុន​, រយ​អេ​ត​, យ​សោថន​, មុខ​តា​ហាន​, ឧ​ត្ត​ន​ថា​នី​, ជ័យ​ភូមិ​, មហា​សារ​ខាំ​, កាឡា​ស៊ីន និង ខន​កែន ។​
​    ​សូម​កត់សម្គាល់ថា លើកលែងតែ​ខេត្ត​លើ​យ និង​មុខ​តា​ហាន​ចេញ ដែល​យើង​ពុំបាន​ទៅដល់ ហើយ​ពុំ​ដឹងថា មាន​វប្បធម៌​បុរាណ​ខ្មែរ​នៅ​ទីនោះ​ដែរ​ឬ​អត់ ។ ចំណែក​ខេត្ត​ផ្សេងៗ​ទៀត សុទ្ធសឹងតែ​បាន​បន្សល់ទុក​នូវ​ប្រាង្គ​ប្រាសាទខ្មែរ ឬក៏​ស្លាកស្នាម​វប្បធម៌​ខ្មែរ​ផ្សេងៗ​ដូចជា​ចម្លាក់ និង សិលាចារឹក​ជាដើម ដែលមាន​ចំនួន​យ៉ាង​ក្រាសក្រែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ។
​ទាក់ទិន​ទៅនឹង​ភូមិភាគ​ខាងត្បូង សូម​រំលឹកថា តំបន់​នៅ​នគរ​ស្រី​ធម្មរាជ​, សុរា​ត​ថា​នី ប៉ា​ក្តា​លុង សុង​ក្លា​, យ៉ា​ឡា​, ជាដើម ដែល​ស្ថិតក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​សៀម​បច្ចុប្បន្ន សុទ្ធសឹង​តែមាន​មនុស្ស​ខ្មែរ​រស់នៅ​រហូតដល់​ស​ត​វត្ស​ទី​១៧ ដោយហេតុថា ស្ថិតក្នុង​ព្រំប្រទល់​នៃ​ដែនដី​ខ្មែរ គឺ​អាណាចក្រ​ភ្នំ និង​ចេនឡា ។
​តាមរយៈ​កំណត់ហេតុ​ចាស់ៗ​របស់​ចិន យើង​ដឹង​ទៀតថា ភូមិភាគ​កណ្តាល​នៃ​ប្រទេស​ថៃ​វិញ ក៏​ដូច្នេះ​ដែរ ដោយហេតុថា តំបន់​នេះ​ឈ្មោះ​តំបន់​ដីក្រហម (​សៀន​ឡូ​) ។​

 ផែនទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដំបូង ហ្វូណន ឬ​នគរ​ភ្នំ (​ម​.​ត ១៩៩៣) និង ផែនទី​នៃ​សម័យ​មហានគរ​របស់​ព្រះបាទ​នរោត្តម​សីហនុ នា​ស​.​វ​ទី ១២ បោះពុម្ព​នៅ​ឆ្នាំ ១៩៦៦
(Cf. Les avaleurs des terres khmeres, Kamboja, 1966)


​សូម​ជម្រាប​ផងដែរ​ថា សិលាចារឹក​ខ្លះ​ក្នុង​ភូមិភាគ​កណ្តាល និង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន​សុទ្ធសឹងតែ​ត្រូវបាន​ចារ​ ឡើងជា​ភាសាមន ទន្ទឹមគ្នា​និង​សិលាចារឹក​ខ្មែរ ។ សិលាចារឹក​ដំបូង ដែល​សរសេរ​ជា​ភាសាមន​មាន​លក្ខណៈ​ខ្លីៗ ហើយ​ប្រហែលជា​នៅ​ស​.​វ​ទី​៧-៨ តែប៉ុណ្ណោះ ហើយ​គ្មាន​បង្ហាញ​តឹកតាង​អ្វី​សោះ ក្រៅពី​ថា ប្រជា​ពលករ​ក្នុង​តំបន់​នោះ​គោរព​ព្រះពុទ្ធសាសនា​ភាគច្រើន ហើយ​ដែល​គេ​ធ្លាប់​ស្គាល់​ថា ជា​មន​ទ្វារ​វ​តី ។
​ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី​បើ​យោងតាម​ការស្រាវជ្រាវ​ថ្មី ក៏​គ្មាន​តឹកតាង​ណាមួយ​ជាក់ច្បាស់​ដែល​បញ្ជាក់ថា ទ្វារ​វ​តី គឺជា​រាជធានី ឬក៏​ជា​រដ្ឋ​ឯករាជ​របស់​មន​ឡើយ  តែ​ជា​មជ្ឈមណ្ឌល​វប្បធម៌​បែប​ពុទ្ធ​និយម​ដ៏​រុងរឿង​ថ្កើងថ្កាន​អស្ចារ្យ ដែល​បាន​រីកដុះដាល នៅលើ​ទឹកដី​តែមួយ​ជាមួយនឹង​ទឹកដី​ខ្មែរ គឺ​ខេត្ត​លវោ ឬ​លពបុរី​បច្ចុប្បន្ន ។ គប្បី​រំលឹក​ឡើង​ផងដែរ​ថា តាម​រឿងដំណាល​ខ្មែរ​មួយ ស្រី​នគរ​លវោ មាន​រូបឆោម​ល្អ ហើយ​ឆើតឆាយ​ណាស់ ។​
​    ​ដូចដែល​យើង​បាន​ពោល​រួច ខេត្ត​ខ្មែរ​នេះ​ធ្លាប់មាន​ទំនាក់ទំនង​ខាង​វប្បធម៌​យ៉ាង​ជិតស្និត​ជាមួយ​ អង្គរបុរី ឬ​វ្យា​ធ​បុ​រៈ ហើយ​ឈ្មោះ​របស់​ខេត្ត​នោះ​ត្រូវបាន​គូសបញ្ជាក់​ក្នុង​សិលាចារឹក​នា​ សម័យអង្គរ​មួយ គឺ​សិលាចារឹក K 18 តម្កល់​សព្វថ្ងៃ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ។
​ទំព័រ​ប្រវត្តិសាស្ត្រ​បាន​ឲ្យ​ដឹងថា ភូមិភាគ​កណ្តាល​នេះ​ជា​ភាគ​មួយ​នៃ​ចក្រភព​នគរ​ភ្នំ និង​ចេនឡា ហើយក៏​មិនមែនជា​ទឹកដី​របស់​មន​ដែរ ។ ផ្ទុយ​ពី​ការអះអាង​របស់​អ្នក​ប្រវត្តិវិទូ​ថៃ តំបន់​នេះ គឺ​ពិតជា​ទឹកដី​របស់​ខ្មែរ​មែន តាំងពីដើម​មក ។
​    ​ជាការ​ពិតណាស់ មុន​សតវត្ស​ទី​១៣ តំបន់់​ភូមិភាគ​កណ្តាល​ជាពិសេស  នៅ​ខេត្ត​អយុធ្យា​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន​ពុំទាន់​មាន​វត្តមាន​របស់​ជន​ ជាតិ​ថៃ​នៅឡើយ​ទេ  ហើយ​ស្ថានភាព​នេះ​ក៏ដូចជា​នៅ​តំបន់​ភូមិភាគ​ឥសាន និង​ខាងត្បូង​ផងដែរ ហើយ​ភាសា​ថៃ​ក៏​ពុំទាន់​ត្រូវគេ​ប្រើប្រាស់​នៅឡើយ​ដែរ ដោយ​អ្នក​ម្ចាស់​ស្រុក ។
​បើ​និយាយ​អំពី​ជាតិពន្ធុវិទ្យា មានតែ​ខ្មែរ និង​កុលសម្ព័ន្ធ​មន​-​ខ្មែរ តែប៉ុណ្ណោះ​ដែល​រស់នៅ ។  នៅ​កន្លែង​ខ្លះ​ក៏មាន​ជនជាតិ​មន​រស់នៅ​ដែរ នៅ​ភូមិភាគ​ខាងជើង ដូចជា​នៅ​ហរិ​បុណ្យ​ជាដើម រហូត​នៅ​សតវត្ស​ទី​១២-១៣ ។ ភាពខុសគ្នា​រវាង​ខ្មែរ និង​មន គឺ​វិស័យ​សាសនា​ដែល​ធ្វើ​ឲ្យ​សិល្បៈ​វប្បធម៌​របស់​ពួកគេ​មាន​លក្ខណៈ​ខុសពី​ ខ្មែរ ។​
 សិលាចារឹករបស់ព្រះបាទស្រីមហេន្ទ្រវរ្ម័ន នៅខេត្តស្រះកែវ (Ka 387) និង សិលាចារឹកវត្តស្រះឈូក (Ka 110) ឆ្នាំ ៩៨៨ នៃមហាសករាជ ត្រូវជា ១០៦៦ នៃគ.ស សរសេរជាភាសារខ្មែរ បាលី និង សំស្រ្គឹត (ឯកសារនាយកដ្ឋានវិចិត្រសិល្បះថៃ)

  
​លោក​ជីវ​តាក្វាន់ បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​១២៩៦ ពួក​សៀម ឬ​សៀន​នៅ​ភាគ​និរតី​អង្គរ ពោល គឺ​នៅ​ម្តុំ​អយុធ្យា​បាន​បើក​ការវាយលុក​ទីក្រុង​អង្គរ​លើកទីមួយ ដូចដែល​ព្រះរាជ​ពង្សាវតារ​ខ្មែរ​បានលើកឡើង​ដែរ  ហើយ​នៅ​រវាង​ឆ្នាំ​១៣៥៣ - ១៣៥៧ អង្គរ​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​សៀម ។
​ទោះជា​យ៉ាងណាក៏ដោយ ព្រះរាជ​ពង្សាវតារ​បាន​បន្តទៀតថា ក្រោយមក​បន្តិច​ក្នុង​រាជ​ស្តេច​ស្រី​សុរិយោ​វង្ស អង្គរ​ក៏ត្រូវ​រំដោះ​បាន​វិញ ។ យើង​ក៏​ដឹង​ទៀតថា ទ័ព​សៀម​មិនបាន​ឲ្យ​ខ្មែរ​សុខ​ទេ ព្រោះថា មិនយូរប៉ុន្មាន​ទេ​សៀម​វាយលុក​ហើយ​កាន់កាប់​អង្គរ​ម្តងទៀត ។
​ច្បាប់​ពង្សាវតារ​បាន​និយាយ​បន្តទៀតថា លើក​នេះ​ក៏​ដូច​លើក​មុនៗ ស្តេច​ខ្មែរ គឺ​ព្រះបាទ​ពញាយ៉ាត​បាន​រំដោះ​ព្រះរាជ​នគរ​ឲ្យ​រួចផុត​ពី​ប​ច្ចា​ មិត្រ  ហើយ​ដើម្បី​ជៀស​ផុតពី​ការទន្ទ្រាន​មិន​ស្រាកស្រាន្ត ពី​សំណាក់​សៀម​មកពី​អាយុ​ធ្យា ទ្រង់​ក៏​បង្ខំ​ព្រះកាយ​យាង​ចាក​ចេញពី​ព្រះរាជ​ធានី យាង​មកកាន់​តំបន់​ស្រី​សន្ធរ​នៅ​ឆ្នាំ​១៣៨៨ ។ ព្រឹ​ត្ត​ការណ៍​ខាងលើនេះ គឺជា​ទីបញ្ចប់ ឬ​អវសាន​នៃ​សម័យអង្គរ​ដែល​ធ្លាប់តែ​រុងរឿង​ថ្កើ​ន​ថ្កាន ។​
​    ​ឯកសារ​មូលដ្ឋាន​ដ៏​រឹងមាំ​មួយទៀត​ដែល​យើង​ត្រូវ​លើក​នៅទីនេះ គឺ​ប្រភព​សិលាចារឹក​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ និង​អង្គរ នៅលើ​ទឹកដី​ថៃ​សព្វថ្ងៃនេះ ។ ឧទាហរណ៍​ជាក់ស្តែង គឺ​វត្តមាន​របស់​ស្តេច​ខ្មែរ​មុន​អង្គរ​ត្រូវបាន​គូសបញ្ជាក់ នៅក្នុង​ភូមិភាគ​ឥសាន​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន​តាមរយៈ​សិលាចារឹក ។ ស្តេច​ភ​វ​វរ្ម័នទី​១ និង​ម​ហេ​ន្ទ្រ​វរ្ម័ន មិនមែន​បង្ហាញ​ដំណើរ​ទៅកាន់​ភូមិភាគ​ខាងលើនេះ ដូច​គេ​បាន​យល់​ដោយ​ភ័ន្តច្រឡំ​នោះទេ  ព្រោះថា ការធ្វើដំណើរ​ពី​ខេត្ត​ចម្ប៉ា​សាក់​ឆ្ពោះទៅ​ទិស​ខាងជើង​នៃ​ប្រទេស​កម្ពុជា សព្វថ្ងៃ​នៅ​ក្រចេះ ស្ទឹងត្រែង កំពង់ធំ ឆ្ពោះទៅកាន់​ផ្នែក​ខាងក្រោម ក៏​មិនមែនជា​ការឈ្លានពាន​ដែរ ដើម្បី​ពង្រីក​ទឹកដី​ក្នុងន័យ​វាតទី​និយម ។
​ផ្ទុយទៅវិញ​ទង្វើ​នេះ​គឺ​គ្រាន់តែ​ជាការ​ពង្រីក​ឥទ្ធិពល ដណ្តើម​អំណាច​នៅលើ​ដែនដី​មួយ ដែល​ប្រជាជនមាន​ប្រវត្តិសាស្ត្រ​រួម​ពង្សាវតារ​វប្បធម៌ និង​ភាសា​រួម​ដែល​ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ គឺ​ជនជាតិខ្មែរ​ដ៏​ខ្លាំងពូកែ ហើយ​បុព្វការី​ជន របស់ខ្លួន​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ ដែនដី​គោក ក្នុង​អតីតកាល ។​
​    ​ភស្តុតាង​មួយចំនួនធំ គឺ​សិលាចារឹក​ដងរែក ក៏បាន​គូសបញ្ជាក់​អំពី​ការកាន់កាប់​ទឹកដី​នេះ​ចាប់តាំងពី​ចុង​សតវត្ស​ទី​៦ រហូតដល់​សម័យអង្គ​រដែរ ដែល​រួមមាន​សិលាចារឹក​របស់​ព្រះបាទ​ភ​វ​វរ្ម័នទី​១ និង​ព្រះបាទ​ម​ហេ​ន្ទ្រ​វរ្ម័ន នា​សម័យមុន​អង្គរ ។ ចំពោះ​សិលាចារឹក​មុន​អង្គរ​ទាំងនោះ គេ​ឃើញ​សិលាចារឹក K 364, K 1173 និង K 1174 នៅ​ចម្ប៉ា​សាក់ K 122 នៅ​ក្រចេះ K 515 នៅ​នគររាជ​សីមា​, K 116 និង K 720 នៅ​ស្ទឹងត្រែង K 508, K 509 និង K 496 នៅ​អ៊ូ​ប៊ុន Ka 76 នៅ​បុរីរម្យ K 979 នៅ​ស្រី​ទេព K 213 នៅ​បាត់ដំបង K 969 នៅ​តា​ប្រា​យា ខេត្ត​ស្រះកែវ K 377 នៅ​សុ​រិ​ន្ទ្រ និង K 1102 នៅ​ខន​កែន ។​
​    ​គួរ​កត់ចំណាំ​ថា សិលាចារឹក​បុ​រេ​អង្គរ​ទាំងនោះ​គូសបញ្ជាក់​អំពី​ជ័យជំនះ​របស់​ចេនឡា ដែល​ដឹកនាំ​ដោយ​ព្រះបាទ​ភ​វ​វរ្ម័ន និង​ម​ហេ​ន្ទ្រ​វរ្ម័ន​លើ​នគរ​ភ្នំ ។​
​    ​ទន្ទឹមនឹងនេះ ប្រភព​ត្រូវ​ដឹង​ដែរ​ថា សិលាចារឹក​ក៏​ជា​អំណះអំណាង​សំខាន់បំផុត ដែល​បញ្ជាក់ថា ទឹកដី​នៃ​ប្រទេស​លាវ ថៃ និង​ខ្មែរ​បច្ចុប្បន្ន គឺជា​ទឹកដី​តែមួយ ដែល​គ្រប់គ្រង​ដោយ​ស្តេច​ខ្មែរ ដែលមាន​សាងសង់​យ៉ាងច្បាស់​លាស់ ។ ឧទាហរណ៍​នៅ​សិលាចារឹក K 479 នៅ​ស្រី​ទេព ខេត្ត​ពេជ្រ​ប៊ុន យើង​ដឹងថា ព្រះបាទ​ភ​វ​វរ្ម័ន​គឺជា​ព្រះរាជ​បុត្រា​របស់​ប្រ​ធិ​វិន្ទ​វរ្ម័ន និង​ជា​ព្រះរាជ​នត្តា​របស់ ចក្រ​វ​តិ័​ន សិលាចារឹក K 508 បាន​ឲ្យ​ដឹងថា ព្រះបាទ​ម​ហេ​ន្ទ្រ​វរ្ម័ន ចូល​សោយរាជ​មាន​នាម​ថា ចិ​ត្រា​សេន  គឺជា​បងប្អូន​គ្នា​ជាមួយ នឹង​ព្រះបាទ​ភ​វ​វរ្ម័ន ដែល​ត្រូវជា​បុត្រា​របស់​ព្រះបាទ​វីរ​វរ្ម័ន និង​ជា​ព្រះរាជ​នត្តា​របស់​សា​វ៌​ភោ​ម ។ រីឯ​សិលាចារឹក K 1173 បាន​បញ្ជាក់ថា ព្រះនាម​ឪពុកមា​របស់​ព្រះបាទ​ចិត្រ​សេន ម​ហេ​ន្ទ្រ​វរ្ម័ន មាន​ព្រះនាម​ថា ស្រី​ក្រ​តាន​តបាស ។​
​    ​និរន្ត​ភាព​នៃ​ការគ្រប់គ្រង​ឬ ជា​អ្វីមួយ​ដែល​គេ​ហៅថា​អំណាច​នយោបាយ​របស់​ខ្មែរ​នៅ​ប្រទេស​ថៃ​នា​ជំនាន់​ នោះ ក៏ត្រូវ​បាន​បន្ត​រហូត​ដល់​សម័យអង្គរ ដូច​ការរកឃើញ​សិលាចារឹក​មួយចំនួន​ជា​ឧទាហរណ៍​ស្រាប់ ។​
​ក្នុងចំណោម​សិលាចារឹក​ខ្មែរ​នា​សម័យអង្គរ នៅ​ភូមិភាគ​ឥសាន នៃ​ប្រទេស​ថៃ​វិញ មាន​សិលាចារឹក Ka 77 មួយ​នៅ​ខេត្ត​សគ​នន​គន ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ ព្រោះ​បាន​ផ្តល់នូវ​ពាក្យ​វិភា​ន ឬ​ពិតាន ជា​លើកដំបូង​បង្អស់​នៅ​ឆ្នាំ ៩៨៨ ស​.​ក ដែល​ត្រូវ​នឹង​ឆ្នាំ ១០៦៦ នៃ​គ​.​ស ។​
​    ​ភូមិភាគ​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ជាពិសេស​នៅ​ខេត្ត​នគរ​សវ័ន (​នគរ​សួគ៌​) ខាងជើង​ខេត្ត​លពបុរី ក៏បាន​បង្ហាញ​ជា​ប្រយោល​នូវ​វត្តមាន​របស់​ខ្មែរ​តាម​សិលាចារឹក​ដែរ ដូច​ករណី​សិលាចារឹក K 966 ជា​ភាសាបាលី និង​ខ្មែរ​នៅ​ឆ្នាំ​១១៦៧ នៃ​គ​.​ស ជាដើម ។
​នៅ​ជិត​ខេត្ត​អយុធ្យា​មាន​សិលាចារឹក​មុន​អង្គរ​មួយ​ផ្ទាំង​ដែល​ គេ​បាន​រកឃើញ គឺ K 965 ពាក់ព័ន្ធ​ទៅនឹង​ព្រះបាទ​ហ​ស៌​វរ្ម័ន ដែល​ត្រូវជា​ព្រះរាជ​នត្តា​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដ៏​សំខាន់​មួយ​ក្នុង​ ប្រវត្តិសាស្ត្រ​កម្ពុជា គឺ​ព្រះបាទ​ឥសាន​វរ្ម័ន (៦១០ -៦៣៥ គ​.​ស​) ។ រីឯ​សម័យអង្គរ​វិញ ក៏​ដូច្នេះ​ដែរ ដូច​ករណី​សិលាចារឹក​អយុធ្យា​មួយ​ថ្មី​ចារ​នៅ​ឆ្នាំ​៩៣៧ នៃ​គ​.​ស ជា​សំ​ស្រឹ្ក​ត និង​ខ្មែរ ជា​ឧទាហរណ៍​ស្រាប់ ។​
​    ​សរុបមក​ការដែល​គេ​និយាយថា ព្រះបាទ​សុរិយា​វរ្ម័នទី​១ បាន​ពង្រីក​ទឹកដី​ខ្មែរលើ​ថៃ​ជា​ការមិន​ត្រឹមត្រូវ ព្រោះថា ទឹកដី​ថៃ​បច្ចុប្បន្ន គឺជា​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងស្រុង ។ វិសាលភាព​នៃ​ទឹកដី​ខ្មែរ ក្នុងសម័យ​មហានគរ​មិនមែន​បាន​លាតសន្ធឹង​ពី​តំបន់​អង្គរ ដែលជា​មជ្ឈមណ្ឌល​នៃ​អំណាចកណ្តាល​ទៅដល់​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​ថៃ​ បច្ចុប្បន្ន ដោយ​នយោបាយ​ឈ្លានពាន​ពង្រីក​ទឹកដី​នោះទេ  ហើយ​ភូមិភាគ​នេះ​ក៏​មិនទាន់មាន​វត្តមាន​រប​ស់ជន​ជាតិ​ថៃ​មក​រស់នៅៗ​ឡើយ​ ផងដែរ ។
​ភស្តុតាង​បុរាណវិទ្យា​បញ្ជាក់​យ៉ាងច្បាស់​ថា វិសាលភាព​នៃ​ដែនដី​ខ្មែរ​អង្គរ​គឺជា​លទ្ធផល​នៃ​ការបង្រួបបង្រួម​ជាតិខ្មែរ​ ជាច្រើន​ជំនាន់ ហើយ​ត្រូវធ្វើ​ឡើងជា​បន្តបន្ទាប់​ដោយ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​នៃ​កាល​ ប្បវត្តិ ពោលគឺ មិនមែនជា​ការឈ្លានពាន​ខ្មែរ​ទៅលើ​ជនជាតិ​ផ្សេង​ដែរ ។ ខាងលើនេះ​គឺជា​សច្ចៈ​ភាព​នៃ​ប្រវត្តិសាស្ត្រ ។​
​    ​គួរកត់សម្គាល់​ផងដែរ​ថា ការសិក្សា​នៅ​ខេត្ត​លពបុរី ក៏​ឲ្យ​ដឹង​ទៀតថា នៅ​សម័យ​នគរ​ភ្នំ និង​ចេនឡា ខេត្ត​លពបុរី គឺជា​មជ្ឈមណ្ឌល​នយោបាយ​វប្បធម៌​យ៉ាងសំខាន់ មាន​លក្ខណៈ​ដូចគ្នា​នឹង​អង្គរបុរី​អ៊ូ​ថង ។ សំណង់​សិល្បៈ​ស្ថាបត្យកម្ម និង​ផ្ទាំង​សិលាចារឹក​មុន​អង្គរ និង​អង្គរ​ជាច្រើន ដែល​តម្កល់​សព្វថ្ងៃ​ក្នុង​សារមន្ទីរ​នៃ​ខេត្ត​នេះ​ជា​តឹកតាង​ស្រាប់ ។​
​    ​មានន័យថា ទឹកដី​ភូមិភាគ​ឥសាន កណ្តាល និង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន មិន​គ្រាន់​តែមាន​ជនជាតិខ្មែរ​រស់នៅ​រួចហើយ មុន​ការមកដល់​នៃ​ជនជាតិ​ថៃ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ជា​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​ព្រះរាជវង្សានុវង្ស​ខ្មែរ​ថែម​ទៀតផង ពោលគឺ ស្ថិតក្រោម​អធិបតេយ្យភាព​របស់​អា​ជ្ញា​ធរ​ខ្មែរ​ពិតៗ ដែល​គេ​មិនត្រូវ​មានការ​ភ័ន្តច្រឡំ ឬ​បំ​ភ្លើ​ស​ការពិត​ឡើយ ។​
​    ​ដោយសារតែ​ជនជាតិ​សៀម ឬ​សៀម​ជា​ជនជាតិ​ចំណូល​ថ្មី​ក្នុង​អតីត​ព្រះរាជា​ណា​កម្ពុជា​បុរាណ ដែល​សព្វថ្ងៃ បានក្លាយ​ទៅជា​ព្រះរាជាណាចក្រ​ថៃ ទើប​គេ​បាន​ជួបប្រទះ​នូវ​ស្លាកស្នាម​វប្បធម៌​ខ្មែរ​គ្រប់​យុគ គ្រប់​សម័យកាល តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ រហូតដល់​សព្វថ្ងៃ ។
​ដូច​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន គឺជា​ការ​ផ្គុំ​ឡើង​ដោយ​ការ​ច្របាច់​ចូលគ្នា​នូវ​អាណាខេត្ត​ខ្មែរ​ទាំងឡាយ ទាំង​ធំ​ទាំង​តូច ដែល​ប្រជាជន​ខ្មែរ​បាន​បាត់បង់​ជា​បន្តបន្ទាប់​ក្នុង​យន្តការ​នៃ​ ប្រវត្តិសាស្ត្រ ។ ព្រឹ​ត្ត​ការណ៍​នេះ​បាន​កើតឡើង​ក្រោយពី​ការ​លេចធ្លោ​ឡើង​រដ្ឋ​សៀម​ ដំបូងបង្អស់​នៅ​សុខោទ័យ ។ ដូច្នេះ​អាចធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​អំពី​ប្រភព​មន​-​ខ្មែរ ចំពោះ​សម្មិទ្ធិផល​សង្គម​វប្បធម៌​នា​សម័យ​បុរេប្រវត្តិសាស្ត្រ និង​ខ្មែ​នា​សម័យ​ប្រវត្តិសាស្ត្រ ពោលគឺ​សតវត្សរ៍​ទី​១ ដល់​សតវត្សរ៍​ទី​១៣ - ១៤ ។​    ​
​    ​ជារួម គេ​អាច​ឈ្វេងយល់​ពី​ការបាត់បង់​នៃ​ទឹកដី​ខ្មែរ​ដ៏​ធំធេង​នេះ​យ៉ាង​ ត្រឹមត្រូវ ជា​បន្តបន្ទាប់​តាម​វឌ្ឍនាការ​នៃ​ប្រវត្តិសាស្ត្រ ដោយមាន​បុរាណវិទ្យា​ជា​ភស្តុតាង​ឥត​ប្រកែក​បាន ។
​តែ​ទោះ​យ៉ាងនេះ​ក្តី យើង​នៅ​មិនទាន់​អាច​កំណត់​ចំនួន​ខេត្ត​ខ្មែរ​ទាំងនោះ​យ៉ាង​ប្រាកដ​បាន​នៅឡើយ ពីព្រោះ​តាមពិតទៅ ក្រោយពី​ការ​ដណ្តើមបាន​ខេត្ត​បុរាណ​ទាំងនោះ អាជ្ញាធរ​សៀម​រមែងតែ​ផ្លាស់ប្តូរ​ឈ្មោះ​ជានិច្ច ។ ដូច្នេះ យើង​អាច​ដឹង​ឈ្មោះ​បាន ប្រាកដ​នៃ​ឈ្មោះ​ខេត្ត​ណាមួយ​បានជា​ស្ថាពរ លុះត្រា​តែមាន​ចំណារ​លើ​ថ្ម ឬ​កំណត់ហេតុ​ផ្សេងៗ ដែល​យើង​អាច​ផ្ទៀងផ្ទាត់​យ៉ាង​ត្រឹមត្រូវ​ហ្មត់ចត់ ។​
​    ​ម្យ៉ាងវិញទៀត យើង​បានធ្វើការ​កត់សម្គាល់​រួចមកហើយ​នូវ​វត្តមាន​នៃ​ខេត្ត​ខ្មែរ​មួយចំនួន​ ដែល​ត្រូវបាន​ចារ​នៅលើ​ផ្ទាំងសិលា​ប្រាសាទព្រះខ័ន នា​ចុង​សតវត្ស ទី​១២ នៃ​គ​.​ស យ៉ាងហោចណាស់​ក៏​មួយចំនួន​ដែរ  តែ​ក្រោយមក​ដោយ​រវាង​សតវត្ស​ទី​១៣ និង​១៨ យើង​ពុំមាន​អត្ថបទ​សិលាចារឹក​បញ្ជាក់ នេះ​ជា​ការណ៍​មួយ​ផ្តល់​ក្តី​លំបាក​ជាច្រើន ដើម្បី​កំណត់​ឈ្មោះ​នៃ​អាណាខេត្ត​ទាំងនោះ​ឲ្យ​បានជា​ក់លាក់ ។​
​    ​ទោះយ៉ាងណា​ក៏ដោយ សិលាចារឹក​និង​អត្ថបទ​មួយចំនួន ជាពិសេស សិលាចារឹក​ប្រាសាទព្រះខ័ន​បានបង្ហាញ​ឲ្យ​ឃើញច្បាស់​នូវ​ឈ្មោះ​ខេត្ត ឬ​បុរី​មួយចំនួន​ដូចតទៅ​នេះ  : លពបុរី (​ល្វ​បុរី​), ផេ​ត​បុរី (​វេ​ជ្រ​បុរី​), និង កញ្ជានៈ​បុរី (​សិង្ហ​បុរី​) ជាដើម ។​
​    ​សំខាន់​ជាងនេះទៀត ទម្រង់​លក្ខណៈ​ព្រមទាំង​ឈ្មោះ​របស់​ខេត្ត​ខ្មែរ​បុរាណ​ទាំងនោះ​ត្រូវគេ​ ផ្លាស់ប្តូរ​ដោយ​សម​ស្របតាម​ការអភិវឌ្ឍ​ន៍ ឬ​ទំនើបកម្ម​តាម​ដំណាក់កាល​នីមួយៗ​នៃ​ប្រវត្តិសាស្ត្រ គឺមាន​ការបង្កើត​ខេត្ត​ថ្មី ថែម​ទៀតផង​ដូច​ប្រទេស​ខ្មែរ​នា​សម័យ​ទំនើប​អញ្ចឹង ។
​ដូច្នេះ​ជាទូទៅ គេ​យល់ថា គេ​មិន​គប្បី​ចាប់​អា​ម្មរណ៍​លើ​ចំនួន​ខេត្ត​ដែល​បាន​បាត់បង់​រួចទៅហើយ​ ក្នុង​អតីតកាល​នោះទេ ។ សម្រាប់​យើង ដើម្បី​ប្រ​មើ​មើល​ឲ្យ​ឃើញ​ពី​វិសាលភាព​នៃ​ទឹកដី​ខ្មែរ​នា​សម័យ​មហានគរ គេ​ត្រូវធ្វើ​សេចក្តី​សង្កេត​ថា ទឹកដី​ថៃ​បច្ចុប្បន្ន គឺជា​កេរដំណែល​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន និង​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ​យ៉ាងពិត​ប្រាកដ ។​
​ខាងលើនេះ ជា​ប្រការ​ដែល​បង្ហាញ​ឲ្យ​ឃើញថា នៅក្នុង​ខេត្ត​មួយចំនួន​របស់​ថៃ​បច្ចុប្បន្ន ដូចជា ខេត្ត​ចន្ទ​បុរី​, ត្រាត​, ប​ច្ចិ​ម​បុរី​, ស្រះកែវ​, នគររាជ​សីមា និង សុ​រិ​ន្ទ្រ​ជាដើម ដែលមាន​ជនជាតិខ្មែរ​កំពុង​រស់​នៅ ហើយ​ថែមទាំង​រក្សាបាន​ភាសា​ខ្មែរ ដែល​ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ និង​ប្រពៃណី​ទំនៀម​ទំលាប់​ដូនតា​ផង គឺជា​ទឹកដី​ខ្មែ​ពិតៗ ៕ (​ម​.​ត្រា​ណេ​)





Friday, November 4, 2011

ស៊ីន ស៊ីសាមុត

លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញ​នាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក​ ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។

ជីវប្រវត្តិ

ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ

ប្រជាប្រិយភាពរបស់លោកស៊ីនស៊ីសាមុតមិនបានធ្វើអោយចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀង​
ដទៃទៀតដូចជាលោក អ៊ឹម សុងសឺម និង អ្នកស្រី ហួយ មាស ដែលច្រៀងអោយវិទ្យុជាតិនាសម័យ​នោះទេ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅ មហាវិទ្យាល័យវិចិត្រសិល្បៈ​ភ្នំពេញ(ឬសាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិស័ព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារ​ទឹកដៃ​និពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ឋបទល្បីៗ​ដូចជា ដៃសមុទ្រត្រពាំងរូង និង បទលលកញីឈ្មោល ជាដើម។
លោក អ៊ឹម សុងសឺម ច្រើនតែច្រៀង និងមិនសូវ​និពន្ឋ​បទភ្លេងទេ។ បទចម្រៀងល្បីរបស់លោកគឺបទ កោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការ​បាត់បង់កោះត្រល់ទៅវៀតណាម។ លោក អ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែទៅតាម ព្រះបាទនរោត្តម សីហនុ ពេលទ្រង់ចុះទៅ​ទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចំរៀងប្រជាប្រិយ មានរាំវង់ជាដើម ដើម្បីកំដរបងប្អូនប្រជាពលរដ្ឋ​ដែលមកទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ 
លោក សុះ ម៉ាត់ ក៏ជាអ្នកចម្រៀងល្បី​នាសម័យនោះដែរ តាមរយៈបទ អាកាសយាន្ត។ អ្នកគាំទ្រលោក សុះ ម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មីៗរបស់​លោក ស៊ីន ស៊ីសាមុត ដែលចេញក្រោយ។

កុមារភាព

 

លោក ស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅក្នុងចំណោមបងប្អូន៤នាក់​ (ប្រុស២ ស្រី២) របស់ លោក ស៊ីន លៀង និងអ្នកស្រី ស៊ីប ប៊ុនឡី ដែលជាកូនកាត់ ​ឡាវ-ចិន។ លោកឪពុក របស់លោកជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងសម័យអាណានិគម។ លោកឪពុករបស់លោកបាន លាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏​រៀបការ​ម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន២នាក់​ទៀត។

លោក ស៊ីន ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងនៅអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ៦ឬ៧ឆ្នាំ ដែលជាញឹកញាប់លោក ត្រូវបានសាលាសុំ អោយលេងហ្គីតាក្នុងពិធីបុណ្យផ្សេងៗនៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នា​ដោយសំដំទន់ភ្លន់និងផ្អែមល្ហែម។ លោកតែងទៅ លេងវត្តនៅក្បែរផ្ទះជាញឹកញាប់​និងបាននិយាយលេងជាមួយព្រះសង្ឃ​នាពេលទំនេរ។ លោកមាននិស្ស័យនឹងព្រះពុទ្ឋសាសានា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។

លោកបញ្ចប់ការសិក្សាចំនេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រ​នៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមា របស់លោក។ ទោះជាមមាញឹកនឹងកិច្ចការ​រៀនសូត្រនៅ​សាលាវេជ្ជសាស្ត្រយ៉ាងនាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ឋបទភ្លេង​ដែរ។ ក្នុងកំលុងពេលនោះ គាត់កំរចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោក​គ្រប់គ្រាន់ ល្មមសំរាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំនាយពេលទំនេររបស់លោកសំរាប់សិក្សាបទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំទ្រពីមិត្តភក្ដិដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់​លោកថាជាអ្នកមាន​ទេពកោសល្យខាង តន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំអោយច្រៀងនៅរាល់កម្មវិធីរបស់​សាលា។ នៅឆ្នាំដដែលនោះ លោកបានបង្កើក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មី ដែលមានសមាជិក៩នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ ប្រជាពលរដ្ឋ​ក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញ​អោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តស័ព្ទរបស់លោកចាប់ផ្ដើមល្បី​ពាសពេញភ្នំពេញ លោកក្លាយជាអ្នកចំរៀង​ពាក់កណ្ដាលអាជីព ដោយជារឿយៗលោកតែង​ចេញច្រៀងតាមវិទ្យុ​និងពិធីមង្គលការផ្សេងៗ។ ជាអកុសល មាតាបិតារបស់លោកមិន សប្បាយចិត្តនឹងឮលោកច្រៀង​តាមវិទ្យុទេ។ មាតាបិតារបស់លោកចង់អោយលោក​ក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថាចំម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ​ វាសនាបានចារថា ស៊ីន ស៊ីសាមុតត្រូវតែក្លាយជាអ្នកចំម្រៀង ទោះជាមានការជំទាស់ពីគ្រួសារក៏ដោយ។

អាជីពជាសិល្បករ

 

ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជា​សិល្បកររបស់លោក ដោយក្លាយជាអ្នកចំរៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ គាត់បន្តការសិក្សា​វេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបំរើការងារនៅ មន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន ស៊ីសាមុត​និពន្ឋបទភ្លេងដោយប្រើម៉ង់ដូលីន។ បទចំរៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និងស្រមើស្រមៃ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំនើតរបស់លោក។ មានគេនិយាយថា គាត់បានប្រើប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់តែចង់មើលតើពាក្យ​មួយសរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី

ចម្រៀងភាគច្រើនរបស់លោក​ផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មាន​ទាំងស្នេហានិងការបាត់បង់ សប្បាយនិងឈឺចាប់ សំរាប់ឲ្យលោកស៊ីន ស៊ីសាមុតនិពន្ធចម្រៀងដោយផ្អែកលើរឿងពិតនេះ។ ហេតុនេះអត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់​គឺច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំលេងអោយត្រឹមត្រូវ​តាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។

នៅដើមទសវត្សរ៍៥០ លោកបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាត​អោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ ម៉ាត់ដែរ ដើម្បីសំដែងក្នុង​ពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេងៗ។ លោកស្ថិតនៅក្នុងវង្សភ្លេងនេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់ផងដែរ។

នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋដោយតន្រ្តីករវីយូឡុង ហាស់ សាឡន បានជំរុញកិត្តិស័ព្ទលោក ស៊ីន ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចំរៀងល្បីៗរបស់លោក ស៊ិន ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេង បទអនុស្សាវរីយ៍ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសំរស់ឆ្នេរកែប បទស្ទឹងពោធិ៍សាត់ និង បទព្រែកឯងអស់សង្ឃឹម ជាដើម។

ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍៦០

 

នៅឆ្នាំ ១៩៦៣ លោក ស៊ីន ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធ​ស្ថានីយ៍របស់ខ្លួន​នៅឆ្នាំ១៩៦៥។

កិត្តិស័ព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថត​បទចម្រៀងថ្វាយព្រះបាទនរោត្តមសីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញ​និយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុង រឿងពៅឈូកស ដឹកនាំថត​ដោយលោក ទា លឹមកាំង សំដែងដោយ លោក ជា យុតថន និង អ្នកស្រី ឌីសាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់​តែកំសត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុត ជា យុតថន ចេញទូកចាកចោលភរិយា​(សំដែងដោយអ្នកស្រី ឌី សាវ៉េត)អោយនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចំរៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមាន​ដូចជា អ្នកស្រី ម៉ៅ សារ៉េត អ្នកស្រី កែវ សិដ្ឋា អ្នកស្រី ឈុន វណ្ណា អ្នកស្រី ហួយមាស អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉ន។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចំរៀងស្រីដែលមានឈ្មោះល្បីទូទាំង​ប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចំរៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថតចំរៀងជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់ សេរីសុទ្ឋា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ 

សំលេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំលេងធ្ងន់ក្រអួនរបស់លោក ស៊ីន ស៊ីសាមុត

ទសវត្សរ៍៧០

 

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់​តំរូវការអ្នកគាំទ្រលោក។ ហេតុនេះគាត់ក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងគាត់ច្រៀងបទនិពន្ឋរបស់ លោក ពៅ ស៊ីផូ លោក ស្វាយ សំអឿ លោក ម៉ា ឡៅពី លោក ម៉ែ ប៊ុន (មិត្តស្និទ្ឋស្នាលរបស់លោក) និងលោក ហាស់ សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនគាត់​ច្រៀង​បទនិពន្ឋដោយលោក វ៉ោយ ហូ។ ទោះជាគាត់ច្រៀងបទដែលនិពន្ឋដោយ​អ្នកដទៃ បទចំរៀងរបស់គាត់នៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចំរៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេង​បរទេសមកច្រៀង​ជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។

នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត​ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចំរៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចំរៀងជាង១ពាន់បទ​អោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចំរៀងប្រហែល១ពាន់បទទៀត។

បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន ស៊ីសាមុត​បានចាកចោលវង្សភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គមេបញ្ជាការនៃសាធាណរដ្ឋខ្មែរ។ គាត់បាន់ធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួង​ក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។

ជីវិតផ្ទាល់ខ្លួន

ស្នេហា អាពាហ៍ពិពាហ៍និងគ្រួសារ

 

លោកស៊ីន ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ចតាខ្ពស់​និងបូជាខ្លួនសំរាប់ចំរៀង ហេតុនេះលោកមិនមានពេលសំរាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។

លោកស៊ីន ស៊ីសាមុត​រៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី​​៤​នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរួចរានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូតដោយសារ​ សំពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។

ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោកស៊ីន ស៊ីសាមុត​មានទេពកោសល្យ​និងធ្វើការខ្លាំងផ្នែកចំរៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំនូលរបស់លោកមានកំរិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចំរៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។

ប៉ុន្តែប្រាក់ចំនូលរបស់លោកអាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D) បាន។
ជាទូទៅ ជីវិតរបស់លោកគឺសមញ្ញណាស់ ដោយចំនាយពេលភាគច្រើនសំរាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំនូលបានពីសិល្បៈរបស់លោក​មានកំរិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បៈករចំរៀងតន្ត្រីទេ។ លោកបានពន្យល់ដល់កូនប្រុសរបស់លោក(ស៊ីន ច័ន្ទឆាយ៉ា)ថា អាជីពជាអ្នកចំរៀងគ្មានតំលៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចំរៀងក៏ដោយ ក៏ស៊ីន ស៊ីសាមុតមិនដែលជួយលើកទឹកចិត្ត​ឬជួយបង្ហាត់បង្រៀនកូនៗ​ ពីសិល្បៈតន្ត្រីនិងចំរៀងដែរ។

មិត្តភក្តិនិងចំណង់ចំណូលចិត្ត

 

លោក ស៊ីន ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សគោរពពាក្យសំដី និងតែងផ្តល់នូវអ្វីដែលគាត់បាន​សន្យា។ គាត់មិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះគាត់និយាយមិនដល់១០​ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលគាត់គ្មានកម្មវិធីសំដែង គាត់តែងចាក់សោរខ្លួនឯងក្នុងបន្ទប់ដើម្បី សសេរបទភ្លេង។

មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង ឌី និងលោក សុះ ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក ម៉ែ ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ ស៊ុន ។ គេនិយាយថា​លោកស៊ីវ ស៊ុន ជាស្រមោលរបស់លោកស៊ីន ស៊ីសាមុត។ លោក ស៊ីវ សុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន ស៊ីសាមុត។

លោក ស៊ីន ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោក​ផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ គាត់តែងហាត់លើកទំងន់រាល់ព្រឹក។ ចំនូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅ​រោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសំដែង លោកតែងទៅហូបបបរជាមួយ​មិត្តភក្តិ។ គាត់មានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកំរៃ ១៥០០រៀល។ គួរបញ្ជាក់ដែរថាតំលៃគុយទាវនៅសម័យនោះមាន​តំលៃតែ ៥រៀលប៉ុណ្ណោះក្នុង​១ចាន។ គាត់តែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
គាត់មិនមែនជាមនុស្សរើសម្ហូបទេ។

គាត់ចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ គាត់ចូលចិត្តប្រហុក និងផ្អកត្រី។ គាត់មិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះ​ប៉ះពាល់ដល់ទឹកដមសំលេងគាត់។
នៅសម័យលន់នល់ គាត់ចាប់ផ្តើមច្រៀងចំរៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ គាត់ច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសំលៀកបំពាក់​យោធាដោយ​ពាក់​មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ គាត់បានរៀបអាពាហ៍ពិពាហ៍​ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវ​បានគេជន្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ គាត់ត្រូវពួក​ខ្មែរក្រហមសំលាប់បន្ទាប់ពីលោកថតបទចំរៀងអោយពួកវារួចហើយ។

កេរ្តិ៍ដំណែល

 

ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចំរៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជន​កម្ពុជា។ ខ្សែអាត់សំលេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំលេងមាសរបស់លោកយកទៅថតបន្តជា កាសែត និងស៊ីឌី។ ហេតុនេះហើយសំលេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់​ស្ថានីយ៍វិទ្យុនានា។